នៅខាងក្រៅការិយាល័យថ្នាក់តំបន់របស់អង្គការសិទ្ធិមនុស្ស Memorial នៅដើមខែនេះក្នុងទីក្រុង Ilngushetia។ កាមេរ៉ាសន្តិសុខ (CCTV) ថតបានបុរស២នាក់កំពុងឡើងជណ្តើរមុនពេលដុតអាគារនោះ។ ពួកអាជ្ញាធរ បានបដិសេធពីការជាប់ទាក់ទិនណាមួយនៅក្នុងការវាយប្រហារនេះ។
អង្គការ Memorial បានក្លាយជាទីដៅយូរយារណាស់មកហើយចំពោះការខំប្រឹងប្រែងរបស់ខ្លួនប្រមូលចងក្រងឯកសារឧក្រិដ្ឋកម្មជាប្រវត្តិសាស្ត្រក្នុងសម័យអតីតសហភាពសូវៀត និងការរំលោភសិទ្ធិមនុស្សក្នុងសម័យទំនើប។ អង្គការនោះត្រូវបានគេចាត់ទុកថាជា «ភ្នាក់ងារបរទេស» នៅឆ្នាំ២០១៥ ហើយត្រូវបានគេចោទប្រកាន់ថា បានទទួលថវិកាពីគណៈកម្មការទាយជ្ជទានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងអឺរ៉ុបរបស់សហរដ្ឋអាមេរិក (U.S. National Endowment for Democracy and the European Commission)។ លោក Kirill Koroteev នាយកផ្នែកច្បាប់របស់អង្គការ Memorial បាននិយាយថា៖ «យើងត្រូវចំណាយពេលវេលាយ៉ាងច្រើននៅក្នុងតុលាការ។ យើងត្រូវចំណាយពេលវេលាយ៉ាងច្រើនដើម្បីការពារខ្លួនឯង ពីព្រោះតែ យើងស្ថិតនៅក្រោមការត្រួតត្រាយ៉ាងតឹងរ៉ឹងពីរដ្ឋហើយការណ៍នេះមានន័យថា បញ្ហាតូចបំផុតក៏អាចជាកំហុស ជារបៀបដែលរដ្ឋមើលឃើញដែលនាំឲ្យមានការផាកពិន័យ ឬគំរាមកំហែងដើម្បីកំចាត់យើង»។
ចំពោះមនុស្សជាច្រើន «ច្បាប់ភ្នាក់ងារបរទេស» បានបញ្ចេញសារជាថ្មីនូវការប្រកាសប្រឆាំងដែលបានរៀបចំឡើងក្នុងសករាជស្តាលីនដែលបានចោទប្រកាន់ចារកម្មប្រឆាំងនឹងសូវៀត។ លោក Kirill Koroteev បាននិយាយទៀតថា៖ «យើងអាចនិយាយគ្មានការងឿងឆ្ងល់ឡើយថា ពាក្យសម្តីបែបនេះបានខ្ចីមកពីសម័យស្តាលីនដ៏ភ័យខ្លាចបំផុត។ នេះជាភស្តុតាងដ៏ច្បាស់បំផុត»។
មជ្ឈមណ្ឌល Levada ធ្វើការស្រាវជ្រាវសង្គម និងស្ទង់មតិ។ មជ្ឈមណ្ឌលនេះក៏បានត្រូវបានគេចាត់ទុកជា «ភ្នាក់ងារបរទេស» ដែរ ហើយត្រូវបានគេហាមឃាត់មិនឲ្យប្រតិបត្តិការក្នុងរដូវយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខនេះរបស់រុស្ស៊ី។ លោក Denis Volkov នៃមជ្ឈមណ្ឌល Levada បាននិយាយថា៖ «មិនមាននរណាព្យាយាមស្វែងរកដោយខ្លួនឯងថាតើប្រាក់បរទេសនោះត្រូវបានគេប្រើប្រាស់សម្រាប់អ្វីទេ។ បញ្ហាដ៏សំខាន់បំផុតគឺថា ស្លាកនោះបានត្រូវគេភ្ជាប់ទៅនឹងអង្គការ បន្ទាប់មក វាហាក់ដូចជាធ្វើមិនឲ្យមានភាពច្បាស់លាស់ ស្លាកនេះមានន័យថា អង្គការនោះធ្វើការឲ្យពួកបរទេស ហើយប្រសិនបើ លោក អ្នកធ្វើការឲ្យបរទេស ការណ៍នេះមានន័យថា លោក អ្នកប្រឆាំងនឹងរុស្ស៊ី»។
រដ្ឋាភិបាលក្រុងមូស្គូនិយាយថា ច្បាប់នេះមានគោលបំណងបញ្ឈប់ការជ្រៀតជ្រែកបរទេសក្នុងកិច្ចការនយោបាយរបស់រុស្ស៊ី។ នៅតាមផ្លូវនានាក្នុងទីក្រុងមូស្គូ មនុស្សតិចតួចណាស់ចង់ពិភាក្សាអំពីប្រធានបទនេះ។ អ្នកដែលបញ្ចេញមតិបានគាំទ្ររដ្ឋាភិបាល។ អ្នកស្រី Larisa អ្នករស់នៅក្នុងក្រុងមូស្គូបានថ្លែងថា៖ «ខ្ញុំគាំទ្រអ្វីៗទាំងអស់ដែលផ្តល់ប្រយោជន៍ដល់ប្រទេសជាតិ និងផ្តល់ប្រយោជន៍ដល់យើង។ ការណ៍នេះធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ខ្ញុំប្រហែលជាអ្នកស្នេហាជាតិ ក៏ប៉ុន្តែ ខ្ញុំគិតថា យើងនឹងនៅរស់រានមានជីវិតដោយមិនមានបរទេសទាំងអស់នោះ»។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ឲ្យដឹងថា ច្បាប់នេះមានផលប៉ះពាល់យ៉ាងខ្លាំងនៅខែកញ្ញា ឆ្នាំ២០១៧ ទៅលើអង្គការចំនួន១៥៨ដែលរុស្ស៊ីចាត់ទុកថាជាភ្នាក់ងារបរទេសហើយតុលាការបានធ្វើការផាកពិន័យយ៉ាងខ្លាំងដល់អង្គការដែលមិនបានអនុវត្តតាម។ អង្គការឃ្លាំមើលសិទ្ធិមនុស្សធ្វើការប៉ាន់ស្មានថា អង្គការសង្គមស៊ីវិលប្រហែល៣០បានបិទទ្វារ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន