កាលពីខែសីហាកន្លងទៅ នៅឯសារមន្ទីរសារព័ត៌មាន Newseumប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដែលប្តេជ្ញាការពារសេរីភាពសារព័ត៌មាន ភ្ញៀវទស្សនាសារមន្ទីរបានឃើញការតាំងបង្ហាញពីការបោះពុម្ពផ្សាយជាទ្រង់ទ្រាយធំរបស់បណ្តាញសារព័ត៌មានជាច្រើន ប្រឆាំងនឹងការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកលើសារព័ត៌មានប្រតិដ្ឋ។
សារព័ត៌មានជាង៣០០ បានចូលរួមក្នុងកិច្ចផ្តួចផ្តើមរបស់សារព័ត៌មាន Boston Globe ដើម្បីចេញផ្សាយបទវិចារណកថារួមគ្នាមួយ ដោយបរិហារការចោទប្រកាន់មួយ ដែលសារព័ត៌មាននេះ បានចាត់ទុកថា «ការធ្វើសង្គ្រាមដ៏កខ្វក់ប្រឆាំងនឹងសេរីភាពសារព័ត៌មាន»។
លោកស្រី Lata Nott ប្រធានមជ្ឈមណ្ឌលស្តីពីសេរីភាពសារព័ត៌មាន លើកឡើងថា៖
«មូលហេតុដែលយើងចេញផ្សាយបទវិចារណកថាទាំងនេះ គឺដោយសារតែការរិះគន់លើសារព័ត៌មានកាន់តែគ្មានហេតុផល។ វាបានកើតឡើងញឹកញយពេក ដែលយើងចាំបាច់ត្រូវអប់រំសាធារណជនអាមេរិកអំពីសារៈសំខាន់នៃសេរីភាពសារព័ត៌មាន»។
ការវាយប្រហាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើសារព័ត៌មាន បានក្លាយជាប្រធានបទដ៏ប្រចាំមួយរបស់លោក ដោយលោកបានចាត់ទុកសារព័ត៌មានថាជា «សត្រូវប្រជាជន»។
សង្កថារបស់លោកប្រធានាធិបតីជារឿយៗ បាននាំឲ្យមានការរិះគន់លើរូបលោក ដែលបង្ហាញថា លោកមិនឲ្យតម្លៃលើតួនាទីឯករាជ្យរបស់សារព័ត៌មានក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន ច្រានចោលការរិះគន់នេះ ហើយបន្តបន្ទោសសារព័ត៌មាន។
អ្នកស្រី Sarah Sanders លើកឡើងថា៖
«បើយើងចង់ដឹងថានរណាជាអ្នកបង្កើតឲ្យមានការខ្វែងគំនិតគ្នានៅក្នុងប្រទេសនោះ ខ្ញុំគិតថា សារព័ត៌មានបានធ្វើឲ្យមានការខ្វែងគំនិតគ្នា ច្រើនជាងអ្វីដែលលោកប្រធានាធិបតីបានធ្វើទៅទៀត»។
ជាញឹកញាប់ លោកប្រធានាធិបតី ត្រាំ ចាត់ទុកខ្លឹមសារព័ត៌មានអវិជ្ជមាន ថាជា «ព័ត៌មានប្រតិដ្ឋ»។
អ្នកគាំទ្រគណបក្សសាធារណរដ្ឋទំនងជាមានទស្សនៈអវិជ្ជមានលើសារព័ត៌មាន។ ការស្ទង់មតិថ្មីមួយរបស់ស្ថាប័ន Ipsos ប្រចាំសហរដ្ឋអាមេរិក រកឃើញថា អ្នកគាំទ្រគណបក្សសាធារណរដ្ឋ ៤នាក់ក្នុងចំណោម៥នាក់ យល់ថា សារព័ត៌មានធំៗ ធ្វើសេចក្តីរាយការណ៍ដោយមិនស្មើភាពលើលោកប្រធានាធិបតី ត្រាំ។
ក៏ប៉ុន្តែ យោងតាមការស្ទង់មតិថ្មីមួយរបស់ស្ថាប័ន Gallup ឥរិយាបទអវិជ្ជមានរបស់ពលរដ្ឋអាមេរិកលើសារព័ត៌មាន មិនត្រូវបានបង្កើតឡើងដោយលោក ត្រាំ ទេ។
លោក Frank Newport និពន្ធនាយកនៃស្ថាប័នស្ទង់មតិ Gallup បានឲ្យដឹងថា៖
«បើយើងពិនិត្យមើលតួលេខទាំងស្រុងវិញ យើងឃើញថា មិនមានការផ្លាស់ប្តូរច្រើនលើការយល់ឃើញរបស់ពលរដ្ឋអាមេរិកមកលើសារព័ត៌មាននោះទេ។ សារព័ត៌មានប្រហែលជាទទួលបានការគាំទ្របន្តិចវិញ ដោយសារតែបច្ចុប្បន្ននេះ ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានចាប់ផ្តើមការពារសារព័ត៌មាន។ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា យើងឃើញមានឥរិយាបទអវិជ្ជមានខ្លាំងលើសារព័ត៌មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ តាំងពីមុនពេលលោក ដូណាល់ ត្រាំ បានសម្រេចចូលរួមប្រកួតជាបេក្ខជនប្រធានាធិបតីទៅទៀត»។
ទោះជាយ៉ាងណាក្តី សកម្មជនមួយចំនួននៅតែព្រួយបារម្ភពីឥទ្ធិពលនៃការចោទប្រកាន់អំពី «ព័ត៌មានប្រតិដ្ឋ» ដោយលោក ត្រាំ មកលើការយល់ឃើញរបស់សាធារណជន។
លោក Rob Weisman ប្រធានអង្គការក្រៅរដ្ឋាភិបាល Public Citizen បានលើកឡើងថា៖
«ផលប៉ះពាល់ធំនោះ គឺការបង្កឲ្យមានផលវិបាកក្នុងការពិភាក្សាគោលនយោបាយនៅសហរដ្ឋអាមេរិក ដោយសារតែពលរដ្ឋដែលគាំទ្រលោកប្រធានាធិបតី ត្រាំ បានទទួលស្គាល់អ្វីដែលលោក ត្រាំ បានលើកឡើង ទោះបីជាអ្វីដែលលោកបានថ្លែងមួយភាគធំ មិនមែនជាការណ៍ពិតក៏ដោយ។ ដូច្នេះ ពួកគេមិនអាចចូលរួមការពិភាក្សាដ៏ពិតប្រាកដមួយ ជាមួយនឹងសាធារណជនទូទៅផ្សេងទៀត ដែលមានការយល់ឃើញខុសពីអ្នកគាំទ្រលោកប្រធានាធិបតី អំពីការណ៍ពិតក្នុងសង្គម»។
ការប្រឆាំងលើសារព័ត៌មាន ក៏បង្កឲ្យមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពផងដែរ។ យោងតាមការតាមដានអំពីសេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨នេះ អ្នកសារព័ត៌មានចំនួន៣១នាក់ បានរងការវាយប្រហារ៕