ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យជម្នះ​លើ​ច្បាប់​ពន្ធដារ​អាមេរិកាំង​បាន​បិទ​បញ្ចប់​ឆ្នាំ ២០១៧


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​កម្មវិធី​សន្និសីទ​តាម​អ៊ីនធឺណិត Christmas Eve ជាមួយ​នឹង​សមាជិក​យោធា​នៅ​ក្នុង​ក្រុង Palm Beach កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​កម្មវិធី​សន្និសីទ​តាម​អ៊ីនធឺណិត Christmas Eve ជាមួយ​នឹង​សមាជិក​យោធា​នៅ​ក្នុង​ក្រុង Palm Beach កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

នៅ​មុន​ដំណាច់​ឆ្នាំ ២០១៧ នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​នៅ​ក្នុង​សភា បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំ​មួយ ដែល​នោះ​គឺ​ការ​សើរើ​ច្បាប់​ពន្ធដារ។ សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​ពន្ធដារ​ថ្មី​កាល​ពី​ថ្ងៃ ២០ ខែ​ធ្នូ កន្លង​ទៅ​នេះ ហើយ​លោក Trump បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូ។

ជោគជ័យ​របស់​លោក Trump លើ​ច្បាប់​ពន្ធដារ​នេះ បាន​សរុប​ព្រឹត្តិការណ៍​ឆ្នាំ​ដំបូង ដែល​ជា​ឆ្នាំ​ពោរពេញ​ដោយ​រឿង​រ៉ាវ​ប្រទាំង​ប្រទើស​នយោបាយ​ជា​ច្រើន​សម្រាប់​លោក Trump ក្នុង​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ហៅ​ច្បាប់​ពន្ធដារ​ថ្មី​នោះ​ថា​ជា «ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង‍» និង​បាន​ប្រើប្រាស់​ឱកាស​នោះ​ដើម្បី​បញ្ជាក់​អំពី​សុទិដ្ឋិនិយម​របស់​លោក​សម្រាប់​ឆ្នាំ ២០១៨ ខាង​មុខ។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ថា៖ «ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​សេចក្ដី​រំភើប​សម្រាប់​ពេល​អនាគត និង​សេចក្ដី​សោមនស្ស​រីករាយ​សម្រាប់​រឿងរ៉ាវ​មិន​ធម្មតា​នានា​ដែល​អាច​កើត​មាន​ឡើង​នៅ​ថ្ងៃ​អនាគត​សម្រាប់​សហរដ្ឋ​អាមេរិក»។

ច្បាប់​ពន្ធដារ​ដែល​គ្មាន​ការ​គាំទ្រ​ទូលំទូលាយ

សមាជិក​គណបក្ស​សាធារណរដ្ឋ​នានា​គាំទ្រ​ការ​អនុម័ត​ច្បាប់​ពន្ធដារ​នេះ ដោយ​ចាត់ទុក​ការ​សម្រេច​បាន​នេះ​ថា​ជា​មូលដ្ឋាន​គ្រឹះ​នយោបាយ​មួយ ពេល​ដែល​ពួកគេ​សម្លឹង​ឆ្ពោះ​ទៅ​រក​ក្ដី​រំពឹង​នៃ​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ដ៏​តានតឹង​មួយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ។

ប៉ុន្តែ ការ​ស្ទង់​មតិ​សាធារណៈ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ប្រឆាំង​នឹង​ច្បាប់​កាត់​បន្ថយ​ពន្ធដារ​នេះ ដោយ​លើក​ឡើង​ថា ច្បាប់​នេះ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ទៅ​ឲ្យ​ពួក​អ្នក​មាន និង​មិន​សូវ​ជា​បាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ការ​បែប​វិជ្ជាជីវៈ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នោះ​ទេ។

ទោះបីជា​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ឡើង​ដូច្នេះ​ក៏​ដោយ ក៏​លោក Trump និង​មេដឹកនាំ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ក្ដី​សប្បាយ​រីករាយ​ចំពោះ​ការណ៍​ដែល​ពួកគេ​នៅ​ទី​បំផុត​មាន​លទ្ធភាព​ធ្វើ​តាម​ការ​សន្យា​ដ៏​សំខាន់​មួយ​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​មក។

ប្រធាន​រដ្ឋសភា​លោក Paul Ryan បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​នៅ​ឯ​រដ្ឋសភា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «ការ​សម្រេច​បាន​នូវ​ការ​អនុម័ត​នូវ​ច្បាប់​ពន្ធដារ​នេះ​គឺ​ជា​ការ​កាត់​បន្ថយ​ពន្ធ​មួយ ហើយ​ប្រជាពលរដ្ឋ​ទូទៅ​នឹង​ឃើញ​ការ​ប្រែ​ប្រួល​នេះ​នៅ​ពេល​ពួកគេ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​បំផុត​មួយ​នៃ​ការ​សន្យា និង​ការ​រក្សា​ពាក្យ​សន្យា‍»។

ការ​ងាក​ទៅ​រក​អ្នក​គាំទ្រ

ចាប់តាំង​ពី​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក​មក លោក Trump ទំនង​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​អំពី​ការ​បំពេញ​ចិត្ត​អ្នក​គាំទ្រ​របស់​លោក។ ប៉ុន្តែ​ដោយសារតែ​លោក​មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​ស្ទង់​មតិ​នានា​កន្លង​មក ចំណុច​នេះ​អាច​ជា​យុទ្ធសាស្ត្រ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​នៅ​ឆ្នាំ​ក្រោយ។

សម្រាប់​លោក Trump រយៈពេល​ភាគ​ច្រើន​នៃ​ឆ្នាំ ២០១៧ នេះ បាន​ក្លាយទៅជា​ឆ្នាំ​មួយ​ពោរពេញ​ទៅ​ដោយ​បញ្ហា ដែល​មាន​តាំង​ពី​ការ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​រិះគន់​នៅ​លើ​ប្រព័ន្ធ Twitter រហូត​ដល់​ការ​បរាជ័យ​លើ​ការ​កែប្រែ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព និង​ការ​ស៊ើប​អង្កេត​ជា​បន្ត​គ្មាន​ទី​បញ្ចប់​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

ការ​ប្រឹងប្រែង​ទាំង​លំបាក​នៅ​ឆ្នាំ​ដំបូង​របស់​លោក Trump ក្នុង​នាម​ជា​ប្រធានាធិបតី ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ការ​ស្ទង់​មតិ​សាធារណៈ​នានា​កន្លង​មក ដោយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ទាំង​នោះ លោក Trump ទទួល​បាន​ការ​គាំទ្រ​ប្រហែល ៣៥ ភាគរយ ទៅ ៤០ ភាគរយ ដែល​នេះ​ជា​អត្រា​គាំទ្រ​ទាប​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រធានាធិបតី​ថ្មី។

លោក Larry Sabato ដែល​ជា​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ Virginia បាន​និយាយ​តាម​ប្រព័ន្ធ Skype មក​ថា៖ «បញ្ហា​គឺ​មិន​មែន​ដោយសារ​ពលរដ្ឋ​អាមេរិកាំង​ប្រហែល ៦០ ភាគរយ មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​នោះ​ទេ។ អ្វី​ដែល​ពិតជា​សំខាន់​នោះ​គឺ​ថា អ្នក​ដែល​មិន​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​ដឹកនាំ​របស់​លោក Trump មាន​ចំនួន​រហូត​ដល់​ទៅ​ពីរ​ដង​ច្រើន​ជាង​ចំនួន​អ្នក​ដែល​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​ដឹកនាំ​របស់​លោក‍»។

ការ​អនុម័ត​នូវ​ច្បាប់​ពន្ធដារ​នេះ​អាច​ជួយ​ពង្រឹង​កិត្តិនាម​របស់​លោក Trump ក្នុង​ចំណោម​អ្នក​គាំទ្រ​ចម្បងៗ​របស់​លោក ដែល​អ្នក​ទាំង​នោះ​នៅតែ​ស្មោះស្ម័គ្រ​ចំពោះ​រូប​លោក​ដដែល​នៅ​ក្នុង​រយៈពេល​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​មួយ​ឆ្នាំ​កន្លង​មក​នេះ។

លោក Robert Jones នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សាសនា​សាធារណៈ (Public Religion Research Institute) បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​បញ្ហា​ហ្នឹង។ យើង​ឃើញ​ថា លោក Trump មាន​មូលដ្ឋាន​គាំទ្រ​ចម្បង​របស់​លោក​ដែល​ពួកគេ​នឹង​មិន​ងាយ​ផ្លាស់ប្ដូរ​ចិត្ត​នោះ​ទេ។ ជា​ឧទាហរណ៍ ក្នុង​ចំណោម​ពលរដ្ឋ​ស្បែក​ស​កាន់​សាសនា​គ្រិស្ត ១០ នាក់ មាន​មនុស្ស​យ៉ាង​តិច ៧ នាក់ គាំទ្រ​រូប​លោក‍»។

លោក Trump គឺ​ជា​មុខ​ព្រួញ​រិះគន់​របស់​គណបក្ស​ប្រជាធិបតេយ្យ

គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​ជា​បរាជ័យ​ក្នុង​រឿង​ច្បាប់​ពន្ធដារ ប៉ុន្តែ​ជោគជ័យ​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ក្នុង​រដ្ឋ Alabama និង​រដ្ឋ Virginia បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ជំនឿ​ចិត្ត​ថា ខ្លួន​នឹង​អាច​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នា​ឆ្នាំ​ក្រោយ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​ព្រឹទ្ធសភា បាន​និយាយ​ថា៖ «ច្បាប់​ពន្ធដារ​នេះ​នឹង​ក្លាយជា​បន្ទុក​មួយ​សម្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ​នីមួយៗ។ ប្រសិន​បើ​ពួកគេ​មិន​ទាន់​យល់​ថា​នេះ​ជា​បន្ទុក​មួយ​នោះ​ទេ ពួកគេ​នឹង​ដឹង​អំពី​រឿង​នេះ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខាង​មុខ​នេះ‍»។

អ្នក​វិភាគ​មួយ​ចំនួន​នា​ពេល​ឥឡូវ​នេះ ឃើញ​រលក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​ខាង​មុខ​កើន​ឡើង ស្រប​ពេល​ដែល​កាល​បោះ​ឆ្នោត​ឆ្នាំ ២០១៨ ខាង​មុខ​នេះ ខិត​ជិត​ចូល​មក​ដល់។ រលក​គាំទ្រ​នេះ​បាន​បញ្ជាក់​ឡើង​តាម​រយៈ​ការ​ចេញ​មក​បោះ​ឆ្នោត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​អ្នក​ដែល​ប្រឆាំង​នឹង​លោក Trump និង​ការ​ធ្លាក់​ចុះ​នូវ​ការ​គាំទ្រ​របស់​លោក Trump។

លោក Kyle Kondik អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ Virginia បាន​និយាយ​ថា៖ «ទាំង​អស់​នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ​កន្លង​មក ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ ២០១៤ ដែល​នៅ​ពេល​នោះ ការ​ចេញ​មក​បោះ​ឆ្នោត​របស់​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​ច្រើន។ អ្នក​ចេញ​មក​បោះ​ឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​តិចតួច ហើយ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​នៅ​ពេល​នោះ‍»។

លោក Trump ក៏​នឹង​ត្រូវ​តតាំង​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ​ផង​ដែរ បើ​និយាយ​អំពី​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ។

អ្នកស្រី Molly Reynolds អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា៖ «ចំណុច​មួយ​ដែល​យើង​ដឹង​គឺ​ថា គណបក្ស​របស់​ប្រធានាធិបតី​តែងតែ​បាត់បង់​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ទី​មួយ​នៃ​រដ្ឋបាល​ប្រធានាធិបតី។ វា​កាន់តែ​យ៉ាប់យ៉ឺន​ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​ប្រធានាធិបតី​មិន​សូវ​មាន​ប្រជាប្រិយភាព ដែល​ករណី​នេះ​អាច​ប៉ះពាល់​ដល់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ‍»។

ការ​ពង្រីក​មូលដ្ឋាន​គាំទ្រ

នា​ពេល​បច្ចុប្បន្ន​នេះ ការ​ប្រឈម​ចម្បង​បំផុត​របស់​លោក Trump គឺ​ទំនង​ជា​ការ​ស្វែង​រក​វិធី​ក្នុង​ការ​ពង្រីក​មូលដ្ឋាន​គាំទ្រ​របស់​លោក​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

លោក Frank Newport អ្នក​ធ្វើ​ការ​ស្ទង់​មតិ​នៃ​អង្គការ Gallup បាន​និយាយ​ថា៖ «ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ លោក Trump លោក​ត្រូវតែ​យក​ឈ្នះ​លើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​នោះ និង​អ្នក​ឯករាជ្យ​មួយ​ចំនួន។ ដោយសារតែ​ឥឡូវ​នេះ​លោក​ទទួល​បាន​ការ​គាំទ្រ​ប្រហែល​តែ ៣០ ភាគរយ​ប៉ុណ្ណោះ ដូច្នេះ​វា​ប្រាកដ​ជា​មាន​ការ​លំបាក​ខ្លាំង​សម្រាប់​លោក‍»។

អត្រា​គាំទ្រ​លើ​លោក Trump ផ្ទាល់​នៅ​ក្នុង​ការ​ស្ទង់​មតិ​កន្លង​មក​នៅតែ​មាន​កម្រិត​ទាប ទោះបីជា​ការ​ស្ទង់​មតិ​នានា​បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ជា​ទូទៅ​មាន​ការ​ពេញចិត្ត​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ក៏​ដោយ។ ការ​ប្រឈម​របស់​គណបក្ស​សាធារណរដ្ឋ​គឺ​ធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​អារម្មណ៍​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទៅ​ជា​ការ​គាំទ្រ​សម្រាប់​លោក​ប្រធានាធិបតី Trump និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG