នាពេលបច្ចុប្បន្ននេះ គណបក្សសាធារណរដ្ឋកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់ ហើយគណបក្សនេះក៏គ្រប់គ្រងសេតវិមានផងដែរ។ ករណីនេះធ្វើឲ្យគណបក្សនេះអាចមានឥទ្ធិពលសម្រេចលើបញ្ហានានាដូចជាអន្តោប្រវេសន៍ សេដ្ឋកិច្ច និងគោលនយោបាយការបរទេសជាដើម។
សម្រាប់លោកប្រធានាធិបតី Donald Trump ការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅក្នុងឆ្នាំនេះគឺជាលក្ខណៈបុគ្គល។
លោក Trump និយាយដូច្នេះថា៖ «ដំណើរវិវឌ្ឍដ៏អស្ចារ្យទាំងនេះឥឡូវនេះកំពុងជួបហានិភ័យ។ ខ្ញុំមិនមែនជាបេក្ខជនដែលមានឈ្មោះនៅលើសន្លឹកឆ្នោតនោះទេ។ ប៉ុន្តែក្នុងលក្ខណៈខ្លះគឺខ្ញុំដូចជាមានឈ្មោះនៅលើសន្លឹកឆ្នោតដូច្នេះដែរ។ ដូច្នេះសូមចេញទៅបោះឆ្នោត»។
ប៉ុន្តែ ទោះបីជាលោក Trump ជំរុញទឹកចិត្តអ្នកគាំទ្រលោកខ្លាំងក្លាក៏ដោយ ក៏លោកបានជំរុញទឹកចិត្តអ្នករិះគន់លោកមួយចំនួនផងដែរដូចជាលោកស្រី Jenny Heinz ជាដើម។
លោកស្រី Jenny Heinz និយាយដូច្នេះថា៖ «យើងឃើញមានការប្រឆាំងយ៉ាងសកម្មចំពោះប្រធានាធិបតីរូបនេះ ដែលលោកដឹកនាំប្រទេសដូចជាលោកនៅពីលើច្បាប់អញ្ចឹង»។
លោក David Barker អ្នកវិភាគនៃសាកលវិទ្យាល័យ American University បាននិយាយថា លោក Trump គឺជាបុគ្គលស្នូលនៅក្នុងការបោះឆ្នោតឆ្នាំនេះ។
លោក David Barker បញ្ជាក់ដូច្នេះថា៖ «តាំងពីថ្ងៃបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៦ បានបញ្ចប់ទៅ គណបក្សប្រជាធិបតេយ្យទន្ទឹងរង់ចាំថ្ងៃនេះយូរហើយ ហើយការបោះឆ្នោតនេះគឺជាការផ្ដោតទាំងស្រុងលើលោក Trump។ លោក Trump គាំទ្រពេញទំហឹងចំពោះចំណុចនេះ។ លោកចង់ឲ្យការបោះឆ្នោតនេះផ្ដោតទាំងស្រុងលើរូបគាត់»។
លោក Trump ជាអ្នកជំរុញនូវទំនោរមួយដែលធ្វើឲ្យពលរដ្ឋអាមេរិកាំងនៅទូទាំងប្រទេសផ្ដោតលើការបោះឆ្នោតនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Lara Brown នៃសាកលវិទ្យាល័យ George Washington។
អ្នកស្រី Lara Brown និយាយដូច្នេះថា៖ «ឥឡូវនេះ មនុស្សគ្រប់គ្នាពិតជាមើលឃើញការបោះឆ្នោតនេះថាជាការស្ទង់មតិថ្នាក់ជាតិមួយចំពោះលោក Trump និងគណបក្សសាធារណរដ្ឋរបស់លោក»។
លោក Steve Bannon អតីតអ្នកយុទ្ធសាស្ត្ររបស់លោក Trump និយាយថា សម្រាប់លោក Trump និងអ្នកគាំទ្ររបស់លោក គឺវាទំនងជាដូច្នេះមែន។
លោក Steven Bannon បញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកចាត់ទុកការបោះឆ្នោតនេះថាជាការស្ទង់មតិថ្នាក់ជាតិអំពីជោគជ័យនៃកម្មវិធីរបស់លោកប្រធានាធិបតី Trump នោះគណបក្សសាធារណរដ្ឋគឺជាអ្នកឈ្នះពិតប្រាកដ ហើយខ្ញុំគិតថា គណបក្សប្រជាធិបតេយ្យនឹងខកចិត្ត»។
ប៉ុន្តែ អ្នកខ្លះទៀតនៅមានមន្ទិលសង្ស័យនៅឡើយ។ ក្នុងចំណោមនោះមានលោក Michael Steele ដែលជាអតីតប្រធានគណៈកម្មាធិការជាតិខាងគណបក្សសាធារណរដ្ឋផងដែរ។
លោក Michael Steele និយាយដូច្នេះថា៖ «ប្រសិនបើលោក Trump ចង់ឲ្យការបោះឆ្នោតនេះផ្ដោតតែលើរូបលោក ដូច្នេះបេក្ខជនទាំងអស់ដែលមានឈ្មោះនៅលើសន្លឹកឆ្នោតត្រូវតែពឹងផ្អែកលើឥរិយាបថរបស់លោក ត្រូវតែពឹងផ្អែកលើសារនៅលើ Twitter របស់លោក»។
លោក Dutch Ruppersberger សមាជិកសភាប្រចាំរដ្ឋ Maryland ខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា លោក Trump ទំនងជាធ្វើឲ្យអ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រជាធិបតេយ្យចេញមកបោះឆ្នោតកាន់តែច្រើនឡើង។
លោក Dutch Ruppersberger និយាយដូច្នេះថា៖ «នៅពេលដែលលោក Trump ខ្វល់អំពីតែខ្លួនឯង និងមិនខ្វល់អំពីប្រជាពលរដ្ឋ ឬក៏មិនខ្វល់អំពីអ្វីដែលប្រជាពលរដ្ឋចង់បាន ឧទាហរណ៍ដូចជាមនុស្សវ័យចំណាស់ត្រូវការសេវាថែរក្សាសុខភាពជាដើម ដោយលោកចង់ឲ្យតែគេមើលមកខ្លួនលោកថាល្អ និងចង់កម្ចាត់អ្នកដទៃចេញដូចដែលលោកកំពុងធ្វើឥឡូវនេះ នោះវានឹងធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយ ខ្ញុំគិតថា មនុស្សជាច្រើននឹងចេញមកបោះឆ្នោត»។
ប៉ុន្តែ លោក Trump ហាក់ដូចជាមិនព្រួយបារម្ភអ្វីនោះទេ ដោយលោកងាកមកកៀងគរអ្នកគាំទ្ររបស់លោកទៅវិញ។ នេះបើតាមការបញ្ជាក់របស់លោក Frank Newport អ្នកស្ទង់មតិនៃអង្គការ Gallup។
លោក Frank Newport និយាយដូច្នេះថា៖ «យើងមើលទៅ លោក Trump ហាក់ដូចជាបានលះបង់ចោលនូវការព្យាយាមពង្រីកការគាំទ្រលើរូបលោកអញ្ចឹង។ តាមពិតគឺមិនមែនដូច្នេះទេ។ រូបរាងលោកសក្ដិសមនឹងឥរិយាបថដែលលោកសម្ដែងឡើង។ ដូចយើងដឹងស្រាប់ហើយ លោក Trump មានឥរិយាបថបែបមិនចេះចុះញ៉មគេ។ លោកចូលចិត្តមានសត្រូវ ដោយសារតែករណីនេះធ្វើឲ្យលោកមានអ្នកដែលលោកត្រូវប្រកួតជាមួយ ដូច្នេះ វាពិតជាលំបាកណាស់សម្រាប់ប្រធានាធិបតីដូចជាលោក Trump ដូច្នេះ ដែលប្រឹងប្រែងគៀងគរគេឲ្យគាំទ្រលោកនោះ»។
ឈ្មោះរបស់លោក Donald Trump នឹងមិនមាននៅលើសន្លឹកឆ្នោតនោះទេសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ៦ ខែវិច្ឆិកានេះ។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតនេះអាចកំណត់អំពីអនាគតនៃតំណែងជាប្រធានាធិបតីរបស់លោកបាន៕
ប្រែសម្រួលដោយ ភី សុភាដា