ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត​បង្ហាញ​ថា លោក Putin ទទួល​បាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី


សមាជិក​នៃ​គណៈកម្មការ​បោះឆ្នោត​ក្នុង​ស្រុក​បើក​ប្រអប់​ឆ្នោត​សម្រាប់​រាប់​ នៅ​ស្ថានីយ​បោះឆ្នោត​ ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

លទ្ធផល​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​រុស្ស៊ី​បង្ហាញ​ថា លោក​ប្រធានាធិបតី Vladimir Putin បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​អាច​អនុញ្ញាត​ឲ្យ​លោក​កាន់​តំណែង​ក្នុង​អាណត្តិ​ថ្មី​ទៀត ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៧៣ភាគរយ។ ​

លោក Putin បាន​កាន់​តំណែង​ជា​មេដឹកនាំ​រុស្ស៊ី​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ។ លោក Putin បាន​ប្រឈម​នឹង​គូប្រជែង​ចំនួន​៧​នាក់ ប៉ុន្តែ​ពួកគេ​មិន​មែន​ជា​ដៃគូ​ប្រកួតប្រជែង​ពិត​ប្រាកដ​ដែល​គួរ​ឲ្យ​បារម្ភ​សម្រាប់​លោក​នោះ​ឡើយ។

បេក្ខជន​ដទៃទៀត​ដូចជា​តារា​ក្នុង​កម្មវិធី​ជីវិត​ពិត​និង​អ្នក​ស្នេហា​ជាតិ​ជ្រុល​និយម​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​តិចតួច​ប៉ុណ្ណោះ។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​ល្វែង​ម៉ោង​ចំនួន​១១​ផ្សេងៗ​គ្នា ដោយ​ចាប់​ផ្តើម​ពី​ប៉ែក​ខាង​កើត​នៃ​ប្រទេស​រហូត​ដល់​តំបន់​បាល់ទិក។ ប្រជាពលរដ្ឋ​ជិត​១០៩​លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ ក្រុមហ៊ុន​ស្ទង់មតិ​ VCIOM ដែល​ជា​របស់​រដ្ឋ ព្យាករណ៍​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​នឹង​មាន​ចំនួន​៧១​ភាគរយ។

ក៏​ប៉ុន្តែ​មជ្ឈមណ្ឌល Levada ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មិនមែន​រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្វើ​ការ​ស្ទង់មតិ​មួយ​កាល​ពី​ខែ​ធ្នូ ដែល​បាន​បង្ហាញ​ថា អ្នក​បោះឆ្នោត​៥៨​ភាគរយ​មាន​គម្រោង​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​នោះ​ទេ៕

XS
SM
MD
LG