ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អនុញ្ញាត​ឲ្យ​​ជើង​ហោះ​ហើរ​​ផ្ទាល់​លើក​ដំបូង​របស់វៀត​ណាម​ចូល​ក្នុង​សហ​រដ្ឋ​អាមេរិក​​ធ្វើ​ឲ្យ​​សេដ្ឋ​កិច្ច​វៀតណាម​ជឿន​លឿន


រូបឯកសារ៖ អ្នក​ដំណើរ​កំពុង​ជិះ​យន្ត​ហោះ​ VietJet Air ពី​ទីក្រុង​ហាណូយ​ទៅ​ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

រដ្ឋបាល​អាកាស​ចរណ៍​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន ​​បានប្រាប់​ឲ្យ​ដឹង​ថា វៀតណាម​បាន​បំពេញ​ទៅ​តាម​បទដ្ឋាន​សុវត្ថិភាព​អន្តរជាតិ​ ហើយ​យន្តហោះ​របស់​ខ្លួន ​អាច​​ធ្វើ​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ការ​សម្រេច​របស់​អាមេរិក​កាល​ពី​សប្តាហ៍​មុន​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​វៀត​ណាម​ហោះ​ហើរ​យន្ត ហោះ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅ​កាន់​ចំណត​អាកាស​យាន្តដ្ឋានអាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បន្ត​នៃ​ការធ្វើ​ឲ្យប្រ​សើរ​ឡើង​នូវ​ទំនាក់​ទំនង​ហើយ​នឹង​បន្ទាប់​ពី​សញ្ញា​នៃ​ការ​ទទួល​ស្គាល់​អន្តរជាតិ​ផ្សេង​ទៀត​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ពួក​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​បំបែក​ភាព​ទាល់​ច្រក​នេះ​បង្ហាញ​ថា ប្រទេស​សំខាន់ៗ​រួម​ទាំង​សហរដ្ឋ​អាមេរិក​បាន​គិតគូរ​ប្រទេស​វៀតណាម​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​គោល​នយោបាយ​ការ​បរទេស​អស់​រយៈ​ពេលជាង​៣ ទសវត្សរ៍​ដែល​រួម​ទាំង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ជិត​ខាង​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រទេស​លោក​ខាង​លិច។

លោក​ Adam McCarty​ ប្រធាន​សេដ្ឋវិទូ​អង្គការ​សេដ្ឋកិច្ច​មេគង្គ​ក្នុង​ក្រុង​ហា​ណូយ ​បាន​និយាយ​ថា៖ «ដំណើរ​ការមាន​ការ​យឺត​យ៉ាវ​និង​សន្សឹមៗ​នាំ​វៀតណាមត្រឡប់​ចូល​ក្នុង​សហគមន៍​អន្តរជាតិ​វិញ។ នេះ​ជា​ដំណើរ​ការ​បន្ត​មក​ពីខាង​វៀតណាម​ដែល​បាន​ស្ថិតនៅ​ក្នុង​ជម្លោះ​ប្រវត្តិសាស្រ្ត​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​នៅ​ចន្លោះ​មហា​អំណាច​ធំៗ»។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​ឬ​ (FAA)​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ​ថា ការសម្រេច​ផ្តល់​ឲ្យ​កម្រិត​គុណភាព​ប្រភេទ​ទី១​របស់​រដ្ឋបាល​អាកាស​ចរណ៍​សហ​ព័ន្ធ​សហរដ្ឋ​អាមេរិក​ដល់​វៀតណាម មាន​ន័យ​ថា ប្រទេស​នេះ បាន​បំពេញ​ទៅ​តាម​បទដ្ឋាន​សុវត្ថិភាព​អន្តរជាតិ។ អាកាសចរណ៍​វៀត​ណាម​ អាច​ទទួល​បាន​ការ​អនុញ្ញាត​នៅ​ពេល​ឥឡូវ​នេះ​មក​ពីរដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋ​អាមេ​រិក​ដើម្បី​បើក​ជើង​ហោះ​ហើរ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​ ហើយ​នឹង​ប្រើ​លេខ​កូដ​ជាមួយអាកាសចរណ៍​អាមេរិកាំង។

គេហ​ទំព័រ​ព័ត៌មាន​របស់​កាសែត ​Nhan Dah​ ដែល​ជា​របស់​គណបក្ស​កុម្មុយនិស្តវៀត ណាម​បាន​រាយការណ៍កាល​ពី​ថ្ងៃ​ចន្ទ​ថា ពួក​មន្រ្តី​វៀតណាម​បាន​ដឹង​ពី​សារៈ​សំខាន់​នៃ​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិកកាល​ពី​ឆ្នាំ​២០១២ នៅ​ពេល​ដែល​ពួកគេ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​បាន​កម្រិត​គុណភាព​ប្រភេទ​ទី១​របស់​រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ ​ឬ(FAA)។

គេហទំព័រ​នោះ​បាន​រាយការណ៍​ទៀត​ថា ពួក​មន្រ្តី​ទាំង​នោះ​មាន​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​សុវត្ថិភាព​ចំនួន​៤៩​ដែល​រដ្ឋបាល​អាកាសចរណ៍​សហ​ព័ន្ធ ឬ(FAA) បាន​រក​ឃើញមួយ​ឆ្នាំ​ក្រោយ​មក។

របាយការណ៍​នោះ ​បាន​ប្រាប់​ឲ្យដឹង​ថា រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ ឬ (FAA) ​បាន​ពិនិត្យ​គ្រោង​ការណ៍​អាកាស​ចរណ៍​របស់​វៀតណាម​ម្តង​ទៀត​កាល​ពី​ឆ្នាំ​ទៅ​ហើយ​បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់។ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ ឬ (FAA) បាន​រក​ឃើញ​បញ្ហា​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​១៤ហើយ​មិន​មែន​បញ្ហា​ប្រព័ន្ធ​ទេ។

ទទួល​បាន​ឋានៈ​កម្រិត​គុណភាព​ទី១​ពី​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បង្អស់​នៅ​ក្នុង​ពិភព​លោក ​កើត​មាន​ឡើង​បន្ទាប់​ពី​សញ្ញា​នៃ​ការ​ទទួល​ស្គាល់​កាន់​តែ​កើន​ឡើង​ឯ​ទៀត។

សហរដ្ឋ​អាមេរិក​មាន​ឱនភាពពាណិជ្ជកម្ម​ចំនួន​២៩,៣០០​លាន​ដុល្លារ​ជា​មួយវៀតណាម​ក្នុង​រយៈ​ពេល​៩​ខែដំបូងកាល​ពី​ឆ្នាំ​ទៅ​ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មិន​បាន​ចាត់​ទុកថា​ជា​បញ្ហា​ធំ​ទេ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ចិន​និង​សហរដ្ឋ​អាមេរិក ​បាន​នៅ​ជាប់​គាំង​ក្នុង​ជម្លោះអំពី​បញ្ហា​នេះ​មួយ​ផ្នែក​កាល​ពី​ឆ្នាំ​ទៅពី​ព្រោះ​តែ​ផល​លើស​ខាង​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​ដែល​បាន​សរសើរ​សម្ទុះ​សេដ្ឋកិច្ច​របស់វៀត​ណាមនៅ​ឆ្នាំ​២០១៧ ​មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​ធានី​ហាណូយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចូលរួម​ជំនួប​លើក​ទី២​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុង​អ៊ុន។ ភាគី​ទាំង២ បាន​ជ្រើស​រើស​យក​វៀតណាម​ជា​ម្ចាស់ផ្ទះ ​ពីព្រោះ​តែ​គេ​បាន​ឃើញ​វៀតណាម​ជា​ប្រទេស​អព្យា​ក្រិត្យ​តាម​ភូមិសាស្រ្ត​នយោបាយ។

លោក McCarty និយាយ​ថា ប្រធានា​ធិបតី​ត្រាំ​ហើយ​នឹង​សហការី​របស់​លោក​ដែលចូល​ចិត្ត​នយោបាយ​ការបរទេស​ដោយ​ប្រើ​កម្លាំង​បាយ នឹង​ឃើញ​វៀតណាម​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ចិន​ក្នុង​ផ្នែក​ពាណិជ្ជកម្ម។

លោក ​Tai Wan-ping ​ជា​សាស្រ្តាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មាន​ឯកទេសប្រទេស​វៀតណាម​នៅ​ឯ​សាកល​វិទ្យា​ល័យ​ Cheng Shiu ​នៅ​កោះ​តៃវ៉ាន់ ​បាន​និយាយ​ថា៖ «ភាព​ជិតស្និទ្ធ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​សហរដ្ឋ​អាមេរិក ​ជានិច្ច​កាល​កំពុង​កើន​ឡើង។ មួយ​ផ្នែក ​មកពី​វៀតណាម​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ក្នុង​កម្រិត​នៃការ​ជឿន​លឿន ​មាន​កម្រិត​ខ្ពស់​បំផុត»។

ក្រុមហ៊ុន​ពិគ្រោះ​ផ្តល់​យោបល់ ​Boston Consulting Group​ បាន​ប៉ាន់​ស្មាន​ថា ​ការ​វិនិយោគ​ទុន​បរទេសក្នុង​ការ​ផលិតនៅ​វៀតណាម កំពុង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​លូត​លាស់​ពី​៦​ទៅ​៧​ភាគរយ​ចាប់​តាំងពី​ឆ្នាំ​២០១២​មក។ និន្នាការ​នេះ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​វណ្ណៈ​ថ្នាក់​កណ្តាល​កើន​ឡើង​ដល់​ទៅ​ប្រហែល​១ភាគ​៣​នៃ​ប្រជា​ពលរដ្ឋ​៩៣​លាន​នាក់​នៅ​ឆ្នាំ​ក្រោយ។

ពលរដ្ឋ ​កំពុង​ចំណាយ​ទ្រព្យ​សម្បត្តិ​ថ្មី​ខ្លះ​របស់​ខ្លួន​លើ​តម្លៃ​សំបុត្រ​យន្តហោះ។ ប្រទេស​នេះ​បាន​ឃើញ​អ្នក​ដំណើរ​ចំនួន​៩៤​លាន​នាក់កាល​ពី​ឆ្នាំ​២០១៧ ​រួម​មានអ្នក​ដំណើរ​បរទេស​១៣​លាន​នាក់ ​ដែល​កើន​ឡើង​ចំនួន​១៦​ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។ ឧស្សាហកម្ម​អាកាស​ចរណ៍​ស៊ី​វិល​ក្នុង​ស្រុក ​បាន​កើន​ឡើង​ចំនួន​១៧,៤​ភាគរយ​ក្នុង​រយៈ​ពេល​ជាមួយ​ទសវត្សរ៍​កន្លង​មក​នេះ​ហើយ​សមាគម​ដឹក​ជញ្ជូន​តាម​អាកាស​អន្តរជាតិ​ព្យាករណ៍​ថា វៀតណាម​នឹង​ក្លាយ​ជា​ទីផ្សារ​អាកាសចរណ៍​ដែល​រីក​លូត​លាស់​ដ៏​ឆាប់​រហ័ស​ទី៥​របស់​ពិភពលោក​នៅ​កំណត់​ឆ្នាំ​២០៣៥។

ពួក​អ្នក​វិនិយោគទុន​បរទេស ត្រូវ​គេ​រំពឹង​នឹង​ចូល​ក្នុង​ប្រទេស​វៀតណាម​ជា​បន្ត​បន្ទាប់​។​កាល​ពី​ខែ​មករា ​វៀតណាម ​បាន​ចូលរួម​ជា​ផ្លូវការ​ក្នុង​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូដ៏​ធំទូ​លាយ​និង​ជឿន​លឿន​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​រួម​មាន​សេដ្ឋ​កិច្ច​ប្រហែល​១៣,៥​ភាគរយ​របស់​ពិភព​លោក។ សហភាព​អឺរ៉ុប ​រំពឹង​នឹង​ផ្តល់​ឲ្យ​សច្ចានុម័ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​របស់​ខ្លួន​ផ្ទាល់​ជាមួយ​វៀត ណាម។

ក្នុង​ឋានៈ​ជាសមាជិកមួយ​នៃ​សមាជិក​១០​ប្រទេស​របស់​តំបន់​អាស៊ី​អាគ្នេយ៍ ​វៀត​ណាម​ ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ក៏ប៉ុន្តែ ពួក​អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​និយាយ​ថា ​វៀត​ណាម ​បញ្ចៀស​ការអនុ​គ្រោះ​ចំពោះ​ប្រទេស​ចិន ​ថ្វីបើ​ខ្លួន​មាន​ប្រព័ន្ធ​នយោបាយ​ស្រដៀង​គ្នា​ហើយ​ការណ៍​សំខាន់របស់​ខ្លួន​ជា​ប្រភព​ធនធាន​វត្ថុធាតុ​ដើម។ វៀតណាម ​មានជម្លោះ​ជាមួយ​ចិន​អំពី​ទឹក​ដី​អស់​រាប់​សតវត្សរ៍​ហើយ​វៀត​ណាម​ ចូល​ចិត្ត​គោល​នយោបាយ​ការបរទេស​ជាមួយ​ប្រទេស​ជា​ច្រើន​នៅ​ពេល​សព្វ​ថ្ងៃ​នេះ។

លោក ​McCarty​ និយាយ​ទៀត​ថា ​ជនជាតិ​វៀត​ណាម​ក្នុង​សហរដ្ឋ​អាមេរិក​ ​នៅ​ទី​បំផុតទំនង​ធ្វើ​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​នៅ​ពេល​ទេសចរណ៍​អាមេរិកាំង​តិច​តួច​ទៅ​ទស្សនា​ប្រទេស​វៀត​ណាម ​ដោយ​ប្រៀបធៀប​ទៅ​នឹង​ទេសចរណ៍​ប្រទេស​ផ្សេង​ៗ​ទៀត។ ជន ជាតិ​អាមេរិកាំង​ដើម​កំណើត​វៀត​ណាម​ខ្លះ​ ត្រឡប់​ទៅ​ទស្សនា​ប្រទេស​វៀតណាម ​អ្នក​ខ្លះ​ទៅ​វិនិយោគទុន។

វិទ្យាស្ថាន​គោល​នយោបាយ​ទេសន្ត​ប្រវេសន៍​ប៉ាន់ស្មាន​ថា ​មាន​ពលរដ្ឋ​វៀតណាម​ ប្រហែល​១លាន​៣សែន​នាក់​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ពេល​សព្វ​ថ្ងៃ​នេះ ​ពួក​គេជា​ច្រើន​បាន​តាំង​ទីលំនៅ​បន្ទាប់​ពី​អតីត​វៀតណាម​ខាង​ត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក បាន​ចាញ់​សង្គ្រាម​ពួក​កុម្មុយនិស្ត​វៀតណាម​ខាង​ជើង​ក្នុង​ទសវត្សរ៍​១៩៧០។ទេសចរណ៍​បរទេស​ទៅកាន់​វៀតណាម បាន​កើនឡើង​ទៅ​ដល់​១៤​លាន​១សែននាក់​ក្នុង​រយៈ​ពេល​១១ខែ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ ដែល​នាំមុខ​ដោយ​ទេសចរណ៍​មកពី​ប្រទេស​ចិន​និង​កូរ៉េខាង​ត្បូង។

លោក ​សុង សេងវុន ​សេដ្ឋវិទូ​ប្រចាំ​តំបន់​នៅ​ធនាគារ​ឯកជន​ CIMB​ ក្នុង​ប្រទេស​សិង្ហបុរី ​បាន​និយាយ​ថា៖ «មាន​ពលរដ្ឋ​វៀតណាម​ជា​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក ដូច្នេះ​ពលរដ្ឋ​ដ៏​ច្រើន​នេះ​នឹង​ក្លាយ​ជា​ការ​ល្អ​សម្រាប់​ការ​ភ្ជាប់​អាកាសចរណ៍។ គ្រប់​ប្រ​ទេស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ ​មានអ្នក​តំណាង​ក្នុង​សហរដ្ឋ​អាមេរិក។ ដូច្នេះ ​ការណ៍​នេះ ប្រាកដ​ជា​មាន​ន័យ​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ឲ្យ​មាន​ការ​ជាប់​ទាក់ទង​គ្នា»។

លោក​ តៃ និយាយ​ទៀត​ថា ពួក​អ្នក​ដំណើរ​នៅ​ទីបញ្ចប់​ធ្វើការហោះ​ហើរ​ដោយ​ផ្ទាល់ ​នឹង​បញ្ចៀស​ការ​ឈប់​សំចត​នៅ​ទីកន្លែង​ផ្សេង​ៗ​ទៀត​ដូចជា ​ទីក្រុង​ហុង​កុង​និង​ទីក្រុង​តៃប៉ិ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG