លោក Hoang Duc Binh ជាអនុប្រធាន ចលនាការងារវៀតណាម ត្រូវតុលាការកាត់ទោសឲ្យជាប់ គុក១៤ឆ្នាំកាលពីខែកុម្ភះឆ្នាំ២០១៨ ក្រោយពេលចាប់ខ្លូនកាលពីខែឧសភា ឆ្នាំ២០១៧ ទាក់ទងនឹងការជួយអន្តរាគមន៍កម្មកររោងចក្រដែក ឲ្យទទួលបានសំណងនិងសិទ្ធិសេរីភាព។ តែអាជ្ញាធរ វៀតណាមចាត់ទុកការតវ៉ានោះថាជាការរំលោភច្បាប់ព្រហ្មទណ្ឌ ប្រឆាំងនឹងមន្ត្រីសមត្ថកិច្ចក្នុងមុខ នាទី និងរំលោភលើច្បាប់សេរីភាពប្រជាធិបតេយ្យដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ តែក្រុមសមាជិកសភាអឺរ៉ុបចាត់ទុកថា សកម្មភាពលោក Hoang Duc Binh គឺស្របតាមច្បាប់ អន្តរជាតិ ដែលវៀតណាមជាសមាជិក។
នៅក្នុងលិខិតរួមទៅកាន់ប្រធានាធិបតី វៀតណាម Nguyen Phu Trọng សមាជិកសភា៩រូបដឹកនាំ ដោយលោកស្រី Barbara LOCHBIHLER បានសុំឲ្យមានការដោះលែងលោក Hoang Duc Binh ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ ផ្តល់សំណង ហើយនឹងស៊ើបអង្កេតចំពោះមន្ត្រីប៉ូលិស តុលាការ និង មន្ត្រីពន្ធនាគារ ដែលទទួលខុសត្រូវចំពោះការរំលោភបំពាននិងការធ្វើទុក្ខបុកម្នេញផងដែរ។ ក្រុមសមាជិកសភាសហភាពអឺរ៉ុបដែលព្រួយបារម្ភពីសុខភាពលោក Hoang Duc Binh នៅក្នុងពន្ធនាគារនោះ បានព្រមានក្នុងលិខិតដដែលថាវៀតណាមត្រូវគោរពសិទ្ធិការងារ លក្ខខណ្ឌនិង បទដ្ឋានច្បាប់អន្តរជាតិ ក្នុងពេលដែលវៀតណាមកំពុងចរចារឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប។
អង្គការសិទ្ធិមនុស្ស Human Rights Watch និង អង្គការសង្គមស៊ីវិលវៀតណាម បានទទូចឲ្យ វៀតណាម ទម្លាក់ចោលបទចោទប្រកាន់ ហើយសុំឲ្យសហភាពអឺរ៉ុបផ្អាកការបោះឆ្នោតបញ្ចូល ប្រទេសវៀតណាមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប បើស្ថានភាពសិទ្ធិ មនុស្សនិងការងារគ្មានភាពប្រសើរក្នុងប្រទេសវៀតណាមទេនោះ៕