ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បាន​​ផ្តល់​ថវិកា​១០លាន​ដុល្លារ​សាងសង់​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានរួមមួយជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xaun Phuc នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានរួមមួយជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xaun Phuc នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​សុក្រនេះ​បាន​បង្ហោះ​សារ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សន្យា​ផ្តល់​ថវិកា​ចំនួន​១០លាន​ដុល្លារ​​ដល់​កម្ពុជា​ដើម្បី​សាងសង់​អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ។

រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​សុក្រនេះ​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន​១០លាន​ដុល្លារ​សហរដ្ឋ​អាមេរិកដល់​កម្ពុជា​ ដើម្បី​សាងសង់​អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ​ ​ខណៈ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ ​ដែល​អាច​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ ​តែ​មិនមាន​ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​ការ​សាង​សង់។

នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​អម​ដោយ​រូបភាព​ ​អំពី​ជំនួប​ទ្វេភាគី​រវាង​លោក​និង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​វៀតណាម​លោក​ ​ង៉ូ ស៊ុនលិច្ស​ ​(Ngo Xuanlich)។ រដ្ឋមន្រ្តី​ការពារ​ប្រទេស​វៀតណាម​លោក​ ​ង៉ូ ស៊ុនលិច្ស​ ​(Ngo Xuanlich)​ កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ជាទី​ ដែល​លោក​គ្រោង​ជួប​ប្រមុខ​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​សារ​នោះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«​លោក​ ​Ngo Xuanlich​ ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ប្រទេស​វៀតណាម​បាន​ផ្តល់​ថវិកា​ចំនួន​១០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួយ​ធ្វើការ​សាងសង់​នូវ​អគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ផង​ដែរ។​ ​ការ​ឆ្លើយ​តប​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​កិច្ច​ពិភាក្សា​ និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​ ​កម្ពុជា-វៀតណាម»។

យ៉ាងណា​ក្តី​ ​លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​បញ្ជាក់​លម្អិត​អំពី​គម្រោង​នៃ​ការ​សាងសង់​អគារ​ទីស្តី​ការ​ក្រសួង​ការពារ​ជាតិ​នោះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ផ្តល់​ថវិកា​១០​លាន​ដុលា្លរ​ពី​រដ្ឋាភិបាល​វៀត​ណាម​សម្រាប់​ឲ្យ​កម្ពុជា​សាង​សង់​អគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​នោះ គឺ​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា ឬ​ជាការ​ផ្តល់​ដោយ​ឯកឯង​ពី​រដ្ឋាភិបាល​វៀតណាម​នោះទេ។

​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​កុម្មុយនិស្ត​វៀតណាម​បាន​ធ្វើ​ឡើង​ មិន​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ទស្សនកិច្ច​ដ៏​កម្ររ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​មន្ត្រី​សំខាន់ៗ​របស់​លោក​ ​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ ​និង​ក្រោយ​មាន​ព័ត៌មាន​ស្តីពី​វត្តមាន​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​នៃ​ប្រទេស​ចិន​ក្នុង​ខេត្ត​កោះកុង​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ហៅ​ថា​ ​«ព័ត៌មាន​ក្លែងក្លាយ»។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ លោក​ ​ឈុំ សុជាតិ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រនេះ​ថា​ ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ថវិកា​ដើម្បី​សាងសង់​អគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​នោះ​ទេ។

ការ​ផ្តល់​ថវិកា​១០លាន​ដុល្លារ​ដើម្បី​សាងសង់​អគារ​រដ្ឋ​សំខាន់​ក្នុង​ក្រសួង​ការពារ​ជាតិ​នេះ​ ​ធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀម​សម្ពោធ​វិមាន​ ​ឈ្នះ-ឈ្នះ​ ​ដែល​ជា​សំណង់​មិន​ត្រូវ​បាន​បញ្ចេញ​ពី​ចំនួន​ទឹក​ប្រាក់​ក្នុង​ការ​សាងសង់​ ​តែ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​អាច​ចំណាយ​អស់​រាប់​លាន​ដុល្លារ។ ការ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​អះអាង​ថា ​តំណាង​ឲ្យការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើងរយៈពេល​៣​ថ្ងៃ​ ​ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​តទៅ។

លោក​ ​មាស នី​ ​អ្នកស្រាវជ្រាវ​ពី​ការ​វិវត្ត​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា​ការ​ទទួល​យក​ជំនួយ​ពី​បរទេស​ក្នុង​ការ​សាងសង់​អគារ​រដ្ឋ​សំខាន់ៗ​ ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​គ្រប់គ្រង​ការ​ការពារ​ជាតិ។

លោក​បញ្ជាក់ថា៖​

«បើសិនជា​ប្រទេស​គេ​ដែលមាន​អធិបតេយ្យ​ភាព​ត្រឹមត្រូវ​ ​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​រឿង​អ៊ីចឹងៗ។​ ប៉ុន្តែ​យើង​ យើង​មិន​ដឹង​ថា​តើ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ហើយ​នឹង​វៀតណាម​ហ្នឹង​ មាន​ទំនាក់​ទំនង​តាម​បែបជាឪពុក​ម្តាយ​ តាម​បែប​មិត្តភក្តិ​ ឬក៏​តាមបែប​ចៅហ្វាយ​នាយ​ យើង​អត់​ដឹង​ទេ។​ ក៏​បុន្តែ​បើសិន​ជា​យើង​បណ្តោយ​ឲ្យ​គេ​សាង​សង់​តែ​នៅ​កន្លែង​សំខាន់ៗ​ ហើយ​ជួយ​តែ​កន្លែង​សំខាន់ៗ​ ដូចជា​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្នែក​ទូរស័ព្ទ​អី​ទាំងអស់​ហ្នឹង​ អាហ្នឹង​បាន​ន័យ​ថា ​យើង​ហាក់​ដូចជា​ហុច​ដង​ដាវ​ឲ្យ​គេ​ខ្លាំង​ពេក»។

លោក​ ​មាស នី​ ​បន្ថែម​ថា​ ​កម្ពុជា​គួរ​មាន​ភាព​រឹងមាំ​ ​និងទទួល​ខុស​ត្រូវ​លើ​ការ​សាងសង់​អគារ​រដ្ឋ​សំខាន់ៗ​ដោយ​ខ្លួន​ឯង។

លោកមាន​ប្រសាសន៍​ថា៖​

«រដ្ឋបាល​កម្ពុជា​គួរ​តែ​គិត​អំ​ពី​កិត្តិយស​ខ្លួន​ឯង​ខ្លះផង​ កុំ​ឲ្យ​ជួន​កាល​រឿង​ខ្លះ តែ​១លាន ២​លាន ឬ​៧-៨​សែន​ដុល្លារ​ ក៏​យើង​សុំ​ពី​គេ​ដែរ​ ក៏​យើង​យក​ជំនួយ​ពី​គេ​ដែរ​ អាហ្នឹង​វា​ហាក់​ដូចជា​មិន​បាន​គិត​ពី​កិត្តិយស​ខ្លួនឯង។​ កុំ​ឲ្យ​តែ​គេ​ឲ្យ​មក​យើង​ចេះ​តែ​យកដោយ​ពុំ​បាន​មើល​អំពី​ថា​តើ​ តើ​ការ​យក​ហ្នឹង​វា​អាច​ខូច​ទៅ​ដល់​ប្រយោជន៍​មុខមាត់​របស់​សង្គម​ជាតិ ​វា​អាច​ខូច​មុខមាត់​រដ្ឋាភិបាល​ជាមួយ​ពលរដ្ឋ​ខ្លួន​ឯង​យ៉ាងម៉េច​នោះ​ អាហ្នឹង​សុទ្ធតែ​ជារឿង​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ផង​ដែរ»។

កន្លង​មក​រដ្ឋាភិបាល​វៀត​ណាម​តែង​ផ្តល់​ជំនួយ​ឥត​សំណង​ ​ក្នុង​ការ​សាងសង់​អគារ​រដ្ឋ​សំខាន់ៗ​នៅ​កម្ពុជា។

កាលពី​ឆ្នាំ​២០១២​ ​រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​ជិត​១៧​ម៉ឺន​ដុល្លារ​អាមេរិក​ (១៦៧,៧០០​ដុល្លារ​អាមេរិក) ​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដើម្បី​យក​ទៅ​សាងសង់​អគារ​វិទ្យាស្ថាន​ពិសោធន៍​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​កម្ពុជា។

នៅ​ខែ​កក្កដា​ឆ្នាំ​២០១៧​ វៀតណាម ក៏​បាន​ផ្តល់​ថវិកា​ចំនួន​២៥​លាន​ដុល្លារ​ ដើម្បី​សាងសង់​អគារ​រដ្ឋបាលរដ្ឋសភា​ជាតិ​កម្ពុជា។​ ​ហើយនៅ​ខែ​សីហា ឆ្នាំ​២០១៧ ​វៀតណាម​បាន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ ​៣លាន​ដុល្លារ​ ដើម្បី​សាងសង់​មណ្ឌល​បន្សាប​គ្រឿងញៀន​ ​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម៕

XS
SM
MD
LG