កាលពី៤០ឆ្នាំមុន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ កងទ័ពចិនបានឆ្លងព្រំដែនចូលវាយលុកប្រទេសវៀតណាម បង្កឲ្យផ្ទុះសង្គ្រាមកើតឡើងជិតមួយខែ។ នៅប្រទេសចិន គេហៅសង្គ្រាមនេះថាជា «សង្គ្រាមវាយប្រហារតបតវិញដើម្បីការពារខ្លួន» ប៉ុន្តែសង្គ្រាមនេះត្រូវបានសហគមន៍អន្តរជាតិហៅផ្សេងៗគ្នា អាស្រ័យលើការបកស្រាយរៀងៗខ្លួន។
ប៉ុន្តែទោះបីជាតាមទស្សនៈ ឬគោលជំហរណាក៏ដោយ ប្រវត្តិវិទូបានទទួលស្គាល់ថា សង្គ្រាមរវាងចិន និងវៀតណាមនេះ គឺមានទំនាក់ទំនងជាមួយនឹងសង្គ្រាមរវាងប្រទេសវៀតណាម និងកម្ពុជា នៅក្នុងទឹកដីកម្ពុជា។
កាលពីពេលជាងមួយខែមុន មុនពេលដែលសង្គ្រាមរវាងចិន និងវៀតណាមបានផ្ទុះឡើង វៀតណាមបានចូលលុកលុយប្រទេសកម្ពុជា និងបានដណ្ដើមកាន់កាប់ក្រុងភ្នំពេញ និងដេញពួកខ្មែរក្រហមទៅតំបន់ភាគពាយព្យជិតព្រំដែនថៃ។ បន្ទាប់មក វៀតណាមបានបន្តុបអតីតកម្មាភិបាលខ្មែរក្រហមមួយចំនួនដែលបានគេចខ្លួនទៅវៀតណាមដូចជាលោក ហេង សំរិន និងលោក ហ៊ុន សែន ឲ្យដឹកនាំរដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា។
តាំងពីពេលនោះមក ក្រុមប្រឆាំងនៃប្រទេសកម្ពុជាបានហៅរដ្ឋាភិបាលថ្មីនោះ និងក្រោយមករដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលឡើងកាន់អំណាចតាំងពីឆ្នាំ១៩៨៥ មក ថាជា «អាយ៉ងរបស់វៀតណាម»។
បច្ចុប្បន្ននេះ គឺ៤០ឆ្នាំក្រោយមក ទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាម និងចិន បានប្រែប្រួលយ៉ាងសាំញ៉ាំ។
អ្នកតាមដានស្ថានការណ៍មួយចំនួនជឿថា ប្រទេសចិនដណ្ដើមបានប្រទេសកម្ពុជាពីប្រទេសវៀតណាមមកវិញ ហើយរបបដឹកនាំរបស់លោក ហ៊ុន សែន បានក្លាយទៅជា «អាយ៉ងរបស់ចិន»។ ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវខ្មែរវិញបានអះអាងថា ប្រទេសកម្ពុជាមិនចង់ធ្វើជាឆាកប្រយុទ្ធសម្រាប់ប្រទេសណាមួយនោះទេ។
សង្គ្រាមរវាងចិន និងវៀតណាមនេះ ប្រហែលជាត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរបំភ្លេចចោល ឬក៏ព្យាយាមលាក់បាំង។ ទោះបីជាមានការជជែកតាមអ៊ីនធឺណិតអំពីសង្គ្រាមនេះក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរព្យាយាមមិនផ្សាយអំពីរឿងនេះ។
ប៉ុន្តែ សម្រាប់ភាគីនៃសង្គ្រាមរវាងវៀតណាម និងកម្ពុជាវិញ ៤០ឆ្នាំក្រោយមក ប្រទេសទាំងពីរនៅតែប្រារព្ធខួបសង្គ្រាម ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរហៅថាជាស្ថានការណ៍ដែលប្រទេសវៀតណាម «រំដោះ» ប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម។
វៀតណាមហៅសង្គ្រាមនោះថាជា «សង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម»។ អ្នកវិភាគថា វៀតណាមចាត់ទុកការឈ្លានពានរបស់កងទ័ពខ្មែរក្រហមក្នុងដែនដីវៀតណាមថាជាមូលហេតុដែលធ្វើឲ្យសង្គ្រាមនេះកើតឡើង ហើយវៀតណាមបានលើកយកហេតុផលការពារអធិបតេយ្យភាពជាតិ ដើម្បីបានភាពស្របច្បាប់នៅក្នុងការឈ្លានពានប្រទេសកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហម។
កាលពីថ្ងៃទី៤ ខែមករា រដ្ឋាភិបាលក្រុងហាណូយបានប្រារព្ធខួបលើកទី៤០ នៃ «សង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម» ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលវៀតណាម ក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួននៃប្រទេសកម្ពុជាផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់នៅក្នុងសុន្ទរកថាថ្លែងនៅក្នុងពិធីនោះថា ជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសមិទ្ធផលរួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Voice of Vietnam។
លោក Nguyen Xuan Phuc ថ្លែងដូច្នេះថា៖ «ជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី៧ ខែមករា គឺជាជ័យជំនះរួមគ្នារបស់ប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ក៏ដូចជារបស់វឌ្ឍនជននៅលើពិភពលោកផងដែរ»។
លោក Nguyen Xuan Phuc បានបន្ថែមថា៖ «ជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ បានជួយស្រោចស្រង់ប្រទេសកម្ពុជា និងបានបើកទំព័រសករាជថ្មីនៃការអភិវឌ្ឍប្រកបដោយឯករាជ្យភាព សេរីភាព សន្តិភាព អព្យាក្រឹត្យភាព និងវិបុលភាព»។
កាលពីថ្ងៃទី៧ ខែមករា រដ្ឋាភិបាលកម្ពុជាក៏បានប្រារព្ធខួបលើកទី៤០នេះដែរ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកនៅក្នុងទីក្រុងភ្នំពេញ។ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហៅថ្ងៃ៧ មករា ថាជាថ្ងៃ «រស់ឡើងវិញ» របស់ប្រទេសកម្ពុជា។
ការប្រារព្ធខួបដូចនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញអស់៤០ឆ្នាំមកហើយ ហើយកាលពីលើកមុនៗ ជាពិសេសក្នុងទសវត្សរ៍១៩៨០ លោក ហ៊ុន សែន តែងតែអរគុណវៀតណាមថាបានជួយប្រជាជនកម្ពុជា ហើយលោកមិនដែលភ្លេចប្រឆាំងនឹងចិន និងថាចិនគឺជា «ខ្មាំងឫស្សា» នោះទេ។
ប៉ុន្តែ តាំងពីពាក់កណ្ដាលទសវត្សរ៍ ១៩៩០ នៅពេលដែលទំនាក់ទំនងរវាងកម្ពុជា និងចិនមានភាពប្រសើរឡើងមក លោក ហ៊ុន សែន លែង «ប្រឆាំងចិន» ទៀតហើយ។ ការកើនឡើង និងការផ្ដល់ជំនួយរបស់ចិនមកកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានរឹតតែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ លោក ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសចិនមិនមែនជា «ខ្មាំងឫស្សា» ទៀតទេ ប៉ុន្តែគឺជា «មិត្តភ័ក្ដិដ៏ទុកចិត្តបំផុត» របស់ប្រទេសកម្ពុជា។
ជាថ្នូរនឹងការផ្ដល់ជំនួយសេដ្ឋកិច្ចរបស់ចិន កម្ពុជាបានចេញមុខការពារគោលជំហររបស់ចិននៅកិច្ចប្រជុំអាស៊ាននានាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំអាស៊ានក្នុងទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ប្រទេសហ្វីលីពីនបានចោទប្រទេសកម្ពុជាថាបានរារាំងមិនឲ្យអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
ដូច្នេះ ទោះបីជាលោក ហ៊ុន សែន ត្រូវបានគណបក្សប្រឆាំងចាត់ទុកថាជា «អាយ៉ងរបស់វៀតណាម» ក៏ដោយ ក៏សម្រាប់បស្ចិមប្រទេសវិញ លោកបានក្លាយទៅជា «អាយ៉ងរបស់ចិន» នៅពេលបច្ចុប្បន្ននេះ។
អ្នកវិភាគនានាថា ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន ប៉ះពាល់ដល់ «ទំនាក់ទំនងជាយូរមកហើយ» រវាងវៀតណាម និងកម្ពុជា។
កាលពីខែមិថុនាឆ្នាំមុន ការតវ៉ាប្រឆាំងនឹងចិនបានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម ប្រឆាំងនឹងគម្រោងរបស់វៀតណាមនៅក្នុងការជួលដីឲ្យក្រុមហ៊ុនបរទេសរយៈពេល ៩៩ឆ្នាំ។ ហើយនៅពេលប្រហាក់ប្រហែលគ្នានោះដែរ នៅកម្ពុជា ក៏មានការតវ៉ាផ្ទុះឡើងប្រឆាំងនឹងវៀតណាម ពាក់ព័ន្ធនឹងគម្រោងរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការជួលដីរយៈពេលវែងដល់ក្រុមហ៊ុនបរទេស។
លោក David Hutt អ្នកសរសេរអត្ថបទជាប្រចាំឲ្យកាសែត Asia Times បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា «តើវៀតណាមបាត់បង់កម្ពុជា ហើយចិនដណ្ដើមបានកម្ពុជាតាមវិធីណា? (How Vietnam Lost and China Won Cambodia)» កាលពីខែមករាកន្លងទៅនេះ។ នៅក្នុងអត្ថបទនោះ លោកបានបញ្ជាក់ថា «មានសញ្ញាមួយចំនួនដែលបង្ហាញ ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាមកាន់តែធ្លាក់ចុះ ដោយសារតែឥឡូវនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានដណ្ដើមយកតួនាទីរបស់រដ្ឋាភិបាលក្រុងហាណូយនៅក្នុងប្រទេសកម្ពុជា»។
ទំនាក់ទំនងកើនឡើងរវាងចិន និងកម្ពុជានេះ បានបង្ហាញកាន់តែខ្លាំងឡើង បន្ទាប់ពីការបោះឆ្នោតឆ្នាំមុននៅក្នុងប្រទេសកម្ពុជា។ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះការបោះឆ្នោត ដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជាចូលរួម។ គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ ដោយសារលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនេះត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
បន្ទាប់ពីការបោះឆ្នោត សហរដ្ឋអាមេរិក និងបណ្ដាបស្ចិមប្រទេសផ្សេងទៀតមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន និងបានដាក់ទណ្ឌកម្មមួយចំនួន។ សហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការដកហូតគោលនយោបាយអនុគ្រោះពន្ធរបស់ខ្លួនចំពោះកម្ពុជា និងបានចាប់ផ្ដើមយកពន្ធលើអង្ករដែលនាំចូលពីប្រទេសកម្ពុជា។
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃមុនពេលសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា នៅក្នុងអំឡុងពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែមករា ចិនបានប្រកាសថា ខ្លួននឹងបង្កើនកូតានាំចូលអង្ករពីកម្ពុជារហូតដល់ ៤ សែនតោន ក្នុងមួយឆ្នាំ។
អ្នកវិភាគជឿថា ការងាកទៅរកចិនកាន់តែខ្លាំងរបស់កម្ពុជាអាចធ្វើឲ្យកម្ពុជាឯកោនៅលើឆាកអន្តរជាតិ និងបានសង្កត់ធ្ងន់ថា កម្ពុជាមិនគួរជ្រើសរើសយកតែចិននោះទេ ប៉ុន្តែគួរតែនៅអព្យាក្រឹត្យ។
លោក ឈៀង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈវិស័យអាស៊ី (Asian Vision Institute) បានប្រាប់ VOA ថា៖ «នៅពេលនិយាយអំពីទំនាក់ទំនងការទូតជាមួយនឹងមហាអំណាចធំៗ កម្ពុជាផ្ដល់អាទិភាពដល់ប្រទេសចិន និងជប៉ុន»។
លោក វណ្ណារិទ្ធ បានបញ្ជាក់ថា នៅក្នុងបរិបទជម្លោះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក របៀបរបបក្នុងតំបន់តាមបែបសហរដ្ឋអាមេរិក និងរបៀបរបបក្នុងតំបន់តាមបែបចិន មិនមែនជាជម្រើសដ៏ល្អសម្រាប់កម្ពុជានោះទេ។ លោកបានបន្ថែមថា ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ របៀបរបបក្នុងតំបន់តាមបែបអាស៊ាន គឺជាជម្រើសដ៏ល្អសម្រាប់កម្ពុជា៕
ប្រែសម្រួលដោយ ភី សុភាដា