ដោយសារមានជម្លោះផ្នែកពាណិជ្ជកម្ម និងនយោបាយ ដែលនៅពេលបច្ចុប្បន្ននេះប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសចិនជាមួយនឹងប្រទេសផ្សេងៗ គេពិបាកនឹងរិះគន់លើមន្ត្រីការបរទេសនៃប្រទេសនានា ដែលចង់ឲ្យមានភាពងាយស្រួលជាងមុននៅក្នុងការធ្វើការជាមួយនឹងមន្ត្រីការបរទេសចិន គឺឲ្យងាយស្រួលដូចធ្វើការជាមួយនឹងរដ្ឋាភិបាលវៀតណាមដែលនៅជិតខាងប្រទេសចិនដូច្នេះ។
ប្រទេសចិន និងប្រទេសវៀតណាមមានលក្ខណៈស្រដៀងគ្នាជាក់ច្បាស់មួយចំនួន ដូចជាការដឹកនាំដោយគណបក្សកុម្មុយនិស្តបែបឯកបក្ស ការដាក់កំហិតលើអ៊ីនធឺណិត និងក្រុមហ៊ុនអ៊ីនធឺណិត និងការរីកចម្រើនសេដ្ឋកិច្ចខ្ពស់ដែលនាំមុខដោយការនាំចេញ បន្ទាប់ពីបានចាប់ផ្ដើមធ្វើឯកជនូបនីយកម្មនៅក្នុងទសវត្សរ៍ ១៩៨០ ជាដើម។
ប៉ុន្តែ ចំណុចខុសគ្នាសំខាន់រវាងប្រទេសទាំងពីរគឺថា នៅក្នុងប្រទេសវៀតណាម ជាទូទៅគេឃើញដៃគូបរទេសនានាអាចសម្រេចបាននូវកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាបែបទ្វេភាគី។
ការប្រៀបធៀបរវាងប្រទេសចិន និងប្រទេសវៀតណាមគឺមិនគ្រាន់តែជាការប្រៀបធៀបបែបទ្រឹស្ដី ឬក៏បែបសិក្សាអប់រំនោះទេ ប៉ុន្តែជាការប្រៀបធៀបមួយដែលប៉ះពាល់ដល់សេចក្ដីសម្រេចចិត្តជាក់ស្ដែងរបស់ក្រុមហ៊ុននានាជារៀងរាល់ថ្ងៃ និងប៉ះពាល់ដល់សេចក្ដីសម្រេចចិត្តអំពីទីកន្លែងដែលត្រូវធ្វើអាជីវកម្ម ដែលអាចជាពាណិជ្ជកម្មក្នុងទឹកប្រាក់រាប់លានដុល្លារអាមេរិកជាដើម។
អ្វីដែលធ្វើឲ្យប្រទេសវៀតណាមមានលក្ខណៈខុសប្លែកពីគេ គឺឆន្ទៈរបស់ប្រទេសនេះនៅក្នុងការធ្វើការដើម្បីសម្រេចឲ្យបាននូវស្តង់ដារអន្តរជាតិមួយ ទោះបីជានៅពេលដែលជម្រើសនោះមានការលំបាកក្នុងការសម្រេចបានក៏ដោយ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Barbara Weisel ដែលជាអ្នកប្រឹក្សាផ្នែកពាណិជ្ជកម្ម។
អ្នកស្រីបាននិយាយនៅឯវេទិកាសេដ្ឋកិច្ចមួយនៅក្នុងទីក្រុងហូជីមិញកាលពីខែធ្នូ ឆ្នាំ ២០១៨ ថា៖ «គោលនយោបាយទាំងនោះគឺជាអ្វីដែលយើងត្រូវការដើម្បីសម្រេចឲ្យបាន ដើម្បីធ្វើឲ្យមានការអភិវឌ្ឍជាងនេះទៅទៀត។ ហើយនេះគឺជាការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដែលប្រទេសវៀតណាមបានធ្វើផ្ទុយពីបណ្ដាប្រទេសភាគច្រើននៅក្នុងតំបន់»។
អ្នកស្រី Barbara Weisel ស្ថិតក្នុងចំណោមមនុស្សភាគច្រើនដែលនិយាយថា ប្រទេសវៀតណាមជាអ្នកទទួលបានផលប្រយោជន៍ នៅពេលដែលប្រទេសចិនបាត់បង់វិនិយោគិន។ ក្រុមហ៊ុននានាបានប្ដូរចេញពីប្រទេសចិនទៅប្រទេសវៀតណាម ដោយសារតែជម្លោះពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងធ្វើឲ្យទំនិញរបស់វៀតណាមមានតម្លៃថោកជាងទំនិញចិន។
មួយវិញទៀត «ទីតាំងរបស់ប្រទេសវៀតណាមនៅជិតនឹងប្រទេសចិនធ្វើឲ្យប្រទេសនេះក្លាយជាជម្រើសដ៏មានតម្លៃសម្រាប់រោងចក្រផលិតកម្មនានា ដែលស្វែងរកទីតាំងផ្សេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែថ្លៃប្រតិបត្តិការនៅក្នុងប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនអចលនទ្រព្យ JLL នៅក្នុងការវិភាគអំពីទីផ្សារ។
ក្រៅពីជម្លោះពាណិជ្ជកម្ម ប្រទេសចិនមានជម្លោះជាមួយនឹងបណ្ដាប្រទេសនានាលើបញ្ហាជាច្រើននៅក្នុងឆ្នាំ ២០១៨។ ប្រទេសចិនបានឃុំខ្លួនពលរដ្ឋកាណាដាពីរនាក់ បន្ទាប់ពីរដ្ឋាភិបាលកាណាដាបានចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិនកាលពីខែធ្នូ ឆ្នាំ ២០១៨។ ប្រទេសចិនបានបង្ខំប្រទេសស្រីលង្កាឲ្យប្រគល់កំពង់ផែមួយឲ្យខ្លួនគ្រប់គ្រង បន្ទាប់ពីស្រីលង្កាគ្មានលទ្ធភាពសងបំណុលខ្លួន ដែលជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ខ្លួន។
ចំណុចមួយទៀត ប្រទេសចិនបានធ្វើឲ្យសហរដ្ឋអាមេរិកស្រងាកចិត្ត ដោយសារតែខ្លួននៅតែបន្តធ្វើជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង ទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។
នៅពេលដែលគេមើលតាមជ្រុងទាំងនេះ គេឃើញថា ប្រទេសវៀតណាមធ្វើឲ្យប្រទេសផ្សេងៗចាប់អារម្មណ៍ថាជាប្រទេសមួយដែលមានលក្ខណៈបើកចំហ និងបត់បែនទៅតាមការពិភាក្សាទ្វេភាគី។ ចំណុចនេះគឺមានតាំងពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងហាណូយសម្រាប់ការជំរុញរបស់សហរដ្ឋអាមេរិកឲ្យមានការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រហូតដល់ការចុះហត្ថលេខារបស់រដ្ឋាភិបាលវៀតណាមលើកិច្ចព្រមព្រៀងអន្តរជាតិអស់ពីមួយទៅមួយ។
ការសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនៅក្នុងប្រទេសវៀតណាមហាក់ដូចជាមិនសូវពិបាកប៉ុន្មានទេ។ រដ្ឋាភិបាលក្រុងប៉េកាំងរារាំងក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ចំណែកឯរដ្ឋាភិបាលក្រុងហាណូយភាគច្រើនមិនបានរារាំងដូចនេះទេ។
រដ្ឋាភិបាលចិនតម្រូវឲ្យក្រុមហ៊ុនបរទេសនានាចែករំលែកបច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុនក្នុងប្រទេសចិន រីឯរដ្ឋាភិបាលវៀតណាមវិញ បានដកបម្រាមវិនិយោគបរទេសចំនួន ៤៩ ភាគរយចេញពីក្រុមហ៊ុននានានៅក្នុងបញ្ជីរបស់ខ្លួន។
ការប្រៀបធៀបនេះមានសារៈសំខាន់ ដោយសារតែប្រទេសទាំងពីរមានភាពផ្ទុយគ្នានៅពេលបច្ចុប្បន្ននេះ ទោះបីជាប្រទេសទាំងពីរមានលក្ខណៈដូចគ្នាច្រើនអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយក៏ដោយ។
ប្រទេសចិនបានគ្រប់គ្រងប្រទេសវៀតណាមអស់រយៈពេលជិតមួយសហស្សវត្សរ៍។ ប្រវត្តិសាស្ត្របានបង្ហាញថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនដូចជាភាសា ម្ហូបអាហារ ព្រះពុទ្ធសាសនាមហាយាន ក្រុមគ្រួសារបែបលទ្ធិខុងជឺ ថ្ងៃឈប់សម្រាក និងរឿងព្រេងបុរាណជាដើម។
សេដ្ឋកិច្ចបែបកុម្មុយនិស្តរបស់ប្រទេសទាំងពីរបានក្លាយជាសេដ្ឋកិច្ចបែបមូលធននិយមនៅក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា គឺនៅក្នុងទសវត្សរ៍ ១៩៨០។ ជាងនេះទៀត ប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០១ ចំណែកឯវៀតណាមវិញនៅឆ្នាំ ២០០៧។
ដោយសារតែមាគ៌ាបច្ចុប្បន្នរបស់ប្រទេសទាំងពីរមានលក្ខណៈផ្ទុយគ្នា ប្រទេសវៀតណាមដែលជាប្រទេសតូចជាងមានឥទ្ធិពលតិចជាងប្រទេសចិននៅលើវេទិកាពិភពលោក និងពឹងផ្អែកច្រើនលើកិច្ចសហប្រតិបត្តិការសាកលលោក។
ចំណុចនេះអាចជាមូលហេតុដែលមន្ត្រីរដ្ឋាភិបាលវៀតណាមមានឆន្ទៈចូលតុចរចា ទោះបីជាពេលខ្លះមានន័យថា ពួកគេត្រូវលះបង់ការត្រួតត្រាបន្តិចបន្តួចក៏ដោយ។ ឧទាហរណ៍ដូចជាករណីដែលវៀតណាមសម្រេចអនុញ្ញាតឲ្យមានសហជីពកម្មករច្រើនបន្ថែមក្រៅពីសហជីពដែលគ្រប់គ្រងដោយរដ្ឋាភិបាល ឬក៏អនុញ្ញាតឲ្យសហគ្រាសឯកជនមានការប្រកួតប្រជែងជាមួយសហគ្រាសរដ្ឋជាដើម។
នៅក្នុងគោលនយោបាយប្រទាំងប្រទើសបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសវៀតណាមមានគម្រោងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងអ៊ីនធឺណិត ដោយបង្ខំឲ្យក្រុមហ៊ុននានាផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម និងលុបចោលនូវអត្ថបទណាដែលរដ្ឋាភិបាលវៀតណាមមិនចង់ឲ្យមានបង្ហោះនៅលើអ៊ីនធឺណិត។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh បានថ្លែងនៅឯវេទិកាសេដ្ឋកិច្ចមួយក្នុងទីក្រុងហូជីមិញ កាលពីខែធ្នូ ឆ្នាំ ២០១៨ ថា៖ «រដ្ឋាភិបាលវៀតណាមកំពុងធ្វើការជាមួយនឹងសហគមន៍អាជីវកម្ម។ ទោះបីជាមានច្បាប់ក៏ដោយ ក៏នៅមានដំណើរការប្រឹក្សាយោបល់បន្តទៅមុខផងដែររវាងរដ្ឋាភិបាលវៀតណាម និងសហគមន៍អាជីវកម្មនៅក្នុងប្រទេសវៀតណាម»។
ករណីនេះមានន័យថា ប្រទេសវៀតណាមមានគម្រោងផ្ទាល់ខ្លួន ប៉ុន្តែប្រទេសនេះក៏ស្ដាប់យោបល់របស់អ្នកប្រឆាំងនឹងខ្លួនផងដែរ៕
ប្រែសម្រួលដោយ ភី សុភាដា