ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កោះកុង​កាត់ទោស​ពល​រដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១៨ខែ


រូបឯកសារ៖ លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។ (រូបដកស្រង់ពីហ្វេសប៊ុក)
រូបឯកសារ៖ លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។ (រូបដកស្រង់ពីហ្វេសប៊ុក)

បន្ទាប់ពី​បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​៦ខែ​ លោក ហេង សុខ​ តំណាង​ពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ ក្នុង​សហគមន៍​ព្រែក​ខ្សាច់​​ ខេត្ត​កោះកុង​ ត្រូវ​បាន​តុលាការ​ក្នុង​ខេត្ត​​នេះ​ ​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​​៦​ខែ​ ក្នុង​សំណុំ​រឿង​វិវាទ​ដីធ្លី​ជាមួយ​លោក​ លី យ៉ុងផាត់។ ​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​ បាន​ហៅ​ការ​កាត់​ទោស​នេះ​ថា​ ជា​ការ​សម្រេច​ចិត្ត​យ៉ាង​អយុត្តិធម៌​ប្រឆាំង​នឹង​សកម្ម​ជន​ការពារ​សិទ្ធិ​ដី​ធ្លី។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​កាត់​ទោស​លោក​ ​ហេង សុខតំណាង​ពលរដ្ឋ​ ក្នុង​ទំនាស់​ដីធ្លី​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​គ្រប់គ្រង​ដោយ​លោក​ ​លី យ៉ុងផាត់​ឲ្យ​ជាប់ក្នុង​ពន្ធនា​គារ​១៨​ខែ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្តកោះកុង​ ​និង​សាច់​ញាតិ​របស់​លោក​ ​ហេង សុខ។​

លោក​ ហេង សុខ​ វ័យ​៤៨​ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៥០​គ្រួសារ​ ដែល​កំពុង​មាន​វិវាទ​លើ​ដី​ទំហំ​ជាង១០០​ហិកតា​ជាមួយ​ក្រុម​ហ៊ុន ​LYP Group ​របស់​លោក ​លី យ៉ុងផាត់​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​សេដ្ឋីដ៏​មាន​ឥទ្ធិពល​មួយ​រូប​នោះ ​ត្រូវ​បាន​ចាប់​ខ្លួន ​កាលពីមុន​ពេល​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅ​ខែ​កុម្ភៈ។​

បន្ថែម​លើ​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ លោក​ ហេង សុខ​ ក៏​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ប្រាក់​២លាន​រៀល​ (ឬ​ប្រមាណ​ជា​ជិត​៥០០​ដុល្លារ​អាមេរិក)ផង​ដែរ។​

លោក​ ​ហួរ អ៊ីន​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ឃ្លាំមើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង ​បាន​ចាត់​ទុក​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​ជា​រឿង​អយុត្តិធម៌​ចំពោះ​លោក​ ​ហេង សុខ​ ​ដែល​លោក​អះអាង​ថា​ មិន​បាន​ប្រព្រឹត្ត​អំពើ​បង្ក​របួស​ស្នាម​លើ​បុគ្គល​ណា​នោះ​ឡើយ។​

លោក​យល់​ថា​ ​ការ​កាត់​ទោស​នេះក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍​ឈ្មោះ​របស់​លោក​ លី យ៉ុងផាត់​ ផង​ដែរ។​ ​លោក​ថា​ ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ កំពុង​ត្រូវ​បាន​ដោះស្រាយ​ជា​បណ្តើរៗ​ដោយ​អាជ្ញាធរ​ខេត្ត​និង​ក្រុម​ហ៊ុន​ ​ហើយ​ថា បើ​មាន​ការ​កាត់​ទោស​លោក ​ហេង សុខ ​បែប​នេះ​ ដំណើរ​ការ​ដោះ​ស្រាយ​ជម្លោះ​នឹង​ជួប​បញ្ហា​បន្ថែម​ទៀត។

លោក​ ​ហួរ អ៊ីន​ ថ្លែង​ថា៖ ​

«ការ​សម្រេច​របស់​តុលាការ​បែប​នេះ​ យើង​ឃើញ​ថា​ វា​អយុត្តិធម៌​ ចំពោះ​ទំនាស់​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ ហើយ​នឹង​ក្រុមហ៊ុន​ ហើយ​ជម្លោះ​ដីធ្លី​នេះ​ដែរ​ក៏​បាន​ដោះស្រាយ​ស្ទើរតែ​បញ្ចប់​ហើយ។ ​បើ​សិន​ជា​នៅតែ​បន្ត​សម្រេច​ដាក់​ទោស​ឈ្មោះ ​ហេង សុខ ​កម្រិត​១​ឆ្នាំ​៦ខែនេះ​ វា​ពិត​ជា​ប៉ះ​ពាល់​ណាស់​ដល់​ដំណោះស្រាយ​មុនៗ​ ដែល​ស្ទើរតែ​បញ្ចប់​ហើយ។ ​ប៉ះពាល់​ទាំង​កិត្តិយស​ និង​កេរ្តិ៍​ឈ្មោះ​របស់​លោក​ឧកញ៉ា ​លី​ យ៉ុងផាត់ ​ផ្ទាល់​តែ​ម្តង​ ហើយ​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត»។​

​ការ​ចាប់​ខ្លួន​លោក​ ហេង សុខ ​កើត​មាន​ឡើង បន្ទាប់​ពី​តំណាង​ប្រជាពលដ្ឋ​រូប​នេះត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ដាក់​ការសង្ស័យ​ថា​ ​ បាន​ចូល​ទៅ​បោះ​បង្គោល​លើ​ដី​ដែល​រង​ការ​ឈូស​ឆាយ​ដោយ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ​កាលពី​ចុង​ឆ្នាំ​២០១៧។​

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នា​ពេល​នោះ​ តំណាង​ពលរដ្ឋ​រូប​នេះ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន ​រង់​ចាំ​ការ​កាត់​ទោស​ក្រោម​បទ​ចោទ​ថា​ ​«ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»។

VOA ​មិន​អាចសុំ​ការ​អធិប្បាយ​ពី​លោក ​លី យ៉ុងផាត់ ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​តាម​ទូរស័ព្ទ​ កាលពី​ដើមខែ​មិថុនា​ លោក​ លី យ៉ុងផាត់​ អះអាង​ថា​ លោក ​ហេង សុខ​ គ្មាន​ដី​ក្នុងទីតាំង​ដី​ទំនាស់​ ដែល​ក្រុមហ៊ុន​លោក​បាន​ឈូស​ឆាយ​ ដើម្បី​ដាំ​ដើម​ធុរេន​នោះ​ទេ។​

រូបឯកសារ៖ យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Global Witness ឧកញ៉ា​ទាំង​៤​នាក់​នេះ​ ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ដួល​រលំ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពី​ឆ្វេង​មក​ស្តាំ លោក ម៉ុង រិទ្ធី លោក លី យ៉ុងផាត់ លោក ទ្រី ភាព និង​លោក ឡៅ ម៉េងឃីន។ (រូបថត VOA)
រូបឯកសារ៖ យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Global Witness ឧកញ៉ា​ទាំង​៤​នាក់​នេះ​ ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ដួល​រលំ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពី​ឆ្វេង​មក​ស្តាំ លោក ម៉ុង រិទ្ធី លោក លី យ៉ុងផាត់ លោក ទ្រី ភាព និង​លោក ឡៅ ម៉េងឃីន។ (រូបថត VOA)

​លោក​ថ្លែង​ក្នុង​ពេល​នោះ​ថា៖​

«វា​អីចេះ​ ​ហេង សុខ​ ​ហ្នឹង​ ខ្ញុំ​សួរ​យក​ដី​ពី​ណា​មក? ​ហើយ​វា​អី​ចេះ​ ដី​ខ្ញុំ​កំពុង​ឈូស​ឆាយ​ដាំ​ធុរេន​ ព្រោះ​ឥឡូវ​យើង​មិន​ទាន់​វិនិយោគ​អី​បាន​ រក​ម៉ូយ​ រក​អ្នក​វិនិយោគ​អត់​មាន។​ អីចឹង​ខ្ញុំ​គិត​ថា​ ទុក​ចោល​ក៏​អត់​ប្រយោជន៍ ​អីចឹង​ ខ្ញុំ​ក៏​ឈូស​ព្រៃ​ ឈូស​អី​ទៅ​ ក៏​ដាំ​ធុរេន។ ​ស្រាប់​តែ​ឈូស​ហើយ​ មាន​ម្នាក់​គត់​មក​បោះ​បង្គោល​ បោះ​បង្គោល​ ហើយ​ដល់​ខាង​ពួក​ខ្ញុំ​នេះ​ សួរ​ថា​ លោក​មក​ពី​ណា? គា​ត់​ក៏​ថា​ ​នៅ​នោះ​ នៅ​នេះ។ ​ហើយ​មក​បោះ​បង្គោល​អីចឹង​ ដឹង​ខុស​ច្បាប់​ទេ។ ​គាត់​ថា​ អត់​ដឹង​ទេ។ ​ខ្ញុំ​បោះ​បង្គោល​ដី​ខ្ញុំ។ ​ទាល់​តែ​ខាង​ខ្ញុំ​ក៏​សួរ​ថា​ លោក​ឯង​មក​បោះ​បង្គោល​អីចឹង​ លោក​ឯង​ថា​ ដី​របស់​លោក​ឯង​ ចុះ​មាន​ឯកសារ​ទេ​ [ដែល]លោក​ថា​ដី​របស់​លោក​ហ្នឹង?​ អត់​មាន​សោះ​ ឲ្យ​ឯកសារ​មក​ អត់​មាន​សោះ»។​

លោក​បាន​បន្ថែម​ថា៖​

«ហើយ​គេ​ប្រាប់​ថា​ ឥឡូវ​ដក​ចេញ​ទៅ ​កុំ​ឲ្យ​មាន​រឿង។ ​យើង​និយាយ​គ្នា​ ស្តាប់​គ្នា​បាន​ទេ។​ ភាសា​ខ្មែរ​ ខ្មែរ​ដូចគ្នា​ទេ។​ និយាយ​មិន​ស្តាប់​គ្នា​ វា​មិន​ត្រូវ។​ បើ​ថា​ ដី​លោក​ឯង​ យក​ប្លង់​មក? យក​ប្លង់​ហើយ​ យក​ទៅ​ ឲ្យតែ​មាន​ប្លង់​មក​ អត់​បញ្ហា​ទេ​ យក​ប្លង់​មក ​និយាយ​គ្នា​ ហើយ​អត់មាន​ហើយ​ ដៃ​ទទេរ​ ធ្វើ​ម៉េច​? ធ្វើ​ម៉េច? ​អីចឹង​ មាន​បុរាណ​គេ​ចេះ​និយាយ​ ចាញ់​បាន​លុយឈ្នះ​បាន​ដី​ នយោបាយ​ឈ្នះៗ»។​

លោក​ លី យ៉ុងផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សង្កត់​ធ្ងន់​ថា ការ​ប្តឹង​លោក ​ហេង សុខ​ នេះ​ធ្វើ​ឡើង​ ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​មាន​ការរាងចាល​ និង​យល់​ពី​ច្បាប់​ទម្លាប់​ទៅ​ថ្ងៃ​ក្រោយ។​

អ្នកស្រី​ ទិត្យ តេន ​វ័យ​៦១​ឆ្នាំ​ ដែល​ជា​ម្តាយ​ក្មេក​របស់​លោក​ ហេង សុខ​ និង​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ​ស្រុក​គីរីសាគរ​ ខេត្ត​កោះកុង​ បាន​ប្រាប់​ VOA ​ថា​ ​តុលាការ​គួរ​ផ្តល់​សេរីភាព​ដល់​លោក ​ហេង សុខ​ ហើយ​ត្រូវ​អង្កេត​មើល​ឲ្យ​ច្បាស់​ថា​ លោក ​ហេង សុខ​ ​ពិតជា​មាន​ឯកសារ​កាន់​កាប់​ដី​ឬក៏​អត់​នោះ។ ​អ្នកស្រី​មាន​ប្រសាសន៍ថា​ ការ​កាត់​ទោស​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ ហេង សុខ។

«យើង​ត្រូវ​ស្រាវជ្រាវ​មើល​ឲ្យ​ច្បាស់​លាស់​ថា​ ឯកសារ​មាន​មិន​មាន​អី។​ ដី​គាត់​មាន​ពិត​ប្រាកដ​ ទោះបី​គេ​ផ្ទេរ​សិទ្ធិ​ ឬ​ដី​ស្អី​ក៏​យើង​ត្រូវ​ស្រាវ​ជ្រាវ​ឲ្យ​ពិត​ប្រាកដ​ មិន​មែន​មក​រំលោភ​បំពាន​ យក​របស់​គេ​ស្រេច​តែ​ចិត្ត​អីចឹង​ទេ​ ​មិនមែន​បង​ប្អូន​យើង​ទៅ​យក​ដី​ក្រុមហ៊ុន​ទេ​ មាន​តែ​ក្រុមហ៊ុន​មក​ដី​ប្រជា​ពលរដ្ឋ»។​

​អ្នកស្រី​បន្ថែម​ថា​ អ្នកស្រី​នឹង​បើក​យុទ្ធនាការ​ស្វែងរក​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​សារ​ការ​រំលោភ​បំពាន​ដីធ្លី​ពី​ក្រុមហ៊ុន ​ដើម្បី​តវ៉ា​រក​យុត្តិធម៌​ជូន​លោក ​ហេង​ សុខ។​

លោក​ចៅក្រម ភាព សុភា​ ដែល​ជា​អ្នក​កាត់​ក្តីលោក ​ហេង សុខ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។​

លោក​ ​អ៊ិន គង់ជិត​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​ធ្លាប់ប្រចាំ​នៅ​ខេត្ត​កោះកុង​ បាន​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​មកថា​ វិវាទ​ដីធ្លី​របស់​លោក​ ហេង សុខ​ ​តំណាង​ពលរដ្ឋ​៥០​គ្រួសារ​ និង​ប្រជា​ពលរដ្ឋ​ចំនួន​១៧​គ្រួសារ​ផ្សេង​ទៀត​ជាមួយ​ក្រុមហ៊ុន​របស់​លោក​សមាជិក​ព្រឹទ្ធ​សភា ​លី​ យ៉ុង​ផាត់​នោះ​ បាន​កើត​ឡើង​ ក្រោយពី​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​៩៩៧៧​ហិកតា​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០១០។​

​ផ្ទៃ​ដី​នេះ​គឺ​ស្ថិត​ក្នុង​តំបន់​ឧទ្យានជាតិ​បទុម​សាគរ​នៃ​ខេត្ត​កោះកុង​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។​

លោក​ ​ហួរ អ៊ីន​ ​ថ្លែង​ថា​ លោក ​ហេង សុខ​ នៅ​មាន​សិទ្ធិ​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង។ ​លោក​លើក​ឡើង​ថា​ ក្រោយ​ពេល​មាន​ការ​ចាប់​ឃុំខ្លួន​លោក​ ហេង សុខ​ មាន​ប្រជា​ពលរដ្ឋ​២២​គ្រួសារ​ហើយ​ក្នុង​ចំណោម​៥០គ្រួសារ​នោះ​ បាន​ព្រម​ទទួល​យក​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ និង​ក្រុមហ៊ុន។ ​ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មិន​អាចបញ្ជាក់​ពី​ប្រភេទ​នៃ​សំណង​នោះ​ទេ ​ហើយ​ក៏​មិន​មាន​តួលេខ​នៃ​ចំនួន​ផ្ទៃដី​ ដែល​ត្រូវ​ដោះ​ស្រាយ​នោះ​ដែរ។​

អ្នកស្រី​ សាម​ សុគន្ធា​ មេធាវី​ការពារ​ក្តី​លោក​ ហេង សុខ​ សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ ដោយ​អ្នកស្រី​មិន​បាន​ស្ថិត​នៅ​ក្នុង​សវនាការ។​

លោក​ ​លី យ៉ុងផាត់ ​ស្ថិត​ក្នុង​ចំណោម​អ្នកជំនួញ​មាន​ឥទ្ធិពល​បួន​នាក់​ដែល​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​បរិស្ថាន​ Global Witness ​បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម។ ​អង្គការ​នេះ​អះអាង​ថា​ សេដ្ឋី​ទាំងបួន​នាក់​នេះ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គៃ​បន្លំ​នយោបាយ​និង​សេដ្ឋ​កិច្ច​កម្ពុជា​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ក្តោបក្តាប់​អំណាច​ទាំង​ស្រុង។

សេដ្ឋី​ទាំង​បួន​នាក់​ មាន​បី​នាក់​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី​ លោក​ឧកញ៉ា​ ​លី យ៉ុងផាត់​ លោក​ឧកញ៉ា​ ទ្រី ភាព ​និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន។​

សេចក្តីប្រកាស​មួយ​របស់​អង្គការ Global Witness​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​ កន្លងទៅ​ បាន​ឲ្យដឹង​ថា​ ទង្វើ​ខុស​ឆ្គង​របស់​សេដ្ឋី​ទាំង​បួន​រូប ​រួមមាន​ការ​រឹប​អូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រត់ពន្ធ​ឈើ​ខុស​ច្បាប់​ ការ​បូមខ្សាច់​ និង​ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ជាដើម។ ​ក្នុង​ប្រតិបត្តិការ​ទាំង​នោះ​ ពួកគេ​ក៏​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG