ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​រិះគន់​ថា ​គម្រោង​ដោះលែង​អ្នកទោស​នយោបាយ​របស់​លោក​ហ៊ុន សែន​​​ស្ថិត​ក្រោម​សម្ពាធ​បរទេស​


រូប​ឯកសារ៖ លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក្រោយ​ចេញពី​សាលសវនា​ការ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក្រោយ​ចេញពី​សាលសវនា​ការ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧។

ការ​រិះគន់​នេះ​មាន​ក្រោយ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ អំពី​គម្រោង​ដោះ​លែង​សមាជិក​គណបក្ស​​ប្រឆាំង​​ចំនួន​​១២​​រូប​ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ថា​ ​នឹង​ប្តូរ​ចិត្ត​ ប្រសិន​បើ​មាន​ការ​អត្ថាធិប្បាយ​ថា​​ ការ​ដោះ​លែង​នោះ​ដោយ​សារ​រង​សម្ពាធ​ពី​បរទេស​​នោះ​។

លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​បាន​រិះគន់​ថា គម្រោង​របស់​លោក​ហ៊ុន សែនក្នុង​ការ​លើកលែង​ទោសអ្នក​ជាប់​ឃុំនោះ​គឺ​ជា​ការ​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ ​ដោយ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។​

ការ​រិះគន់​របស់​ សម រង្ស៊ី ​ធ្វើ​ឡើង​ដោយតប​ទៅ​នឹង​ការ​ព្រមាន​ពី​លោកនាយក​រដ្ឋមន្ត្រីដែល​អះអាង​ថា​ លោក​នឹង​ពិចារណា​ឈប់​ដោះលែងអ្នក​ជាប់​ឃុំ​ រួមមាន​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​១២​រូប​ ​ប្រសិន​បើ​មាន​ការ​លើក​ឡើង​ថា​ ការ​ដោះលែង​នោះ​ធ្វើ​ឡើង​ក្រោម​គំនាប​ពី​បរទេស។​

ក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​សម រង្ស៊ីបាន​បញ្ជាក់​ថា​ ​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ជា​បន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​មិនមែន​ជា​លក្ខខណ្ឌ​គ្រប់គ្រាន់​ ​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ឈប់​រិះគន់​លោក​ ហ៊ុន សែន នោះ​ទេ។​ លោក​បន្ថែម​ថា​ ​លោក​ហ៊ុន សែនត្រូវ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ ​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូបមាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ​ដូច​មុន​ ​ត្រូវ​ផ្តល់​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទៅ​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥០០៧រូប​ ​ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​ ​ខែ​មិថុនា​ឆ្នាំ​២០១៧ ​ព្រម​ទាំង​ការ​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​ចំពោះ​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាំងអស់។​

លោក​ សម រង្ស៊ី ​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ដោយ​សារ​តែ​លោក​ហ៊ុន សែនទាល់ច្រក​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ថ្ងៃ២៩​ ​កក្កដា​កន្លង​ទៅ​នេះ​ ​ហើយ​ដោយសារ​តែ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ​ដែលដក​ភាព​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​របស់​គាត់​ ​ហើយ​ត្រៀម​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើងៗមក​លើ​របប​ផ្តាច់ការ​របស់​គាត់​ ​លោក​ហ៊ុន សែនត្រូវ​បង្ខំ​ចិត្ត​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ បានប្រកាសគម្រោង​លើក​លែង​ទោស​ទ្រង់​ទ្រាយ​ធំ​ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ខាងមុខ​ ​ដែល​ក្នុង​នោះ​មាន​ទាំងអតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ចំនួន​១២​នាក់​ផង។​ ​ទន្ទឹម​នឹង​ការ​ប្រកាស​អំពី​ការ​លើកលែង​ទោស​នេះ​ លោក​ ហ៊ុន សែនក៏​បានភ្ជាប់​នឹង​ការ​ព្រមាន​ថា​ ​នឹង​ពិចារណា​ឡើង​វិញ​ ​ប្រសិន​បើ​មាន​ការ​លើក​ឡើង​ថា​ ​ការ​លើក​លែង​ទោស​នេះ​ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ សម រង្ស៊ី​ ពាក់ព័ន្ធ​នឹង​សារ​ដែល​លោក​ទើប​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃសុក្រ​នេះ​ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

រហូត​មក​ដល់​ពេល​នេះ​ ​សមាជិក​ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​ជាង​២០​នាក់​ ​ត្រូវ​បាន​កាត់ទោស​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ផ្សេងៗ​គ្នា។

លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មណ្ឌល​សៀម​រាប​ ​មុន​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ​កាល​ពី​ខែ​មេសា​ ​ឆ្នាំ​២០១៦​ ​ក្រោម​បទ​ចោទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​ផែនទី​ស្ដីពី​ព្រំ​ដែន​កម្ពុជា-វៀតណាម។​

ចំណែក​លោក​ មាជ សុវណ្ណារ៉ា​ ​មន្រ្តី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​សកម្មជន​គណបក្ស​នេះ​ជាង​១០​នាក់​ទៀត​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​ សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី៧​ទៅ២០​ឆ្នាំពី​បទ​ដឹក​នាំ​ និង​ចូល​រួម​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៤។​

លោក​ សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សរសេរទៅ​កាន់​អ្នក​សារ​ព័ត៌មានតាម​រយៈ​សារ​អេឡិច​ត្រូនិច​តេលេក្រាម​ថា ​លោក ​សម រង្ស៊ី ​កំពុង​ផ្គើនការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​លោក​ថា​ ការ​ផ្គើន​នេះ​អាច​នឹង​ធ្វើ​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ជា​បន្ត។​

លោក​សរសេរ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ឮ​សម្តេច​តេជោហ៊ុន សែន​មាន​គម្រោង​ស្នើ​ទូល​ថ្វាយ​សុំ​ព្រះរាជ​ទាន​លើកលែង​ទោស​ឲ្យ​ជនជាប់​ចោទ​ ​និង​ទណ្ឌិត​មួយ​ចំនួន​ ​បែរ​ជា​ទណ្ឌិត​រូប​នេះ​ ​[សម រង្ស៊ី]ថា ​មក​ពី​មាន​គំនាប​ពី​បរទេស​ដាក់​មក​លើ​សម្តេច​តេជោ​ទៅ​វិញ​ ​ដែល​ជា​ការ​មួយ​ផ្គើន​នឹង​ការ​មាន​មតិ​របស់​សម្តេច​តេជោ​ ​ដែល​ជា​ការ​បញ្ជាក់​ថា​ ​ទណ្ឌិត​សម រង្សីនិយាយ​ផ្គើន​នេះ​ដើម្បី​ទុក​ឲ្យ​បងប្អូន​បន្ត​ជាប់​គុក​ត​ទៅ​មុខ​ទៀត​ ​យ៉ាង​ពិត​ប្រាកដ»។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​មន្រ្តី​គណបក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​និង​អ្នក​សារ​ព័ត៌មាន ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​ជាង​១០០​នាក់​ ព្រម​ទាំង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ឯ​ខេត្ត​ត្បួង​ឃ្មុំ​នោះ​ ​គេ​ឃើញ​មជ្ឈដ្ឋាន​អន្តរជាតិ​ធំៗ​នានា​ ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន និង​ដាក់​ទណ្ឌកម្ម​ចំពោះ​ជន​ដែល​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ​ជា​មួយ​គ្នា​នោះ សហ​ភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ឧស្សាហ​កម្ម​កាត់​ដេរ​នៅ​កម្ពុជា​ ​ក៏​បាន​ព្រមាន​ដក​កិច្ច​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា​ ​ក្រោមកម្មវិធី«អនុ​គ្រោះ​ពន្ធ​លើអី្វៗ​ទំាង​អស់​លើក​លែង​តែអាវុធ»​ ​ឬ​ ​Everything But Arms។​

ថ្មីៗ​នេះ​ ​ក្រោយ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​បាន​បញ្ចប់​ ​និង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ឈ្នះ​ដាច់​ ​នឹង​ឈាន​ទៅ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្សនោះ​ ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ ​ដែល​គេ​ហៅ​ថា​ ជា«ចំណាប់​ខ្មាំង​នយោបាយ»​ ​ត្រូវ​បាន​ដោះលែង​ជា​បន្ត​បន្ទាប់។​

សកម្មជន​ដីធ្លី​ដ៏​លេច​ធ្លោ​មួយ​រូប ​គឺ​អ្នកស្រី​ទេព វន្នី​ និង​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ត្រូវ​បាន​ដោះ​លែង​នៅ​ដើម​សប្តាហ៍​នេះ​ ​ចំណែក​លោក​ ​គឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែនមិន​សំចៃមាត់​ ក៏​ត្រូវ​បាន​ដោះ​លែងកាល​ពី​ចុង​សប្តាហ៍​មុន​ផង​ដែរ។​

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​លោក​ សួន សេរីរដ្ឋា​ ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​ដែល​ត្រូវបាន​ឃុំ​ខ្លួន​ជាង​១​ឆ្នាំ​ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​មេដឹកនាំ​ ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ ​និង​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​នោះ​ ​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ពី​លោក​បាន​សរសេរ​លិខិត​សុំ​ទោសលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​

លោក​ហង្ស វិទូ​ ​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា​ ​ការ​ដោះ​លែងអ្នក​ជាប់​ឃុំដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ចំណាប់​ខ្មាំង​នយោបាយ​នោះ​ ​អាច​បណ្តាលមកពី​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ជាថ្មី​ ​ជា​ជាង​ការ​រង​សម្ពាធ​ពី​អន្តរជាតិ។​ ​លោកបន្ថែម​ថា​ បើ​ទោះ​បីជា​ការ​ដោះលែង​ទាំង​នោះ​ស្ថិត​ក្នុង​ហេតុ​ផល​ណាក៏​ដោយ​ ​ក្នុង​ដំណាក់​កាល​នេះ​ គួរ​តែ​មាន​ការ​អបអរ​ ជាជាង​ការ​រិះគន់​ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​អាច​នឹង​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ត។

លោក​បញ្ជាក់​ថា៖​

«យើង​ដឹង​ហើយ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ភាគ​ច្រើន​គាត់​ធ្វើ​អី​មួយ​ គាត់​ចង់​តែ​ឈ្នះ។​ សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ ​ទោះបី​មូល​ហេតុ​នៃ​ការ​ដោះ​លែង​ហ្នឹង​ ​ដោះ​លែង​ដោយ​សារមូលហេតុ​ណា​មួយ​ក៏​ដោយ​ ​ប៉ុន្តែ​ការ​ដោះ​លែង​ហ្នឹង​វា​ជារឿង​មួយ​ដ៏​ល្អ​សម្រាប់អ្នក​ដែល​គាត់​ជាប់ពន្ធ​ធនាគារ​មក​យូរ​ហើយ​ ​ហើយ​គាត់អត់​បាន​ធ្វើ​សកម្មភាព​នយោបាយ​ ​និង​អត់​មាន​សេរីភាព។​ ​អីចឹង​យើង​ជំនួស​ឲ្យ​ការ​ដែល​ជជែក​គ្នា​ ​ឬ​មួយ​ក៏​យើង​ឈ្លោះ​គ្នា​រឿង​ដោះ​លែង​ដោយ​សារ​មូលហេតុ​អី​ ​យើង​គួរ​តែ​លើក​ស្ទួយ​ ​ឬ​ក៏​គាំទ្រ​ដល់​ការ​ដោះ​លែង​ហ្នឹង»។​

យ៉ាងណា​ក៏​ដោយ ​រហូតមក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ មិន​ទាន់​មាន​របាយ​ការណ៍ណា​មួយ​បញ្ជាក់​ពី​បញ្ជី​ឈ្មោះអ្នក​ជាប់​ឃុំ​ឃាំង​ ​ដែល​នឹង​ត្រូវ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​នៅ​ឡើយ​ទេ។​ ​លោក​ហ៊ុន សែនបាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សកម្មជន​ និង​សមាជិក​គណបក្សសង្គ្រោះ​ជាតិ​ទាំង​១២​រូប​ដែល​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​នោះ​ បាន​សរសេរ​លិខិត​សុំ​ទោស​លោក​រួច​ហើយ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG