សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទនេះ សម្រេចលើកពេលសវនាការលើអតីតមន្ត្រីអាដហុក និងមន្ត្រីអាដហុកបច្ចុប្បន្នសរុប៥នាក់ទៅថ្ងៃទី១៨ ខែកញ្ញា ក្រោយមានការស្នើឲ្យសាក្សីសំខាន់ដែលមានកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ និងមេធាវី ទ្រី ឈួន មានវត្តមានចូលរួមសវនាការ។
នៅព្រឹកថ្ងៃច័ន្ទនេះ ក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកឌុច សារិនជាប្រធាន បានបើកសវនាការកោះហៅមន្រ្តីអាដហុក និងអតីតមន្រ្តីអាដហុកសរុប៥រូប ដែលគេស្គាល់ថា «អាដហុក៥»ឲ្យចូលឆ្លើយដោះសារលើសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរវាងលោកកឹម សុខា ប្រធានគណបក្សប្រឆាំងកាលពីដើមឆ្នាំ២០១៦ ជាមួយនារីកាត់សក់វ័យក្មេងម្នាក់ដែលត្រូវបានគេស្គាល់ថា ឈ្មោះខុម ចាន់តារ៉ាទី ហៅស្រីមុំ។
មន្ត្រីទាំង៥រូប រួមមាន លោកនី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងលោកនី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្រ្តីការពារសិទ្ធិមនុស្សអាដហុក។
ក្នុងសាលសវនាការនោះ គេឃើញមានវត្តមានមេធាវីចំនួន៥រូប ដែលការពារក្តីឲ្យអ្នកទាំង៥ តែមិនមានការចូលរួមពីអ្នកស្រីលឹម មុនី និងលោកនី សុខានោះទេ ដោយសហមេធាវីការពារក្តីរបស់ពួកគេគឺលោកឡោ ជុនធី អះអាងថា អ្នកទាំងពីរមិនបានទទួលដីកាកោះពីតុលាការ។ ក្នុងសវនាការនោះគេឃើញមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាច្រើនរូបចូលរួមក្នុងនាមជាដើមបណ្តឹង និងមានការថតរូបភាព និងវីដេអូក្នុងសវនាការនោះដោយមន្រ្តីរបស់ ACU ទៀតផង។
ខណៈចាប់ផ្តើមដំណើរការសវនាការ លោកសំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីទាំង៥រូបការពារក្តីឲ្យមន្រ្តីអាដហុកទាំង៥ លើកឡើងថា ការចេញដីកាកោះហៅជនត្រូវចោទចូលរួមសវនាការមានរយៈពេលខ្លីពេក និងថា ជនត្រូវចោទមួយចំនួនមិនបានទទួលដីកាកោះ ចំណែកសាក្សីមួយចំនួនក្នុងចំណោម៧រូបក៏មិនបានទទួលដីកាកោះដូចគ្នា។
ក្រៅពីលោកសំ សុគង់ ក្រុមមេធាវីទាំងនោះសុទ្ធតែបានអះអាងស្រដៀងគ្នាថា សាក្សីសំខាន់គឺកញ្ញាខុម ចាន់តារ៉ាទី ដែលបានសុំជំនួយពីមន្រ្តីអាដហុកទាំង៥ក្នុងនាមជាជនរងគ្រោះនាពេលនោះ ព្រមទាំងអ្នកស្រីទ្រីឈួន ដែលជាអតីតមេធាវីសមាគមអាដហុក ដែលត្រូវបានបញ្ជូនទៅការពារក្តីឲ្យនាងខុម ចាន់តារ៉ាទីមិនមានវត្តមាន។ មេធាវីទាំងនោះលើកឡើងថា សាក្សីទាំងពីរជាសាក្សីសំខាន់មិនអាចខ្វះបានក្នុងសំណុំរឿងនេះ។
ក្រៅពីក្រុមមេធាវី លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និងលោកនី ចរិយា សុទ្ធតែបានស្នើឲ្យតុលាការកោះហៅនាងខុម ចាន់តារ៉ាទី និងអ្នកស្រីទ្រី ឈួន ចូលរួមសវនាការដើម្បីស្វែងរកការណ៍ពិត។
បន្ទាប់ពីការកត់សម្គាល់របស់ក្រុមមេធាវីការពារក្តីឲ្យអ្នកទាំង៥ ព្រមទាំងសំណើសុំរបស់មន្រ្តីអាដហុកទាំងបីរូបនោះ លោកចៅក្រមឌុច សារិនក៏បានសម្រេចលើកពេលសវនាការទៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨វិញ និងប្រកាសបិទសវនាការ។
ក្រោយចេញពីសវនាការ លោកយី សុខសាន្ត មន្រ្តីការពារសិទ្ធិមនុស្សមួយរូបដែលកំពុងជាប់ចោទ បានផ្តល់សម្ភាសន៍ទៅអ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការ ពីមូលហេតុនៃការស្នើឲ្យមានការចូលរួមពីសាក្សីសំខាន់ គឺនាង ខុម ចាន់តារ៉ាទី និងអ្នកស្រីទ្រី ឈួនយ៉ាងដូច្នេះ៖
«ពីព្រោះសាក្សីនោះគាត់ទម្លាក់កំហុសមកលើពួកយើងដែលធ្វើការងារសង្គមស៊ីវិល ខាងមនុស្សធម៌ ខាងសិទ្ធិមនុស្ស»។
នៅមុនសវនាការពួកគេមួយថ្ងៃពោលគឺនៅថ្ងៃអាទិត្យ អង្គការអន្តរជាតិធំៗចំនួន៥បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលជាបន្ទាន់នូវបទចោទប្រកាន់ ប្រឆាំងមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីសមាគមអាដហុកទាំង៥រូប ដោយពួកគេបានហៅការចោទប្រកាន់នេះថា «មានចរិតនយោបាយ»។
អង្គការអន្តរជាតិធំៗទាំង៥នោះ រួមមាន អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (Southeast Asia Press Alliance)បណ្តាញអាស៊ានសម្រាប់ការបោះឆ្នោតដោយសេរី (Asian Network for Free Elections) និងអង្គការ CIVICUS ដែលជាសម្ព័ន្ធនៃអង្គការសង្គមស៊ីវិល និងសកម្មជនដែលបានប្តេជ្ញាដើម្បីពង្រឹងសកម្មភាពពលរដ្ឋ និងសង្គមស៊ីវិលនៅទូទាំងពិភពលោក។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមឃ្លាំមើលដំណើរការសវនាការនេះ ប្រាប់អ្នកសារព័ត៌មានថា មន្រ្តីអាដហុកទាំង៥រូបនឹងទទួលបានយុត្តិធម៌ ប្រសិនបើសវនាការទាំងមូលមានការចូលរួមដេញដោលពីសាក្សីពាក់ព័ន្ធសំខាន់ៗ។
លោកមានប្រសាសន៍ថា៖
«បើសិនជានៅតែអវត្តមានសាក្សីសំខាន់ អីចឹងសវនាការនេះវាអត់បានគ្រប់ជ្រុងជ្រោយ បានន័យថាភាពដេញដោលវាគ្មាន បានតែអានចម្លើយអីចឹង វាមិនដូចការដេញដោលនៅក្នុងសវនាការទេ គឺជាការដេញដោល ហើយនិងជាការតទល់គ្នាផង»។
មូលហេតុនៃការចាប់ខ្លួនមន្រ្តីអាដហុកទាំង៥យកទៅឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៦គឺផ្តើមចេញពីការផ្តល់សេវាផ្លូវច្បាប់ដល់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលពេលនោះនាងបានរងវាយប្រហារតាមរយៈការបង្ហោះផ្សព្វផ្សាយខ្សែអាត់សំឡេងមួយចំនួន ដែលត្រូវបានជនមិនស្គាល់មុខព្យាយាមបង្ហាញថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកកឹម សុខា។
ក្រោយទទួលបានជំនួយជាមេធាវី ដោយមានអ្នកស្រីទ្រី ឈូនជាអ្នកការពារក្តីចាត់តាំងដោយអាដហុក នាពេលនោះ រួមនិងទឹកប្រាក់ប្រមាណជា២០០ដុល្លារ ពីមន្រ្តីអាដហុកទាំង៥ ដូចដែលតែងជួយជនរងគ្រោះផ្សេងៗនាពេលកន្លងទៅនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ បានធ្វើឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលជាស្រ្តី និងមន្ត្រីការពារសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល និងសោកស្តាយ បន្ទាប់ពីនាងបានចោទក្រុមមន្រ្តីអាដហុកទាំងនោះថា បានធ្វើសកម្មភាពបង្គាប់មិនឲ្យនាងទទួលស្គាល់ខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាសំឡេងរបស់នាង និងសំឡេងរបស់លោកកឹម សុខា នោះ។
ក្រោយពីនាង ខុម ចាន់តារ៉ាទីបានផ្តល់ចម្លើយនៅអគ្គនាយកដ្ឋានប្រឆាំងភេរវកម្ម និងបទល្មើសឆ្លងដែននៃក្រសួងមហាផ្ទៃ និងនៅតុលាការខុសពីចម្លើយនៅសមាគមអាដហុក នាងមិនដែលបានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយអ្នកយកព័ត៌មានទេ។ ហើយរហូតមកដល់ពេលនេះ វត្តមានរបស់នាងក៏កំពុងស្ងាត់ឈឹង ដោយមិនមានដំណឹងណាមួយត្រូវបានផ្សព្វផ្សាយពីនាងនោះឡើយ។
ការចាប់ខ្លួនមន្ត្រីអាដហុកទាំង៥ឃុំខ្លួននាពេលកន្លងទៅត្រូវបានសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានចាត់ទុកថា វាគ្រាន់តែជាលេសដើម្បីគាបសង្កត់ និងរារាំងការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការសម្ដែងមតិ និងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតែងច្រានចោលការលើកឡើងទាំងនេះ ដោយអះអាងថា វាជាការអនុវត្តច្បាប់របស់តុលាការ។
មន្រ្តីអាដហុកទាំង៥រូប ដែលជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់អ្នកនយោបាយគណបក្សប្រឆាំងនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំចុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីតុលាការឃុំខ្លួនពួកគេក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។
ក្រោយការទទួលបានសេរីភាពវិញនៅឆ្នាំ២០១៧ អតីតអ្នកការពារសិទ្ធិ និងអ្នកការពារសិទ្ធិមនុស្សបច្ចុប្បន្ននៃសមាគមសិទ្ធិមនុស្សអាដហុក ទាំងប្រាំនាក់ ទទួលបានរង្វាន់អ្នកការពារសិទ្ធិមនុស្ស Martin Ennals Prize។
រង្វាន់ Martin Ennals សម្រាប់អ្នកការពារសិទ្ធិមនុស្សគឺជារង្វាន់សហការផ្តល់ដោយអង្គការសិទ្ធិមនុស្សដ៏ធំលើពិភពលោកចំនួន១០ ដែលមានដូចជាអង្គការ Amnesty International និង Human Rights Watch ដើម្បីផ្តល់ជាការការពារដល់អ្នកការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក៕