លោក John Kerry កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ បានបដិសេធមិនអត្ថាធិប្បាយទៅលើអ្វីដែលលោកហៅថា «នយោបាយនៅនឹងថ្កល់មានប្រសិទ្ធភាព» ចំពោះអ្វីដែលលោកបានហៅនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសជាលើកចុងក្រោយ។
លោក Kerry មានពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នៅក្នុងតំណែងរបស់លោក។ លោកបាននិយាយថា៖ «ខ្ញុំនៅមានដំណើរទស្សនកិច្ចមួយចំនួនទៀតដែលមានសារៈសំខាន់ ហើយខ្ញុំនៅមានកិច្ចសន្ទនាខ្លះដែលខ្ញុំប្រាថ្នាចង់និយាយក្នុងនាមប្រទេសជាតិរបស់យើង។ ទាំងនោះជាអ្វីដែលយើងនៅតែចង់សម្រេចឲ្យបាន»។
លោកបន្ថែមថា បន្ទាប់ពីការស្បថចូលកាន់ដំណែងរបស់លោក ត្រាំ នៅថ្ងៃទី២០ ខាងមុខនេះ «ខ្ញុំនឹងមានឱកាសច្រើនដើម្បីនិយាយចេញអ្វីដែលខ្ញុំចង់ ប្រសិនបើខ្ញុំយល់ថាវាស័ក្តិសម ខ្ញុំនឹងនិយាយវាចេញមកនៅពេលសមរម្យណាមួយ»។
លោក Kerry បានចំណាយពេលវេលាយ៉ាងច្រើនរបស់លោក នៅវេទិការបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី៥ ដោយពន្យល់ការពារអ្វីដែលលោកចាត់ទុកថាជាសមិទ្ធិផលគោលនយោបាយការបរទេសកំពូលៗ ដែលមានឥទ្ធិពលទូលំទូលាយរបស់រដ្ឋាភិបាល រាប់ចាប់តាំងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។
លោក Kerry និយាយថា៖ «គ្មានអ្នកណាម្នាក់អាចព្យាករជម្រើសដែលរដ្ឋបាលបន្ទាប់នឹងធ្វើទេ។ ខ្ញុំគិតថា សំណួរមួយដែលមនុស្សជាច្រើនសួរនោះគឺថា តើពួកគេដឹងឬទេ?»
លោក ត្រាំ បានប្រកាសអំពីគោលនយោបាយស្ទើរតែរៀងរាល់ថ្ងៃ ដែលគោលនយោបាយមួយចំនួនចាកចេញឆ្ងាយពីជំហររបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន។ លោកបានប្រកាសតាមរយៈបណ្ដាញសង្គម Twitter ដែលធ្វើឲ្យមានការលំបាកដល់មន្ត្រីការទូតនៅក្នុងប្រទេស និងនៅបរទេស។
សារតាម Twitter របស់លោក ត្រាំ ដែលមាន១៤០តួរអក្សរឬតិចជាងនេះ គឺមានភាពផ្ទុយស្រឡះពីវិធីបែបការិយាធិបតេយ្យតាមប្រពៃណី ដែលផ្តល់អត្ថន័យអំពីគោលនយោបាយការបរទេសតាមរយៈសុន្ទរកថាដែលត្រូវបានសរសេរយ៉ាងយកចិត្តទុកដាក់បំផុត នៅលើក្រដាសជាច្រើនទំព័រ។
លោក Kerry ដែលធ្លាប់ធ្វើជាប្រធានគណកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា អស់រយៈពេលបួនឆ្នាំ បានបង្ហាញក្តីសង្ឃឹមថា «អ្នកដែលគិតគូររឹងមាំ និងអ្នកស្នេហាជាតិ» នឹងចេញមុខ ហើយបញ្ចេញគំនិតពួកគេសម្រាប់រដ្ឋបាលថ្មី។
ក្នុងអត្ថាធិប្បាយជាសាធារណៈម្តងទៀត អំពីជ័យជម្នះដ៏ភ្ញាក់ផ្អើលរបស់លោក ត្រាំ លើលោកស្រី Hillary Clinton ដែលជាអ្នកកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមុនលោកនោះ លោក Kerry ដែលជាអតីតសមាជិកព្រឹទ្ធសភានិយាយថា៖ «វាជាការខកចិត្តយ៉ាងខ្លាំងរបស់ប្រជាជន ទៅលើរដ្ឋាភិបាល យ៉ាងច្បាស់ក្រឡែត»។
នៅពេលសួរថាតើលោកគិតថាប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់គណៈកម្មាធិការបោះឆ្នោតដោយផ្ទាល់នោះ លោក Kerry ឆ្លើយតបថា «ខ្ញុំទទួលស្គាល់ការសន្និដ្ឋានរបស់សហគមន៍អ្នកស៊ើបអង្កេត ដែលថាការលួចចូលនេះធ្វើឡើងដោយមន្ត្រីលំដាប់កំពូលនៃរដ្ឋាភិបាលរុស្ស៊ី»។
លោក ត្រាំ បានតែងតាំងលោក Rex Tillerson នៅក្នុងតំណែងរបស់លោក Kerry នៅក្រសួងការបរទេស។
លោក Tillerson ដែលបានចំណាយពេលក្នុងអាជីពការងាររបស់លោកនៅឯក្រុមហ៊ុនពហុជាតិដ៏ធំមួយ ក្នុងឧស្សាហកម្មប្រេងនិងឧស្ម័ន នឹងក្លាយជាក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលើកទីមួយ ដែលគ្មានបទពិសោធន៍ជាយោធា ឬផ្នែករដ្ឋាភិបាល ប្រសិនបើលោកត្រូវបានបោះឆ្នោតបញ្ជាក់ដោយរដ្ឋសភា។
លោក Tillerson ពិតជាត្រូវបានសួរដេញដោលខ្លាំងៗ នៅក្នុងសវនាការដែលបញ្ជាក់ពីការតែងតាំងនៅថ្ងៃ១១ ខែមករា អំពីទំនាក់ទំនងរបស់លោកជាមួយលោក Putin ដែលក្រុមសមាជិកសភាដែលមានឥទ្ធិពល ពីគណបក្សទាំងពីរសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។
ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន ExxonMobil លោក Tillerson កាលពីឆ្នាំ២០១១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់ចំនួន៣០០ពាន់លានដុល្លារ ជាមួយប្រទេសរុស្ស៊ី ដើម្បីបានសិទ្ធខួងប្រេងកាតនៅក្នុងសមុទ្រអាក់ទិច។ ប៉ុន្តែ គម្រោងនៃកិច្ចព្រមព្រៀងនោះបានខូច បន្ទាប់ពីការដាក់ទណ្ឌកម្មដោយរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅលើក្រុងមូស្គូបីឆ្នាំបន្ទាប់ ដោយសារតែជំហររបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ប្រឆាំងនឹងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលដោយ នៀម ឆេង