រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បានធ្វើការសុំអភ័យទោសតាំងនាមឲ្យក្រសួងការបរទេសអាមេរិក ចំពោះការរើសអើងរបស់ទីភ្នាក់ងារនេះទៅលើបុគ្គលិកដែលស្រឡាញ់ភេទដូចគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ លោក Kerry បានថ្លែងថា៖ «កាលពីមុន ខ្ទង់ទសវត្សរ៍ ១៩៤០ ដែលបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ទៀត ក្រសួងការបរទេសអាមេរិកគឺជាស្ថាប័នមួយក្នុងចំណោមនិយោជករដ្ឋ និងឯកជនជាច្រើនទៀតដែលបានរើសអើងបុគ្គលិកនិងបេក្ខជនដាក់ពាក្យសុំធ្វើការណាម្នាក់ ដោយផ្អែកលើភេទរបស់ពួកគេ»។
លោកបាននិយាយថា បុគ្គលិកមួយចំនួនត្រូវបានបង្ខំឲ្យលាលែងពីតំណែងដោយសារតែការរើសអើង ខណៈដែលបេក្ខជនដាក់ពាក្យសុំធ្វើការដទៃទៀត មិនត្រូវបានគេទទួលយកមកបម្រើការភ្លាមៗនោះទេ។ លោកបានបន្ថែមថា សកម្មភាពនោះគឺ«ខុសឆ្គងកាលពីពេលនោះ» ហើយ«ថ្ងៃនេះនៅតែខុសឆ្គង»។
លោកបានមានប្រសាសន៍ទៀតថា ក្រសួងការបរទេសមានការប្តេជ្ញាយ៉ាងខ្ជាប់ខ្ជួនចំពោះភាពចម្រុះ និងជួលបុគ្គលិកដែលជាសមាជិករបស់សហគមន៍ LGBTI ដែលរួមមានទាំងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ៕