ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ​​៖​ «ធានារ៉ាប់រង​សម្រាប់​ប្រជាជនគ្រប់​គ្នា»​​ ជិត​រួចរាល់ហើយ

  • VOA

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​លោក​ Donald Trump និយាយ​ជាមួយ​អ្នកកាសែត​ក្នុងបន្ទប់រង់ចាំ​របស់​អគារ​ Trump Tower នៅ​ក្នុង​បុរី​ញូវយ៉ក។

ប្រធានាធិបតី​ជាប់ឆ្នោត ស.រ.អា.​ Donald Trump បាននិយាយ​ថាផែនការ​លោក​ក្នុង​ការ​ដាក់កម្មវិធី​ថ្មី​មួយ​ជំនួស​កម្មវិធី​ថែរក្សាសុខភាព​របស់លោកប្រធានាធិបតីអូបាម៉ា​ «ជិត​ចប់សព្វគ្រប់ហើយ» ហើយ​នឹង​ត្រូវ​លាត​ត្រដាង​ឱ្យដឹងក្នុងពេលឆាប់ៗនេះ។​

នៅក្នុង​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ Washington Post កាលពី​យប់ថ្ងៃ​អាទិត្យ​ លោក​ Trump បាននិយាយ​ថា​គោលដៅរបស់លោកគឺធ្វើឱ្យមាន«ការ​ធានា​រ៉ាប់រង​ខាង​ការ​ថែរក្សា​សុខភាពសម្រាប់ប្រជារាស្ត្រអាមេរិកាំង​គ្រប់គ្នា» ក៏​ប៉ុន្តែ​លោកបានប្រកែក​មិនព្រម​និយាយ​ជាក់លាក់ទេ។ មាន​ការណ៍​មួយ​ដែល​លោក​បាន​និយា​យបញ្ជាក់​ច្បាស់លាស់​គឺថា​លោកចង់កាត់បន្ថយ​សោហ៊ុយ​ខាងការ​ថែរក្សា​សុខភាព​ដោយ​ដាក់គំនាប​សង្កត់លើក្រុមហ៊ុនផលិត​ឱសថ​ឱ្យ​បញ្ចុះ​តម្លៃ​ថ្នាំ​ពេទ្យ។​

ការ​លុប​ចោល​ច្បាប់ខាង​ការ​ថែរក្សា​សុខភាពមាន​ឈ្មោះ​ថា​ Affordable Care Act ដែល​ត្រូវស្គាល់ថា​ Obamacare ដែរ​នោះ​ ជា​អាទិភាព​ធំមួយ​សម្រាប់លោក Trump នៅ​ពេល​ចាប់ផ្តើមរដ្ឋបាល​លោក។​ កម្មវិធី​នេះបានទទួល​ការ​អនុម័ត​ដោយ​សភា​កាល​ពី​ឆ្នាំ២០១០​ដែលនៅ​ពេល​នោះ​ពួក​ប្រជាធិបតេយ្យត្រួតត្រា​សភា​ ក៏​ប៉ុន្តែ​នៅ​ពេល​នេះដែល​ពួក​សាធារណរដ្ឋមានសមាជិក​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​និង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ ហើយ​ដោយ​លោក Trump ធ្វើជាប្រធានាធិបតី​ផងនោះ​ ពួក​គេ​អាច​ចាត់វិធានការ​កែទម្រង់​ប្រព័ន្ធនេះ​ដែលពួកគេ​និយាយ​ថា​អស់ប្រាក់​កាស​ច្រើន​ហើយ​មិន​បានការ​ផងនោះ៕

XS
SM
MD
LG