«យើងនឹងមិនអនុញ្ញាតឲ្យលោក ដូណាល់ ត្រាំ កប់រូបសំណាកសេរីភាពទេ» នេះតាមប្រសាសន៍លោក Chris Van Hollen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Maryland ដែលបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនៅឯព្រះវិហារគ្រិស្តអាហ្វ្រិកអាមេរិកនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន។
លោក Van Hollen បានថ្លែងទៅកាន់ការជួបជុំមហាជន និងការតវ៉ាប្រឆាំងមួយនៃការជួបជុំមហាជន និងការតវ៉ាប្រឆាំងរាប់សិបនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ម្សិលមិញមុនពេលការស្បថចូលកាន់តំណែងរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ពាណិជ្ជករមហាសេដ្ឋីរូបនេះ ជាឥស្សរជនដែលបានធ្វើឲ្យមានការបែកខ្ញែកបំផុតនៅពេលយុទ្ធនាការឃោសនាបោះឆ្នោតដោយការអត្ថាធិប្បាយរបស់លោកស្តីពីការប្រឆាំងជនអន្តោប្រវេសន៍។
នៅរដ្ឋធានីវ៉ាស៊ីនតោន អាចារ្យប្រដៅសាសនា Al Sharpton បានដឹកការតវ៉ាប្រឆាំងមួយហៅថា «យើងមិនត្រូវបានគេបណ្តេញចេញ។ យើងមកទីនេះដើម្បីនិយាយទៅកាន់ពួកគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្រ្តហើយនិងទៅកាន់ពួកគណបក្សសាធារណរដ្ឋនិយមផ្លូវកណ្តាលឲ្យមានសេចក្តីក្លាហាន»។លោក Sharpton បាននិយាយនៅក្នុងការអំពាវនាវមួយទៅកាន់ពួកអ្នកនយោបាយឲ្យងើបក្រោកឡើងប្រឆាំងនឹងលោកត្រាំហើយកុំអនុញ្ញាតឲ្យលោកត្រាំនិងពួកគណបក្សសាធារណរដ្ឋផ្សេងទៀតផ្តួចផ្តើមគោលនយោបាយដែលពួកប្រឆាំងរបស់លោកត្រាំនិយាយថានឹងធ្វើឲ្យខូចប្រយោជន៍អ្នកក្រីក្រ និងមនុស្សវណ្ណ:កណ្តាល។
ហ្វូងមនុស្សបានស្រែកហ៊ោនៅក្នុងការតវ៉ាប្រឆាំងនៅក្នុងទីក្រុងឈីកាហ្គោនៅពេលដែលលោក Bassam Osman ប្រធានសហស្ថាបិកក្រុមប្រឹក្សាអង្គការឥស្លាមរបស់ក្រុងឈីកាហ្គោបាននិយាយនៅក្នុងការបើកពិធីសូត្រធម៌ថា «ឱព្រះជាម្ចាស់ ទឹកដីនេះជាទឹកដីព្រះជាម្ចាស់ មិនមែនជារបស់លោកត្រាំទេ»៕