ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​កឹម សុខា​គំរាម​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​បើ​មិន​កែប្រែ​គ.ជ.ប

  • ទីភ្នាក់ងារ​ អេភី

លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​​បាតុកម្ម​​កាល​ពី​ពេល​ថ្មីៗ​​នេះ ដើម្បី​​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​គ.ជ.ប.។ (រូបថត៖ ហេង រស្មី)
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​សំឡេង​ឆ្នោត​ធំ​មួយ​ទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ព្រមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងមុខ​ប្រសិនបើ​ជា​មិនមាន​ការកែប្រែ​ណាមួយ​នៅក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.) ​នោះ​ទេ។

លោក កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាលពី​ព្រឹក​មិញ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រុង​ភ្នំពេញ​ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​មាន​ការទទួល​យក​អនុសាសន៍​សារ​ជា​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​និង​សង្គម​ស៊ីវិល​សម្រាប់​រៀបចំ​ការបោះឆ្នោត។

«បើសិនណា​គណបក្ស​ប្រជាជន​កម្ពុជា ​រាជរដ្ឋាភិបាល ​គ.ជ.ប. នៅតែ​មានៈ​មិន​ព្រម​ទទួលយក​នូវ​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ ​របស់​អង្គការ​ជាតិ ​ដើម្បី​កែលម្អ​ឲ្យ​បាន​ប្រសើរ​ឡើង​អាច​ទទួលយក​បាន​ទេ ​ទោះបីជា​បោះឆ្នោត​ឈ្នះ​ក៏​យើង ​សុំ​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ឲ្យ​សហគមន៍​អន្តរជាតិ ​កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ជា​ដាច់ខាត»។

មាន​បាតុករ​ច្រើន​ជាង​២.០០០​នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​បាតុកម្ម​ដោយ​មាន​កាន់​បដា​ឲ្យ​ផ្លាស់ប្តូរ​គ.ជ.ប. ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។

ក្រុមបាតុករ​ដែល​ដឹកនាំ​ដោយ​លោក​កឹម សុខា ​បានធ្វើ​ដំណើរ​បាតុកម្ម​តាម​ផ្លូវ​ដើម្បី​យក​ញត្តិ​ដាក់ជូន​ការិយាល័យ​សហគមន៍​អឺរ៉ុប​និង​ការិយាល័យ​តំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ញត្តិ​នោះ​បានស្នើ​ឲ្យ​ស្ថាប័ន​ខាងលើ​ជួយ​ជំរុញ​ឲ្យ​គ.ជ.ប. ​សើរើ​ឡើងវិញ​នូវ​បញ្ជី​អ្នកបោះឆ្នោត​ដែល​មាន​ភាពមិន​ប្រក្រតី​តាម​ការរកឃើញ​របស់​អង្គការ​ NDI ​របស់​សហរដ្ឋ​អាមេរិក​និង​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងស្រុក​ Comfrel។ ញត្តិ​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​ចូលរួម​ការបោះឆ្នោត ​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​គណបក្ស​កាន់អំណាច​ប​ញ្ឈប់​ការ​ប្រើប្រាស់​តួនាទី​និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដើម្បី​វាយប្រហារ​លើ​គណបក្ស​ប្រជែង​ជាដើម។

លោក​ទេព នីថា ​អគ្គ​លេខាធិការ ​គ.ជ.ប. ​មាន​ប្រសាសន៍​ថា​ការព្រមាន​របស់​គណបក្ស​ជំទាស់​ធ្លាប់​បាន​ធ្វើ​កន្លងមក​ដូចជា​ថា​ខ្លួន​នឹងមិន​ចូលរួម​បោះឆ្នោត ​និង​ការ​ទាមទារ​ដដែល​នេះ​កាលពី​លើក​មុន។

លោក​លើកឡើងថា​ទាំងនេះ​មិនមាន​អ្វី​ថ្មី​នោះទេ។

«ខ្ញុំ​គិតថា​ការ​លើកឡើង​របស់​គាត់​ហ្នឹង ​គឺ​គ្រាន់តែ​ជា​គំនិត​ផ្ទាល់​របស់​គាត់​នោះ​ទេ»។

ដោយឡែក​លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ការព្រមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​ជា​វោហាសាស្ដ្រ​នយោបាយ​តែប៉ុណ្ណោះ។

«គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង ​គាត់​ចង់​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ ​គ្រាន់តែ​ល្បីល្បាញ​តាម​សារព័ត៌មាន​តែ​ប៉ុណ្ណោះ»។

គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ដឹកនាំ​បាតុកម្ម​មួយ​រួច​ម្តង​ហើយ​កាលពី​ចុងខែ​មេសា​កន្លងមក​ដើម្បី​ទាមទារ​ដូចគ្នា​ខាងលើ​ឲ្យ ​គ.ជ.ប. ​ធ្វើការ​កែទម្រង់​និង​ទទួល​យក​អនុសាសន៍​ឲ្យ​មានការ​ប្រសើរ​ឡើង​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ពី​សង្គម​ស៊ីវិល​និង​ពិនិត្យ​ឡើងវិញ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាត់​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ក៏ប៉ុន្តែ​គ.ជ.ប​បានប្រកាស​បដិសេធ​សំណើ​ទាំងនេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG