ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ទាមទារ​នៅមុខ​សេតវិមាន​ឲ្យ​មាន​ការ​កែ​ទម្រង់​គ.ជ.ប.​


ស.រ.អា​.និង​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា​ កម្ពុជា​ប្រថុយ​នឹង​ការ​មិនអាច​ត្រូវ​គេ​ទទួល​ស្គាល់​នីត្យានុកូល​ភាព​របស់​រដ្ឋាភិបាល​ថ្មី​។​
ស.រ.អា​.និង​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា​ កម្ពុជា​ប្រថុយ​នឹង​ការ​មិនអាច​ត្រូវ​គេ​ទទួល​ស្គាល់​នីត្យានុកូល​ភាព​របស់​រដ្ឋាភិបាល​ថ្មី​។​
ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​ទាមទារ​នៅមុខ​សេតវិមាន​ចង់ឲ្យ​លោក​ប្រធានាធិបតី​ស.រ.អា​.បារ៉ាក់​ អូបាម៉ា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​ចង់​ឲ្យមានការ​ផ្តាច់​ជំនួយ​ បើ​គ្មាន​ការកែ​ប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត ​ដែល​អាច​ធានា​បាន​ភាព​សេរី​និងយុត្តិធម៌​ទេ​នោះ។​

បាតុកម្ម​មួយថ្ងៃ​របស់​ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅមុខ​សេតវិមាន​កាលពី​ថ្ងៃពុធ​ ដើម្បី​ទាមទារ​ឲ្យលោក​ប្រធានា​ធិបតី​ស.រ.អា.​បារាក់ អូបាម៉ា​ជួយ​ធានា​ថា​ប្រព័ន្ធ​បោះឆ្នោត​គ.ជ.ប.​ នៅកម្ពុជា​មានលក្ខណៈ​សេរីនិង​យុត្តិធម៌នោះ​ បានបញ្ចប់​ទៅ​ហើយ​ជាមួយ​នឹង​ការ​ដាក់​ញត្តិ​រួមគ្នា​មួយ។​

អ្នក​រៀបចំ​ការធ្វើ​បាតុកម្ម​ម្នាក់គឺ​លោក​ទូច វិបុល​បាន​អះអាង​ប្រាប់​វីអូអេ​នៅ​មុខ​សេតវិមាន​នៅពេល​ក្រុម​បាតុករ​កំពុង​ស្រែក​តវ៉ា៖​
«យើង​បាន​ស្នើសុំ​ឲ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ថា​ ប្រសិន​បើ​ពុំមាន​ការ​កែប្រែ​គ.ជ.ប.​នេះទេ ​សូម​ឲ្យ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​ខាង​មុខ​នេះ​មិនស្របច្បាប់​ ហើយ​ទី២ ​យើង​ក៏ស្នើសុំ​ឲ្យ​ស.រ.អា​.ផ្តាច់​ជំនួយ​ខាង​ផ្នែក​យោធា​ទៅឲ្យ​ប្រទេស​កម្ពុជា។​ ដូច្នេះ​យើង​ទាមទារ​ឲ្យ​ស.រ.អា​.ផ្តាច់​ជំនួយ​មួយ​ចំនួន​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទំនុក​បម្រុង​ដល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន»។​

តំណាង​ពលរដ្ឋ​ខ្មែរ​ជាង​១០០​នាក់​មករដ្ឋ​ជាច្រើន ​រួមទាំង​ម៉ារីលែន ​វីចីនៀ​ វ៉ាស៊ីនតោន​ឌីស៊ី ​ភែនស៊ីលវិនៀ​ ញូយ៉ក​ ញូជឺស៊ី​ សោតខារ៉ូឡាញណា​បាន​ប្រមូល​ផ្តុំគ្នា​លើក​បដា​ស្រែក​បំពង​សំឡេង​តាម​រយៈ​មាស៊ីន​ឧគ្ឃោសនៈ​ស័ព្ទ​នៅ​មុខ​សេតវិមាន​គឺ​ដោយ​យល់​ឃើញ​ថា​ ប្រព័ន្ធ​បោះឆ្នោត​គឺ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.) ​សព្វ​ថ្ងៃ​លំអៀង​ទៅ​រក​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ។ ​ក្រុម​អ្នកតវ៉ា​បាន​បញ្ជាក់​ថា ​គេ​ត្រូវ​ដូរ​ប្រព័ន្ធ​នេះ​ទៅ​តាម​ការ​ទាមទារ​របស់​អន្តរជាតិ​ ជាពិសេស​ស.រ.អា​.និង​អ.ស.ប.​ដែល​ចង់​ឲ្យ​មាន​ការ​ដូរ​រចនា​សម្ព័ន្ធ ​និង​អនុញ្ញាត​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​ចូលទៅ​កម្ពុជា​ដោយ​គ្មានការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​មុក​ម្នេញ​ ហើយ​ប្រកួត​ត្រឹមត្រូវ​ជាមួយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

អ្នកស្រី​ម៉ារី ជា ​អាយុ​៦១​ឆ្នាំ ​មកពី​រដ្ឋវីជីនៀ​ កាន់​បដា​តវ៉ា​តូច​មួយ​នៅ​នឹង​ដៃ​ និយាយ​ពីការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​ អ្នកស្រី​បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​គ.ជ.ប.​ឬ​ NEC ​គ្មានធ្វើ​តាម​ច្បាប់​ទម្លាប់​ទេ​ តែ​ធ្វើ​ដោយ​គៃ​បន្លំ​ដើម្បី​យក​ឈ្នះ​ដោយ​មិន​យុត្តិធម៌​ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​យ៉ាង​វេទនា ​គ្មាន​សេរីភាព។​

«ដូច្នេះ​យើង​មក​ថ្ងៃនេះ​គឺដើម្បី​សុំឲ្យ​លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ឲ្យ​គាត់​ជួយ​ខ្មែរ​យើង​ដែល​រស់នៅ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ ដែល​មាន​ទុក្ខវេទនា​អត់​ចប់​រហូតមក​ដល់​ពេល​ឥឡូវ​នេះ​ ​ហើយ​យើង​នៅតែ​វេទនា​ កាប់​សម្លាប់​មិន​ចេះ​ឈប់​មិនចេះ​ហើយ។​ អ្នកណា​មាន​អំណាច​ធ្វើអ្វី​បាន​តាម​ចិត្ត​ ប្រជាជន​រស់​វេទនា​ដូច​សត្វ ​ដូចធាតុ។​ សតវត្ស​ទី២១​ហើយ​តែ​ប្រជាជន​រស់​ដូច​សត្វ»។​

អ្នកស្រី​ហ៊ីង សុខុន ​អាយុ៦៣​ឆ្នាំ​ នៅរដ្ឋ​ម៉ារីឡែន​ មាន​កាន់​បដា​ប្រឆាំង​នឹង​ជន​ជាតិ​វៀតណាម​ខុសច្បាប់​ដែល​អ្នកស្រី​អះអាង​ថា ​អាច​បោះឆ្នោត​បាន​ក្នុង​ប្រទេសកម្ពុជា។ ​អ្នកស្រី​ចាត់​ទុក​ថា ​ជា​រឿង​មិនត្រឹម​ត្រូវ។​

«បើ​ដូច្នេះ​ខ្ញុំមក​នេះ​គឺដើម្បី​គាំទ្រ​បាតុកម្ម​នេះ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គណៈ កម្មាធិការ​រៀបចំ​ការបោះឆ្នោត ​ជាពិសេស​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា.​ដែល​មាន​លោក​អូបាម៉ា​ជា​ប្រធានាធិបតី​ សុំឲ្យ​ជួយ​ជំរុញ​ប្រទេស​ខ្មែរ​យើង​នេះ​គឺ​ថា ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ការរៀបចំ​នូវ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ»។​

ក្រុម​អ្នក​រៀបចំ​បាន​អះអាង​ថា​ ពួក​គេ​បាន​ដាក់​ញតិ្ត​ទៅ​តាម​វិធី​ជាច្រើន​ដល់​លោក​ប្រធានាធិបតី​អូបាម៉ា ​ដូចជា​តាម​រយៈ​ការផ្ញើរ​សារ​លិខិត​ និង​សារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ជាដើម។ ​ហើយ​ក្រុមអ្នក​រៀបចំ​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​រដ្ឋ និង​ប្រទេស​ទាំងអស់​ដែល​ធ្វើ​បាតុកម្ម​ដូចគ្នា​ដាក់ញតិ្ត​ទៅ​កាន់​តំណាង​របស់​ខ្លួន ​ដូចជា​សភា ​និង​ព្រឹទ្ធ​សភា​ឲ្យ​ជួយ​អន្តរាគមន៍​ព្រម​គ្នា​ដើម្បី​ឲ្យគេ​បាន​ដឹង​ថា ​កម្ពុជា​កំពុងស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ មាន​ការ​គៃ​បន្លំ​ក្នុង​ការ​បោះឆ្នោត។​

ការ​បោះឆ្នោត​ត្រូវគេ​គ្រោង​នឹង​ធ្វើនៅថ្ងៃ​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​ គូរប្រកួត​ប្រជែង ​ដែលគេ​មើល​ឃើញ​ថា ​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​គឺ​លោក​សម រង្ស៉ី ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ តែ​លោកសម រង្ស៉ី​ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​ឲ្យជាប់​ឃុំឃាំង​ជាង​១០​ឆ្នាំ​មុន​ការ​បោះឆ្នោត​មក​ដល់​ ហើយ​គ្មាន​ការ​សម្រប​សម្រួល​នយោបាយ​ណា​មួយ​កើតឡើង​ទេ​ទោះ​ជា​អន្តរជាតិ​បាន​ចាត់​ទុក​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ជារឿង​នយោបាយ​ និង​មិនមាន​ទោស​ទណ្ឌ​ជា​បទ​ឧក្រិដ្ឋក្តី។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បដិសេធ​ថា​ លោក​ជា​អ្នកប្រើ​ល្បិចកល​ក្នុង​ការ​រារាំង​មិន​ឲ្យ​លោក​សម រង្ស៉ី​វិលត្រឡប់​មក​កម្ពុជា​ ដោយខ្លាច​ចាញ់​ប្រជាប្រិយ​ភាព​របស់​លោក​សម រង្ស៉ី។​ លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​អះអាង​ថា​ លោក​មិនខ្លាច ​លោក​សម រង្ស៉ី​ និង​មេ​ដឹកនាំ​បក្ស​ជំទាស់​ដទៃ​ទៀតទេ​ក្នុង​ការ​បោះឆ្នោត​ ដោយ​លោក​សំអាង​ថា ​លោក​ធ្លាប់​លោក​ផ្តួល​ពួកគេ​ជាច្រើន​អាណតិ្ត​មក​ ហើយ។​
ដូចគ្នា​ដែរ ​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក​បានរៀបចំ​ ឬ​គ្រោង​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​អហិង្សា​ជា​បន្ត​បន្ទាប់​ ដើម្បី​កែ​ទម្រង់ការ​បោះឆ្នោត​និង​ទាមទារ​ឲ្យ​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ជួយ​ឲ្យ​លោក​សម រង្ស៉ី​បានចូល​ទៅ​កាន់​កម្ពុជា​ដោយ​គ្មាន​ការ​ចាប់ចង​ ហើយ​អាច​ចូល​រួម​ការ​បោះឆ្នោត​បាន។​ ស.រ.អា​.និង​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​ថា​ កម្ពុជា​ប្រថុយ​នឹង​ការ​មិនអាច​ត្រូវ​គេ​ទទួល​ស្គាល់​នីត្យានុកូល​ភាព​របស់​រដ្ឋាភិបាល​ថ្មី​ ប្រសិន​បើ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រារាំង​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ខែកក្កដា​មុខ​នេះទេ៕​
XS
SM
MD
LG