ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ទាមទារ​ផ្លាស់​ប្តូរ​គជប


ក្រុម​បាតុករ​​កាន់​ពាក្យស្លោក​និង​បដា​ជាច្រើន​ផ្ទាំងដែល​បាន​សរសេរ​ថា​ត្រូវ​តែផ្លាស់​ប្តូរ​គជប។
ក្រុម​បាតុករ​​កាន់​ពាក្យស្លោក​និង​បដា​ជាច្រើន​ផ្ទាំងដែល​បាន​សរសេរ​ថា​ត្រូវ​តែផ្លាស់​ប្តូរ​គជប។
ភ្នំពេញ៖​ យ៉ាង​តិច​មាន​ក្រុម​បាតុករ​ប្រមាណ​ជាង​មួយ​ពាន់​នាក់​នៅថ្ងៃ​ពុធនេះ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខាង​ក្រោយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ធ្វើការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​ស្ថាប័ន​មួយ​នេះ​ធ្វើ​ការ​មិន​ឯក​រាជ្យ​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នេះ​បាន​ធ្វើ​ឡើង​ជាលើក​ដំបូង​មុន​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ខាង​មុខ​នេះ។​
បាតុករ​ជាច្រើន​បាន​ស្រែក​ព្រមៗ​គ្នា​ថា៖

«ដូរ ដូរៗៗៗ»។​

ក្រុម​បាតុករ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​មកពី​តាម​បណ្តា​ខេត្ត​នានា​បាន​ចង​បូរ​ពណ៌ស​នៅ​នឹង​ក្បាល​ ព្រម​ទាំង​កាន់​ពាក្យស្លោក​និង​បដា​ជាច្រើន​ផ្ទាំងដែល​បាន​សរសេរ​ថា​ត្រូវ​តែផ្លាស់​ប្តូរ​គជប។

មាន​ក្រុម​បាតុករ​ជាច្រើន​មកពី​ស្រុក​កៀន​ស្វាយខេត្ត​កណ្តាល​ ខេត្ត​ព្រៃវែង ​ខេត្ត​តាកែវ​ និង​នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ​មួយ​ភាគ​ធំ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ស្ទាក់​មិន​ឱ្យ​ពួកគេ​ចូល​រួម​ធ្វើ​បាតុកម្ម​ បើទោះបីជា​មាន​ច្បាប់​អនុញ្ញាត​ក៏​ដោយ។​នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ក្រុម​អ្នក​រៀបចំ។

ការ​ធ្វើ​បាតុកម្ម​នេះ​មិន​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ណាមួយ​ជាមួយ​នឹង​កម្លាំង​មាន​សមត្ថកិច្ច​ទេ​គ្រាន់​តែ​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​ខែល​ ដំបងឆក់​ និង​អាវុធ​ស្វ័យ​ប្រវត្តិ​ បាន​ព្យាយាម​ដាក់​របាំង​ការពារ​ក្រុម​បាតុករ​កុំ​ឱ្យ​បុក​ទំលុះ​និង​ដើម្បី​ដើរ​ក្បួន​ដង្ហែរ​ទៅ​កាន់​ទីស្នាក់​ការ​គជប​ដែល​មាន​ទី​តាំង​នៅ​ក្រសួង​មហា​ផ្ទៃ។​

ដំបូង​លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​បាតុករ​ថា​ប្រសិន​ណា​បើ​គជប​មិន​មក​ទទួល​ញត្តិ​ទេ​លោក​នឹង​ដឹក​នាំ​ដើរ​ដង្ហែរ​ក្បួន​ទៅ​កាន់​ទី​ស្នាក់​ការ​របស់​គជប​ក៏​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទើប​មាន​តំណាង​នៃ​មន្ត្រី​គជប​ពីរ​នាក់​មក​ទទួល​ញត្តិ​ទើប​ក្រុម​បាតុករ​បាន​សម្រេច​រំសាយ។​
លោក​ សាន​ តាំង​ស៊ីឌឿន​ មន្ត្រី​ដែល​គជប​បាន​ចាត់​តាំង​មក​ទទួល​ញត្តិ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​លោក​នឹង​យក​ញត្តិ​នេះ​ទៅជូន​ថ្នាក់​ដឹក​នាំ​ដើម្បី​ពិនិត្យ។​

«សន្យា​ថា​នឹង​យក​ញត្តិ​នេះ​ទៅជូន​ថ្នាក់​ដឹក​នាំ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ។ ខ្ញុំ​មិន​ហ៊ាន​ថាទេ។​តួនាទី​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ»។​

លោក​កឹម សុខា​ បាន​ថ្លែង​អំណរ​គុណ​ដែល​គជប​បាន​ចាត់​តំណាង​មក​ទទួល​យក​ញត្តិ​ក៏​ប៉ុន្តែ​លោក​សុំ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​មក​ទទួល​ញត្តិ ​មិន​មែន​ចាត់​តំណាង​នោះទេ​ដែល​ទង្វើ​បែប​នេះ​លោក​មិន​មាន​ការ​ពេញ​ចិត្ត។​

«យើង​សុំឱ្យ​គជប​ដូច​គាត់​ឆ្លើយ​អម្បាញ់​ម៉ិញ​ហ្នឹង​ថា​ឱ្យ​មានការ​ឆ្លើយ​តប​ដោយ​ដំណោះ​ស្រាយ​ជាវិជ្ជ​មាន​ដើម្បី​បញ្ចប់​នៅ​បាតុកម្ម​បែប​នេះ​តទៅ​ទៀត»។​

នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ដែល​ដាក់​ចំណង​ជើង​ស្តីពី​ «សុឆន្ទៈ​មហាជន​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត»​បាន​ទាមទារ​ឱ្យ​សើរើ​ឡើង​វិញនូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​គជប​បាន​ធ្វើ​ហើយ​ត្រូវ​បាន​អង្គការ​NDI ​និង​ Comfrel​រក​ឃើញ​ថា​មាន​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ​និង​ការ​បំប៉ោង​និង​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​អណត្តិ​ទី​៥នេះ។​

ញត្តិ​នេះ​ក៏​បាន​អំពាវ​នាវ​ឱ្យ​សហគមន៍​អន្តរជាតិ ​ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​បារីស​ថ្ងៃទី២៣​តុលា​ឆ្នាំ​១៩៩១​ឱ្យ​ធ្វើការ​គាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។​

ព្រះ​អង្គម្ខាស់​ស៊ីសុវត្ថិ​ធម្មិកោ​ សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​បាន​មាន​បន្ទូល​ថា​គជប​គួរ​តែផ្លាស់​ប្តូរ​សមាភាព​ថ្នាក់​ដឹក​នាំ​តែម្តង។​

«វាអត់​តម្លៃ​ ការ​បោះឆ្នោត​ហ្នឹង​គេរៀប​ចំបោះឆ្នោត​ដើម្បី​តែបក្ស​តែមួយ។​ម្ល៉ោះ​ហើយ​ការ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​វា​អត់​តម្លៃ​ទាល់តែ​សោះ»។​
​លោក​ទេព​ នីថា​អគ្គលេខាធិការ​នៃ​គជប​ធ្លាប់​បាន​និយាយ​ប្រាប់​VOA ​ថា​គជប​ធ្វើការ​ដោយ​ឯក​រាជ្យ​និង​មិន​លំអៀង​ទៅ​រក​គណបក្ស​ណាមួយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG