រយៈពេល២៣ឆ្នាំ ក្រោយការប្រកាសរដ្ឋធម្មនុញ្ញ អ្នកវិភាគ និងអ្នកនយោបាយនៅកម្ពុជា បង្ហាញការយល់ឃើញផ្សេងគ្នាអំពីការអនុវត្តរដ្ឋធម្មនុញ្ញ និងការវិវត្តស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។
ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ គឺជាថ្ងៃប្រកាសសារជាថ្មីនូវរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បន្ទាប់ពីប្រទេសដែលងើបពីសង្គ្រាមមួយនេះ ទទួលបានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ក្នុងការកសាងប្រទេសឡើងវិញកាលពីជាង២០ឆ្នាំមុន។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក មើលឃើញពីការវិវត្តវិជ្ជមានចំពោះការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា។ លោកថា កម្ពុជាមានរដ្ឋធម្មនុញ្ញល្អមួយដែលបានដាក់បញ្ចូលនូវគោលការណ៍ប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព និងការបង្កើតឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ក៏ប៉ុន្តែលោកថា កម្ពុជានៅខ្វះការអនុវត្តជាក់ស្តែង។
លោក អ៊ូ វីរៈ បញ្ជាក់ប្រាប់ VOA ថា៖
«យើងបានដើរមកឆ្ងាយហើយ រីកចម្រើនច្រើនហើយ ប៉ុន្តែចំពោះខ្ញុំផ្លូវទៅមុខនៅវែងឆ្ងាយទៀត បានជាយើងត្រូវការខំប្រឹងប្រែង ធ្វើការជាមួយគ្នា ដើម្បីពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ ការពង្រឹងស្ថាប័ន គឺជាជំហានដ៏សំខាន់មួយដើម្បីធានានូវចីរភាពនយោបាយប្រទេសកម្ពុជា។ ដល់ពេលដែលយើងត្រូវជំរុញការអនុវត្តរដ្ឋធម្មនុញ្ញ យកអត្ថន័យខ្លឹមសារ និងស្មារតីរដ្ឋធម្មនុញ្ញ ជាការតម្រង់ទិសកម្ពុជា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីទទួលស្គាល់ថា ការអនុវត្តរដ្ឋធម្មនុញ្ញនៅកម្ពុជា នៅមានចន្លោះខ្វះខាត ដោយសារកម្ពុជានៅមានភាពក្មេងខ្ចីត្រឹមជាង២០ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែលោក អះអាងថា កម្ពុជាទទួលបានផលចំណេញច្រើនពីការបង្កើតរដ្ឋធម្មនុញ្ញនេះ ដូចជាការផ្សះផ្សាជាតិ និងឯកភាពជាតិផ្អែកលើមូលដ្ឋានសេរីពហុបក្ស និងសិទ្ធិមនុស្សជាដើម។
អ្នកនាំពាក្យរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«ទោះជាយើងឃើញឆក ចន្លោះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអង្គការនយោបាយមួយចំនួន កំពុងប្រឹងប្រែងបន្តទៀត។ រដ្ឋធម្មនុញ្ញមានន័យណាស់សម្រាប់កម្ពុជាដែលយើងនិយាយថាសេរីពហុបក្ស។ រឿងសេរីភាពចែងក្នុងច្បាប់។ បើមិនសប្បាយចិត្តរឿងច្បាប់ នាំគ្នាអង្គុយក្នុងសភាទៅ កែច្បាប់ហ្នឹងទៅ។ ហើយបើអ្នកមិនពេញចិត្តនឹងច្បាប់ នាំគ្នាទៅនៅចិញ្ចើមថ្នល់ គេម៉េចកែកើត?»។
ការប្រកាសរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ ខែកញ្ញារបស់កម្ពុជា ធ្វើឡើងក្រោយការចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការរៀបចំការបោះឆ្នោតដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា (U.N. Transitional Authority in Cambodia) ហៅកាត់ថា អ៊ុនតាក់ នៅឆ្នាំ១៩៩៣។
ទោះជាយ៉ាងណាក្តី លោកស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ការបង្កើតរដ្ឋធម្មនុញ្ញនេះ គឺដើម្បីធានាថា អ្នកដឹកនាំប្រទេស ត្រូវអនុវត្តតាមគោលការណ៍នៃច្បាប់កំពូលនេះ ចៀសវាងមានការរំលោភសិទ្ធិមនុស្សក្នុងរូបភាពណាមួយ។ ក៏ប៉ុន្តែលោកថា ក្រៅអំពីការរៀបចំឲ្យមានការបោះឆ្នោតដោយរដ្ឋាភិបាល និងការផ្តល់សិទ្ធិសេរីភាពខ្លះៗហើយនោះ រដ្ឋាភិបាលមិនបានអនុវត្តតាមរដ្ឋធម្មនុញ្ញនោះទេ។
មន្ត្រីគណបក្សប្រឆាំងរូបនេះថ្លែងប្រាប់ VOA ថា៖
«ស្ថាប័នជាតិទាំងអស់មិនឯករាជ្យ ចាប់ផ្តើមពីគោលការណ៍រដ្ឋធម្មនុញ្ញ និយាយអំពីការបែងចែកអំណាចដាច់ពីគ្នា រវាងតុលាការ រដ្ឋសភា និងរដ្ឋាភិបាលហ្នឹង គឺអត់ដាច់។ នេះជារំលោភធំទី១។ រដ្ឋាភិបាលនៅតែលូកដៃលើតុលាការ ប្រើតុលាការធ្វើបាបប្រជារាស្ត្រ សង្គមស៊ីវិល និងអ្នកនយោបាយ។ ហើយប្រើរដ្ឋសភាហ្នឹង ធ្វើច្បាប់អាក្រក់ តាមចិត្តគេចង់ ដែលធ្វើឲ្យអំណាចទាំង៣ អត់ឯករាជ្យ។ ហើយយើងឃើញថា បុគ្គលិកសាធារណៈ នៅតែធ្វើជាបណ្តាញបក្ស។ កងទ័ពហ្នឹងក៏យកទៅធ្វើកងទ័ពផ្តាច់មុខរបស់បក្ស។ ក្រៅពីហ្នឹង គឺរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ពីដើមពលរដ្ឋអាចឡើងតវ៉ាអីបានខ្លះ ឥឡូវសូម្បីតែស្ត្រីតវ៉ាពីរឿងដីធ្លី ឬសុំឲ្យដោះលែងមន្ត្រីអង្គការអីក៏ត្រូវជាប់គុក»។
លោក ស៊ុន ឆ័យ អះអាងទៀតថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបំពានរដ្ឋធម្មនុញ្ញ កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ៕