គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងពិនិត្យការស្នើសុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រឆាំងគឺលោកស្រីថាក់ ឡានី។ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងផ្សេងទៀត ប្រកាសមិនចូលរួមកិច្ចប្រជុំនេះទេ ហើយថា សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច នឹងសម្រេចបំណងរបស់ខ្លួនក្នុងការដកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡានី។
ព្រឹទ្ធសភាកម្ពុជាបានប្រកាសនាព្រឹកថ្ងៃអង្គារនេះថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីស្នើសុំដកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភា តាមការស្នើសុំពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។
កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ កើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ពាក្យប្តឹងលោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភាគណបក្សសម រង្ស៊ី កាលពីដើមខែសីហា បន្ទាប់ពីសមាជិកាព្រឹទ្ធសភារូបនេះ ធ្វើការអធិប្បាយអំពីឃាតកម្មលើលោកកែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីខែកក្កដាកន្លងទៅ។
លោកហ៊ុន សែន បានប្តឹងលោកស្រីថាក់ ឡានី ដោយការស្រង់សម្តីរបស់លោកស្រី ដែលបាននិយាយនៅក្នុងវេទិកាសាធារណៈមួយថា«ឥឡូវហ្នឹងហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើងៗ ទៅបាញ់លោកកែម ឡី»។
លោកអ៊ុំ សារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានសមាជិក១៣រូបនឹងធ្វើការប្រជុំសម្រេចទៅតាមសំណើរបស់ក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
លោកមានប្រសាសន៍ថា លោកស្រីថាក់ ឡានី ត្រូវបានចោទថា បានប្រព្រឹត្តបទល្មើសមិនជាក់ស្តែង ហេតុដូចនេះ តម្រូវឲ្យព្រឹទ្ធសភាដកអភ័យឯកសិទ្ធិរបស់លោកស្រី ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធី។
លោកបន្តថា ករណីលោកស្រីថាក់ ឡានី គឺមានភាពខុសគ្នាពីករណីរបស់លោក ហុង សុខហួរ ដែលត្រូវបានចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងសំណុំរឿងផែនទីព្រំដែនកម្ពុជា-វៀតណាម។
«តែចំពោះករណីលោកជំទាវថាក់ ឡានីនេះ វាចូលក្នុងបទល្មើសតាមដែលតុលាការគេដាក់លិខិតមក គឺបទល្មើសព្រហ្មទណ្ឌដែរ ប៉ុន្តែមិនជាក់ស្តែងទេ អញ្ចឹងត្រូវការនីតិវិធីដកអភ័យឯកសិទ្ធិសិន បានតុលាការគេបន្តនីតិវិធីគេតទៅទៀត»។
ក្នុងសំណុំរឿងឃាតកម្មលោកកែម ឡី នេះ លោកហ៊ុន សែន ក៏បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក្រោយពេលមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានសរសេរលើទំព័រ Facebook (ហ្វេសប៊ុក) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ថា៖«ការបាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះជាអំពើឃាតកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច»។
លោកសោ ចាន់ដេត សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងចំនួន១១រូប នឹងមិនចូលរួមកិច្ចណាមួយនៅក្នុងការដកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡាក់នី ដែលលោកអះអាងថា កំពុងរស់នៅក្នុងកន្លែងមានសុវត្ថិភាពនោះទេ។ លោកថ្លែងថា ការប្រើផ្លូវច្បាប់មកវាយប្រហារលើគណបក្សប្រឆាំង គឺជាយុទ្ធសាស្ត្រនយោបាយចាស់ដដែលៗរបស់គណបក្សប្រជាជនកម្ពុជា។
លោកយល់ថា លោកស្រីថាក់ ឡានី នឹងត្រូវប្រឈមមុខនីតិវិធីរបស់តុលាការបន្តទៀត ដោយសារគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនលើសលុបក្នុងព្រឹទ្ធសភា។
«ជាគោលការណ៍ វាទៅជាអញ្ចឹងហើយ ពីព្រោះក្នុងអចិន្ត្រៃយ៍កម្លាំងរបស់ខាងគណបក្សប្រជាជនកម្ពុជាគេទាំងអស់ហើយអញ្ចឹងណ៎ា។ អញ្ចឹងគឺគោលការណ៍ វាទៅហើយ។ វានឹងលើកហើយ ព្រោះគេដាក់របៀបវារៈនឹងមក ហើយជាការណ៍ពិតហើយ»។
បណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាងបីទសវត្សរ៍មកនោះ បានចោទប្រកាន់ថា ការអធិប្បាយរបស់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងលោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក។
VOA មិនទាន់អាចទាក់ទងលោកស្រីថាក់ ឡានី បានទេ នាថ្ងៃអង្គារនេះ។ លោក សំ សុគង់ មេធាវីការពារក្តីលោកស្រីថាក់ ឡានី បានថ្លែងថា ជំហរមេធាវីគឺចង់ឲ្យព្រឹទ្ធសភាធ្វើការសម្រេចរបស់ខ្លួនទៅតាមនីតិវិធីច្បាប់ត្រឹមត្រូវ។ ប៉ុន្តែលោកសុំមិនធ្វើការអធិប្បាយទៅលើការប្រជុំដកអភ័យឯកសិទ្ធិកូនក្តីលោកទេ។ លោកថា ការតស៊ូផ្នែកច្បាប់នឹងបន្តនៅស្ថាប័នតុលាការ។
«គោលបំណងដែលមេធាវីចង់បានហ្នឹង គឺចង់ឲ្យមានការអនុវត្តច្បាប់មុននឹងធ្វើអី្វមួយ ទៅនឹងការចោទប្រកាន់ កោះហៅសមាជិកព្រឹទ្ធសភាដែលនៅមានអភ័យឯកសិទ្ធិហ្នឹង ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការរំលោភរដ្ឋធម្មនុញ្ញ។ ប៉ុន្តែអាការដកបាន ឬអត់បានហ្នឹង សំខាន់គឺលើនីតិវិធីរបស់ព្រឹទ្ធសភាទេ។ ខ្ញុំក៏អត់ដឹងច្បាស់ដែរ»។
ក្រោយការដាក់ពាក្យបណ្តឹង លោក គី តិច មេធាវីរបស់លោកហ៊ុន សែន បានចូលខ្លួនទៅបំភ្លឺពាក្យបណ្តឹងរបស់លោកហ៊ុន សែន នៅសាលាដំបូងរាជធានីភ្នំពេញ ដោយបានស្នើឲ្យតុលាការដាក់ទោសលោកសម រង្ស៊ី និងលោកស្រី ថាក់ ឡានី ឲ្យជាប់ពន្ធនាគារ និងសងជំងឺចិត្តជាទឹកប្រាក់១០០រៀលក្នុងម្នាក់ៗ សម្រាប់ការអធិប្បាយអំពីឃាតកម្មលោកកែម ឡីនេះ។
ក្រុមអ្នកវិភាគនយោបាយកម្ពុជាប៉ាន់ស្មានទុកជាមុនថា រឿងក្តីក្តាំដែលនាំឲ្យកើនកម្តៅនយោបាយនេះនឹងចុះថមថយមកវិញ នៅពេលវេលាដែលកៀកនឹងការបោះឆ្នោត។
នៅក្នុងសេចកី្តប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចុះថ្ងៃទី៣០ ខែសីហានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ វេលាម៉ោង៨និង៣០នាទី ព្រឹកស្អែកនេះ៕