តំណាងរាស្ត្របក្សប្រឆាំងដែលកំពុងជាប់ឃុំដោយសាររឿងព្រំដែន លោក អ៊ុំ សំអាន លើកឡើងថា គណបក្សកាន់អំណាចដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញតាមរយៈការចាប់ឃុំខ្លួនរូបលោកដែលជាតំណាងរាស្រ្តទាំងកំពុងមានអភ័យឯកសិទ្ធិ។
លោក អ៊ុំ សំអាន លើកឡើងបែបនេះ បន្ទាប់ពីតុលាការកំពូលសម្រេចច្រានចោលបណ្ដឹងសារទុក្ខរបស់លោកដែលប្ដឹងសុំមោឃភាពនីតិវិធីនៃការចាប់ខ្លួន និងឃុំខ្លួនរបស់សមត្ថកិច្ច។
លោក អ៊ុំ សំអានត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមេសា នៅខេត្តសៀមរាប ក្រោយពីលោកបានវិលត្រលប់មកពីសហរដ្ឋអាមេរិកវិញ។
លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើងពាក់ព័ន្ធនឹងការបង្ហោះផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីខែសីហា ឆ្នាំ២០១៥។
ក្នុងអំឡុងពេលសវនាការនៅព្រឹកថ្ងៃពុធនេះ លោក អ៊ុំ សំអាន បានថ្លែងប្រាប់តុលាការពីមូលហេតុនៃការប្ដឹងសុំមោឃភាពនីតិវិធីចាប់ខ្លួន និងឃុំខ្លួនរបស់សមត្ថកិច្ចថា ដោយសារនីតិវិធីនោះរំលោភលើរដ្ឋធម្មនុញ្ញ។
លោកបានបន្ថែមនៅចំពោះមុខអង្គជំនុំជម្រះថា តំណាងរាស្ត្រ គួរទៅធ្វើស្រែ ប្រសិនបើគ្មានសិទ្ធិក្នុងការបញ្ចេញមតិ។
«លោក ហ៊ុន សែន និយាយក្នុងហ្វេសប៊ុកបាន តែខ្ញុំនិយាយមិនបាន។ គណបក្សប្រជាជនលេងខូច។ គណបក្សប្រជាជន ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
ក្រោយបញ្ចប់ការជំនុំជម្រះ លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានថា លោកមិនរំពឹងទទួលបានយុត្តិធម៌នោះទេ ដោយសាររឿងក្ដីរបស់លោករងឥទ្ធិពលពីរដ្ឋាភិបាលក្រុងហាណូយប្រទេសវៀតណាម ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតទម្លាក់រដ្ឋាភិបាលដែលកំពុងកាន់អំណាចនេះ។
«ខ្ញុំមិនចាប់អារម្មណ៍នឹងសាលក្រម និងការសម្រេចរបស់តុលាការកំពូលទេ ព្រោះយើងដឹងហើយតុលាការគ្រាន់តែជាបាយឡុកបាយឡ គ្រាន់តែជាកូនអុក គ្រាន់តែជាតេឡេរបស់អ្នកកាន់អំណាចទេ។ ហើយលោក ហ៊ុន សែន គាត់កំពុងតែធ្វើបាបអ្នកស្នេហាជាតិ គណបក្សប្រឆាំង និងសង្គមស៊ីវិលអ្នកការពារសិទ្ធិមនុស្ស ទៅតាមបញ្ជារបស់ក្រុងហាណូយប៉ុណ្ណោះឯង។ ដូច្នេះសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ក្រោកឈរឡើងបោះឆ្នោតទម្លាក់មេដឹកនាំផ្ដាច់ការ មេដឹកនាំដែលបម្រើបរទេស មេដឹកនាំដែលកាត់ទឹកដីឲ្យបរទេស»។
ក្រោយការជំនុំជម្រះរយៈពេលជាងពីរម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ បានប្រកាសថា នីតិវិធីរបស់តុលាការថ្នាក់ក្រោម ធ្វើឡើងត្រឹមត្រូវតាមច្បាប់ដោយយោងលើហេតុផលថា ករណីរបស់លោក អ៊ុំ សំអាន ត្រូវបានរដ្ឋសភាបោះឆ្នោតអនុញ្ញាតឲ្យតុលាការបន្តនីតិវិធី។
លោកថា តុលាការកំពូលគ្មានសមត្ថកិច្ចក្នុងការពិនិត្យទៅលើអរិភាពនៃបទល្មើស និងតុលាការក៏គ្មានសមត្ថកិច្ចពិនិត្យលើអភ័យឯកសិទ្ធិសភាដែរ ហើយថា សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ គឺជាការបិទផ្លូវតវ៉ា។
«តុលាការមិនអាចពិចារណាលើបណ្ដឹងមោឃភាពនីតិវិធីនេះឡើយ ការសម្រេចរបស់តុលាការជាន់ទាប គឺត្រឹមត្រូវហើយ មិនអាចប្ដឹងតវ៉ាទេ។ យោងតាមមាត្រា២៧៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការកំពូល មិនអាចទទួលយកបណ្ដឹងសារទុក្ខមេធាវីបានទេ»។
លោក ហែម សុជាតិ មេធាវីការពារក្តីលោក អ៊ុំ សំអាន ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការកំពូលថាជាការសម្រេចដែលអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។
លោកបន្តថា ការបោះឆ្នោតរបស់សមាជិកសភាបក្សកាន់អំណាចដែលសម្រេចឲ្យតុលាការបន្តនីតិវិធីលើកូនក្ដីរបស់លោកកន្លងមក គឺមិនមានចែងក្នុងច្បាប់។
លោកបន្ថែមថា មេធាវីនឹងប្តឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឲ្យបកស្រាយមាត្រា៨០នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិ និងមាត្រា៨៦នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង។
«ខ្ញុំថាអត់យុត្តិធម៌ទេសម្រាប់កូនក្ដីខ្ញុំ។ មកដល់ពេលនេះ ខ្ញុំអត់មានអីនិយាយច្រើនក្រៅពីមាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលគេបានកំណត់យ៉ាងច្បាស់លាស់គេថា អាចនឹងធ្វើការចោទប្រកាន់ ឃាត់ខ្លួន ចាប់ខ្លួននរណាម្នាក់ យោងតាមមាត្រា៨០ គឺត្រូវធ្វើការដកអភ័យឯកសិទ្ធិសិន មិនមែនប្រើពាក្យថាឲ្យតុលាការចាត់ការទេ។ ពាក្យឲ្យតុលាការចាត់ការ ជាពាក្យមួយអត់ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ហើយជាការបំភ្លៃច្បាប់ហើយរដ្ឋធម្មនុញ្ញអត់មានសរសេរឲ្យបន្តទេ។ រដ្ឋធម្មនុញ្ញមាត្រា៨០ គឺនិយាយថា ដកអភ័យឯកសិទ្ធិបានអាចធ្វើទៅបាន នេះជាគំនិតច្បាប់ដែលជាក់លាក់ ដែលត្រូវធ្វើតាម»។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា។ ការសុំការយល់ព្រមពីរដ្ឋសភានេះ ត្រូវបានលើកលែងក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ដែលថាករណីរបស់លោករងឥទ្ធិពលពីរដ្ឋាភិបាលក្រុងហាណូយ លោក សួស យ៉ារ៉ា ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលការលើកឡើងនោះ។
«យើងមិនអាចឆ្លើយកើត ព្រោះគ្មានពាក់ព័ន្ធ នេះជារឿងនីតិរដ្ឋ និងស្ថាប័នតុលាការ បុគ្គលគាត់ជាមួយនឹងស្ថាប័នតុលាការ អញ្ចឹងគាត់ធ្វើការទៅ។ អញ្ចឹងគាត់និយាយអី ស្រេចតែរឿងរបស់គាត់និយាយ ប៉ុន្តែបើឲ្យយើងមាន Comment [ឆ្លើយតប] ទៅលើរឿងរបស់គាត់ យើងអត់មានទេ»។
លោក អ៊ុំ សំអាន ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានានៅលើទំព័រហ្វេសប៊ុក (Facebook) អំពីការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាម និងបន្ទាប់ពីការព្រមានចាប់ខ្លួនពីលោក ហ៊ុន សែន ដែលកំពុងកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ៕