ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​ឲ្យ​លោក​នី ចរិយា​ជាប់​ពន្ធនាគារ​៦​ខែ​ពី​បទ​បរិហារ​កេរ្តិ៍


រូបភាពឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ជា​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក នៅក្នុង​រថយន្ត​ពន្ធនាគារ​រាជធានី​ភ្នំពេញ នៅ​ឯ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
រូបភាពឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ជា​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក នៅក្នុង​រថយន្ត​ពន្ធនាគារ​រាជធានី​ភ្នំពេញ នៅ​ឯ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា​ ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌ និង​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ការ​រិះ​គន់​រដ្ឋាភិបាល។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​បាន​ជំនុំជម្រះ​សំណុំ​រឿង​លោក នី ចរិយា ​អគ្គ​លេខាធិការ​រងគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.) ដោយ​សម្រេច​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ និង​ពិន័យ ជា​ប្រាក់៦​លាន​រៀល ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ចៅក្រម និង​ព្រះ​រាជអាជ្ញាខេត្ត​សៀមរាប​ពី​បទបរិហាកេរ្តិ៍​នៅ​ពេល​លោកជា​មន្រ្តី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក។

ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា​ ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌ និង​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ការ​រិះ​គន់​រដ្ឋាភិបាល។

ក្រោយសវនាការ​ជំនុំ​ជម្រះ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ​ ដោយចៅ​ក្រម​បាន​សួរ​ដេញ​ដោល រវាង​អ្នក​ពាក់ព័ន្ធ​រួច​មក​ ចៅក្រម​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក នី ចរិយា នា​រសៀល​ថ្ងៃ​ដដែល ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សំពាធ​លើ​យុត្តាធិការ តាម​មាត្រា​៣០៥ មាត្រា​៣១១ មាត្រា​៣១២ និង​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥ លោក សុក កែវបណ្ឌិត ព្រះ​រាជ​អាជ្ញា​រង និង លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប បាន​ប្តឹង​លោក នី ចរិយា នៅ​ពេល​ដែល​លោក នី ចរិយា ធ្វើ​ជា​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក។ បណ្តឹង​នោះ​ប្តឹង​លោក នី ចរិយា ពី​បទ​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​នឹង​លោក នី ចរិយា ធ្វើ​សន្និសីទ​សារព័ត៌មានមួយ​ចោទ​ថា ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ចាប់ខ្លួន​ពលរដ្ឋ​អ្នក​មាន​ទំនាស់​ដីធ្លី​ដោយអយុត្តិធម៌ និង​បាន​ប្តឹង​មន្ត្រី​តុលាការ​មួយ​ចំនួន​ រួម​មាន​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម​ តុលាការ​ខេត្ត​សៀមរាប​ទៅ​កាន់​ស្ថាប័ន​ចំនួន​៤ ​រួម​ទាំង​ក្រសួង​យុត្តិធម៌ ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ពី​បទ​ចាប់ខ្លួន​ពលរដ្ឋ​រឿង​ដីធ្លី​ និង​ចោទ​ប្រកាន់​ពួកគាត់​ខុស​ ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្វាយលើ​ ខេត្ត​សៀមរាប​ កាលពី​ឆ្នាំ​២០១៤។​

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា លើក​ឡើង​ថា ការ​សម្រេច​សាល​ក្រម​នេះ មាន​ភាព​អយុត្តិធម៌ ដោយ​លោក​ថា ​កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បន្ថែម​ថា ការ​ធ្វើ​សន្និសីទ​សារព័ត៌មានរបស់​កូន​ក្តី​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី​នោះ​គឺជា​ការ​បកសា្រយ​ការ​ពិត​ដល់​សាធារណជន​ និង​ជា​ការ​បញ្ចេញ​មតិ​តាម​រដ្ឋធម្មនុញ្ញ។

លោក​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«នៅ​ព្រឹក​មិញ​នេះ​ មាន​សាក្សី​៣​នាក់​បាន​ដែល​ជា​ជន​រងគ្រោះ ដែល​តុលាការ​ខេត្ត​សៀម​រាបបាន​ឃាត់​ខ្លួន​ចំនួន​ពីរ​នាក់​ហ្នឹង​ មក​ធ្វើ​ជា​សាក្សី ​ហើយ​បាន​បញ្ជាក់​ច្បាស់ថា បច្ចុប្បន្ន​ដី​ដែលមាន​បញ្ហា​ដែល​លោក នី ចរិយា តែង​បាន​ទៅ​ធ្វើ​សន្និសីទកាសែត​ហ្នឹង​ ឥឡូវ​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ ឆ្កៀល​ជូន​ប្រជាពលរដ្ឋ​ អញ្ចឹង​អ្វី​ដែល​លោក នី ចរិយា និយាយ​នេះ​ គឺ​មិនមែន​ជា​រឿង​បរិហារកេរ្តិ៍​ទេ គឺ​ជា​រឿង​ពិត»។

លោក​មេធាវី សំ សុគង់ បន្ថែម​ថា ក្រុម​មេធាវី​នឹង​ពិភាក្សាជាមួយ​លោក នី ចរិយា ដើម្បីប្តឹង​មិន​សុខ​ចិត្ត​ទៅ​សាលា​ឧទ្ធរណ៍​លើ​ការ​សម្រេច​នេះ​ក្នុង​ពេល​ឆាប់ៗ។

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​យល់​ថា ការ​កាត់​ទោស​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​លើ​លោក នី ចរិយា។ លោកបន្ថែម​ថា លោក នី ចរិយា ជា​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​តែង​រិះគន់​ប្រព័ន្ធ​តុលាការ​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះដោយ​ការ​រំលោភ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម ដូច្នេះ​លោក​ថា ការ​សម្រេច​នេះ​ជា​ការ​គំរាម​កំហែង​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​មិន​ឲ្យ​រិះ​គន់​ប្រព័ន្ធ​តុលាការ។

លោក​មាន​ប្រសាសន៍​ថា៖

«ការ​សម្រេច​នេះ​គឺ​ខ្ញុំ​គិត​ថា​ជា​ការ​មួយ​គំរាម​កំហែង​ដើម្បី​បំបាក់​ស្មារតី​អ្នក​សិទ្ធិ​មនុស្ស ដែល​បាន​តស៊ូ​មតិ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម»។

ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​តេលេក្រាម អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ច្រានចោល​ការ​លើកឡើង​របស់​មេធាវី និង​អ្នកការ​ពារ​សិទ្ធិ​មនុស្ស ហើយ​ថា តុលាការ​ពិចារណា​និង​ពិនិត្យ​ទៅ​លើ​អង្គហេតុ អង្គ​ច្បាប់ និង​ភស្តុតាង​ជាក់ស្តែង​សម្រាប់​ចំណាត់ការ​រឿងក្តី​ និង​សវនាការ។

លោក​បញ្ជាក់​ក្នុង​សម្តី​ដើម​ថា៖

«សាលក្រម​ជា​សេចក្តី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ​ដែល​មាន​សំអាង​ហេតុ និង​សំអាង​ច្បាប់​យ៉ាង​ច្បាស់​លាស់ និង​ត្រឹមត្រូវ បន្ទាប់​ពី​សវនាការ​ដែល​ធ្វើការ​ពិភាក្សាដេញ​ដោល និង​ពិនិត្យ​ភស្តុតាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​ជន​ជាប់​ចោទ»។

បច្ចុប្បន្ន អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក និង​ជា​អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក នី ចរិយា កំពុង​ជាប់​បណ្តឹង​មួយ​ទៀត​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា លោក​បាន​សូក​ប៉ាន់​សាក្សី​មិន​ឲ្យ​និយាយ​រឿង​ពិត​ប្រាប់​តុលាការ ករណី​ចោទ​ថា លោក កឹម សុខា មាន​សេ្នហា​លួច​លាក់​ជាមួយ​នារី​ធ្វើការ​នៅ​ហាង​កាត់សក់​មួយ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​នាង​ ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ៕

XS
SM
MD
LG