ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវីការពារក្តីលោក កឹម សុខា ប្ដឹងជំទាស់ការសម្រេចរបស់សាលាដំបូង


រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)

ក្នុង​ពាក្យ​បណ្ដឹង​ ដែល​ដាក់​ទៅ​សាលា​ឧទ្ធរណ៍ កាលពី​ថ្ងៃទី២៤ ខែ​សីហា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​ផល​​ប្រយោជន៍​​​​ស្រប​​ច្បាប់​របស់​កូន​ក្តី​របស់​ពួកគេ។

មេធាវី​៥​រូប​ដែល​ការពារ​ក្តី​ឲ្យ​ លោក កឹម សុខា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​នឹង​គម្រោងបើក​សវនាការ​ជំនុំជម្រះរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​ចោទ​តុលាការ​ថា​ បាន​ធ្វើ​ខុស​នីតិ​វិធី ពាក់ព័ន្ធនឹង​សំណុំ​រឿង​របស់ប្រធានស្ដីទី​គណបក្ស​ប្រឆាំង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជា​មួយ​នាង​ ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង បាន​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿង​លោក កឹម សុខា ​ពី​បទ «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន» ប្រព្រឹត្ត​នៅ​រាជ​ធានីភ្នំពេញ ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធ​នឹង​បទ​សញ្ចារ​កម្ម។

ក្នុង​ពាក្យ​បណ្ដឹង​ ដែល​ដាក់​ទៅ​សាលា​ឧទ្ធរណ៍ កាលពី​ថ្ងៃទី២៤ ខែ​សីហា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​ផលប្រយោជន៍ស្របច្បាប់​របស់​កូន​ក្តី​របស់​ពួកគេ។

ពាក្យ​បណ្ដឹង​នោះ​បន្ថែម​ថា ​មេធាវីបាន​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេចមួយ​ចំនួន​របស់​ចៅ​ក្រមស៊ើបសួរ​នោះ ហើយ​រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​នៃ​បណ្ដឹង​ជំទាស់​នោះ នៅ​មិន​ទាន់​ចប់​ជា​ស្ថាពរ​នៅ​ឡើយ។

លោកស្រី ម៉េង សុភារី មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​៥​នាក់​នោះ ប្រាប់​ VOA ថា ក្នុង​រាល់​ការ​បិទបញ្ចប់​ការ​ស៊ើប​សួរ តុលាការ​ត្រូវ​ចេញ​ដីកា​ដំណោះ​ស្រាយ ឬ​ហៅ​ថាដីកា​បិទ​ការ​ស៊ើប​សួរ​ដើម្បី​បញ្ជូន​ទៅ​ជម្រះ និង​ទុក​រយៈពេល​៥​ថ្ងៃ​ដើម្បី​ឲ្យ​ភាគី​ចុងចោទប្ដឹង​មិនសុខចិត្ត​លើ​ការ​ស៊ើបអង្កេត​នោះ ។

ប៉ុន្តែ​លោកស្រី​ថា ចៅ​ក្រម​ស៊ើបសួរ​នៃសាលា​ដំបូង លោក ថាន់ ឡេង បាន​ធ្វើ​ខុស​នីតិវិធី ដោយ​បាន​បញ្ជូន​សំណុំ​រឿងទៅ​ជម្រះ​មុន​ពេល​មាន​ការ​សម្រេច​លើ​ការ​ប្ដឹង​មិនសុខចិត្ត​នោះ។

លោក​ស្រី​បន្ថែម​ថា៖ «តុលាការ​ធ្វើ​ដូច្នេះ​ យើង​យល់​ថា​កូន​ក្តី​យើង​ខ្ញុំ​ហ្នឹង​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ដោយ​ប្រព័ន្ធ​តុលាការ​ អញ្ចឹង ​រហូត​ដល់​ពេល​នេះ​បញ្ជូន​មក​ទៅ​ក្រម​ជំនុំជម្រះ​ទៀត។ អភ័យ​ឯកសិទ្ធិ​ ក៏​នៅ​មិន​ទាន់​បាន​ដក ហើយ​យើង​បាន​ធ្វើតវ៉ា​ទាក់ទង​នឹង​អភ័យ​ឯកសិទ្ធិ និង​ដាក់​លិខិត​ច្រើន​លើក​ច្រើន​សារ​ហើយ​ទៅ​តុលាការ​នោះ ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ច្រើន​ដែរ​ទាក់ទង​នឹង​អភ័យ​ឯកសិទ្ធិ ប៉ុន្តែ​យើង​ឃើញ​ថា​នៅ​តែ​អត់​មាន​ប្រសិទ្ធ​ភាព»។

លោកស្រី ម៉េង សុភារី ឲ្យ​ដឹង​ទៀត​ថា លោកស្រី​ទើប​តែ​ទទួល​បាន​ដីកា​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បង្គាប់​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង៨:៣០នាទីព្រឹក។​

ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ ប្រាប់ VOA ថា សាលា​ដំបូង​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក កឹម សុខា​ទៅ​សាលា​ឧទ្ធរណ៍​អស់ហើយ។

លោក​ជំរុញ​ឲ្យ​សហ​មេធាវី​របស់​លោក កឹម សុខា ​ប្ដឹង​ទៅ​ឧទ្ធរណ៍​ បើ​មាន​ការ​មិន​សុខ​ចិត្ត​ណា​មួយ។

«ខ្ញុំ​អត់​មាន​យោបល់​ទេ​រឿង​អស់​ហ្នឹង​នោះ ព្រោះ​យើង​ធ្វើការតាម​នីតិវិធី បើ​គាត់​គិត​ថា​អញ្ចឹង គាត់​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ហ្នឹង​ហើយ​ឲ្យ​សាលា​ឧទ្ធរណ៍​មើល​ទៅ»។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​សាលា​ឧទ្ធរណ៍​លោក យូ ប៊ុនឡេង និង​អ្នក​នាំ​ពាក្យ លោក ទូច ថាវរិទ្ធ បាន​ទេ​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​សី​ហា​នេះ។

ចំណែក​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន ​លើក​ឡើង​ថា តុលាការ​អាច​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ​បាន​លុះ​ត្រា​តែ​តុលាការ​ជូន​ដំណឹង​ទៅភាគី​ដើម​ចោទ និង​ចុង​ចោទ​ឲ្យ​បាន​ដឹង ​ដើម្បីឲ្យ​ភាគី​ដែល​មិន​សុខ​ចិត្ត​នឹង​ការ​បិទ​ការ​ស៊ើបសួរ​នោះ អាចដាក់​ពាក្យប្ដឹង​តវ៉ា​មុន​នឹង​បញ្ជូន​សំណុំ​រឿងទៅ​ជំនុំ​ជម្រះ។

«បើ​សិន​ជា​ក្នុង​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​រហូត​មក​ មេធាវី​ស្ថិត​ក្នុង​សមត្ថកិច្ចរបស់​ចៅ​ក្រម​ស៊ើបសួរ​ហ្នឹង​មិន​ទាន់​ចប់​ទេ​ ចៅ​ក្រម​ហ្នឹង​នៅ​តែ​បញ្ជូន​រឿង​ដោយ​មិន​ទាន់​បញ្ចប់​រឿង​ពេញ​លេញ​ផង អា​ហ្នឹង​ខុស​នឹង​នីតិវិធី​ហើយ ខុស​ហ្នឹង​ច្បាប់ ខុស​ហ្នឹង​នីតិវិធី​ហើយ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ លោក​ចៅ​ក្រម ថាន់ ឡេង បាន​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

ចៅក្រម​រូប​នេះ បញ្ជាក់​ថា​ប្រសិន​បើ​ជន​ត្រូវ​ចោទ​គេចវេះ​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលា​ការនេះ ចៅ​ក្រម​ស៊ើបសួរ​អាច​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​បណ្ដោះ​អាសន្ន។

រហូត​មក​ដល់​ពេល​នេះ​ លោក កឹម សុខា ​បាន​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចាក់​អង្រែ​លើ​រយៈពេល​បី​ខែ​ហើយ បន្ទាប់ពី​លោក​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ចំនួន​ពីរ​លើក និង​បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ចាប់ខ្លួន​រូបលោក ដោយ​មិន​បាន​សម្រេច​ពី​សំណាក់​អាជ្ញាធរ។

សំណុំ​រឿង​លោក កឹម សុខា ត្រូវ​បាន​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ ហើយ​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​នោះ​ផង​ដែរ។

ក្រុម​អ្នក​វិភាគ អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​យល់ថា ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ តុលាការ​ធ្វើ​ឡើង​រំលោភ​លើ​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ ដោយ​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ៕

XS
SM
MD
LG