ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពង្រឹង​យុត្តិធម៌​សង្គម​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ


រូបឯកសារ៖ ខ្លោងទា្វរ​ចូល​ទៅ​តុលាការ​កំពូល​ រាជធានីភ្នំពេញ​ ថ្ងៃសុក្រ​ ទី​២៦ ខែ វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ខ្លោងទា្វរ​ចូល​ទៅ​តុលាការ​កំពូល​ រាជធានីភ្នំពេញ​ ថ្ងៃសុក្រ​ ទី​២៦ ខែ វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ុល រស្មី/វីអូអេ)

ក្រុម​អ្នក​តាមដាន ​និង​សិក្សា​ពី​ការ​វិវត្ត​សង្គម​លើក​ឡើង​ថា ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទសវត្សរ៍​មក​នេះ ​ប្រជា​ពលរដ្ឋ​នៅ​តែ​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​សង្គម ​និង​ប្រព័ន្ធ​តុលាការ​ដោយ​សារ​អំពើ​ពុក​រលួយ ​បក្ខ​ពួក​និយម​បន្ត​កើត​មាន។

អ្នក​ទាំង​នោះជំរុញ​ឱ្យ​រដ្ឋាភិបាល​រិះ​រក​មធ្យោបាយ​ពង្រឹង​យុត្តិ​ធម៌​សង្គម​ ជាពិសេស​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​ឱ្យ​បាន​ស៊ី​ជម្រៅ​ ព្រម​ទាំង​បែង​ចែក​អំណាច​កំពូល​ទាំង​បី​ឱ្យ​ដាច់​ពីគ្នា ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នានា​ រួម​មាន ​វិវាទ​ដីធ្លី ​គ្រោះ​ថា្នក់​ចរាចរណ៍​ ការ​បាញ់​សម្លាប់​ និង​បញ្ហា​សង្គម​ផ្សេង​ទៀត។​

លោក​ សេក សុជាតិ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​ និង​ការ​ស្រាវជ្រាវ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ បច្ចុប្បន្ន​នេះ ​ប្រជា​ពលរដ្ឋ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច ​មិន​សូវ​ហ៊ាន​ប្រើ​ប្រព័ន្ធ​ច្បាប់​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ និង​ទំនាស់​ឡើយ​ ​ដោយ​សារ​ពល​រដ្ឋ​នៅ​តែ​យល់​ថា ​អ្នក​មាន​លុយ ​អ្នក​មាន​អំណាច​ ភាគ​ច្រើន​គឺ​ឈ្នះ​ក្តី។

បើ​តាម​លោក ​សេក សុជាតិ កត្តា​ទាំង​នេះ​កំពុង​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រិះ​រក​មធ្យោបាយ​ ដើម្បី​ពង្រឹង​យុត្តិ​ធម៌​សង្គម​ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រដ្ឋ​អំណាច​ណា​មួយ ​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ។ ​លោក​ថា ​ការ​អនុវត្ត​ច្បាប់​ជា​គោល​ និង​ដោយ​ស្មើ​ភាព​ ទើប​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា។​ ​

លោក​ប្រាប់​វីអូអេ​ថា៖ ​«អ្វី​ដែល​យើង​ធ្លាប់​បាន​ស្តាប់​ឮ ​និង​តែង​តែ​សង្កេត​ឃើញ​ទាក់​ទង​ព្រឹត្តិ​ការណ៍​ហ្នឹង ​យើង​ឃើញ​ហើយ​ថា​ តុលាការ​កម្ពុជា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្លាច។ ​ខ្លាច​នៅ​ត្រង់​ថា ​ពេល​ដែល​ពួក​គាត់​មាន​រឿង ​មាន​រ៉ាវ​ គាត់​មិន​ហ៊ាន​ចូល​ទៅ​តុលាការ​ដោយ​សារ​ឮ​ល្បី​ពាក់ព័ន្ធ​ជាមួយ​ហ្នឹង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ​អ្នក​មាន​អំណាច ​អ្នក​មាន​លុយ​ គឺ​ជា​អ្នក​ឈ្នះ​ភាគ​ច្រើន​ ទោះ​បីជា​ពួក​គាត់​ខុស​ក៏​ដោយ ​ក៏​មាន​លទ្ធ​ផល​ហ្នឹង​តិច​តួច​ណាស់​ដែល​អាច​យក​ឈ្នះ​ដោយ​យុត្តិធម៌ ​ស្របទៅ​តាម​បទ​ល្មើស​ជាក់ស្តែង»។​

ត្រង់​ចំណុច​នេះ ​លោក​ សេក សុជាតិ ​លើក​ឡើង​ពី​ករណី​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​ដែល​បាញ់​សម្លាប់​មនុស្ស​យ៉ាង​ហោច​២​នាក់​ថា ​តុលាការ​បាន​ចោទ​ប្រកាន់​ដែល​អាច​កាត់​ទោស​ក្នុង​កម្រិត​ទាប ​ប៉ុន្តែ​ក្រោយ​មាន​ប្រតិកម្ម​ពី​ប្រជា​ពល​រដ្ឋ​ និង​មាន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ចេញ​មុខ​ឱ្យ​តុលាការ​ពិចារណា ​ទើប​មាន​ការ​កាត់​ទោស​រហូត​ដល់​ជាង​៣០​ឆ្នាំ ​និង​ផ្តល់​សំណង​ច្រើន​ជូន​គ្រួសារ​ជនរង​គ្រោះ។

លោក​បញ្ជាក់​បន្ថែម​ថា៖​ «ដូច្នេះ​យើង​ឃើញ​ហើយ​ថា​ ​ប្រព័ន្ធ​តុលាការ​របស់​យើង​បើ​សិន​ជា​គ្មាន​ការ​អន្តរាគមន៍​ពី​អំណាច​មួយ​ទៀត​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​ទេ ​គឺ​ប្រហែល​ជា​មិន​អាច​ធ្វើ​ឱ្យ​មាន​យុត្តិធម៌​ឱ្យ​ប្រជា​ពល​មាន​ជំនឿ ​និង​ទុក​ចិត្ត​បាន​នោះ​ឡើយ»។​

បើ​តាម​លោក​ សេក សុជាតិ ​ប្រទេស​នីតិរដ្ឋ​ គឺ​សំដៅ​យក​ច្បាប់​ជា​ធំ​ ដោយ​ក្នុង​នោះ​រដ្ឋ​ធម្មនុញ្ញ​ក៏​បាន​ចែង​អំពី​ការ​បែង​ចែក​អំណាច​នីតិប្ប​ញ្ញតិ ​អំណាច​នីតិ​ប្រតិបត្តិ ​និង​អំណាច​តុលាការ​ឱ្យ​ដាច់​ពី​គ្នា ​និង​មាន​សិទ្ធិ​ស្មើ​គ្នា ​ក៏​ប៉ុន្តែ​នៅ​ពេល​អំណាច​ទាំង​បី​មាន​ភាព​ប្រាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក ​វា​បាន​បណ្តាល​ឱ្យ​ការ​អនុវត្ត​ច្បាប់​ត្រូវ​ជាប់​គាំង ​និង​មិន​អាច​ដោះស្រាយ​បញ្ហា​សង្គម​ដោយ​ឈរ​លើ​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ។ ​

លោក​ថា ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បែង​ចែង​អំណាច​ទាំង​បី​ឱ្យ​មាន​សិទ្ធិ​ស្មើគ្នា ​គឺ​ជា​រឿង​ចាំបាច់​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ច្បាប់​ជា​គោល​ក្នុង​ការ​ដោះស្រាយ​បញ្ហា។​

ក្នុង​ករណី​អតីត​ឧកញ៉ា ​ស្រី ស៊ីណា​នោះ ​លោក​ កើត រិទ្ធិ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​២៤ ​ខែ​ធ្នូ​ ឆ្នាំ​២០២៤​ថា៖​ «នេះ​អាច​ចាត់​ជា​ប្រវត្តិ​សាស្រ្ត​មួយ​ក្នុង​វិស័យ​យុត្តិ​ធម៌» ​«​ទីបំផុត​ នៅ​ថ្ងៃ​ទី២៣ ​ខែ​ធ្នូ ​ឆ្នាំ​២០២៤​ យុត្តិធម៌​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់​ចាំ គឺ​បាន​មក​ដល់​ហើយ»។​

លោក​ កើត រិទ្ធិ ​បន្ថែម​ថា៖ ​«ក្នុង​នាម​ជា​រដ្ឋមន្រ្តី​យុត្តិ​ធម៌​ដែល​ទទួល​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ធិបតី​នាយក​រដ្ឋ​មន្រ្តី​លើ​រឿង​នេះ​ តាំងពី​ដំណាក់​កាល​ដំបូង​ ​ខ្ញុំ​នឹង​បន្ត​តាម​ដាន​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ​ជា​បន្ត​ទៀត»។

ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​សង្គម ​និង​ប្រព័ន្ធ​តុលាការ​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​សង្គម​ប្រជា​ធិបតេយ្យ​ ជាពិសេស​ពលរដ្ឋ​នឹង​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ដោះ​ស្រាយ​បញ្ហា​ដោយ​ស្មើ​ភាព​គ្នា ​មិន​ប្រើ​សែ​ស្រឡាយ ​មិន​អាង​បក្ខ​ពួក​ និង​លុប​បំបាត់​អំពើ​ពុក​រលួយ ​ដែល​ធ្វើ​ឱ្យ​វិនិយោ​គិន​បរទេស​ហ៊ាន​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​អ្នក​តាម​ដាន។​

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត ​ប្រាប់​វីអូអេ​ថា ​ការ​សិក្សា​ និង​របាយ​ការណ៍​របស់​អង្គការ​ជា​ច្រើន បង្ហាញ​ថា​ កត្តា​ប្រវត្តិ​សាស្ត្រ ផ្នត់​គំនិត​សង្គម ​ការ​រង​នូវ​អយុត្តិ​ធម៌​ដោយ​ផ្ទាល់​ និង​អំពើ​ពុក​រលួយ​ ​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​សង្គម។ ​លោក​ថា​ ពលរដ្ឋ​បាន​ងាក​ទៅ​ស្វែង​រក​យុត្តិធម៌​ដោយ​ខ្លួន​ឯង ​ហើយ​ទទួល​យក​អយុត្តិធម៌ ដោយ​គិត​ថា​ ជា​កម្មពៀរ។ ​

លោក​ប្រាប់​វីអូអេ​ថា៖​ «ប្រជា​ពល​រដ្ឋ​យើង​ជា​ទូទៅ ​គាត់​មិន​មែន​ត្រឹម​តែ​មិន​ទុកចិត្ត​ទេ​ ក៏​ប៉ុន្តែ​គាត់​ប្រើ​ក្រៅ​ប្រព័ន្ធ​ដើម្បី​រក​យុត្តិ​ធម៌​ ឬ​មួយ​អត់​មាន​យុត្តិធម៌ ​គាត់​ប្រើ​ប្រព័ន្ធ​ជំនឿ ​សាសនា​ ឬ​មួយ​វប្បធម៌ ​ដើម្បី​ទទួល​យក​ជា​កម្ម ជា​ពៀរ​របស់​គាត់​ទៅ​វិញ។​ ដោយ​សារ​អ៊ីចឹង​ទៅ​ ជា​ទូទៅ​ជា​សង្គម​មួយ​ដែល​មាន​ភាព​ស៊ាំ ​ហើយ​នឹង​មាន​ភាព​អត់​ធ្មត់​ សម្រាប់​អំពើ​អយុត្តិធម៌​ក្នុង​សង្គម»។​

លោក ​អ៊ូ វីរៈ ​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​ក៏​ងាក​មក​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បញ្ចេញ​មតិ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ផង​ដែរ។​ លោក​លើក​យក​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​ចោរកម្ម​មក​បញ្ជាក់​ថា​ ​នៅ​ពេល​ពលរដ្ឋ​មិន​ពឹង​ផ្អែក​លើ​ប៉ូលិល ​និង​មិន​ទុក​ចិត្ត​ប្រព័ន្ធ​យុត្តិធម៌ ​គឺ​បាន​ប្រែ​បញ្ហា​នោះ​ទៅ​ជា​ជម្លោះ ​ហិង្សា ​ឬ​ហិង្សា​ខ្លះ​រហូត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់។

លោក​បន្ត​ថា៖ ​«ការ​មិន​ទុក​ចិត្ត​ហ្នឹង ​គឺ​យើង​ឃើញ​នៅ​ពេល​ណា​យូរៗ​មាន​បញ្ហា​មួយ​ដែល​ផ្ទុះ ​ធ្វើ​ឱ្យ​មាន​ការ​ជជែក​គ្នា​ច្រើន​ហ្នឹង ​គឺ​យើង​ឃើញ​លាត​ត្រដាង​ដោយ​មតិ​ប្រជា​ពល​រដ្ឋ​ គាត់​មិន​សូវ​ទុកចិត្ត។​ ដោយ​សារ​អ៊ីចឹង​ហើយ​ ជាទូទៅ​ប្រជា​ពលរដ្ឋ​គាត់​តែង​តែ​រក​ផ្លូវ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ ដោយ​គាត់​មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​យុត្តិធម៌​ មិន​ទុក​ចិត្ត​លើ​ប៉ូលិស​ក្នុង​ការ​ការពារ​ និង​រក​យុត្តិធម៌​ជូន​គាត់​អ៊ីចឹង​ទៅ»។​

លោក ​អ៊ូ វីរៈ ​បន្ថែម​ថា ​បើទោះ​បីជា​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​មនុស្ស​ជំនាន់​ក្រោយ ព្យាយាម​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ​ក៏​ទំនង​ជា​ពិបាក​ទាញ​ទំនុក​ចិត្ត​ពី​ពលរដ្ឋ លុះ​ត្រាតែ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ​និង​ទាមទារ​ឱ្យ​អ្នក​នយោបាយ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ។ ​លោក​ថា​ ​ការ​ចូល​រួម ​តាម​ដាន​ និង​ជំរុញ​របស់​ប្រជា​ពលរដ្ឋ ​ឱ្យ​មាន​កំណែ​ទម្រង់​យុត្តិ​ធម៌​ ក៏ជា​រឿង​សំខាន់​ផង​ដែរ។

បើទោះ​បី​ជា​កម្ពុជា ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នាយករដ្ឋ​មន្ត្រី​ឈាន​ដល់​អាណត្តិ​ទី​៧​ក្តី ​ក៏​ប៉ុន្តែ​នីតិរដ្ឋ​ នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ​ដែល​មិន​ទាន់​ដោះស្រាយ​បាន​ ដោយ​សារ​អំពើ​ពុក​រលួយ ​និង​បរិយា​កាស​វិនិយោគ​នៅ​មាន​បញ្ហា​ច្រើន។ ​នេះ​បើ​តាម​លោក ​ប៉ិច ពិសី​ នាយក​ប្រតិ​បត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា។​

លោក ​ប៉ិច ពិសី ​ថា​បើ​យោង​តាម​«សន្ទស្សន៍​នៃ​យុត្តិ​ធម៌​សកល» ​កម្ពុជា​មាន​ពិន្ទុ​នីតិ​រដ្ឋ​ទាប​បំផុត ​ដូច្នេះ​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជំនឿ​ចិត្ត​ពលរដ្ឋ ​និង​អ្នក​វិនិយោគ​លើ​ប្រព័ន្ធ​យុត្តិ​ធម៌ ​និង​ប្រព័ន្ធ​តុលាការ​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«មូលហេតុ​ចម្បង ​ដែល​យើង​ឃើញ​ថា​ នាំ​នីតិរដ្ឋ​ខ្សោយ ​ទីមួយ ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​មិន​មាន​តុល្យ​ភាព​អំណាច ​អត់​មាន​ការ​ត្រួត​ពិនិត្យ​អំណាច​គ្នា​ទៅ​វិញ​ទៅ​មក ​អាហ្នឹង​ជា​បញ្ហា​ទីមួយ។ ​បញ្ហា​ទីពីរ​ គឺ​អំពើ​ពុក​រលួយ​ជោគជាំ​ ដែល​ធ្វើ​ឱ្យ​មាន​និទណ្ឌ​ភាព​ច្រើន​ រារាំង​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង។​ ហើយ​ទីបី ​ដែល​យើង​ឃើញ​ជា​ទូទៅ​ ​សែ​ស្រឡាយ បក្ខ​ពួក​និយម​ អំពើ​ពុក​រលួយ​ នយោបាយ​ធំៗ​អីហ្នឹង ​គឺ​ជា​ដើម​ចម ​ឬ​ក៏​ជា​គ្រឹះ​សំខាន់​ ដែល​យើង​ពិបាក​ដោះស្រាយ ​នៅ​ក្នុង​ការ​ជំរុញ​នីតិរដ្ឋ​នៅ​កម្ពុជា»។​

បើ​តាម​លោក​ ប៉ិច ពិសី ​ប្រសិន​បើ​មិន​មាន​ការ​ដោះ​ស្រាយ​បញ្ហា​នីតិរដ្ឋ​ទេ​នោះ​ ​កម្ពុជា​នឹង​មិន​មាន​ស្ថិរ​ភាព​ទាំង​ផ្នែក​សេដ្ឋ​កិច្ច ​និង​នយោបាយ​ ដោយសារ​វិយោគិន​បរទេស​នៅ​តែ​មិន​ហ៊ាន​មក​វិនិយោគ​នៅ​កម្ពុជា​ ​ចំណែក​ពលរដ្ឋ​ដែល​រង​អយុត្តិធម៌ ​បង្កើត​ជា​កំហឹង​ក្នុង​ចិត្ត។

លោក​បន្ថែម​ថា ​ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ​ ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ កាត់​បន្ថយ​សែ​ស្រឡាយ ​បក្ខ​ពួក​និយម​ ​និង​ការ​ស៊ី​សំណូក​ ដោយ​ងាក​ទៅ​ពង្រឹង​សេវា​ដែល​ពលរដ្ឋ​ត្រូវ​ការ ដូចជា​សេវា​អប់រំ ​សុខាភិបាល​ សន្តិសុខ​សង្គម​ និង​ការ​វិនិយោគ​ជាដើម។​

នៅ​ដើម​ឆ្នាំ​២០២៥​នេះ ​អ្នក​តាមដាន ​និង​អ្នក​នយោបាយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្ម​ជន​ និង​បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​រិះគន់​ ធ្វើ​ឲ្យ​ដូច​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ចំពោះ​មុខ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ដែល​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ក្នុង​ការ​លើក​កម្ពស់​នីតិ​រដ្ឋ ​និង​លំហ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស។ ​អ្នក​តាម​ដាន​បន្ថែម​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​នយោបាយ​ប្រឆាំង ​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស ​សកម្ម​ជន​សង្គម​ សកម្ម​ជន​បរិស្ថាន ​និង​ក្រុម​សហ​ជីព​ នៅ​តែ​បន្ត​កើត​មាន ​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់»​ និង​«រួម​គំនិត​ក្បត់»។

លោក ​ប៉ែន បូណា ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ចាត់​វិធាន​ការ​ផ្សេងៗ​ ដើម្បី​ធានា​យុត្តិធម៌​សង្គម​សម្រាប់​ប្រជា​ពលរដ្ឋ​ ​តាំង​ពី​ជំនាន់​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន សែន ​មក​ម្ល៉េះ។ ​លោក​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ក៏​បន្ត​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ​ដូច​ដែល​មាន​ចែង​ក្នុង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧។​

លោក​បន្ថែម​ថា​ ក្រៅពី​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ រដ្ឋាភិបាល​ក៏​បាន​បង្កើត​យន្តការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​យុទ្ធនាការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​តុលាការ​ ដើម្បី​ធានា​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា៖ «សូម​បញ្ជាក់​ថា ​បើ​អត់​មាន​យុត្តិធម៌​សង្គម​ទេ ​ប្រទេស​យើង​ក៏​មិន​អាច​អភិវឌ្ឍ​បាន​ដល់​សព្វថ្ងៃ ​មិន​អាច​មាន​សុខ​សន្តិភាព​យូរ​អង្វែង​ដូរ​សព្វថ្ងៃ​ដែរ។ ​នេះ​ដោយសារ​តែ​កម្ពុជា​យើង​ខិត​ខំ​ រាជ​រដ្ឋាភិបាល​យើង​ខិតខំ ​ដើម្បី​ឱ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម​ហ្នឹង​ឯង ​បាទ ​ទើប​យើង​មាន​សន្តិភាព​យូរ​អង្វែង។​ យើង​មាន​ស្ថិរភាព​ សង្គម​នយោបាយ​យូរ​អង្វែង​ ការ​អភិវឌ្ឍ​បន្ត​ទៅ​មុខ​ទៀត ​គឺ​ដោយ​សារ​តែ​វា​ជា​ចំណែក​មួយ​ដែរ​ នៃ​យុត្តិធម៌​សង្គម​ហ្នឹង»។​

នៅ​ចុង​ឆ្នាំ​២០២៤ ​និង​ដើម​ឆ្នាំ​២០២៥​ គេ​ឃើញ​មាន​ករណី​ជាច្រើន​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ ដោយ​ក្នុង​នោះ​រួម​មាន ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយ​ចង្វារ​បណ្តាល​ឱ្យ​ទារក​ម្នាក់​បាត់​បង់​ជីវិត​ ករណី​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​ ​ករណី​មន្ត្រី​នគរបាល​កំណត់​មុខ​សញ្ញា​ក្រុម​ឧក្រិដ្ឋ​ជន​ចាប់​ជម្រិត​ខុសដោយ​បាញ់​ទៅ​លើ​រថ​យន្ត​ប្រជា​ពលរដ្ឋ​ បណ្តាល​ឱ្យ​ពល​រដ្ឋ​ពីរ​នាក់​រង​របួស​ធ្ងន់​ និង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ចំនួន​ទៀត។​

ករណី​ទាំង​នោះ​ត្រូវ​ប្រជា​ពលរដ្ឋ​បាន​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ និង​ជជែក​ផុស​ផុល​ដោយ​មាន​ការ​ទាមទារ​រក​យុត្តិ​ធម៌​ឱ្យ​ជន​រងគ្រោះ​ ប៉ុន្តែ​ករណី​ខ្លះ​នៅ​តែ​ធ្វើ​ឱ្យ​ជន​រងគ្រោះ​បន្ត​រង​អយុត្តិ​ធម៌។ ​ តួយ៉ាង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ទារក​ម្នាក់​ស្លាប់​នោះ​ នៅ​ជន​បង្ក​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​នាំ​មក​ផ្តន្ទាទោស ​ចំណែក​ករណី​មន្ត្រី​នគរបាល​បាញ់​ច្រឡំ​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​រង​របួស​ធ្ងន់​ក្នុង​ខេត្ត​ព្រៃវែង​នោះ​ ​ក៏​នៅ​មិន​ទាន់​ឃើញ​ការ​ផ្សព្វ​ផ្សាយ​ពី​ដំណោះ​ស្រាយ​នៅ​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG