លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកទឹកឱ្យសិស្សស្រីក្នុងប្រទេសកម្ពុជាខិតខំជំនះឧបសគ្គក្នុងជីវិតដើម្បីបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ក្នុងនោះក៏មិនត្រូវចុះចាញ់ការរិះគន់បង្អាប់នានាដែលពួកគេអាចជួបប្រទះ។
នៅក្នុងការស្នាក់នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅខេត្តសៀមរាបប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយគំនិតផ្តួចផ្តើមជំរុញសិស្សស្រីឱ្យបានសិក្សាខ្ពង់ខ្ពស់ Let Girls Learn លោកស្រីបានជួបជាមួយនឹងសិស្សស្រីដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគងដើម្បីបានស្តាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ។ លោកស្រីប៊ុន រានី ភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានចូលរួមជាមួយគ្នាផងដែរ។
ស្ត្រីទីមួយនៃប្រទេសទាំងពីរបានស្តាប់ឮដោយផ្ទាល់នូវរឿងរ៉ាវរបស់សិស្សស្រីទាំងនោះ។
នាង វៀន សុខហាង សិស្សថ្នាក់ទី១២ បានរៀបរាប់ថា៖
«ទម្រាំតែខ្ញុំរៀនដល់ថ្នាក់ទី១២នេះ ខ្ញុំត្រូវឆ្លងកាត់ការលំបាកជាច្រើនក៏ប៉ុន្តែការលំបាកទាំងអស់នោះ ខ្ញុំមិនដែលរួញរាមិនដែលរាថយឬក៏មិនដែលអស់សង្ឃឹមឡើយ។ ហើយសព្វថ្ងៃខ្ញុំមិនដែលរស់នៅ ជាមួយក្រុមគ្រួសារទេគឺខ្ញុំរស់នៅជាមួយជីដូនមីងហើយនឹងពូហើយខ្ញុំនៅផ្ទះគាត់ខ្ញុំត្រូវជួយការងារគាត់ជាច្រើនដូចជាស្រោចដំណាំមើលគោដាំបាយធ្វើម្ហូបបោសផ្ទះសម្បែងហើយជារៀងរាល់ថ្ងៃខ្ញុំត្រូវក្រោកពីម៉ោងបួនដើម្បីដាំបាយធ្វើម្ហូបសម្រាប់ទុកខ្លួនឯងទៅសាលា»។
លោកស្រី Michelle Obama បានសម្តែងសមានចិត្តចំពោះសិស្សស្រីដែលខំតស៊ូដើម្បីការសិក្សានិងលើកទឹកចិត្តពួកគេមិនឱ្យបោះបង់ចោលដោយសារតែឧបសគ្គកើតមានឡើងទេ។
«ខ្ញុំដឹងថា អ្វីដែលក្មួយកំពុងតែធ្វើមិនមែនជារឿងងាយស្រួលនោះទេ។ ខ្ញុំក៏ដឹងថា ពេលខ្លះក្មួយៗមានការលំបាកក្នុងការរៀនសូត្រ ព្រោះវាមិនមែនជារឿងងាយស្រួលទេ ដែលក្មួយត្រូវជួយឪពុកម្តាយ និងក្រុមគ្រួសារធ្វើស្រែចម្ការ ជួយកិច្ចការផ្ទះ ហើយត្រូវជិះកង់ ជិះម៉ូតូរយៈពេលមួយម៉ោង មកសាលារៀន ដើម្បីខំប្រឹងរៀនសូត្រឲ្យបានពូកែ។ ខ្ញុំដឹងថា ទាំងអស់នេះមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់បំផុតដែលក្មួយៗទាំងអស់គ្នាត្រូវដឹងនោះ គឺថា ក្មួយៗទាំងអស់គ្នាមករៀន ដើម្បីបង្ហាញមនុស្សគ្រប់គ្នា ថាក្មួយឆ្លាត រឹងមាំ និងមានសមត្ថភាព»។
លោកស្រី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាកាលពីលោកស្រីនៅ ក្មេងក៏ធ្លាប់មានអ្នកមិនឱ្យលោកស្រីបានសិក្សាជ្រៅជ្រះដែរដោយគេលើកឡើងថាលោកស្រី មិនមានបញ្ញាគ្រប់គ្រាន់នឹងទៅ សិក្សានៅ ថ្នាក់មហាវិទ្យាល័យនិងមហាវិទ្យាល័យច្បាប់ទេ។ ប៉ុន្តែលោកស្រី មិនស្តាប់សំដីនោះ ឡើយហើយក៏ស្នើសុំឱ្យសិស្សស្រីកម្ពុជាត្រូវធ្វើដូច្នេះដែរ។
«មនុស្សជាច្រើននឹងមិនសប្បាយចិត្តប៉ុន្មានទេ នៅពេលដែលឃើញក្មួយទាំងអស់គ្នាមានភាពវៃឆ្លាត រឹងមាំ និងមានសមត្ថភាព។ បញ្ហានេះបានកើតឡើងលើរូបខ្ញុំ កាលពីខ្ញុំនៅក្មេងដូចក្មួយដែរ។ មានមនុស្សមួយចំនួនបានប្រាប់ខ្ញុំថា ខ្ញុំមិនឆ្លាតទេ ហើយខ្ញុំមិនអាចបន្តការសិក្សានៅសាកលវិទ្យាល័យ និងរៀនផ្នែកច្បាប់បានទេ ប៉ុន្តែ ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកទាំងនោះបាននិយាយនោះទេ។ ហើយខ្ញុំចង់ឲ្យក្មួយទាំងអស់គ្នា កុំខ្វល់ពីអ្វីដែលអ្នកទាំងអស់នោះនិយាយទិតៀន»
លោកស្រី Michelle បន្ថែមថានៅពេលបានជោគជ័យពួកគេត្រូវជួយដល់ក្មេងស្រីដទៃទៀតផងដែរ។
«ក្មួយៗត្រូវជួយបង្ហាត់បង្ហាញពួកគេ។ ក្មួយៗត្រូវជួយកាន់ដៃពួកគេនៅ ពេលដែលមានការលំបាកហើយប្រាប់ពួកគេថាប្រសិនបើក្មួយអាចធ្វើបាន អ្នកដទៃទៀតក៏អាចធ្វើបានដែរ។ តើព្រមតាមខ្ញុំស្នើសុំបានទេ? »
លោកស្រីប៊ុន រានី ក៏បានបង្ហាញពីការយល់ស្របដល់សារៈសំខាន់នៃគំនិតផ្តួចផ្តើម Let Girls Learn។ លោកស្រីបញ្ជាក់ផ្តាំផ្ញើឱ្យសិស្សទាំងអស់ដែលទទួលបានប្រយោជន៍ពី គម្រោងនេះត្រូវខិតខំសិក្សាឱ្យបានល្អ។
យុវសិស្សសុខហាង ក៏បានបង្ហាញឱ្យដឹងពីក្តីសុបិន្តរបស់នាងក្នុងការយកចំណេះដឹងមកជួយដល់សហគមន៍របស់នាងវិញ។
«ហើយទៅថ្ងៃ អនាគតខ្ញុំចង់ក្លាយទៅជាគ្រូបង្រៀនគណិតវិទ្យាម្នាក់ហើយខ្ញុំគិតថាមុខជំនាញគ្រូនេះអាចផ្លាស់ប្តូរជីវិតខ្ញុំគ្រួសារហើយនឹងសហគមន៍របស់ខ្ញុំបាន»។
គម្រោង ផ្តល់ឱកាសឱ្យស្រ្តីបានសិក្សា Let Girls Learn គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីជួយឱ្យសិស្សស្រីបានសិក្សាបានច្រើន។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកនឹងធ្វើការសហការជាមួយនឹងសេតវិមាន ក្រុមស្ម័គ្រចិត្ត Peace Corps និងក្រសួងការបរទេស។
លោកស្រីMichelle Obama ក៏បានជួបជាមួយនឹងក្រុមស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិកដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកស្ម័គ្រចិត្តលោកស្រីបានបញ្ជាក់ថា៖
«នៅពេលដែលក្មេងស្រីទទួលបានការអប់រំ អាចអាន និងសរសេរ និងវិភាគបាន មានន័យថាការអប់រំបានផ្តល់មធ្យោបាយឲ្យក្មេងស្រីអាចបកស្រាយ និងនិយាយអំពីអំពើអយុត្តិធម៌ ហើយអាចទាមទារឲ្យមានភាពស្មើគ្នា។ ការអប់រំជួយឲ្យក្មេងស្រី និងស្ត្រីចូលរួមក្នុងវិស័យនយោបាយរបស់ប្រទេសជាតិ និងធ្វើយ៉ាងណាឲ្យមេដឹកនាំប្រទេសមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងអំពាវនាវឲ្យមានការផ្លាស់ប្តូរ នៅពេលដែលតម្រូវការ និងសេចក្តីប្រាថ្នារបស់គេមិនសម្រេចបាន»។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូដែលបានទៅជួបជាមួយនឹងលោកស្រី Michelle Obama បានប្រាប់វីអូអេនៅ ក្រោយពីជំនួបនោះថា៖
«ព្រឹកមិញយើងចាប់អារម្មណ៍ជាងគេលើអប់រំ អប់រំគឺថាចេះអប់រំ ទៅចេះពិចារណាគ្រប់មុខទៅមានការគោរពគ្នាទៅវិញទៅមកគឺយើងមាននិយាយដែរ។ គោរពគ្នាទៅវិញទៅមកតាំងពីតូចដល់ធំនោះគឺប្រទេសល្អហើយ...លោកជំទាវតែងតែលើកទឹកចិត្តក្មេងៗទាំងអស់ដែលនៅ អង្គុយជុំវិញតុហ្នឹង ខំ ជំរុញថាកុំឱ្យដាក់ដៃចុះ ត្រូវខំប្រឹងទៀតហើយកុំទុកការពិសោធរបស់អ្នកនៅ ផ្ទះពេលណាទៅជួបអ្នកណានៅសហគមន៍ ទៀតឱ្យជួយរំលែកការងារទៅសហគមន៍»។
នៅទូទាំងពិភពលោកមានកុមារីនិងស្រី្ត៦២លាននាក់មិនបានចូលរៀន។ មានសិស្សស្រីជាច្រើនទៀតកំពុងតស៊ូដើម្បីបាននៅ សិក្សា។ ដោយឡែកប្រទេសកម្ពុជាមានអត្រាសិស្សបោះបង់ចោលការសិក្សាច្រើន។ ដោយក្នុងចំណោមសិស្ស១០០នាក់ដែលបានចុះ ឈ្មោះចូលរៀននៅ ថ្នាក់ទីមួយគឺមានតែសិស្ស២០នាក់ប៉ុណ្ណោះបានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី៩។ ក្នុងចំណោមនេះមានសិស្សស្រីពាក់កណ្តាល៕