ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​ប្រធានាធិបតី​អាមេរិក​ស្តាប់​ទុក្ខ​លំបាក​សិស្ស​ស្រី​កម្ពុជា​ដោយ​ផ្ទាល់


លោកស្រី Michelle Obama ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិភាក្សា​ជាមួយ​សិស្ស​ស្រី​ខ្មែរ​នៅ​​​វិទ្យាល័យ​ហ៊ុន​ សែន​ប្រាសាទ​បាគង​នៅ​ជាង​ក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​លើក​ស្ទួយ​កម្មវិធី​អប់រំ​ ‍«គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» ឬ "Let Girls Learn"។ (នៅ​ វណ្ណារិន/VOA)
លោកស្រី Michelle Obama ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិភាក្សា​ជាមួយ​សិស្ស​ស្រី​ខ្មែរ​នៅ​​​វិទ្យាល័យ​ហ៊ុន​ សែន​ប្រាសាទ​បាគង​នៅ​ជាង​ក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​លើក​ស្ទួយ​កម្មវិធី​អប់រំ​ ‍«គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» ឬ "Let Girls Learn"។ (នៅ​ វណ្ណារិន/VOA)

លោកស្រី ​Michelle Obama ​ភរិយា​ប្រធានាធិបតី​សរអា​បាន​ជួប​ជាមួយ​សិស្សានុសិស្ស​ស្រី​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន​ ប្រាសាទ​បាគង​ក្នុង​ខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ស្តាប់​ពី​បញ្ហា​របស់​សិស្ស​ស្រី​កម្ពុជា​ជា​ច្រើន​ ដោយ​បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ ​ឲ្យ​បន្ត​ការ​សិក្សា​ឲ្យ​បាន​សម្រេច​ដល់​គោលដៅ។

សិស្សស្រី​មួយ​ចំនួន​ក្នុង​ចំណោម​១១នាក់​បាន​ត្អូញត្អែរ​ប្រាប់​លោកស្រី​អូបាម៉ា​និង​ លោក​ស្រី​ ប៊ុន រ៉ានី ​ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​អំពី​ការ​លំបាក​ របស់​ពួក​គេ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​មក​រៀន​ដោយ​ជិះកង់​និង​បង្ហាញ​ពី​អ្វី​ ដែល​គេ​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត​ដូច​ជា​អាជីព​ជា​គ្រូ​បង្រៀន​គណិតវិទ្យា​និង​វេជ្ជបណ្ឌិត​ជាដើម។ ​

ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស​ចំនួន​១១​នាក់​នៅ​ក្នុង​វិទ្យាល័យ ​ហ៊ុន សែន ​ប្រាសាទ បាគង ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ក្រុង​សៀមរាប​ តាម​ផ្លូវ​ ជាតិ​លេខ​៦​ លោកស្រី​ Michelle Obama ​ភរិយា​ប្រធានាធិបតី​សរអា​មាន​ ប្រសាសន៍​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ស្រី​ទាំង​នោះ​តស៊ូ៖ «អ្នក​ត្រូវ​តែ​បញ្ចប់​នូវ​អ្វី​ដែល​អ្នក​ចាប់​ផ្តើម»។

លោកស្រី​បាន​ប្រាប់​សិស្ស​ស្រី​បន្ត​ទៀត​ថា​ លោកស្រី​ជឿ​ថា​ សិស្ស​ទាំង​អស់​អាច​ធ្វើ​បាន​ដូច​ជា​បុរស​ដែរ។

លោកស្រី ​ប៊ុន រ៉ានី ​បាន​បន្ទរ​ការ​លើក​ទឹក​ចិត្ត​ដែរ​ថា ​ស្ត្រី​ខ្មែរ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​រៀនសូត្រ​ច្រើន​ណាស់​បច្ចុប្បន្ន​នេះ។

«កាល​ពី​មុន​មាន​ឪពុក​ម្តាយ​និយាយ​ថា​ ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ។​ ឥឡូវ​យើង​បំបាត់​ ចោល​ហើយ។​ ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ស្ត្រី​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ ជា​រដ្ឋមន្ត្រី​ ជា​សមាជិក​សភា​ ជា​រដ្ឋលេខាធិការ​ជា​ដើម»។

បើ​តាម​ការ​ស្រាវជ្រាវ​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា​ មាន​ក្មេងស្រី​២០​ភាគរយ​ រៀន​នៅ​ថ្នាក់​វិទ្យាល័យ​គឺ​ថ្នាក់​ទី៧​ ទី៨ និង ​ទី៩ ​ដែល​បោះបង់​ចោល​ការ​សិក្សា​ ដោយសារ​កត្តា​ផ្សេងៗ​គឺ​ តម្រូវការ​ចាំបាច់​ត្រូវ​រក​លុយ​ឬ​ភាព​ក្រីក្រ​ ជួយ​កិច្ចការ​ ផ្ទះ​ឬ​ការ​រកស៊ី​មិន​អាច​មាន​លុយ​ចំណាយ​ដល់​សាលា រៀន​ខ្សោយ​ និង​រៀន​មិន​ទាន់​គេ​ ការ​ផ្តល់​តម្លៃ​ដល់​កូន​ប្រុស​ជាង​កូនស្រី ​សាលារៀន​ឆ្ងាយ​ពី​ផ្ទះ និង​បញ្ហា​មួយ​ចំនួន​ទៀត។

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ​ដែល​ត្រូវ​ជ្រើស​រើស​ឲ្យ​ចូល​ ក្នុង​គម្រោងផ្តួចផ្តើម​របស់​លោកស្រី​អូបាម៉ា​ហៅ​ថា​កម្មវិធី ​«Let Girls Learn» ​ឬ «គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា»​ ដែល​ជា​កម្មវិធី​ជួយ​លើក​កម្ពស់​ការ​អប់រំ​ដល់​សិស្សនារី​ជាង​៦២​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ដែល​មិន​បាន​ ចូល​សាលារៀន។

នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​លោក​ស្រី​នៅ​ប្រទេស​ជប៉ុន​និង​កម្ពុជា ​លោកស្រី ​Michelle Obama ​និង​ស្វាមី ​គឺ​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​បាន​ថ្លែង​ថា ​ការណ៍​ដែល​ក្មេងស្រី​ប្រមាណ​៦២​លាន​នាក់​មិន​មាន​លទ្ធភាព​ទៅ​សាលារៀន​នៅ​ជុំវិញ​ពិភពលោក​គួរ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស។ ​ការ​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ នៅ​ពេល​មាន​នារី​រាប់​សិប​លាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​គ្រប់គ្រាន់​គឺ​មិន​ត្រឹមតែ​ជា​«ការ​ខ្ជះខ្ជាយ​សក្តានុពល​របស់​មនុស្ស​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជា​ទី​បំផុត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​វិស័យ​សុខាភិបាល​សាធារណៈ​ ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ព្រម​ទាំង​វិបុលភាព​ពិភពលោក​ធ្លាក់ចុះ ​និង​ជា​ការ​គំរាម​ទៅ​លើ​សន្តិសុខ​នៃ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក»។

លោកស្រី ​អូបាម៉ា ​ដែល​ជា​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​ដំបូង​គេ​ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នោះ។ក្រៅ​ពី​ស្តាប់​ការ​លំបាក​របស់​សិស្ស​ស្រី​ខ្មែរ​ លោកស្រី​អូបាម៉ា​នៅ​ថ្ងៃសៅរ៍​នេះ​ដែរ​ មាន​ផែនការ​សំណេះសំណាល​ជាមួយ​នឹង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត Peace Corps​ ដែល​ជា​កម្មវិធី​របស់​រដ្ឋាភាភិបាល​អាមេរិក អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ទៀត​ ចូលរួម​កម្មវិធី​តុ​មូល​ដែល​ពិភាក្សា​អំពី​កម្មវិធី​លើក​កម្ពស់​ការ​អប់រំ​សិស្ស​នារី​របស់​លោកស្រី​ ហើយ​នឹង​មើល​កម្មវិធី​ក្នុង​សហគមន៍​ខ្លះ​ដែល​គេ​និយាយ​ថា​ បាន​ពង្រីក​ឱកាស​ខាង​អប់រំ​ដល់​នារី។

លោកស្រី​អូបាម៉ា​បាន​អញ្ចើញ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ។​ លោកស្រី​នឹង​អញ្ចើញ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ ក្រោយ​ពេល​ទស្សនា​ប្រាសាទ​អង្គរវត្ត៕

XS
SM
MD
LG