ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេងស្រី​ដែល​លក់​ដូរ​នៅ​អង្គរវត្ត​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា


 ក្មេង​ស្រី​ដែល​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​អ្នក​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
ក្មេង​ស្រី​ដែល​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​អ្នក​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

ប៉ុន្មាន​ម៉ោង​មុន​ពេល​លោកស្រី Michelle Obama អញ្ចើញ​មក​ដល់​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ​កម្ពុជា​មាន​ការ​មមាញឹក​ក្នុង​ការ​ចាប់​ផ្តើម​ប្រកប​ការងារ​ផ្ទាល់​ខ្លួន​រៀងៗ​ខ្លួន​ជា​ធម្មតា។ ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​មាន​ការ​សូត្រ​មន្ត​ប្រតិបត្តិ​ កសិករ​ចេញ​ធ្វើ​ស្រែ​ចម្ការ​ និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​រៀងៗ​ខ្លួន។

ដោយ​ឡែក​អ្នក​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ការងារ​មមាញឹក​យ៉ាង​ខ្លាំង។ ​ពួកគាត់​ក្រោក​ពី​ព្រឹក​ព្រហាម​ ២ ទៅ ៣ ម៉ោង​មុន​ពេល​ព្រះអាទិត្យ​រះ​ដើម្បី​ រៀបចំ​ទទួល​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​ព្រះអាទិត្យ​រះ​នា​ម៉ោង​ប្រមាណ​៦.៣០​នាទី។ នៅ​ក្នុង​នោះ ក៏​មាន​សិស្ស​ស្រី​មួយ​ចំនួន​ផង​ដែរ​ ដែល​មក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​ ដើម្បី​យក​កម្រៃ​បន្តិចបន្តួច​ទៅ​ផ្គត់ផ្គង់​គ្រួសារ​និង​ ថ្លៃ​សម្ភារៈ​ការ​សិក្សា។​

ប្អូន​ស្រី ​ព្រុំ​ រស្មី​ ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​ ហ៊ុន សែន​ សៀមរាប​ត្រូវ​ក្រោក​ ចាប់​តាំង​ពី​ម៉ោង​៥​ព្រឹក​ ដើម្បី​មក​លក់​សៀវភៅ​ប្រត្តិសាស្រ្ត​អង្គរ​ ជា​ភាសា​អង់គ្លេស​ដល់​ ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​នៅ​ប្រាសាទ​អង្គរវត្ត។​ រស្មី​អាច​ទទួល​បាន​ប្រាក់​ កម្រៃ​ពី​៣​ទៅ​១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ។

«មុខ​របរ​ខ្ញុំ​តែ​ប៉ុណ្ណឹង ខ្ញុំ​មក​លក់​សៀវភៅ​ដើម្បី​យក​ប្រាក់​ចិញ្ចឹម​គ្រួសារ។ ពេល​ព្រឹក​ ខ្ញុំ​មក​លក់​សៀវភៅ​ ពេល​ថ្ងៃ​ខ្ញុំ​ទៅ​សាលា​ ហើយ​ម៉ោង​៥ល្ងាច​ខ្ញុំ​មក​ទី​នេះ​វិញ​ ដើម្បី​ លក់​សៀវភៅ»។ ​នេះ​បើ​តាម​សម្តី​របស់​ប្អូន​ស្រី ព្រុំ រស្មី​ ​អាយុ​១៧​ឆ្នាំ​និង​ជា​កូន​ទី​កូន​ទី​៧ ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​៩នាក់។

រស្មី​បាន​ប្រាប់​ VOA ថា នាង​ទំនង​នឹង​អាច​បោះបង់​ការ​សិក្សា​នា​ពេល​ខាង​មុខ​ដោយ​នាង​រៀន​មិន​ពូកែ​ ហើយ​នាង​ចង់​ផ្តោត​អាម្មណ៍​ទៅ​លើ​មុខ​របរ​របស់​នាង។

អ្នក​ទេសចរ​ថត​រូប​ថ្ងៃ​រះ​នៅប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
អ្នក​ទេសចរ​ថត​រូប​ថ្ងៃ​រះ​នៅប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

ជាមួយ​គ្នា​នេះ​ដែរ​ ប្អូនស្រី ឌឿ​ មាឡា អាយុ​១៤​ឆ្នាំ​ ​ជា​អ្នក​លក់​អាហារ​ពេល​ព្រឹក​ដល់​ភ្ញៀវ​ដែល​មក​ទស្សនា​ថ្ងៃ​រះ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ក៏​ត្រូវ​ក្រោក​ចាប់​តាំង​ពី​ម៉ោង​៤ ​ទាប​ភ្លឺ​ដើម្បី​ជួយ​ម្តាយ​របស់​នាង​ក្នុង​ការ​រៀបចំ​ចម្អិន​ម្ហូប​និង​លក់​ជូន​ភ្ញៀវ។ ខុស​ពី​ ប្អូន​ស្រី ​ព្រុំ រស្មី​ ប្អូនស្រី ឌឿ​ មាឡា ដែល​ជា​សិស្ស​ថ្នាក់​ទី៨​នៃ​វិទ្យាល័យ ហ៊ុន សែន​ ចាត់​ទុក​ការ​សិក្សា​របស់​ខ្លួន​ជា​ ការ​សំខាន់​និង​មាន​គោល​ចំណង​រៀន​ឲ្យ​ចប់​ឧត្តមសិក្សា​និង​ក្លាយ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ ដើម្បី​រក​ប្រាក់​កម្រៃ​ច្រើន​ទៀត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​នាង។

លោក​ស្រី Michelle Obama ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​អញ្ជើញ​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​សុក្រ ​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​គោលបំណង​បើក​«គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» ឬ «Let Girls Learn‍» ដែល​ជា​គម្រោង​មួយ​មាន​គោលដៅ​លើក​តម្កើង​តួនាទី​សង្គម​ស៊ីវិល​និង​កិច្ចការ​អភិបាលកិច្ច​ល្អ។

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១១​ដែល​ចូល​រួម​នៅ​ក្នុង​គម្រោង​ «Let Girls Learn‍» ដែល​ត្រូវ​អនុវត្ត​ដោយ​កម្មវិធី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ហើយ​នឹង​ត្រូវ​ចាត់​ចែង​ដោយ​លោក​ស្រី Michelle Obama ផ្ទាល់។

ប្អូន​ស្រី​ព្រុំ រស្មី​ និង ឌឿ​ មាឡា​មាន​ការ​អបអរសាទរ​ ចំពោះ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama មក​កាន់​ប្រទេស​កម្ពុជា​និង​ខេត្ត​សៀមរាប​នេះ។​ លើស​ពី​នេះ​ទៀត ប្អូនស្រី ឌឿ​ មាឡា មាន​ការ​រីករាយ​យ៉ាង​ខ្លាំង​ដែល​លោកស្រី​ Michelle Obama នឹង​បើក​ ​«គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» ឬ «Let Girls Learn‍» ព្រោះ​គម្រោង​នេះ​នឹង​ជួយ​បើក​ឱអាស​ឲ្យ​សិស្ស​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រៀន​នៅ​ក្នុង​សាលា​បាន​ច្រើន។

«អាច​ជួយ​ឲ្យ​បាន​ច្រើន​ ព្រោះ​អាច​ជួយ​ឲ្យ​យើង​រៀន​ឲ្យ​បាន​ច្រើន ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន»។​ នេះ​បើ​តាម​សម្តី​របស់​ប្អូនស្រី ឌឿ​ មាឡា។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​សៅរ៍​ស្អែក ប្រាសាទ​អង្គរវត្ត​នឹង​ត្រូវ​បិទ​មិន​ឲ្យ​មាន​ការ​លក់​ដូរ​ ដូច​ជាការ​លក់​ដូរ​របស់​ប្អូន​ស្រី ​ឌឿ​ មាឡា និង​ប្អូនស្រី ព្រុំ រស្មី ប៉ុន្តែ​អ្នក​ទេសចរណ៍​អាច​ចូល​ទស្សនា​ជា​ធម្មតា៕

XS
SM
MD
LG