ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនគ្រោះ​ជាង​៣០០​គ្រួសារ​តវ៉ា​តែ​អាជ្ញាធរ​កោះកុង​ថា​មិន​ស្គាល់​ទីតាំង​ដី​ទំនាស់


បាតុករ​ជា​អ្នក​ភូមិ​ដែល​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដី​ធ្លី កាន់​បដា​តវ៉ា​អំឡុង​ពេល​មក​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​មុខ​សាលា​ស្រុក​ស្រែ​អំបិល កាលពី​ថ្ងៃ​សុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គ​ការ​លី​កាដូ)
បាតុករ​ជា​អ្នក​ភូមិ​ដែល​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដី​ធ្លី កាន់​បដា​តវ៉ា​អំឡុង​ពេល​មក​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​មុខ​សាលា​ស្រុក​ស្រែ​អំបិល កាលពី​ថ្ងៃ​សុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។ (រូប​ថត​ផ្ដល់​ឱ្យ​ដោយ​អង្គ​ការ​លី​កាដូ)

ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​បួន​នៅ​ខេត្ត​កោះ​កុង​ជាង​៣០០នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ បានហែរ​ក្បួន​ដោយ​ម៉ូតូ​ដើម្បី​យក​ញ្ញត្តិ​ ទៅ​ដាក់​នៅ​សាលាស្រុក​ស្រែអំបិល​ និង​សាលា​​ស្រុក​បទុម​សាគរ​ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​រក​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ដីធ្លី​របស់​ខ្លួន​ដែល​បាន​អូសបន្លាយ​ពេល​​១០​ឆ្នាំ​មក​នេះ។

ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​បួន​នៅ​ខេត្ត​កោះ​កុង​ជាង​៣០០នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ បានហែរ​ក្បួន​ដោយ​ម៉ូតូ​ដើម្បី​យក​ញ្ញត្តិ​ ទៅ​ដាក់​នៅ​សាលាស្រុក​ស្រែអំបិល​ និង​សាលាស្រុក​បទុម​សាគរ​ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​រក​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ដីធ្លី​របស់​ខ្លួន​ដែល​បាន​អូសបន្លាយ​ពេល១០​ឆ្នាំ​មក​នេះ។​ នេះ​បើយោងទៅ​តាម​ការ​បញ្ជាក់​ពី​តំណាង​អ្នក​តវ៉ា និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះ​កុង​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។​

ការ​ហែរក្បួន​នេះ​ ធ្វើឡើង​ដោយ​ការ​ជិះម៉ូតូ​ចំនួន​ជាង២៥០​គ្រឿង។​ ប្រជា​ពលរដ្ឋ​បាន​ចេញ​ដំណើរ​ពី​ផ្ទះ​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​ អ្នកស្រី​ ឆាយ​ វី​ ​នៅក្នុង​ស្រុក​ស្រែអំបិល​ ទៅ​កាន់​សាលាស្រុក​ស្រែ​អំបិល​ និង​សាលាស្រុក​បទុម​សាគរ។​ ពួកគេ​កំពុង​មាន​ទំនាស់​ដីធ្លី​ទំហំ​ ២.២៣៨,៧​ហិកតា​ ជាមួយ​ក្រុមហ៊ុនផលិត​ស្ករ​ស​ចំនួន​ពីរ។​ ចំនួន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ គឺ​មាន​ជាង​៥២៦​គ្រួសារ។​

អ្នក​ស្រី ​ឆាយ​ វី​ វ័យ​ ៥០​ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ជីខ​ ឃុំ​ជីខ​លើ​ ស្រុក​ស្រែ​អំបិល​ខេត្ត​ កោះ​កុង មានប្រសាសន៍​ប្រាប់​ VOA​ ថា​ ប្រជាពលរដ្ឋ​បាន​ប្រគល់​ញ្ញត្តិ​ជូនអភិបាល​ស្រុក​ទាំងពីរ​រួចហើយនៅ​ថ្ងៃសុក្រនេះ​ ហើយ​ប្រជាពលរដ្ឋ​ជាប់​គាំង​ក្នុង​ជម្លោះ​ដីធ្លី​នេះ​ ត្រូវ​រង់​ចាំ​មួយសប្តាហ៍​ទៀត​សម្រាប់ការ​បញ្ជូន​លិខិត​របស់​ពួកគេ​ពី​អាជ្ញាធរ​ស្រុក​ទៅ​អភិបាល​ខេត្ត​កោះ​កុង។​

«គាត់​សន្យា​ថា​ រយៈពេល​មួយ​អាទិត្យ​ គាត់​នឹង​រុញ​ទៅ​ ទៅ​ឲ្យ​ខេត្ត»។​

តំណាង​ប្រជាពលរដ្ឋ​រូបនេះ​ បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កោះ​កុង​ មិន​បាន​ធ្វើ​សកម្ម​ភាព​រារាំង​ក្រុម​អ្នក​ហែរក្បួន​ដាក់​ញ្ញត្តិ​នោះ​ទេ​ តែ​ថា​ អភិបាល​ស្រុក​បុទុម​សាគរ​ បាន​បង្ហាញ​ចេតនា​មិនចង់​ទទួល​យក​ញ្ញតិ្ត​នេះ។​ អ្នកស្រី​និយាយថា៖​

«ពួក​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​នាំ​គ្នា​ថា​ឲ្យ​ ថា​ឲ្យ​ខ្លាំង​ៗ​ណាស់​។​ គ្រាន់​តែ​ថា​ បើ​លោក​ឯង​អសមត្ថ​ភាព​ទេ​ ចេញ​ទៅ​ឲ្យ​គេ​ធ្វើ​វិញទៅ​ណ៎ា។ ថា​ពីរបីសារ​ ថា​ជាប់​ពីរម៉ោង​ជាង​ គាត់​ទ្រំា​មិនបាន គាត់​ចេញ​មក​បណ្តោយ»។​

ទំនាស់​ដីធ្លី​នេះ​បាន​កើតឡើង​តាំង​ពី​ខែ​សីហា​ ឆ្នាំ​ ២០០៦​ គឺ​នៅ​ក្នុង​ពេល​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​រឹបអូស​ដី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល​ និង​ស្រុក​បុទុម​សាគរ​ឲ្យ​ទៅក្រុម​ហ៊ុន​ផលិត​ស្ករ​អំពៅ​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​ កោះ​កុង​ស៊ូហ្គើរ​ និង​កោះកុង​ផ្លេន​ថេស៊ិន​ អ៊ិន​ដាស្ទ្រី​ខមភេនី​លីមីធីត។​ នេះ​បើយោងទៅតាម​ការ​បញ្ជាក់​ពី​លោក​ អ៊ិន គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្តកោះកុង។​

លោក​ អ៊ិន គង់ជិត​ បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ហែរ​ក្បួន​ក្នុង​ការ​ដាក់​ញ្ញត្តិ​នោះ​ មិន​មាន​រង​ការ​គំរាម​កំហែង​ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ​ តែថា​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋក្នុង​ការទទួល​បាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត​គឺ​មាន​តិចតួច​បំផុត។​ លោក​ថ្លែង​ថា៖​

«យើង​មាន​ការ​សង្ឃឹម​តិច​តួច​ ដោយសារអភិបាល​ស្រុក​ទាំងពីរ​ហ្នឹង​ លោកបាន​ឆ្លើយ​ថា​ លោក​ពុំ​មាន​សមត្ថកិច្ច​ ឬ​ក៏​ហួស​ពី​សមត្ថកិច្ច​ក្នុង​ការ​ដោះ​ស្រាយ​ករណី​នេះ​ គាត់​ គាត់​បាន​អញ្ចឹង​ណ៎ា។​ គាត់​ថា​ ហួស​ពី​សមត្ថកិច្ច​ ប៉ុន្តែ​គាត់​អាច​ពាំ​នាំយក​ញ្ញត្តិ​ហ្នឹង​ទៅ​ជូន​ លោក​អភិបាល​ខេត្ត​ដើម្បី​ ជជែក​ពិគ្រោះ​គ្នា»។​ ​

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​ បន្ត​ថា ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋា​ភិបាល​ចំនួន​១៩.១០០​ ហិកតា។​ ផ្ទៃ​ដី​ទំហំ​២.២៣៨,៧​ ហិកតា ​ដែល​ប្រជាពលរដ្ឋ​មក​ពីស្រុក​ទាំង​ពីរកំពុង​ទាមទារ​នេះ ​គឺ​ស្ថិត​នៅ​ក្នុង​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន។​

លោកទួន​ សិលា​ អភិបាល​ស្រុក​ស្រែអំបិល​ និង​លោក​អន​ ភារៈ​ អភិបាល​ស្រុក​បទុម​សាគរ​បាន​មាន​ប្រសាសន៍​ប្រាប់ VOA​ ថា​ មន្ត្រី​សាលា​ស្រុក​ បាន​ទទួល​យក​ញ្ញត្តិ​ពី​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ។​ ក៏ប៉ុន្តែ​ អភិបាល​ស្រុក​ទាំងពីរ​ និយាយ​ថា​ ​អាជ្ញាធរ​ពុំមាន​សមត្ថកិច្ច​នៅ​ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នេះ​ទេ។​ អភិបាល​ស្រុក​ទាំងពីរ​បញ្ជាក់​ថា​ ញ្ញត្តិ​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាខេត្ត​កោះកុង។​

លោក ទួន​ សិលា​ អភិបាល​ស្រុក​ស្រែអំបិល បាន​ឲ្យ​ដឹង​ថា​ លោក​ទទួល​បាន​ញ្ញត្តិ​ពី​តំណាង​ប្រជា​ពល​រដ្ឋហើយ។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​ពុំមាន​លទ្ធភាព​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លីនេះ​ទេ។​ លោក​និយាយ​ថា៖​

«ព្រោះ​រឿង​នេះ​ ចង់​និយាយ​ថា​ ខ្ញុំ​និយាយ​ថា​ រឿង​វាផុត​ពី​ដៃ​អាជ្ញាធរ​ ព្រោះ​កន្លង​មក​ មាន​គណៈ​កម្មការ​អន្តរក្រសួង​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ហើយ​កន្លង​មក​ក្រុមហ៊ុន​ គាត់​បាន​ដោះ​ស្រាយ​ខ្លះ​ហើយ​ អញ្ចឹង​ណ៎ា។​ អញ្ចឹង​ចំពោះ​សំណូម​ពរ​របស់​គាត់​ហ្នឹងអាជ្ញាធរ​ ធ្វើ​របាយការណ៍​រាយការណ៍​ជូន​ ឯក​ឧត្តម​អភិបាល​ខេត្ត​ ដើម្បី​លោក​ចាត់​វិធានការ​សម្របសម្រួល​យ៉ាង​ម៉េចៗ​ណ៎ា​ អាហ្នឹង​ជាសិទ្ធិ​របស់​លោក»។​

រីឯ​លោក​ អន ភារៈ​ ​អភិបាល​ស្រុក​បទុម​សាគរ​ ច្រានចោល​ការ​ចោទប្រកាន់​របស់​តំណាង​ប្រជា​ពល រដ្ឋ​ ចំពោះ​ការ​ស្ទាក់​ស្ទើរ​ចិត្ត​របស់​លោក​ នៅ​ក្នុង​ការ​ទទួល​យក​ញ្ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​។​ លោក​ ​និយាយ​ថា​ ក្រុមហ៊ុន​បានដោះ​ស្រាយ​ទំនាស់​នេះ​ជា​បន្តបន្ទាប់​មក​ហើយ​ ហើយ​ថា​ការតវ៉ា​នៅ​ពេល​នេះ​ អាច​នឹង​ពិបាក​រក​ផ្លូវ​ដោះស្រាយ​ ដោយ​ជម្លោះនេះ​មាន​អាយុកាល​យូរឆ្នាំ​ ហើយ​អា​ជ្ញាធរ​ក៏មិនដឹង​ថា​ ដី​ធ្លី​របស់ប្រជាពលរដ្ឋ​ស្ថិតនៅ​កន្លែង​ណា​ដែរ។​ លោក​បញ្ជាក់​ថា៖​

«ទេ​ កន្លងមក​ហ្នឹង​ ក្រុមហ៊ុន​ឃើញ​គេដោះ​ស្រាយ​ ហូរហែរ​រហូត​តើ​ ហើយ​រឿង​១០​ ឆ្នាំ​ហើយ​បាន​ បានមកនេះទៀត​ ហើយ​មិនដឹង​ដី​នៅ​កន្លែង​ណា​ អីកន្លែង​ណា យើង​ម៉េចដឹង​»។​

យ៉ាងណាក៏ដោយ​ តំណាង​ប្រជាពលរដ្ឋ​ក្នុង​វិវាទ​ដី​ធ្លី​នេះ​ និយាយ​ថា​ ពួកគេ​នឹង​បន្ត​យុទ្ធនាការ​ផ្សេងៗ​បន្ថែម​ទៀត​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ប្រសិនបើ​អាជ្ញាធរ​ខេត្តនៅ​តែ​មិន​អាច​រក​ផ្លូវ​បំបែក​សំណុំ​រឿង​ដី​ធ្លី​របស់​ពួកគេ​បាន​នោះ។​

យុទ្ធនាការ​ទាំងនោះ​ រួមមាន​ការ​រៀប​ចំ​វេទិកា​សាធារណៈ​រវាង​អ្នកតំណាង​រាស្ត្រ​ និង​ជន​រង​គ្រោះ​ដីធ្លី​ ហើយ​នឹង​ការ​លើកគ្នា​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាដើម។

ពួកគេ​ថា​ ទំនាស់​នេះ​ ​គឺ​ផ្ដើម​ឡើង​ដោយ​ជំនួញ​រកស៊ី​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់​ ​សមាជិក​ព្រឹទ្ធ​សភាមកពី​គណបក្ស​គ្រប់​គ្រង​ប្រទេស។​ សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ ត្រូវ​ក្រុម​តំណាង​ប្រជា​ពល​រដ្ឋ​ឲ្យ​ដឹង​ថា​ បាន​ដើរ​ចេញ​ពី​ជំនួញ​ស្ករ​អំពៅ​របស់​លោក ​និង​បាន​បន្សល់​ទុក​ជម្លោះ​ដីធ្លី​នេះ។​ VOA​ ពុំទាន់អាចទាក់​ទង​លោក​ឧកញ៉ា​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​តំណាង​ក្រុម​ហ៊ុន​បានទេ នៅ​ថ្ងៃសុក្រ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG