ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋចំនួន២០៧គ្រួសារដែលបានបាត់បង់ដីធ្លីដោយសារតែការរឹបអូសដោយបង្ខំដើម្បីយកទៅអភិវឌ្ឍន៍ដើម្បីដាំអំពៅនិងសាងសង់រោងចក្រស្ករសនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ប្រឆាំងទៅនឹងក្រុមហ៊ុនអាមេរិកមួយ ដែលពួកគាត់អះអាងថា បានចុះកិច្ចព្រមព្រៀងទិញស្ករសពីប្រទេសកម្ពុជា ដើម្បីទៅលក់នៅលើទីផ្សារអន្តរជាតិ។
ប្រជាពលរដ្ឋទាំងនោះ ដែលមកពីភូមិចំនួនបី គឺភូមិឈូក ភូមិជីខ និងភូមិត្រពាំងកណ្តាល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថាខ្លួនប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុន American Sugar Refining (ASR) ឲ្យទទួលខុសត្រូវចំពោះការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋហើយស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយអន្តរាគមន៍ទៅលើបញ្ហានេះ។
លោក តេង កៅ ប្រជាពលរដ្ឋម្នាក់នៅក្នុងចំណោមម្ចាស់បណ្តឹងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថាក្រុមហ៊ុន ASR ដែលគ្រោងនឹងទិញស្ករសផលិតនៅលើដីទំនាស់ ដែលបានដោយសារតែការរឹបអូសពីពួកខ្លួនត្រូវតែមានចំណែកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋ ហើយក្រុមប្រជាពលរដ្ឋសង្ឃឹមថារដ្ឋាភិបាលអាមេរិក នឹងជួយធ្វើអន្តរាគមន៍ជំរុញឲ្យមានការទទួលខុសត្រូវពីក្រុមហ៊ុន ASR។
ក្រុមហ៊ុន American Sugar Refining (ASR) គ្រោងនឹងនាំយកស្ករសដែលផលិតនៅក្នុងខេត្តកោះកុងទៅលក់នៅសហភាពអឺរ៉ុប បន្ទាប់ពីបានទិញភាគហ៊ុនពីក្រុមហ៊ុនអង់គ្លេសឈ្មោះ Tate & Lyle។
ប្រជាពលរដ្ឋស្រុកស្រែអំបិល ចំនួន៤៥០គ្រួសារ មានទំនាស់ដីធ្លីនៅក្នុងការវិនិយោគ ការដាំដំណាំអំពៅនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយ។
ក្រុមប្រជាពលរដ្ឋអះអាងថាពួកគាត់ត្រូវបានបណ្តេញពីលំនៅដ្ឋានដោយបង្ខំ ហើយដីចំនួន១.៥០០ហិកតាត្រូវបានរឹបអូសដោយក្រុមហ៊ុន Koh Kong Sugar Industry និងក្រុមហ៊ុន Koh Kong Sugar Plantation ដែលជាប់ពាក់ព័ន្ធជាមួយនឹងលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកំពុងកាន់អំណាច ហើយក្រោយមកលោក លី យ៉ុងផាត់ ក៏បានលក់ភាគហ៊ុនរបស់ខ្លួនចេញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការ Earth Rights International ក្រុមប្រជាពលរដ្ឋបានបង្ហាញថាខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យទំនាក់ទំនងថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក ដែលមានភារកិច្ចដោះស្រាយវិវាទជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនដែលកំពុងតែរកស៊ីនៅក្រៅប្រទេស។
លោក ម៉ន វុទ្ធី មន្ត្រីគម្រោងដីធ្លីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថាក្រុមប្រជាពលរដ្ឋនៅតែត្រូវការដីរបស់ពួកគេត្រឡប់មកវិញបន្ទាប់ពីត្រូវបានរឹបអូស។
«ប្រជាជនគាត់សម្រេចដាក់ពាក្យប្តឹងបន្ត ដើម្បីឲ្យគេជួយរកដំណោះស្រាយឲ្យពួកគាត់។ តាមការទាមទាររបស់ប្រជាពលរដ្ឋ គឺគាត់ចង់បានដីមកវិញ»។
ក្រុមហ៊ុន ASR ដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដោយសារតែទូរស័ព្ទក្រុមហ៊ុនបានរោទិ៍ តែគ្មានអ្នកទទួល។
លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថាលោកមិនអាចបញ្ជាក់បានទេ ថាតើបណ្តឹងរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវបានទទួលដោយភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកហើយឬនៅហើយលោកបញ្ជាក់ថាស្ថានទូតសហរដ្ឋអាមេរិកនឹងធ្វើការតាមដានទៅលើស្ថានភាពនេះ។
ដោយឡែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាប្រជាពលរដ្ឋគួរតែស្វែងរកដំណោះស្រាយនៅក្នុងស្រុកប្រសើរជាង។
«ការប្តឹងនេះ គ្រាន់តែមានទិដ្ឋភាពនយោបាយ ប្រើប្រាស់ដាក់សម្ពាធ បំផ្លាញមុខមាត់របស់កម្ពុជាដែលជាទិសដៅនយោបាយតែប៉ុណ្ណោះ។ ខ្ញុំនៅតែលើកទឹកចិត្តប្រើប្រាស់ប្រព័ន្ធក្នុងស្រុក ជាពិសេសតុលាការហ្នឹងក្នុងការដោះស្រាយវិវាទនេះ»។
ក៏ប៉ុន្តែលោក ម៉ន វុទ្ធី លើកឡើងថាសមត្ថកិច្ចតុលាការនៅក្នុងស្រុកមិនបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទេ បន្ទាប់ពីក្រុមប្រជាពលរដ្ឋបានធ្វើការតស៊ូអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕