ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​មេធាវី​អាមេរិកាំង​រៃ​អង្គាស​ថវិកា​ជួយ​តស៊ូ​ក្តី​ឱ្យ​ពលរដ្ឋ​កម្ពុជា​នៅ​តុលាការ​អង់គ្លេស

  • ម៉ែន គឹមសេង

ក្រុម​អ្នកភូមិ​នៅ​ខេត្តកោះកុង​និង​កំពង់ស្ពឺ​ បាន​ចោទប្រកាន់​លោក​​ឧកញ៉ា​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ខំ​ឱ្យ​ចេញ​ពី​ដី​របស់​ពួកគេ​ដើម្បី​យក​ដី​ដាំ​អំពៅ។
វ៉ាស៊ីនតោន៖ អង្គការ​គម្រោង​មេធាវីអន្តរជាតិជើងចាស់​របស់​អាមេរិកាំង ​កំពុងធ្វើ​យុទ្ធនាការតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បីរៃអង្គាស​ថវិកា​សម្រាប់​ជួយ​បន្ត​ដល់​សំណុំ​រឿង ​«ស្ករ​លោហិត»​ដែល​បាន​ប៉ះពាល់ដល់ប្រជា​ពលរដ្ឋ​ក្រីក្រ​រាប់​រយ​គ្រួសារក្នុង​ប្រទេស​កម្ពុជា។

សំណុំ​រឿង​នេះ​ កំពុង​តែ​ដំណើរ​ការ​នៅ​តុលាការ​ប្រទេស​អង់គ្លេស ​ដោយ​ប្តឹង​ក្រុមហ៊ុន​ស្ករសដ៏​ធំ​ឈ្មោះ​ Tate and Lyle ​ដែល​បាន​ទិញ​ផលិតផល​ស្ករ​អំពៅ​ដែល​ដាំនៅ​ប្រទេស​កម្ពុជា។

អ្នក​រៀបចំ​បាន​បញ្ជាក់​ថា ​គេ​មាន​គម្រោង​ប្រមូល​ថវិកា​ឱ្យ​បាន​ចំនួន​១៥.០០០ដុល្លារចាប់​ពី​ថ្ងៃ​ច័ន្ទ​រហូត​តទៅ ប៉ុន្តែ​ពួកគេ​ ក៏​កំពុង​ប្រឈម​មុខ​នឹង​តម្រូវ​ការ​ប្រមូល​ថវិកា​ឱ្យ​បាន​៥០០០​ដុល្លារ​ជាជំហាន​ដំបូង​មុនថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៣​នេះ ដើម្បី​អាច​បន្ត​យុទ្ធនាការ​ជំហាន​ទីពីរ​ដែល​ត្រូវប្រមូលថវិកាឱ្យ​បានតាម​គោលដៅ​នាពេល​ក្រោយ។ ការរៃ​អង្គាស​នេះ​ធ្វើ​តាម​រយៈ​គេហទំព័រ​រៃ​អង្គាស​ថវិកា​អន្តរជាតិ​ដែល​មាន​ឈ្មោះ ថា​ Global Giving ​ហើយ​សម្រាប់​យុទ្ធនាការ​របស់​ក្រុម​អ្នក​ច្បាប់​នេះ​មានអាសយដ្ឋាន www.globalgiving.org/projects/islp-cambodian-land-grab។

ចំនួន​ទឹកប្រាក់​ដែល​បរិច្ចាគ​នេះ​មាន​ចំនួន​ចាប់​ពី​២៥​ដុល្លារឡើង​ទៅ។

លោក​ស្រី Heather Eisenlord នាយិកា​កម្មវិធី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​គម្រោង​មេធាវី​អន្តរជាតិ​ជើង​ចាស់​ដែល​មាន​មូលដ្ឋាន​នៅ ទីក្រុង​ញ៉ីវយ៉ក បាន​បញ្ជាក់​ថា៖

«តាម​ពិត​ទៅ​ថវិកា​ទោះបី​តិចតួច​ក៏​អាច​ចូលរួម​ចំណែក​ដល់​ការសម្រេចបាន​យុត្តិធម៌​សម្រាប់អ្នក​ភូមិ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដែល​យើង​កំពុង​ធ្វើ​តំណាង​ឱ្យ ហើយ​វា​ក៏​ជួយ​កសាង​គំរូ​ដ៏​ជោគជ័យ​មួយ​ដែល​អាច​ប្រើ​ប្រាស់​ដើម្បីស្វែងរក​យុត្តិធម៌ សម្រាប់ជន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​យក​ដី​ធ្លី​មិន​គ្រាន់​តែ​នៅ កម្ពុជា​ទេ​ប៉ុន្តែ​នៅ​ជុំ​វិញ​ពិភពលោក​ផងដែរ​។ ផល​ដែល​បាន​មក​ពី​ការ​បរិច្ចាគ​ទោះបី​តិចតួច​តែ​មាន​ន័យ​ជ្រៅ​និង​ទូលាយ​ណាស់»។​

ថវិកាដែល​ប្រមូល​បាន​នឹង​ត្រូវ​ចំណាយ​លើការ​ចំណាយ​ផ្សេងៗ​ដែលទាក់​ទង​នឹង​ក្រដាស​ស្នាម​និង​ការធ្វើ​ដំណើរ​ទៅ​ផ្តល់​សក្ខីកម្ម​របស់​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ ការបកប្រែ​ឯកសារ​និង​ការ​ផ្តល់​ប្រឹក្សា​របស់​អ្នក​ជំនាញ​ស្តី​ពី​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។

ក្នុង​ឆ្នាំ​២០០៦​ មាន​ពលរដ្ឋ​ក្រី​ក្រ​ចំនួន​២០០​គ្រួសារ​រស់​នៅក្នុង​ខេត្ត​កោះកុង ដែលត្រូវ​បាន​លោក​ឧកញ៉ា​លី យ៉ុងផាត់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បង្ខំ​ឱ្យ​ចេញ​ពី​ដី​របស់​ពួកគេ​ដើម្បី​យក​ដី​ដាំ​អំពៅ។ ដំណាំ​របស់​ពលរដ្ឋ​ទាំងនោះ ត្រូវ​បាន​បំផ្លាញ ​ហើយ​អ្នក​ដែល​ហ៊ាន​តវ៉ា​ត្រូវ​គេ​វាយ​ធ្វើ​បាប​យ៉ាង​សាហាវ​ឃោរឃៅ។​ ផលិតផល​ស្ករអំពៅ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករស Tate and Lyle ​នៅ​ក្នុង​ប្រទេស​អង់​គ្លេស។

​តុលាការ​កម្ពុជា​បាន​ពន្យាពេល​មិន​ផ្តល់​ឱកាស​រក​យុត្តិធម៌ ជូន​ជន​រងគ្រោះ ដោយ​សារសកម្ម​ភាព​ចាប់​រំលោភ​យក​ដី​នេះ​ដែល​ក្រុមហ៊ុន​នោះទទួល​បាន​តាម​រយៈ​សម្បទាន​ដី​សេដ្ឋកិច្ច ទើប​មាន​ការ​ចេញ​មកតស៊ូ​តាម​ផ្លូវ​ច្បាប់​នេះ​ទៅ​ក្រៅ​ប្រទេសវិញ។

លោកស្រី​ Heather Eisenlord ​ក៏​បញ្ជាក់​ដែរ​ថា ​នេះ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ជួយ​ដល់​អ្នកក្រី​ក្រ​គ្មាន​ទីពឹង​នៅ​កម្ពុជា​ ហើយ​ការដែល​ប្តឹង​ក្រុមហ៊ុន​ដ៏​ធំ​ដូចនេះ​ ជា​ការ​ឱ្យ​ដំណឹង​ដល់​ក្រុមហ៊ុន​បរទេស​ដែល​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​ដែល​រកស៊ី​នៅ​កម្ពុជា​ដោយ​ការ​គៃ​បន្លំ​លើ​ញើសឈាម​ប្រជាពលរដ្ឋ​ក្រីក្រ​ ឱ្យ​មាន​ការស៊ើបអង្កេត​ត្រឹម​ត្រូវ​មុន​នឹង​ទិញ​ផលិតផល​នោះ។​

«ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​ការ​ស៊ើប​ប្រវត្តិ​ឱ្យ​បាន​ច្បាស់ដើម្បី​កំណត់​ថា​ក្រុមហ៊ុន​នោះ​ធ្វើតាម​ច្បាប់​សិទ្ធិ​មនុស្ស​ទេ​ អញ្ចឹង​ក្រុមហ៊ុន​ពហុជាតិ​ទាំងនោះ​ត្រូវ​គេ​ចាប់​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​មក​ពី​ការផលិត​ទំនិញ​ថោកៗ​ដែល​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ផ្តល់​ឱ្យ។​ យើង​លែង​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ពហុជាតិ​រកប្រាក់​ចំណេញ​កប់​ក្តោង​ដោយ​ធ្វើការ​ព្យួរ​ស្រែ​លើ​ខ្នង​រាស្រ្ត​ក្រីក្រ​ ហើយ​ពេល​ខ្លះ​ដោយ​យក​ជីវិត​អ្នកក្រ​ទាំង​នោះ​ផង។ អញ្ចឹង​ហើយ​បាន​ជា​ការបរិច្ចាគ​ថវិកា​សម្រាប់​យុទ្ធនាការ​នេះ​វា​សំខាន់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ការ​រកស៊ី​ដោយ​មិនមាន​ទោសពៃរ៍​អ្វី»។

សវនាការត្រូវ​គេរំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​ក្នុង​តុលាការ​ពាណិជ្ជ​កម្ម​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

លោក​ម៉ាក ម័រស្តឹន មេធាវី​អាមេរិកាំង​នៃក្រុម​ហ៊ុន​មេធាវី​Rees Broomeដែល​ជួយដល់​ពលរដ្ឋ​រងគ្រោះ​បាន​បញ្ជាក់​ថា​សំណុំ​រឿង​នេះ​មាន​សារៈ​សំខាន់​ណាស់​ដោយ​សារ​វា​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ឱ្យ​កសិករ​ខ្មែរ​យល់​ថា​នៅ​ពេល​ណា​ដែល​ប្រព័ន្ធ​ច្បាប់​ប្រទេសកម្ពុជា​មិន​អាច​ផ្តល់​សំណង​សមរម្យ​គឺ​នៅ មាន​តុលាការ​អន្តរជាតិ​ទៀត​ ជាពិសេស​គឺមាន​តុលាការ​ពាណិជ្ជកម្មទៀត​គឺ​មិន​គ្រាន់​តែ មាន​តុលាការ​សិទ្ធិ​មនុស្ស​មួយ​មុខ​ទេ​ដែល​អាច​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​បាន។

លោក​បាន​បន្ថែម​ថា៖

​«ខ្ញុំ​គិត​ថា​វា​ជា​ដំណាក់​ការ​ដ៏​សំខាន់​មួយ។ វា​ទទួល​ដឹង​ឮ​នូវ​ការរំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាដើម្បី មាន​មូលដ្ឋាន​ពាណិជ្ជកម្ម​មួយ និង​ជា​លទ្ធផល​គឺ​មាន​តុលាការ​ពាណិជ្ជកម្ម​មួយ​ដែល​មាន​លទ្ធភាព​និង​សមត្ថភាព​ពង្រឹង​នូវ​យន្ត​ការ​និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ដែល​តុលាការ​កម្ពុជា​មិន​អាចផ្តល់​បាន​ឬ​បដិសេធ​មិន​ផ្តល់​ជូន​ពលរដ្ឋ»។

យោង​តាម​ប្រភព​ពី​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ការចរចា​ផ្តល់​សំណង​កំពុង​កើត​មាន​រវាង​ក្រុមហ៊ុន​ជាមួយ​នឹង​ពលរដ្ឋប៉ុន្តែ​នៅ មិន​ទាន់​បាន​ឈាន​ដល់​ការព្រម​ព្រៀង​ជា​ផ្លូវការ​ណាមួយ​នៅ ឡើយ​ទេ។​ ក្រុម​មេធាវី​យល់​ថា​ភាគី​ទាំង​អស់​យល់​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​សំណុំ​រឿង​នេះ​ចំពោះ​កិត្តិយស​ក្រុមហ៊ុន​និង​ការ​រំលោភ​ច្បាប់​ដែល​មាន​នៅ​ប្រទេស​កម្ពុជា៕
XS
SM
MD
LG