តំណាងប្រជាពលរដ្ឋនៅឃុំអមលាំងខេត្តកំពង់ស្ពឺគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេស បែលហ្សិក ជាមួយនឹងមន្ត្រីអង្កការក្រៅរដ្ឋាភិបាល ដើម្បីជជែកជាមួយសហគមន៍អឺរ៉ុបអំពីគម្រោងនាំស្ករសរបស់ក្រុមហ៊ុនលី យុងផាត់។ ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ឋសភាខាងគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ឋិពលបានចុះពិធីសារព្រមព្រៀងជាមួយសហគមន៍អឺរ៉ុបក្នុងការនាំស្ករសទៅកាន់ទីផ្សាររបស់សហគមន៍អឺរ៉ុប។ ឥឡូវនេះក្រុមហ៊ុននេះបានទទួលរងនូវការចោទប្រកាន់ថា បានរំលោភសិទ្ឋិមនុស្ស និងរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។
លោក សុខ ហេង មន្រ្តីបណ្តាញសហគមន៍ ដែលតាមឃ្លាំមើលការរំលោភដីធ្លីរបស់អង្គការក្រៅរដ្ឋាភិបាលមួយ បានមានប្រសាសន៍ថា លោកគ្រោងនឹងនាំលោក យូ ថូ តំណាងប្រជាពលរដ្ឋនៅឃុំ អមលាំង ខេត្តកំពង់ស្ពឺទៅកាន់ប្រទេសបែលហ្សិក ដើម្បីជជែកជាមួយសហគមន៍អ៊ឺរ៉ុបក្នុងការនាំស្ករសរបស់ក្រុមហ៊ុនលី យ៉ុងផាត់។
ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ឋសភាដ៏មានឥទ្ឋិពលមួយរូបខាងគណបក្សប្រជាជនកម្ពុជា បានចុះពិធីសារស្ករសជាមួយនឹងសហគមន៍អ៊ឺរ៉ុប ដែលគេរំពឹងថានឹងអាចនាំស្ករស ទៅកាន់ទីផ្សាររបស់សហគមន៍អ៊ឺរ៉ុបដែលនឹងកើនឡើងទ្វេដងនៅឆ្នាំ២០១២ខាងមុខនេះ។
ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅក្នុងខេត្តឧត្តមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងច្រើនរាប់ម៉ឺនហិចតា សម្រាប់ធ្វើការអភិវឌ្ឍន៍ដាំដើមអំពៅ ដើម្បីផលិតចេញជាស្ករស។
ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងនោះ ព្រមទាំងមន្រ្តីសិទ្ឋិមនុស្សបាននិយាយថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានរំលោភទៅលើសិទ្ឋិមនុស្ស និងរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។
លោក សុខ ហេង ដែលធ្លាប់បានចូលរួមប្រជុំកាលពីដើមខែនេះ ជាមួយនឹងសហគមន៍អ៊ឺរ៉ុបនៅក្នុងប្រទេសបែលហ្សិក លោកបានមានប្រសាសន៍ថា នៅពេលឆាប់ៗខាងមុខនេះ លោក និងលោក យូថូ នឹងទៅជួបសហគមន៍អ៊ឺរ៉ុបជាថ្មីម្តងទៀត។
លោក សុខ ហេង បានមានប្រសាសន៍ទៀតថា លោកនឹងពន្យល់សហគមន៍អ៊ឺរ៉ុបអំពីក្រុមហ៊ុន របស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលជាប់ពាក់ព័ន្ឋ នឹងការរំលោភសិទ្ឋិមនុស្ស និងរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។
«អ្វីដែលសហគមន៍អ៊ឺរ៉ុបកំពុងតែផ្តល់ឱកាសឲ្យក្រុមហ៊ុននៅក្នុងស្រុកខ្មែរហ្នឹង គឺជាការចូលរួមចំណែកដែលធ្វើឲ្យក្រុមហ៊ុន នឹងទទួលផលកម្រៃយ៉ាងច្រើន ហើយក្រុមហ៊ុនហ្នឹង កំពុងតែរំលោភនូវសិទ្ឋិមនុស្ស រំលោភដីធ្លីអ្នកស្រុក ដែលមិនបានការជជែកវែកញែកពីគ្រោះយោបល់ឲ្យបានត្រឹមត្រូវ និងការបំផ្លាញធនធានធម្មជាតិអញ្ចឹង»។
សហគមន៍អ៊ឺរ៉ុបមានសិទ្ឋិទទួលទិញទំនិញពីបណ្តាប្រទេសផ្សេងៗ ដែលមានបំណងនាំយកទំនិញទៅកាន់ទីផ្សាររបស់សហគមន៍អ៊ឺរ៉ុបលើកលែងតែអាវុធ។
លោក យូ ថូ តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអមលាំង ខេត្តកំពង់ស្ពឺ បាននិយាយថា លោកពុំទាន់ដឹងអំពីប្រធានបទអ្វី នឹងលើកយកទៅប្រាប់សហគមន៍អ៊ឺរ៉ុបនោះទេ ក៏ប៉ុន្តែទំនងជាលើកយកបញ្ហារំលោភដីធ្លីរបស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងការរំលោភសិទ្ឋិប្រជាពលរដ្ឋទៅប្រាប់សហគន៍អ៊ឺរ៉ុប។
«អត់ទាន់ដឹងដែរ ព្រោះវានៅយូរថ្ងៃទៀតនៅឡើយ ហើយខ្ញុំមិនទាន់បានពិភាក្សាគ្នា ហើយខាងសហគមន៍អ៊ឺរ៉ុប អញ្ចើញទៅហ្នឹង ដឹងគាត់ត្រូវការអ្វីឲ្យខ្ញុំធ្វើអ្វីផង។ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាទៅទស្សនកិច្ច»។
អ្នកស្រី ឈាង គឹមស៊ុន តំណាងក្រុមហ៊ុនកំពង់ស្ពឺ SUGAR របស់លោកឧកញ៉ា លី យ៉ុងផាត់ បាននិយាយថា ការលើកឡើងរបស់លោកយូ ថូ ទៅសហគមន៍អ៊ឺរ៉ុប គឺជាសិទ្ឋិរបស់លោក។
អ្នកស្រីបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់អ្នកស្រីពុំបានរំលោភសិទ្ឋិមនុស្ស និងរំលោភដីធ្លី ដូចមានការចោទប្រកាន់ទេ។
«យូ ថូ ជាមនុស្សម្នាក់ ដែលប្រឆាំងនឹងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល អញ្ចឹងចង់ផ្ទុក ឬ មិនផ្ទុកជារឿងរបស់យូ ថូ ជារឿងបុគ្គលរបស់គាត់ តែអ្វីដែលខាងក្រុមហ៊ុនខ្ញុំធ្វើ គឺខ្ញុំបានអនុវត្តទៅតាមគោលការណ៍របស់រដ្ឋាភិបាល។ ហើយបើថា យូ ថូ មានសិទ្ឋិទប់ស្កាត់ ឬក៍ធ្វើអ្វីយ៉ាងម៉េច គឺរឿងសិទ្ឋិរបស់គាត់»។
មន្រ្តីរបស់សហគមន៍អ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា ដែលបានផ្តួចផ្តើមដំណើទស្សនកិច្ចរបស់ប្រជាពលរដ្ឋ និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលទៅកាន់សហគមន៍អ៊ឺរ៉ុបនោះ ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃសុក្រនេះ។
កាសែតជាភាសាអង់គ្លេសមួយឈ្មោះថា The Cambodia Daily ធ្លាប់បានផ្សព្វផ្សាយថា កាលពីខែមិថុនា ស្ករសចំនួន១ម៉ឺនតោនធ្លាប់បានដឹកទៅកាន់ក្រុមហ៊ុនឧស្សាហកម្មអង់គ្លេសដ៏ធំមួយដែលមាន ឈ្មោះថា Tate និងLyle ដែលក្រុមហ៊ុននេះ ធ្លាប់បានផ្សព្វផ្សាយអំពីការប្រើប្រាស់ពិធីសារស្ករសរបស់ សហគមន៍អ៊ឺរ៉ុបជាមធ្យោបាយមួយក្នុងការបង្កើនប្រាក់ចំណេញ៕