ប្រជាពលរដ្ឋប្រមាណ៥០០នាក់មកពីស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គ្រោងនឹងធ្វើការហែក្បួនដោយម៉ូតូយកញត្តិទៅដាក់នៅសាលាស្រុកចំនួនពីរ ដើម្បីទាមទារដីធ្លី និងសំណងខូចខាតពីក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដែលកំពុងដាំដំណាំអំពៅនៅលើដីរបស់ពួកគេ។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្ត្រីការពារសិទ្ធិមនុស្ស និងតំណាងប្រជាពលរដ្ឋក្នុងខេត្តកោះកុងនាថ្ងៃអង្គារនេះ។
ផែនការហែក្បួនដោយម៉ូតូចំនួន២៥០គ្រឿង ដោយមានមនុស្សប្រមាណ៥០០នាក់ចូលរួមនេះ កើតមាន បន្ទាប់ពីអាជ្ញាធរខេត្ត និងក្រុមហ៊ុន មិនព្រមរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីទំហំ២២៣៨.៧ហិកតា ដែលបានអូសបន្លាយតាំងពីឆ្នាំ ២០០៦មក។
ប្រជាពលរដ្ឋប្រមាណ ៥២៦គ្រួសារកំពុងជាប់គាំងនៅក្នុងជម្លោះដីធ្លីនេះ។
លោក អ៊ិន គង់ជិត មន្ត្រីការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បានប្រាប់ VOA ថា អាជ្ញាធរមានសមត្ថកិច្ច មិនត្រូវរារាំងការហែក្បួនដែលនឹងត្រូវធ្វើឡើងដោយសន្តិវិធី និងមិនប៉ះពាល់ដល់ប្រយោជន៍បុគ្គលណាមួយ ឬក៏រំខានដល់សាធារណៈជននោះឡើយ។
លោកនិយាយថា អាជ្ញាធរខេត្តត្រូវរួសរាន់ចាត់ក្រុមការងារមួយដើម្បីបើកការស្រាវជ្រាវលើចំនួនគ្រួសារ និងផ្ទៃដី ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះឲ្យបានឆាប់។
លោក អ៊ិន គង់ជិត ឲ្យដឹងទៀតថា នៅក្នុងរយៈពេល១០ឆ្នាំមកនេះ ប្រជាពលរដ្ឋកំពុងធ្លាក់ខ្លួនរស់នៅក្នុងភាពក្រីក្រ ដោយសារការបាត់បង់ដីស្រែចម្ការសម្រាប់បង្កបង្កើនផល។
«ក្នុងរយៈពេល១០ឆ្នាំនេះ អ្នកដែលបាត់បង់ដីធ្លីទាំងនោះ បានធ្លាក់ទៅក្នុងស្ថានភាពមួយ ក្រីក្រលំបាកតោកយ៉ាក ហើយធ្វើចំណាកស្រុក ហើយធ្លាក់ ធ្លាក់ខ្លួនជាជនក្រីក្រហ្មងបាទ»។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បន្ថែមថា ទំនាស់នេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ ២០០៦ គឺនៅក្នុងពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរឹបអូសដីប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរឲ្យទៅក្រុមហ៊ុនផលិតស្ករអំពៅចំនួនពីរ គឺក្រុមហ៊ុន កោះកុងស៊ូហ្គើរ និងកោះកុងផ្លេនថេស៊ិន អ៊ិនដាស្ទ្រីខមភេនីលីមីធីត។
លោកថ្លែងថា ក្រុមហ៊ុនទាំងពីរបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន១៩១០០ ហិកតា។ ផ្ទៃដីទំហំ២២៣៨.៧ ហិកតា ដែលប្រជាពលរដ្ឋមកពីស្រុកទាំងពីរកំពុងទាមទារនេះ គឺស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានប្រគល់ជូនទៅឲ្យក្រុមហ៊ុន។
សំណើរបស់ប្រជាពលរដ្ឋដែលបានជូនទៅកាន់អភិបាលខេត្តកោះកុងកាលពីសប្តាហ៍មុននេះដើម្បីធ្វើការហែក្បួន បានឲ្យដឹងថា ក្រុមអ្នកតវ៉ា នឹងជួបជុំគ្នានៅផ្ទះតំណាងប្រជាពលរដ្ឋមួយរូបក្នុងស្រុកស្រែអំបិលនៅថ្ងៃសុក្រខាងមុខនេះ។
ពួកគេនឹងធ្វើសកម្មភាពដាក់ញត្តិចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅក្នុងថ្ងៃដដែលនោះ។
អ្នកស្រី ផាវ ញឺង តំណាងប្រជាពលរដ្ឋមកពីភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិលខេត្តកោះកុងថ្លែងថា អាជ្ញាធរស្រុកស្រែអំបិល បានស្នើសុំឲ្យមានការបន្ថយចំនួនអ្នកចូលរួម ហើយក៏បង្គាប់ឲ្យក្រុមអ្នកចូលរួមការដាក់ញត្តិនេះ មិនឲ្យប្រើសារនយោបាយក្នុងការហែក្បួននេះទេ។
អ្នកស្រីបញ្ជាក់ថា ក្រុមតំណាងប្រជាពលរដ្ឋ បានជម្រាបទៅអាជ្ញាធរថា អ្នកចូលរួមហែក្បួននឹងមិនប្រើសារនយោបាយណាមួយនោះទេ។
«ពួកយើងបានបញ្ជាក់ជូនគាត់ហើយថា ពួកយើងហ្នឹងគឺជាជនរងគ្រោះ ទោះបីជាអ្នកហ្នឹង ជាអ្នកនយោបាយក៏ដោយ ក៏មកក្នុងថ្ងៃហ្នឹងគឺថ្ងៃមកតវ៉ាដីធ្លី គឺអត់មានរឿងសារនយោបាយអីទេ។ សាររបស់យើងគឺយើងបាត់ដី គឺបាត់ជីវិត ហើយពួកយើងកសិករត្រូវការដី ដូចជាមន្ត្រីរាជការត្រូវការប្រាក់បៀវត្សអញ្ចឹង។ អញ្ចឹងយើងអត់មានទៅទាមទារសារនយោបាយ ឬក៏បម្រើនយោបាយបក្សណាមួយនោះទេ»។
អ្នកស្រីបន្ថែមថា ប្រជាពលរដ្ឋរងគ្រោះ ក៏បានទាមទារឲ្យក្រុមហ៊ុនសងសំណងដល់ការខូចខាត បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយដីដំណាំរបស់ពួកគេដើម្បីធ្វើប្រតិបត្តិការដាំដុះអំពៅ និងផលិតស្ករស។
យ៉ាងណាក៏ដោយ លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានឆ្លើយតបទៅអ្នកត្រៀមខ្លួនហែក្បួននោះនៅក្នុងលិខិតផ្លូវការរបស់លោកចុះថ្ងៃទី១៨ ខែមីនាថា៖ «ដើម្បីរក្សាបាននូវរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជៀសវាងប៉ះពាល់សិទ្ធិអ្នកដទៃ សាលាខេត្តមិនអញ្ញាតឲ្យអស់លោកធ្វើការដង្ហែក្បួនដើម្បីដាក់ញត្តិនោះឡើយ»។
លោក ប៊ុន លើត បានមានប្រសាសន៍ប្រាប់ VOA តាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារនេះថា អាជ្ញាធរខេត្ត នឹងមិនមានការរារាំងការហែក្បួននេះទេ តែលោកថា ការហែក្បួន ក៏មិនអាចរកផ្លូវដោះស្រាយបញ្ហាបានដែរ។
លោកមានប្រសាសន៍ថា លោកចង់ឃើញការជជែកគ្នានៅលើតុ ជាជាងការប្រើប្រាស់យុទ្ធនាការតស៊ូមតិដោយការហែក្បួននេះ។
«ហើយបើសិនជាហែអញ្ចឹង វាដោះស្រាយបានដែរ? វាអត់បានដដែលទេ។ វាត្រូវតែមកអង្គុយជជែកគ្នា»។
ប៉ុន្តែ លោក ប៊ុន លើត មិនអាចបញ្ជាក់បានទេថា ជម្លោះជិតមួយទសវត្សនេះ នឹងត្រូវបញ្ចប់នៅពេលណាឡើយ ហើយថា ក្រុមការងារអន្តរក្រសួង កំពុងពិនិត្យលើជម្លោះនេះ។
ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនេះ គឺស្ថិតនៅក្នុងករណីជម្លោះដីធ្លីចំនួន ១២ករណីធំៗដែលនៅសេសសល់ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងទៅតាមការស្រាវជ្រាវរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា។
មន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលនេះ ឲ្យដឹងថា យុទ្ធនាការមួយនឹងត្រូវធ្វើឡើង ដើម្បីស្នើសុំឲ្យប្រមុខរដ្ឋាភិបាល រកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីនេះ។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំមិនធ្វើការអធិប្បាយដោយលោកបានបង្វែរសំណួរទៅកាន់មន្ត្រីគ្រប់គ្រងខេត្តកោះកុងវិញ។
VOA ពុំទាន់អាចទាក់ទងតំណាងក្រុមហ៊ុនបានទេនៅថ្ងៃអង្គារនេះ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់ក្រសួងបរិស្ថានដែលធ្វើឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានឲ្យដឹងថា ជម្លោះដីធ្លីនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច បានបញ្ចប់ទៅស្ទើរតែទាំងអស់ហើយដោយសាររាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកមកវិញផ្ទៃដីជិត១លានហិកតា ពីដីសម្បទានសេដ្ឋកិច្ចទំហំសរុបជាង២លានហិកតា ដែលបានជួលទៅឲ្យក្រុមហ៊ុនឯកជន។
លោកបានឲ្យដឹងបន្ថែមថា ទំហំដីដែលដកយកមកវិញនេះ នឹងទុកធ្វើជាដីសម្បទានសង្គមកិច្ច។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី នៅពេលនោះ មិនបានសំដៅដល់ការឃ្វាលដីរបស់ប្រជាពលរដ្ឋដែលកំពុងជាប់គាំងនៅក្នុងដីសម្បទានសេដ្ឋកិច្ចនោះទេ។
តំណាងប្រជាពលរដ្ឋក្នុងវិវាទដីធ្លីនេះ និយាយថា ពួកគេនឹងបន្តយុទ្ធនាការផ្សេងៗបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយ ប្រសិនបើអាជ្ញាធរខេត្តនៅតែមិនអាចរកផ្លូវបំបែកសំណុំរឿងដីធ្លីរបស់ពួកគេបាននោះ។
យុទ្ធនាការទាំងនោះ រួមមានការរៀបចំវេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងជនរងគ្រោះដីធ្លី ហើយនិងការលើកគ្នាមកតវ៉ានៅរាជធានីភ្នំពេញជាដើម។
ពួកគេថា ទំនាស់នេះ គឺផ្ដើមឡើងដោយជំនួញរកស៊ីរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សគ្រប់គ្រងប្រទេស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវក្រុមតំណាងប្រជាពលរដ្ឋឲ្យដឹងថា បានដើរចេញពីជំនួញស្ករអំពៅរបស់លោក និងបានបន្សល់ទុកជម្លោះដីធ្លីនេះ។
VOA ពុំទាន់អាចទាក់ទងតំណាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ បានទេនៅថ្ងៃអង្គារនេះ៕