វ៉ាស៊ីនតោន៖ ក្រុមមេធាវីអាមេរិកាំងមួយក្រុមកំពុងរៀបចំឯកសារដើម្បីប្តឹងទៅតុលាការមួយនៅសហគមន៍អឺរ៉ុបដើម្បីដាក់ការគាបសង្កត់ឱ្យមានដំណោះស្រាយសមស្របចំពោះជនរងគ្រោះដោយសារទំនាស់ដីធ្លីនៅខេត្តកោះកុងជាមួយនឹងក្រុមហ៊ុនលោកឧកញ៉ាលី យ៉ុងផាត់ដែលពលរដ្ឋចោទថាបានរឹបអូសដីរបស់ពួកគេយកមកដាំអំពៅដើម្បីផលិតជាស្ករស។
លោកមេធាវី ម៉ាក ម៉ស្តេន មកពីក្រុមហ៊ុនមេធាវី Rees Broome ដែលមានទីតាំងនៅរដ្ឋ Virgina បានបញ្ជាក់ប្រាប់វីអូអេកាលពីពីរសប្តាហ៍មុននេះថា៖
«យើងបានសំឡឹងរកមើលថាតើដំណាំកសិផលនោះត្រូវបានគេនាំយកទៅប្រទេសណាហើយយើងមានចេតនាពេញលេញក្នុងការចាត់ការតាមផ្លូវច្បាប់នៅតុលាការនៃប្រទេសដែលទំនិញទាំងនោះត្រូវបានគេនាំចូល»។
មានក្រុមប្រជាពលរដ្ឋចំនួន២០៧គ្រួសារកំពុងទទួលរងគ្រោះពីការរឹបអូសយកដីធ្លីពីលោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាដែលបានទទួលសិទ្ធិក្នុងឆ្នាំ២០០៦ដើម្បីអភិវឌ្ឍដីនៅ ស្រុកស្រែអំបិល ខេត្តកោះកុងសម្រាប់ដាំដំណាំអំពៅនិងសាងសង់រោងចក្រផលិតស្ករស។
លោកតេង កៅតំណាងប្រជាពលរដ្ឋបានប្រាប់វីអូអេថាពលរដ្ឋបានប្រើប្រាស់ពេលវេលាអស់ជាច្រើនឆ្នាំដើម្បីទាមទារឱ្យមានដំណោះស្រាយសមស្របហើយពេលនេះបានអស់សង្ឃឹមលើប្រព័ន្ធតុលាការក្នុងស្រុកក្នុងការស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់ដោយសារតែមានការពន្យាពេលម្តងហើយម្តងទៀតនឹងចុងក្រោយមានការបង្វែរសំណុំរឿងមកឱ្យក្រុមសូរិយោដីខេត្តដោះស្រាយវិញ។
លោកតេង កៅបញ្ជាក់បន្ថែមថា៖
«បើសិនជាតុលាការនៅក្រៅស្រុកអាចចូលមកដោះស្រាយគឺខ្ញុំអាចសង្ឃឹមជឿជាក់ថាប្រហែលជាអាចដំណើរការទៅមុខបានព្រោះរាល់ថ្ងៃនៅកម្ពុជាមានតែរដ្ឋាភិបាលហើយពួកខ្ញុំដាក់ពាក្យបណ្តឹងគឺអត់មានទៅមុខសោះបានជាខ្ញុំដាក់ទៅក្រៅប្រទេសដែលអាចឱ្យគេមកនិយាយជាមួយរដ្ឋាភិបាលបាន។ ការផ្តល់ដីសម្បទាននេះហើយដែលប៉ះពាល់ដល់ប្រជាពលរដ្ឋវិនាសហិនហោច»។
ក្រុមហ៊ុនថៃដែលមានជាប់ពាក់ព័ន្ធក្នុងការវិនិយោគលើផលិតផលអំពៅនៅកោះកុងជាមួយនឹងលោកលី យ៉ុងផាត់មានឈ្មោះ ខេអេសអឹល ហើយស្ករសត្រូវបានគេរាយការណ៍ថាបានលក់ទៅឱ្យក្រុមហ៊ុន Tate and Lyle Sugar ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។
លោកមេធាវីម៉ាក ម៉ស្តេន បានបញ្ជាក់បន្ថែមថា៖
«រឿងមួយដែលអាចប្រើប្រាស់បានក្នុងករណីដូចនេះគឺថាកសិផលទាំងនោះនៅតែជារបស់ក្រុមកសិករនៅពេលដែលដីត្រូវបានគេដកហូតមិនត្រឹមត្រូវ។ នៅពេលដែលនីតិវិធីតុលាការរកឃើញថាដីនោះ នៅតែជារបស់កសិករដូច្នេះកសិផលនោះ នៅតែជារបស់កសិករនោះដដែលបើទោះ បីជាអ្នកណាមកដាំដុះក៏ដោយហើយជាលទ្ធផលពេលដែលគេយកកសិផលនោះទៅដល់លក់ដល់ណាក៏កសិករនៅមានសិទ្ធិទៅទាមទារដែរ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលបានធ្វើយុទ្ធនាការឱ្យមានការបដិសេធកុំប្រើប្រាស់ផលិតផលស្ករសផលិតនៅប្រទេសកម្ពុជាដោយបានហៅថាវាជា«ស្ករលោហិត»។
លោក អៀង វុទ្ធីនាយកប្រតិបត្តិនៃអង្គការសមភាពកម្ពុជាបានបញ្ជាក់ថាក្រុមអង្គការសង្គមស៊ីវិលបានធ្វើការយ៉ាងសកម្មដើម្បីឱ្យសហគមន៍អឺរ៉ុបពិចារណាលើគម្រោងនាំចេញផលិតផលស្ករសក្រោមគម្រោងអាចនាំបានគ្រប់ផលិតផលលើកលែងតែអាវុធចូលក្នុងសហគមន៍អឺរ៉ុប។
លោកវុទ្ធីបានបញ្ជាក់បន្ថែមថាគម្រោងនោះមានគោលដៅជួយកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋកម្ពុជាប៉ុន្តែវាបានដើរផ្ទុយពីនោះទៅវិញ៖
«យើងមើលជាក់ស្តែងប្រជាពលរដ្ឋបែរជាទទួលរងនូវការរំលោភបំពានសិទ្ធិដីធ្លីនិងការរស់នៅ។ ជាក់ស្តែងទាក់ទងនឹងឧស្សាហកម្មស្ករអំពៅដែលមានបីខេត្តនៅខេត្តកោះកុង កំពង់ស្ពឺនិងឧត្តរមានជ័យមានប្រជាពលរដ្ឋរាប់រយរាប់ពាន់គ្រួសារដែលត្រូវបានគេរឹបអូសយកដីធ្លីពីពួកគាត់ហើយពួកគាត់ត្រូវប្រឈមទៅនឹងបញ្ហាអសុវត្ថិភាពស្បៀងអាហារ»។
មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថាគេគួរតែងាកមកប្រើប្រព័ន្ធតុលាការក្នុងស្រុកដើម្បីដោះស្រាយប៉ុន្តែក្រុមមេធាវីអាមេរិកាំងដែលការពារប្រជាពលរដ្ឋបានបញ្ជាក់ថាប្រព័ន្ធតុលាការកម្ពុជាមានពេលវេលាហួសពីគ្រប់គ្រាន់ហើយក្នុងការដោះស្រាយរឿងក្តីមួយនេះដោយសារតែពលរដ្ឋបានដាក់ពាក្យប្តឹងទៅតាំងតែពីឆ្នាំ២០០៧ក្រោយពីដីនេះបានចាប់ផ្តើមមានទំនាស់។
យ៉ាងណាក៏ដោយក្រុមមេធាវីរបស់លោកឧកញ៉ាលី យ៉ុងផាត់បានចោទថាក្រុមប្រជាពលរដ្ឋទាំងនោះមិនមានឯកសារគ្រប់គ្រាន់បញ្ជាក់ពីកម្មសិទ្ធិដីរបស់គេទេ។
លោកទូច ឆាយមេធាវីរបស់លោកឧកញ៉ាលីយ៉ុងផាត់បានបញ្ជាក់ថា៖
«តាមការពិនិត្យភស្តុតាងនៅ តុលាការឃើញថាអត់ឃើញមានប្លង់មានអីទេ។ គាត់គ្រាន់តែអះអាងខ្លួនគាត់ហើយមានសៀវភៅគេចេញយូរហើយ អត់មានលិខិតយថាភូមិណាមួយឬក៏គតិយុត្តិណាមួយថាដីនោះជាកម្មសិទ្ធិរបស់គាត់។ ខ្ញុំមើលតាមការបង្ហាញរបស់គាត់ឃើញថាអត់មានអីទេប៉ុន្តែក្រោយៗទៀតគាត់ដាក់បង្ហាញអីទៀតយើងអត់ដឹងដែរ»។
នៅពេលដែលសួរអំពីការប្តឹងផ្តល់ទៅតុលាការក្រៅប្រទេសលោកទូចឆាយបញ្ជាក់ថា៖
«នេះជាសិទ្ធិរបស់គេ។ វាជាសិទ្ធិរបស់ភាគីចុងចម្លើយដូច្នេះយើងអត់អាចហាមឃាត់គេបានទេប៉ុន្តែច្បាប់វាអត់មានដល់ដំណាក់កាលលាតសន្ធឹងដល់ក្រៅអញ្ចឹងទេ។ ការប្តឹងវាគ្រាន់តែជាការអន្តរាគមន៍មួយទៀត»។
សភាសហគមន៍អឺរ៉ុបបានចេញសេចក្តីសម្រេចមួយកាលពីសប្តាហ៍មុនស្នើឱ្យមានការដកយកប្រទេសកម្ពុជាចេញពីឋានៈប្រទេសដែលទទួលបានការអនុគ្រោះពន្ធក្រោមគម្រោងដែលអាចនាំអ្វីៗបានទាំងអស់ចូលក្នុងសហគមន៍អឺរ៉ុបលើកលែងតែអាវុធរហូតទាល់តែមានការប្រសើរឡើងខាងស្ថានភាពសិទ្ធិមនុស្ស។
ក្រុមប្រជាពលរដ្ឋក៏បានដាក់ពាក្យប្តឹងមកសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចម្រាញ់ស្ករសឈ្មោះថាAmerican Sugar Refining (ASR)ដែលមានមូលដ្ឋាននៅបូរីញ៉ីវយ៉កផងដែរ៕