ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បាតុកម្ម​មិនឲ្យ​តុលាការ​ចាប់​ខ្លួន​អ្នក​ភូមិ​បីនាក់


ពលរដ្ឋ​តវ៉ា​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​កំពង់​ស្ពី​នា​ពេល​កន្លង​មក។
ពលរដ្ឋ​តវ៉ា​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​កំពង់​ស្ពី​នា​ពេល​កន្លង​មក។

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទី​រួមខេត្ត​កំពង់ស្ពឺដើម្បី​ទាមទារ​កុំ​ឱ្យ​តុលាការចាប់​ឃុំ​អ្នក​ភូមិ​បីនាក់​ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទបំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ស្ករស​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ​២០១០។ ​អំពើ​ហិង្សា ​និង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​បាន​កើត​មាន​ឡើង​ ​បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ។

ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​ ​នៅ​ឃុំ​អមលាំង​ ​បាន​ធ្វើ​ដំណើរ​មក​កាន់​ទី​រួមខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​បោះបង់​ចោល​បទចោទ​ប្រកាន់​ប្រឆាំង​អ្នកភូមិ​បីនាក់​បន្ថែមទៀត​ ​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ស្ករ​ស។

តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​កោះ​ហៅ​អ្នកភូមិ​បីនាក់​បន្ថែមទៀត​ ​ដែល​រួមមាន​អ្នកស្រី​ជិន សារុំ ​អាយុ​៣៥​ឆ្នាំ​ ​អ្នកស្រី​ឌុល លាង​ ​អាយុ​៤១ឆ្នាំ​ ​និង​លោក​ស ថាន​ ​អាយុ​៣៦​ឆ្នាំ ​ត្រូវ​ចោទ​ប្រកាន់​ ​ឬ​មាន​តម្រុយ​ពិរុទ្ធ​ភាព​ពីបទ​ញុះញ៉ង់​ ​បង្ក​អគ្គីភ័យ​ដោយ​ចេតនា​ ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ​និង​ផ្សំ​គំនិត​ប្រព្រឹត្ត​នៅ​ឃុំ​អមលាំង​ ​ស្រុក​ថ្ពង​ ​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​មិនា​ឆ្នាំ​២០១០។

អ្នកស្រី​ជិន សារុំ ​អាយុ​៣៥ឆ្នាំ ​នៅភូមិ​ថ្នល់​បំបែក​ ឃុំ​អមលាំង​ ​ខេត្ត​កំពង់ស្ពឺ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​បាន​និយាយ​ថា​ ​អ្នកស្រី​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​ ​ពីព្រោះ​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

«ខ្ញុំ​មក​តាម​ការ​កំណត់​របស់​តុលាការ។​ ខ្ញុំ​មិន​គេច​ខ្លួន​ទេ។​ ខ្ញុំ​មិន​បាន​ញុះញ៉ង់​បង​ប្អូន​ទេ។​ ​ខ្ញុំ​អត់មាន​បាន​ដុត​បំផ្លាញ​ទេ។​ ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ខ្ញុំ​នេះ​មិន​ត្រឹម​ត្រូវ​ ​និង​ជា​ការ​មួល​បង្កាច់​ខ្ញុំ​ទាំង​ស្រុង​ទេ»។

លោក​ផល វណ្ណៈ ​អាយុ​២៤​ឆ្នាំ​នៅ​ភូមិគោក​ ​បាន​និយាយ​ថា​ ​ប្រជា​ពលរដ្ឋ​ឃុំ​អមលាំង​ធ្វើ​ដំណើរ​មក​កាន់​តុលាការ​ខេត្ត​កំពង់ស្ពឺ​នេះ​ ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ភូមិ​បីនាក់​បន្ថែម​ទៀត​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

លោក​ផល វណ្ណៈ​ ​បាន​បន្ត​ថា​ ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ស្នើ​សុំ​ឱ្យ​តុលាការ​ចុះ​ស៊ើប​អង្កេត​លើ​ករណី​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ប្រជា​ពលរដ្ឋ​ណាម្នាក់​ ​មុននឹង​ចេញ​ដីកា​បង្គាប់។

«យើង​ទៅ​ជួយ​ទាមទារ​ឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​ប្រជាពល​រដ្ឋ​ទាំង​អស់​ ​ ​ពីព្រោះ​តុលាការ​ ​កន្លងមក​ ​ចេះ​តែ​ហៅ​ប្រជា​ពលរដ្ឋ​អមលាំង​១៦​នាក់​ ​ហើយ​ឥឡូវ​ថែម​បី​នាក់​ទៀត​ ​ឡើង​ដល់​១៩​នាក់​ហើយ។ ​ពួក​ខ្ញុំ​ទៅ​នេះ​ដើម្បី​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​អមលាំង​ទាំង​មូល»។

លោក​អ៊ុច ឡេង​ ​មន្ត្រី​កម្ម​វិធី​ដីធ្លី​នៃ​សមាគម​សិទ្ធិ​មនុស្ស​ Adhoc​ ​បាន​ថ្លែង​ថា​ ​ប្រជា​ពលរដ្ឋ​ទាំងនេះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​បីនាក់​បន្ថែម​ទៀត​ ដែល​តុលាការ​បាន​កោះ​ហៅក្នុង​រឿងបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

លោក​អ៊ុច ឡេងបាន​បន្ថែម​ថា​ ​ប្រជា​ពលរដ្ឋ​បាន​ប្រមូល​កម្លាំង​សាមគ្គី​គ្នាដើម្បី​ដាក់​សម្ពាធ​ទៅលើ​តុលាការ កុំមាន​ការ​ឃុំ​ខ្លួន​ ​ដូច​ជា​លោក​យូ ​ធរ ​និង​លោក​គឹម វុទ្ធី។

«គាត់​អត់​មាន​ខុស​ច្បាប់​ក្នុង​ការ​សម្តែង​នូវ​ការ​ទាមទារ​ដើម្បី​សុំ​ឱ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ ​ពីព្រោះ​រឿង​ដីធ្លី​មិន​ទាន់​បាន​ដោះស្រាយ​ ​បែរ​ជា​តុលាការ​ធ្វើ​ការ​ចោទប្រកាន់ពួក​គាត់​ម្តង​មួយៗ»។

លោក​ស្រី​ហាប់ ដាំ​ ​មេឃុំ​អមលាំង​ ​បាន​បញ្ជាក់​ថា​ ​លោក​ស្រី​គាំទ្រ​ការ​សាមគ្គី​ ​និង​ការ​បញ្ចេញ​មតិ​របស់​អ្នកភូមិ​ស្រប​តាមច្បាប់​ ​ដើម្បី​ស្វែង​រក​ការណ៍​ពិត។

ជម្លោះ​ដីធ្លី​នេះ​បាន​កើត​មាន​តាំងពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១០​ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ជា​ផ្លូវការ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ​ទេ៕

XS
SM
MD
LG