គណៈប្រតិភូរបស់សហគមន៍អ៊ឺរ៉ុបបានបដិសេធភ្លាមៗថា ខ្លួនមិនបានឲ្យសហគមន៍អឺរ៉ុបផ្តួចផ្តើមការស៊ើបអង្គេតទៅលើក្រុមហ៊ុនណា ដែលជាប់ពាក់ព័ន្ឋនឹងការរំលោភសិទ្ឋិមនុស្ស និងរំលោភដីធ្លីទេ។ ការបញ្ចេញប្រតិកម្មរបស់គណៈប្រតិភូសហគមន៍អឺរុបនេះ បានកើតឡើងក្រោយពីកាសែតក្នុងស្រុកមួយ បានដកស្រង់សម្តីរបស់លោក រ៉ាហ្វែល ដូឆៅ ម៉ូណេណូ (Rafael Dochao Moneno) ភារធារីរបស់សហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជាថា លោកបាននិយាយថា សហគមន៍អ៊ឺរ៉ុប បានប្រកាសឲ្យមានការស៊ើបអង្គេតទៅលើក្រុមហ៊ុនរបស់លោកឧកញ្ញ៉ាលី យ៉ុងផាត់។
ក្រុមហ៊ុនរបស់លោកឧញ្ញ៉ាលី យ៉ុងផាត់ បានចុះពិធីសារស្ករសជាមួយសហគមន៍អឺរ៉ុប ក្នុងការនាំស្ករសចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដែលគេរំពឹងថា ពិធីសារនេះនឹងជំរុញការនាំស្ករសទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ហើយអាចកើនឡើងទ្វេដងនៅឆ្នាំ២០១២។
ក្រុមហ៊ុនរបស់លោកឧកញ្ញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ឋសភាដ៏មានឥទ្ឋិពលមួយរូបខាងគណបក្សប្រជាជនកម្ពុជាបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលរាប់ម៉ឺនហិកតាដើម្បីដាំដើមអំពៅនៅក្នុងខេត្តចំនួនបី គឺខេត្តឧត្តមានជ័យ កោះកុង និងកំពង់ស្ពឺ។ ឥឡូវនេះក្រុមហ៊ុននេះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានរំលោភសិទ្ឋិមនុស្ស និងរំលោភដីធ្លីតាមរយៈការដាំអំពៅនេះ។
គណៈប្រតិភូសហគមន៍អឺរ៉ុប កាលពីថ្ងៃសុក្រ បានជួបប្រាស្រ័យជាមួយនឹងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋមកពីតំណាងសហគមន៍នៃខេត្តទាំងបី ដែលទទួលរងនូវផលប៉ះពាល់នេះ។
លោករ៉ាហ្វែល ដូឆៅ ម៉ូណេណូ បានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមរយៈសារអេឡិចត្រូនិច ថា លោកបានបដិសេធថា សហគមន៍អ៊ឺរ៉ុបមិនបានផ្តួចផ្តើមការស៊ើបអង្គេតទេ។ ក៏ប៉ុន្តែគណៈប្រតិភូសហគមន៍អឺរ៉ុប នឹងប្រមូលរាល់ព័ត៌មានពីប្រភពផ្សេងៗទាំងអស់ ដើម្បីផ្តល់ជូនទីស្នាក់ការសហគមន៍អឺរ៉ុបនៅទីក្រុងBrussels ប្រទេសប៊ែលហ្សិក។
រាល់បញ្ហាទាំងអស់នេះ លោកសេង សុខហេង តំណាងសហគមន៍មកពីខេត្តឧត្តមានជ័យ បាននិយាយថា សហគមន៍របស់លោកចង់ឲ្យសហគមន៍អឺរ៉ុបធ្វើការស៊ើបអង្គេតទៅលើក្រុមហ៊ុនរបស់លោកឧកញ្ញ៉លី យ៉ុងផាត់ មុននឹងទទួលយកផលិតផលស្ករសចេញពីក្រុមហ៊ុននេះទៅកាន់ទីផ្សាររបស់សហគមន៍អ៊ឺរ៉ុប។ លោកបានមានប្រសាសន៍ថាក្រុមហ៊ុននេះ កំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ឋិដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖
«ក្រុមហ៊ុនដែលលក់ផលិតផលទៅអ៊ឺរ៉ុបនោះ គឺគាត់កំពុងតែមានការរំលោភដីធ្លីប្រជាពលរដ្ឋ និងការរំលោភសិទ្ឋិមនុស្សអញ្ចឹង EU គាត់បាន គាត់ទទួលទិញក្រុមហ៊ុនទាំងឡាយណា ដែលគោរពនូវសិទ្ឋិមនុស្ស ដែលមិនរំលោភដីធ្លីប្រជាពលរដ្ឋ មិនប្រើហឹង្សាទៅលើប្រជាពលរដ្ឋ»។
ចំណែកលោកអាន ហៃយ៉ា តំណាងសហគមន៍មកពីខេត្តកោះកុង បាននិយាយថា ប្រជាពលរដ្ឋនៅខេត្តកោះកុងចំនួន២៥០គ្រួសារ កំពុងតែបាត់បង់ដីធ្លីចំនួនជាង១.៧០០ហិកតាដោយសារតែក្រុមហ៊ុនកោះកុង SUGAR រំលោភយក។ លោកបន្តថា៖
«នៅក្នុងនោះ បានប៉ះពាល់ដីធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដី ដោយសារក្រុមហ៊ុនទទួលការសម្បទានពី រាជរដ្ឋាភិបាល។ នៅក្នុងនោះ មានប្រជាពលរដ្ឋជាង២០០គ្រួសារ ដីជាង១៧០០ហិតា»។
អ្នកស្រីឈាង គឹមស៊ុន តំណាងក្រុមហ៊ុនភ្នំពេញនិងកំពង់ស្ពឺ SUGAR បានបដិសេធការចោទប្រកាន់នេះ។ អ្នកស្រីបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់អ្នកស្រីពុំបានរំលោភសិទ្ឋិមនុស្ស និងរំលោភសិទ្ឋិដីធ្លីទេ ហើយអ្នកស្រីបាននិយាយថា ក្រុមហ៊ុនអ្នកស្រីធ្វើអ្វីៗទាំងអស់ដោយគោរពតាមផ្លូវច្បាប់។