ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កោះកុង​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​១០នាក់​ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ពី​បទញុះញង់


រូបឯកសារ៖ អ្នកស្រី អ៊ិន ធូ តំណាងពលរដ្ឋ​ដឹកនាំ​ការតវ៉ា​នៅក្រសួង​រៀបចំ​ដែនដី​អំពាវនាវ​រក​ដំណោះស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន Heng Huy Agriculture Group ក្នុង​ស្រុក​ស្រែអំបិល ខេត្តកោះកុង ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកស្រី អ៊ិន ធូ តំណាងពលរដ្ឋ​ដឹកនាំ​ការតវ៉ា​នៅក្រសួង​រៀបចំ​ដែនដី​អំពាវនាវ​រក​ដំណោះស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន Heng Huy Agriculture Group ក្នុង​ស្រុក​ស្រែអំបិល ខេត្តកោះកុង ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/វីអូអេ)

សាលា​ដំបូង​ខេត្ត​កោះកុង​បានសម្រេចផ្តន្ទា​ទោស​សកម្ម​ជន​ដីធ្លី​១០នាក់​ឱ្យ​ជាប់​ពន្ធនា​គាររយៈពេល​១​ឆ្នាំ​ពី​បទ«ប្តឹង​បរិហារ​បង្កាច់កេរ្តិ៍​ និងបទ​ញុះញង់​ឱ្យ​មាន​ភាព​វឹក​វរធ្ងន់​ធ្ងរដល់​សន្តិសុខ​សង្គម» ក្រោយ​មានការ​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​ជា​មួយ​អ្នក​ជំនួញ​ម្នាក់ក្នុង​ខេត្ត​កោះកុង​ដែល​មាន​ព្រំប្រទល់​ជា​ប់ប្រទេស​ថៃ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និងសាច់​ញាតិរបស់​សកម្មជន​។

នៅ​ក្នុង​ការប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​របស់​តំណាង​សហគមន៍​ដីធ្លី​១៩៧​ កាល​ពីរ​សៀល​ថ្ងៃអង្គារ​ តុលាការ​ក៏បាន​បង្គាប់​សកម្ម​ជន​ដីធ្លី​ទាំង​១០នាក់​សង​ជំងឺ​ចិត្តរួម​គ្នា​ចំនួន​៤០លាន​រៀល​ (ឬប្រមាណ​ជា​៩.៦០០ដុល្លារ​អាមេរិក) ឱ្យ​ទៅលោក ​ហេង ហ៊ុយ​ ដែលគេ​ស្គាល់​ថាជា​ឧកញ៉ា​ដ៏មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្តកោះកុង​ និង​ជាឧត្តម​សេនីយ៍ពាក់​ផ្កាយ​២​នៅ​ក្រសួង​មហាផ្ទៃ។

សកម្មជន​ដីធ្លី​ទាំង​១០​នាក់ដែល​ត្រូវបាន​ផ្តន្ទាទោស​ដោយ​សាលាដំបូង​ខេត្ត​កោះ​កុងនោះ ​រួម​មាន​លោក​ ឆាន់ ឈឿន អ្នកស្រី ​ដេត ហ៊ួ អ្នកស្រី​ អើប វី អ្នកស្រី​ អឹប តឹង លោក ​ហេង ជៃ អ្នកស្រី ​អ៊ិន ធូ អ្នកស្រី​ កើត នៅ លោក​ គង់ ម៉ែន លោក ​ពួ ហួន និង​លោក ​សុខ ជៃ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត យល់​ឃើញ​ថា​ សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង​ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ ជា​ការដាក់​គំនាប​បន្ថែម​មក​លើ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដែលពួកគេ​ត្រូវ​បាន​គេ​រំលោភ​យកដីធ្លី។

លោក​ថ្លែងថា​៖ «វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់[ពលរដ្ឋ] ហើយ​ជា​គំនាប​និង​ការគំរាម​កំហែង​បំភិត​បំភ័យ​សម្រាប់​គាត់​បន្ត​ទៅ​ទៀត​ក្នុង​ន័យ​មួយ​គឺ​មិន​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​ ក៏​ប៉ុន្តែ​ព្យាយាម​ដាក់​សម្ពាធ​ ហើយ​នឹង​ការគំរាម​កំហែង​ បំភិត​បំភ័យ​គាត់​ជំនួស​ទៅ​វិញ។ នេះ​ខ្ញុំ​យល់​ថា​ មិន​មែន​ជា​ដំណោះស្រាយ​ដែល​ល្អ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​អត់​ចប់​ទេ​ព្រោះ​បញ្ហា​ទាំង​អស់​នេះ​វា​រ៉ាំរ៉ៃ​យូរ​មក​ហើយ»។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​គួរ​ណាស់​តែ​មាន​ការដោះស្រាយ​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់​រាល់​បញ្ហា​ទាំង​អស់​នេះ​ ប្រសើរ​ជាជាង​ការ​ដាក់​សម្ពាធ​បន្ថែម​មក​លើ​ប្រជា​ពលរដ្ឋតាម​រយៈ​ប្រព័ន្ធ​តុលាការ។

លោក​ ឆាន់ ឈឿន​ អាយុ​៤០​ឆ្នាំ ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង​សម្រេច​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អង្គារ​ ប្រាប់​វីអូអេ​ថា ការ​ប្រកាស​សម្រេច​ផ្ដន្ទា​ទោសដាក់​ពន្ធនាគារ​របស់​សាលាដំបូង​ខេត្ត​កោះកុង​មក​លើ​សកម្មជន​ដី​ធ្លី​ទាំង​១០នាក់ រួម​ទាំង​លោក​ម្នាក់​ដែរ​ថា​ ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​យក​ដី​ធ្លី។

លោក​ថ្លែងថា​៖ «សម្រាប់​ខ្ញុំ ​គឺវា​មិន​យុត្តិធម៌​ទេ​ព្រោះ​ដោយសារតែ​ពួកខ្ញុំ​ជា​អ្នក​ជន​រង​គ្រោះ​ ហើយ​តុលាការ​គាត់​នឹង​កាត់​ទោស​ឱ្យ​ខាង​ខ្ញុំ​ទាំង​៩នាក់​ហ្នឹង​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ហើយ​នឹង​បង់​ទឹក​ប្រាក់​ចំនួន​ ៤០លានរៀល​ អ៊ីចឹង។ និយាយ​ទៅ​តុលាការ​កាត់​មិន​មិន​មាន​យុត្តិធម៌​ទេ​ ចំពោះ​ខាង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ»។

លោក​បន្ថែមថា​ កន្លង​ទៅ​ ​ប្រជាពលរដ្ឋ និង​លោកដែល​រង​គ្រោះដោយ​សារ​ជម្លោះ​ដីធ្លី​នេះ​ ធ្លាប់​បាន​ដាក់​ញត្តិ​ និង​ពាក្យ​បណ្តឹង​ដើម្បី​ស្នើ​សុំ​ដីធ្លី​មក​វិញ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែរ តែ​គ្មាន​នរណា​ម្នាក់​អើពើនោះឡើយ​។

លោក​និយាយ​ថា​៖ «ខ្ញុំ​ធ្លាប់​ដាក់​ញាត្តិ​ទៅ​ចាប់​ពី​សាលាឃុំ​ទៅ​ដល់​សាលាស្រុក​ ពី​សាលាស្រុក​មក​ខេត្ត​ បន្ទាប់​មក​គេ​មិន​មាន​ការដោះស្រាយ​។ អ៊ីចឹង​ទៅ​ពួកខ្ញុំ​បាន​ធ្វើ​ការដាក់​ញាត្តិ​ទៅ​ក្រសួង​ដែនដី​ ក្រសួង​យុត្តិធម៌ និង​សម្តេច​ក្រឡា​ហោម​ ស ខេង អី​ក៏​ពួកខ្ញុំ​ទៅ​ដាក់​ដែរ ហើយ​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​គេ​មិន​មាន​ការ​ដោះ​ស្រាយ​អី​ទេ​»។

ក្រោយ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ខេត្តកោះកុង​កាលពីថ្ងៃអង្គារ​ លោក​ថា ​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​នឹង​សាលក្រមនោះ​ ដែល​លោក​យល់​ថា ជា​ការ​សម្រេច​មិន​ត្រឹមត្រូវ​មក​លើ​ពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​។​

ជា​មួយ​គ្នា​នេះ​ដែរ អ្នកស្រី​ កើត នៅ អាយុ​៣៧ឆ្នាំ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះកុង​សម្រេច​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ផង​ដែរ​នោះ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នក​ស្រី​រង​សម្ពាធ​ខ្លាំង​ពី​ខាង​ភាគី​តុលាការ​ខេត្ត​កោះកុង​និងថា ​ប្រជា​ពលរដ្ឋ​គ្រាន់​តែ​ទាមទារ​យក​ដីធ្លី​របស់​ខ្លួន​មក​វិញ​ តែបែរជាមាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទៅ​វិញ។

អ្នកស្រី​សំណូមពរ​ឱ្យ​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី ​គឺលោក ​ហ៊ុន ម៉ាណែត ឱ្យ​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កោះកុង​នេះ​ឱ្យ​បាន​ឆាប់។

អ្នក​ស្រី​និយាយ​ថា​៖ «ខ្ញុំ​សុំ​សំណូម​ពរ​ដល់​រាជរដ្ឋាភិបាល​ សម្តេចនាយករដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ដែល​គាត់​នឹងឡើង​កាន់​តំណែង​ថ្មី​នេះ​ខ្ញុំ​ ជឿ​ជាក់​ថា ​គាត់​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​[ដល់]ជន​រង​គ្រោះ​ដីធ្លី​នៅ​ភូមិ​តានី ឃុំ​ជីខលើ ក្រុម​១៩៧ គ្រួសារ​ខ្ញុំ​ឱ្យ​បាន​ឆាប់ៗ​អ៊ីចឹង។ ខ្ញុំ​សំណូមពរ​ចុង​ក្រោយ​មាន​តែ​សម្តេច​ទេ ដែល​អាច​ដោះស្រាយ​ដីធ្លី​ជូន​ពួក​ខ្ញុំ​បាន»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ​វ៉ៃ ភីរម្យ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​នៅឡើយទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។ វីអូអេ​ក៏មិន​អាច​ទាក់​ទង​លោក​ ហេង ហ៊ុយ​ បាន​ដែរ​ដើម្បី​សុំការអត្ថាធិប្បាយ​។

ការ​ផ្តន្ទា​ទោសលើសកម្ម​ជនដីធ្លី​១០​នាក់​ដែលមាន​វិវាទជាមួយ​លោក ​ហេង ហ៊ុយ កើត​មាន​ឡើង​ នៅ​ពេល​សកម្ម​ជន​ដីធ្លី​៣​នាក់​គឺ អ្នកស្រី​ ដេត ហ៊ួ លោក ​ហេង ជៃ និង​លោក​ សុខ ជៃ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះ​កុង​ស្រាប់​ទៅ​ហើយ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយ​ផ្សង​ទៀត។ នេះបើតាម​អង្គការ​លីកាដូ​។ អ្នកទាំង៣​ស្ថិត​ក្នុងចំណោម​សកម្មជន​ទាំង​១០នាក់​នោះ​ ហើយ​ពួកគេ​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ។

គួរ​បញ្ជាក់​ថា​ ពលរដ្ឋ​ចំនួន​១៩៧គ្រួសារ មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង តែង​តែ​មកតវ៉ា​ជា​បន្ត​បន្ទាប់​ស្វែងរក​ការ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្ម និង​សំណង់ និង​ក្រសួង​ស្ថាប័នរដ្ឋ​ផ្សេង​ទៀតឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​រឿង​វិវាទដីធ្លី​របស់ពួក​គេ​ ដែល​ពួកគេ​ថា​ ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគាត់​តាំង​ពី​ឆ្នាំ២០០៧​៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG