ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តវ៉ា​៥​នាក់​នៅ​ខេត្ត​កោះ​កុង ត្រូវ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​​​របស់​តុលាការ​ពាក់​ព័ន្ធ​ជម្លោះ​ដី​ធ្លី


ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)
ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ ៥ ​នាក់​នៅ​ខេត្ត​កោះ​កុង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចូល​ទៅ​តុលាការតាម​ការ​កោះហៅ ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះ​ញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ប៉ុន្តែ​តុលា​ការ​មិន​បាន​ឃុំ​ខ្លួន​ពួក​គេ​នោះ​ទេ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោមការ​ត្រួត​ពិនិត្យ​ពី​តុលាការ។ នេះ​បើ​យោងតាម​មេធាវី និង​ប្រជាពលរដ្ឋដែល​ចូល​ទៅ​តុលាការ។

ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះ​កុង លោក ឡោ ក្រឹម បាន​ចេញ​ដីកា​កោះប្រជា​ពលរដ្ឋ​ ១០ ​នាក់ ដែល​រងគ្រោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ហេង ហ៊ុយ ដោយបាន​ចោទ​ប្រកាន់ពួក​គេ​ពី​បទ «​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម» តាម​មាត្រា ​៤៩៤ និង ​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ «​បរិហារបង្កាច់​កេរ្តិ៍»​ តាម​មាត្រា ​៣១១​ និង​ ៣១២ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ចំណែក​ប្រជាពលរដ្ឋ​៥​នាក់​ទៀត ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ក្នុង​ការ​ចោទ​ប្រកាន់​ដូច​គ្នា។

ចៅ​ក្រម​ស៊ើប​សួរ​បាន​ព្រមាន​ថា ​ប្រសិន​បើ​ពួក​គេ​មិន​ចូល​តាម​ការ​កោះ​ហៅ នោះ​តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ឬ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​តាម​នីតិវិធី​ច្បាប់។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជា​ពលរដ្ឋ​ ៥ នាក់​ បាន​ឡើង​ទៅ​តុលាការ​តាម​កោះ​ហៅ ដោយ​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រាប់​រយនាក់​នៅ​ខាង​ក្រៅ​តុលា​ការ ដែល​ឃ្លាំ​មើល​ការ​សាកសួរ​នេះ។

មេធាវី​របស់​អ្នក​ទាំង​នោះ គឺ​លោក សំ ចំរើន មាន​ប្រសាសន៍​ថា​ តុលាការ​មិន​បាន​ឃុំ​ខ្លួន​ពួក​គេ​នោះ​ទេ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យពី​តុលាការ។

លោក​បញ្ជាក់​ថា៖ «ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ (គឺ)​ទៅ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​ខែ​ម្តង ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលា​ការ ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​កន្លែង​ដី​ទំនាស់​»។

ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​សាក​សួរ​នោះ ៤ នាក់ជាស្ត្រី និង​ ​១ នាក់ជាបុរស មានឈ្មោះ​ ដេត ហ៊ួ ឈ្មោះ កើត នៅ ឈ្មោះ អិន ធូ ឈ្មោះ ពួ ហ៊ួន និងឈ្នោះ ​អើប វី។

អ្នក​ភូមិ​ដែល​ត្រូវ​កោះ​ហៅ គឺ​អ្នកស្រី​ ដេត ហ៊ួ​ អាយុ​ ៣៧ ​ឆ្នាំ​រស់​នៅ​ក្នុង​ភូមិ​តានី​ឃុំ​ជីខ​លើ​ ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង ​បាន​ចាត់​ទុក​ថា​ ការ​កោះ​ហៅ​នេះ​ គឺ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​តវ៉ា​ទៀត​នៅ​ពេល​នេះ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា ​តុលាការ​បាន​សម្រេច​ដាក់​អ្នកស្រី និង​ពលរដ្ឋ​ ៤ នាក់​ទៀត ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន ដោយ​ត្រូវ​បង្ហាញ​មុខ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រែ​អំបិល រៀង​រាល់មួយ​ខែម្តង និង​មិន​ត្រូវ​ប៉ះពាល់​ដី​ដែល​មាន​ជម្លោះ​រហូត​ដល់​មាន​ការ​សម្រេច​ពី​តុលាការ។

អ្នកស្រីថ្លែង​ប្រាប់​ VOA ​ថា៖«យើង​សុំ​សំណូម​ពរ​ឲ្យ​នៅ​ក្រៅឃុំ​មិន​ឲ្យ​ឃុំ​ខ្លួន។ ហើយ​យើង​ព្រមព្រៀង​ចូល​តាម​ការ​កំណត់​របស់តុលាការ ឲ្យ​យើង​ទៅ​បង្ហាញ​ខ្លួននៅ​អធិការ​(ដ្ឋាន​)​ស្រុក​ស្រែ​អំបិល​រយៈ​ពេល​មួយ​ខែ​ម្តង»។

អ្នកស្រី​បន្ថែម​ថា៖ «ចោទ​ប្រកាន់​មិន​បាន​ចុះ​ស្រាវ​ជ្រាវ​ឲ្យល្អិត​ល្អន់​ទេ ពី​ព្រោះ​ពួក​ខ្ញុំ​បាត់​បង់​ដី​មែន។ ហើយ​ព្រះ​រាជ​អាជ្ញា​គាត់​ចោទ​ប្រកាន់​ទៅ​ដល់​ថ្នាក់ ឲ្យ​មាន​ការ​ឃុំ​ខ្លួន អញ្ចឹង​ខ្ញុំ​គិត​ថា​អត់​យុត្តិ​ធម៌​ចំពោះពួក​ខ្ញុំ​ទេ។ អញ្ចឹង​ខ្ញុំ​គិត​ថា ​តុលាការ គាត់​កាត់​ក្តី​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ»។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សាក​សួរ​ដែរ គឺ​អ្នកស្រី កើត នៅ អាយុ​ ៣៣ ​ឆ្នាំ និង​មាន​កូន​ ២ ​នាក់ មាន​ប្រសាសន៍​ថា ​អ្នកស្រី​ជា​អ្នក​រង​គ្រោះ​ដី​ធ្លី​ពិត​ប្រាកដ តែ​ត្រូវ​បាន​តុលាការ​កោះ​ហៅ ហើយ​សម្រេចដាក់​ឲ្យ​នៅក្រោម​ការ​តាមដាន​របស់​តុលាការ និង​មិន​ឲ្យទៅ​រស់​នៅ​លើ​ទីតាំង​ដែល​មាន​ទំនាស់។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «អយុត្តិធម៌​ចំពោះ​ក្រុម​ពួក​ខ្ញុំ ព្រោះ​អី​ពួក​ខ្ញុំ​បាត់​បង់​ដី​មែន។ ហើយ​ចង់​និយាយ​ថា គាត់​ចង់​ឃុំ​ខ្លួន។ ខ្ញុំ​ថា​តុលា​ការ គាត់​ធ្វើ​ការ​មិន​ទាន់​បាន​ល្អ មិន​ទាន់​បាន​ច្បាស់​លាស់​អី​អញ្ចឹង»។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)
ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)

ប្រជាពលរដ្ឋ ៥ នាក់ ​ដែល​ត្រូវ​សាកសួរ​នៅ​ពេល​នេះ និង​៥នាក់​ទៀត​ដែល​នឹង​ត្រូវ​សាកសួរ​នៅ​សប្តាហ៍​ក្រោយ​ គឺ​ជា​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​ហេង ហ៊ុយ​ ជាង ​១០ ​ឆ្នាំ​មក​ហើយ។

ពួក​គេ​ទាំង ​១០ ​នាក់​ត្រូវ​ចោទ​ប្រកាន់​បទ​ចោទ​ចំនួន​ពីរ គឺ​បរិហារ​បង្កាច់​កេរ្តិ៍​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ប្រព្រឹត្ត​នៅ​ក្នុង​ខេត្ត​កោះកុង​និង​ភ្នំពេញ​ ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៩ ​រហូត​ដល់​បច្ចុប្បន្ន​នេះ។​ នេះ​បើ​តាម​ដីកា​របស់​តុលា​ការ។

លោក ឡោ ក្រឹម​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​កោះ​កុង ដែល​បាន​សាកសួរ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​បង្វែរ​ឲ្យ​សួរ​អ្នក​នាំ​ពាក្យ​របស់​តុលាការ​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឆ្លើយ​ទៅ ក្រែង​លោ​បង​ថតសំឡេង​របស់​ខ្ញុំ​យក​ទៅ​ផ្សាយ​ទៅ វា​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​របស់​ខ្ញុំ។ អញ្ចឹង ​ខ្ញុំ​សូម​អត់​ហ៊ាន​ឆ្លើយ​ណា!»

លោក ​អ៊ុន សុវណ្ណ​ធានី​ អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កោះកុង​ប្រាប់ ​VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ចំណាត់ការ​របស់​តុលាការ ​គឺ​ផ្អែក​លើ​មូលដ្ឋាន​អង្គហេតុ​និង​អង្គ​ច្បាប់។ បច្ចុប្បន្ន​សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី»។

ការ​កោះ​ហៅ​របស់​តុលាការ និង​ចោទ​ពី​បទ​ញុះ​ញង់​នេះ កើត​ឡើង​ ក្រោយ​ប្រជាពលរដ្ឋ រាប់​រយ​នាក់​ក្នុង​នោះ​មាន​ពលរដ្ឋ​ ១០ ​នាក់​ខាង​លើ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា បាន​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​ និង​សំណង់​នៅ​ភ្នំពេញ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ចុះ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​ឆ្នាំ​២០២០ ក្រសួង​រៀបចំ​ដែន​ដី​បាន​លើក​ឡើង​ថា​ ការ​ទាមទារ​របស់​ប្រជា​ពល​រដ្ឋ​ដែល​មក​ពី​ក្រុម​ចម្រុះ ​«មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់»​ សម្រាប់​ក្រសួង​ដោះ​ស្រាយ​នោះ​ទេ។ ​ក្រសួង​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ ហេង ហ៊ុយ ​ធ្លាប់​មាន​វិវាទ​ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ​ ១២០ ​គ្រួសារ ​ក្នុង​ឆ្នាំ ​២០០៧ ​ហើយ​ជម្លោះ​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ទាំង​ស្រុង។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សំណុំ​រឿង​ដី​ធ្លី​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​អះអាង​ថា ​មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​ លី យ៉ុង​ផាត់ ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តុលា​ការ​ខេត្ត​កោះកុង​ក៏​បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ ៣ ​នាក់​ផ្សេង​ទៀត​គឺ​ឈ្មោះ​ ផាវ ញ៉ឺង ឈ្មោះ សេង លីន​ និង​ ឈ្មោះ ខន ផុន​ ដោយ​ចោទ​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​ ៣០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែនដី​ កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ ​២០​១៩។​ នេះ​បើ​យោង​តាម​ដីកា​របស់​តុលា​ការ​ខេត្ត​កោះកុង ដែល VOA​ ទទួល​បាន។

ពួក​គេ​ត្រូវ​បាន​កោះ​ឲ្យ​ចូល​តុលាការ​ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រោយ​ពួកគេ​ចេញ​មុខ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ដែន​ដី ជាមួយ​ពលរដ្ឋ​ ១០ ​នាក់​ខាង​លើ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ​ខេត្ត​កោះ​កុង។

អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​ លោក​ ថោង ច័ន្ទដារ៉ា មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​គ្រាន់​តែ​តវ៉ា​ទាមទារ​ដី​ធ្លី​របស់​ពួកគេ ដូច្នេះ​មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​បទ​ល្មើស​ញុះញង់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «បើ​សិនជា​តុលាការ គាត់​សម្រេច​ឃុំ​ខ្លួន​ពួកគាត់ វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​ពួក​គាត់»៕

XS
SM
MD
LG