រដ្ឋបាលខេត្តកោះកុងបានសម្រេចផ្តល់ដីជាង១ពាន់ហិកតាដល់ក្រសួងការពារជាតិ ដែលភាគីទាំងពីរលើកឡើងថាដើម្បីអភិវឌ្ឍទៅជា«តំបន់វិស្សមកាលក្រសួងការពារជាតិ» និងតំបន់អភិវឌ្ឍក្រោមឈ្មោះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
តំបន់នោះស្ថិតក្នុងឃុំជ្រោយប្រស់ស្រុកកោះកុង ខេត្តកោះកុង ដែលនឹងក្លាយជាតំបន់អភិវឌ្ឍមួយដែលមានផ្លូវប្របតាមមាត់សមុទ្រ ឆ្ពោះទៅតំបន់តារាសាគរ។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ថ្លែងប្រាប់វីអូអេនៅថ្ងៃអង្គារនេះថារដ្ឋបាលខេត្តបានសម្រេចរួចហើយផ្តល់ដីជាង១ពាន់ហិកតានេះទៅឱ្យក្រសួងការពារជាតិតាមការស្នើសុំ។ អ្នកស្រីមិនបានបកស្រាយលម្អិតលើការកាត់ដីនេះទេ ដោយថាជាប់រវល់ និងទុកឱ្យមន្ត្រីផ្សេងទៀតពន្យល់។
អ្នកស្រីបញ្ជាក់ថា៖ «គោលការណ៍លម្អិតចាំខ្ញុំជម្រាបនៅពេលក្រោយបានទេ? ចាំខ្ញុំឱ្យអ្នកគាត់កាន់ការងារនេះ [ប្រាប់] ព្រោះខ្ញុំនៅជាប់ធុរៈការងារបន្ទាន់រឿងកូវីដនេះសិន»។
កាលពីថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តកោះកុង បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់សាលាខេត្តថានាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិបានជួបជាមួយរដ្ឋបាលខេត្តកោះកុងក្នុងនោះមានអ្នកស្រី មិថុនា ភូថង ផងដែរដើម្បីពិនិត្យសំណើសុំរដ្ឋបាលខេត្តសហការរៀបចំដីទំហំ១,១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុង សម្រាប់រៀបចំជា«តំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ»។
រដ្ឋបាលខេត្តបានបញ្ជាក់ថាដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុង ទំហំ១,១០២ហិកតានោះ ស្ថិតនៅព្រែកតាអេក និងនៅចន្លោះព្រែកតាចាន់ ទៅព្រែកសៀមអុច ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបាននៅឡើយទេ។ ប៉ុន្តែលោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ និងត្រូវបានចុះផ្សាយនៅថ្ងៃអង្គារនេះថានេះជាគម្រោងមួយ ដើម្បីអភិវឌ្ឍតំបន់នោះឱ្យ«ជឿនលឿន»ហើយនឹងមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ប្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគរ រហូតដល់ទីរួមខេត្ដកោះកុង។
លោកប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «ការអភិវឌ្ឍគម្រោងនេះដោយសារមានការគិតគូរដល់បងប្អូនប្រជាជន ដែលកាលពីមុនរស់នៅក្នុងទឹកក្នុងអី ដែលមានការពិបាកវេទនាអីហ្នឹងឱ្យមានផ្លូវមានអីគ្រប់គ្រាន់ហើយ កសាងជាភូមិ និងការអភិវឌ្ឍផ្សេងៗទៀត គឺមានការអភិវឌ្ឍច្រើនណាស់ ក្រុមការងារបានគិតគូររួចហើយ»។
សៀវភៅដែលមានចំណងជើងថា«ជនដែលត្រូវគេបាញ់» ដែលនិយាយអំពីជីវប្រវត្តិរបស់លោក ទៀ បាញ់ ឲ្យដឹងថាលោកកើតក្នុងភូមិកោះស្រឡៅ ឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង។
គម្រោងអភិវឌ្ឍក្រោមឈ្មោះលោក ទៀ បាញ់នេះ ក៏នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ ជាពិសេសអ្នករស់នៅលើផ្ទះបណ្តែតទឹកតាមមាត់សមុទ្រ។
លោក ទឹម ឈឿន អាយុ៦៦ឆ្នាំ ដែលរស់ក្នុងផ្ទះបណ្តែតទឹកនៅតាមឆ្នេរសមុទ្រក្នុងភូមិជ្រោយប្រស់ ថ្លែងថាកាលពីសប្តាហ៍មុន អាជ្ញាធរពាក់ព័ន្ធបានឲ្យប្រជាពលរដ្ឋផ្តិតមេដៃដើម្បីឯកភាពនឹងការផ្លាស់ប្តូរទៅទីលំនៅថ្មី ដែលលោកមិនទាន់ដឹងច្បាស់នៅឡើយទេ។ ជាអ្នកនេសាទក្តាមបង្គារ លោក ឈឿន ដែលមានកូន៩នាក់ បន្ថែមថាលោកមិនចង់ចាកចេញពីកន្លែងដែលលោករស់នៅជាង៣០ឆ្នាំមកហើយ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ដល់ឥឡូវហ្នឹង គេមិនមែនអភិវឌ្ឍដើម្បីយើងទេ គឺដើម្បីខ្លួនគេទេ បើនិយាយឱ្យចំ។ គេឱ្យយើងចេញទៅនៅលើ ហើយគ្នានៅក្នុងទឹករកព្រឹកបានព្រឹករកល្ងាចបានល្ងាចក្តាមខ្យងត្រីសាច់អីហ្នឹង ទៅដល់នៅព្រៃភ្នំ ដឹងបានអីហូប»។
លោកបន្ថែមថាមានអ្នកប្រាប់ប្រជាពលរដ្ឋថាតំបន់នោះនឹងត្រូវគ្រប់គ្រងដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
មេឃុំជ្រោយប្រស់ លោក ពុំ ធឿន ថ្លែងប្រាប់វីអូអេថាប្រជាពលរដ្ឋជិត២០០គ្រួសារក្នុងចំណោមពលរដ្ឋសរុបជាង៥០០គ្រួសារ រស់នៅលើផ្ទះបណ្តែតទឹកដែលលោកថាពួកគេត្រូវបានស្នើឲ្យចាកចេញពីការរស់នៅទីនោះ ទៅកន្លែងផ្សេង។
លោកបញ្ជាក់ថា៖ «យើងអត់បង្ខំគាត់ទេ ទាល់គាត់ស្ម័គ្រចិត្ត»។
ទោះជាយ៉ាងណា លោកមេឃុំជ្រោយប្រស់មិនទាន់ដឹងថាប្រជាពលរដ្ឋនឹងត្រូវឱ្យទៅរស់នៅទីណា ហើយទទួលបានដីទំហំប៉ុនណាជាសំណង។
លោក ប៊ុន លើតអតីតអភិបាលខេត្តកោះកុង និងជារដ្ឋលេខាធិការក្រសួងការពារជាតិដែលទទួលបន្ទុកកិច្ចការនេះ ប្រាប់វីអូអេថាតំបន់នេះនឹងក្លាយជាកន្លែងទទួលភ្ញៀវរបស់ក្រសួងការពារជាតិ ប៉ុន្តែលោកមិនអាចបញ្ជាក់លម្អិតបានទេ ដោយថារង់ចាំគោលការណ៍បន្ថែមពីក្រសួង។ លោកបន្ថែមថាមន្ត្រីក្រសួងការពារជាតិមិនទាន់បានទៅពិនិត្យមើលដីនៅឡើយទេ។
ទោះជាយ៉ាងណា លោកថាបើមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ អាជ្ញាធរនឹងផ្តល់សំណងជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «មានតែដោះស្រាយផលប៉ះពាល់ជូនប្រជាជន អាហ្នឹងអាចមាន ។ តែអារឿងយកមកចែកឯកជនចែកម៉េចបាន។ ប៉ុន្តែបើសិនវាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ អាហ្នឹងយើងត្រូវតែអាចថាយកមកបែងចែកជូនគាត់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានទេនៅថ្ងៃអង្គារនេះ។
លោកថោង ច័ន្ទដារ៉ាអ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តកោះកុងមានប្រសាសន៍ថាលោកបានដឹងថានឹងមានការស្ថាបនាផ្លូវប្របឆ្នេរសមុទ្រទៅដល់តំបន់តារាសាគរនៅពេលខាងមុខ។ លោកជំរុញឱ្យអាជ្ញាធរខេត្តផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋឱ្យបានលម្អិតអំពីគម្រោងអភិវឌ្ឍន៍នេះ។
លោកបញ្ជាក់ថា៖ «អាជ្ញាធរខេត្តគាត់ពន្យល់ពន្យល់ប្រជាពលរដ្ឋ ឱ្យគាត់យល់ថាការយកទៅប្រើប្រាស់ហ្នឹង វាសមស្របនឹងគោលបំណងរបស់ពួកគាត់បានលើកឡើងហ្នឹងទេ។ ហើយបើសិនជាថ្ងៃក្រោយគេដាក់បារ៉ាសដាក់អីទៅលេងបានតែគ្នាគាត់ ឬមួយក៏មន្ត្រីយោធាជាន់ខ្ពស់ ឬមួយក៏ខាងចិនខាងអី។ ប្រជាពលរដ្ឋមិនអាចចូលទៅជិត ទៅក្បែរបាន»។
លោកបញ្ជាក់ថាជម្លោះជាមួយប្រជាពលរដ្ឋនឹងកើតមានឡើងពេលមានការអភិវឌ្ឍនៅតំបន់នោះ ហើយជាទូទៅនឹងមានការប្រើកម្លាំងដោយហិង្សា ពេលមានជម្លោះជាមួយយោធា៕