ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ក្នុងចំណោមពលរដ្ឋ១៩៧គ្រួសារ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការតវ៉ាបួនថ្ងៃជាប់គ្នានៅក្បែរក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីស្វែងអន្តរាគមពីក្រសួងនេះ ឲ្យដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកជាជាមួយលោកហេង ហ៊ុយ ជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុន Heng Huy Agriculture Group។
ក្រុមប្រជាពលរដ្ឋទាំងនេះអះអាងថា ក្រុមហ៊ុន Heng Huy Agriculture Group របស់លោកហេង ហ៊ុយ បានរំលោភយកដីរបស់ពួកគេចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយពុំមានស្ថាប័នណាដោះស្រាយឲ្យពួកគេឡើយ។
ក្រុមប្រជាពលរដ្ឋមកពីឃុំជីខលើ ស្រុកស្រែអបិល បានឡើងមកទីក្រុងភ្នំពេញដើម្បីធ្វើការតវ៉ាអំពីទំនាស់ដីធ្លីរបស់ពួកគេចាប់ផ្តើមតាំងពីខែមិថុនាឆ្នាំ២០១៩ តែគ្មានដំណោះស្រាយ។
អ្នកស្រី អ៊ិន ធូ តំណាងពលរដ្ឋ១៩៧គ្រួសារ បានប្រាប់ VOA ថា៖ «ប្រជាពលរដ្ឋពួកខ្ញុំបាត់បង់ច្រើន មិនមែនតែ៩២១ហិកតាទេ បាត់បង់មួយគ្រួសារៗ អ្នកខ្លះទៅ ១០ហិកតា ៦ហិកតា ៨ហិកតា ៥ហិកតា ៤ហិកតា»។
លោក គង់ ម៉ែន ពលរដ្ឋម្នាក់ទៀតមកពីឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានលើកឡើងថា៖ «បានជាពួកខ្ញុំនៅតែតវ៉ាជារៀងរហូតអីចឹង អត់មានឈប់ទេ»។
កាលពីថ្ងៃទី១៩ខែសីហា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា «គ្មានទំនាស់ដីធ្លីនៅទីតាំងដែលពលរដ្ឋកំពុងតវ៉ាទេ»។ ក្រសួងដដែលបញ្ជាក់ថា ខ្លួនមិនអាចរកដំណោះជូនក្រុមអ្នកតវ៉ាបានទេ ហើយស្នើឲ្យពលរដ្ឋទាំងនេះត្រឡប់ទៅមូលដ្ឋានរបស់ពួកគាត់វិញ។
ប៉ុន្តែក្រុមប្រជាពលរដ្ឋនៅតែបន្តការតវ៉ា ទោះជាគ្មានដំណោះស្រាយក៏ដោយ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកហេង ហ៊ុយ ប្រធានក្រុមហ៊ុន Heng Huy Agriculture Group បានទេ ដោយសារទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
ដំណាលគ្នានេះ មានក្រុមប្រជាពលរដ្ឋជាង១០នាក់មកពីតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញបានចេញមកតវ៉ានៅក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ផងដែរ ទាក់ទងនឹងទំនាស់ដីធ្លីដែលបានកើតឡើងជាង១០ឆ្នាំមុន។ ទំនាស់ដីធ្លីរបស់ពួកគេជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជាហៅកាត់ថា OCIC។
លោក ជា សុផាត តំណាងពលរដ្ឋនៅតំបន់ជ្រោយចង្វារ បានអះអាងថា៖ «សាលាក្រុងឲ្យខ្ញុំ១០០ការ៉េ សាលាក្រុងយក៥០០ការ៉េ ឲ្យក្រុមហ៊ុន៤០០ការ៉េ។ ឥឡូវយើងខ្ញុំមិនអាចទទួលយកបានទេ ១០ភាគរយ ហើយតើមានច្បាប់ឯណាដែលចែងថា ឲ្យ១០ភាគរយមកឲ្យពួកខ្ញុំហ្នឹង? ហើយអស់លោកយក៥០ភាគរយ ហើយក្រុមហ៊ុន ៤០ភាគរយ ឬទិញប៉ុន្មាន ឲ្យប៉ុណ្ណឹងវិញ?»
តាមការអះអាងពីក្រុមមន្ត្រីសិទ្ធិមនុស្ស មានករណីទំនាស់ដីធ្លីជាច្រើន ដែលមិនទាន់ត្រូវបានដោះស្រាយនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះរួមមានទំនាស់ដីធ្លីនៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តព្រះវិហារ និងរាជធានីភ្នំពេញជាដើម៕