ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្តកោះកុង ការពារ​ការផ្តន្ទា​ទោស​អ្នកកាសែត​រាយការណ៍​ពី​វិវាទ​ដីធ្លី


លោក យួន ឈីវ ជា​ចាងហ្វាង​គេហទំព័រ Koh Kong Hot News។ (រូបថតពីទំព័រហ្វេសប៊ុក​យួន ឈីវ Youn Chhiv)
លោក យួន ឈីវ ជា​ចាងហ្វាង​គេហទំព័រ Koh Kong Hot News។ (រូបថតពីទំព័រហ្វេសប៊ុក​យួន ឈីវ Youn Chhiv)

បន្ទាប់​ពីមាន​ការរិះគន់​របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន​ (Reporters Without Borders) ចំពោះ​ការ​កាត់​ទោស​អ្នកកាសែត​ម្នាក់​ថា ​មាន​ចរិត​នយោបាយ​នោះ​ មន្ត្រី​តុលាការ​ខេត្ត​កោះកុង​មួយ​រូប​បាន​និយាយ​ថា​ ការ​ផ្តន្ទា​ទោស​អ្នកកាសែត​លោក​ យួន​ ឈីវ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ភស្តុតាង​ និង​នីតិវិធី​ច្បាប់​ទាំងស្រុង​។

ព្រះរាជ​អាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​លោក ​វ៉ៃ ភីរម្យ​ បញ្ជាក់​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​កាលពី​ថ្ងៃអង្គារ​ក្នុង​ន័យ​ដើម​ថា៖ «ការ​ចោទ​ប្រកាន់​ និង​ការ​ផ្តន្ទា[ទោស]​លើ​បុគ្គល​ឈ្មោះ​ យួន ឈីវ​ គឺ​ផ្អែក​លើ​ទិដ្ឋភាព​នៃ​អង្គហេតុ​ និង​អង្គច្បាប់​សុទ្ធសាធ​ និង​គ្មាន​ការពាក់​ព័ន្ធ​អ្វីឡើយ​ជាមួយ​រឿង​នយោបាយ​»។​

ចាង​ហ្វាង​គេហទំព័រ​ Koh Kong Hot News លោក ​យួន​ ឈីវ​ ត្រូវបាន​សាលាដំបូង​ខេត្តកោះកុង​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ២លាន​រៀល​ (ឬប្រមាណ​៥០០ដុល្លារ​អាមេរិក)​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ តាម​មាត្រា៤៩៤ និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​របស់អង្គការ​អ្នកកាសែត​គ្មានព្រំដែនដែល​មាន​ទីស្នាក់​ការកណ្តាល​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារំាង​ លោក ​យួន​ ឈីវ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​តែ​ពីរថ្ងៃ​ប៉ុណ្ណោះ​។​

ក្នុង​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​១ ខែតុលា​ អង្គការ​អ្នក​កាសែត​គ្មានព្រំដែន​ថ្កោល​ទោស ចំពោះការកាត់ទោស​បែប​ប្រឌិត ​តាម​ការ​បញ្ជារបស់​គណបក្ស​កាន់​អំណាច​ ដែល​អង្គការនេះ​ចាត់​ទុក​ថា​ ជាការ​សង​សឹក​ខាង​នយោបាយ​ ដោយ​បើក​ចំហ ​បន្ទាប់​ពី​លោក​ ​យួន​ ឈីវ បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា​ អាជ្ញាធរ​កំពុង​រឹបអូស​ដីធ្លី​ពី​ប្រជាជន​ ដែល​បាន​ធ្វើកសិកម្ម​លើ​ដីនោះ​ជាច្រើន​ឆ្នាំ​មក​ហើយ»។

ប៉ុន្តែ​រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ បាន​ប្រតិកម្ម​កាលពី​ថ្ងៃ​អង្គារថា​ វិធាន​ការ​ច្បាប់​លើលោក យួន ឈីវ​ មិនជាប់​ទាក់​ទង​នឹង​ការ​សងសឹក​ខាង​នយោបាយ​ទេ​។ លោក​ថា​ ការកាត់ទោស​នោះ​ ធ្វើឡើង​ដោយ​យោងតាម​បទល្មើស​ និង​មានភស្តុតាង ព្រម​ទាំង​មូលដ្ឋាន​ច្បាប់​រឹងមាំ​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​ផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG