ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ ចៅក្រម​អន្តរជាតិ​ថា កាត់ក្តី​មេខ្មែរ​ក្រហម​នៅ​កម្ពុជា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​ចៅក្រម​សរសើរ​ពី​ជោគជ័យ​សាលាក្តី​បើទោះបីជា​មតិ​នានា​រិះគន់

សាលាក្តី​អាយុ​១២​ឆ្នាំ​នេះ​បាន​កាត់ទោស​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​តែ​ម្នាក់​គត់​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។​ តុលាការ​​នេះ​រង​ការ​រិះគន់​ថា ​ដំណើរ​ការ​យឺត។​

កំណត់និពន្ធ៖ សាលាក្តី​ខ្មែរក្រហម​គាំទ្រ​ដោយ​អ.ស.ប.​ កំពុង​កាត់ទោស​មេ​ដឹកនាំ​របប​ខ្មែរក្រហម​ពីរ​នាក់​ដែល​នៅរស់​ គឺ​ខៀវ សំផន ​និង​នួន ជា។ ​សាលាក្តី​អាយុ​១២​ឆ្នាំ​នេះ​បាន​កាត់ទោស​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​តែ​ម្នាក់​គត់​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។​ តុលាការនេះ​រង​ការ​រិះគន់​ថា ​ដំណើរ​ការ​យឺត។​ ប៉ុន្តែ​អតីត​ចៅក្រម​នៅ​សាលាក្តី​នេះ​យល់​ផ្សេង​ពីនេះ។ លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​បាន​សម្ភាស​លោក​ Machel Lemonde ​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិនៅក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​១៧ខែ​មេសា។

VOA៖ ​អរគុណ​ លោក ​Lemonde ​ដែល​អនុញ្ញាត​ឲ្យ​ VOA ​សម្ភាសន៍។​ ថ្ងៃនេះ​អភិបាល​ក្រុង​ប៉ារីស​បាន​ផ្តល់​កិត្តិយស​ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​ជនរង​គ្រោះ​របប​ខ្មែរក្រហម​នៅសួន​ច្បារ​សាធារណៈ Parc de Choisy។ ​តើ​ពិធី​នេះ​អាច​ជួយ​ជន​រង​គ្រោះ​រក​យុត្តិធម៌​ និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់ពួក​គេ​យ៉ាង​ណា?​

លោក Lemonde៖ ​វាជា​ថ្ងៃ​សំខាន់​ ព្រោះ​ជាពិធី​រំឭក​ព្រឹត្តិ​ការណ៍​នៅ​កម្ពុជា​កាលពី​៤៣​ឆ្នាំ​មុន ​ហើយ​ខ្ញុំ​សូមទាញ​ចំណាប់​អារម្មណ៍​បន្តិច​ថា ​កាលពី​៤៣​ឆ្នាំមុន​ ​ខ្មែរក្រហម​ចូល​ភ្នំពេញ​ហើយ​កាន់​អំណាច​៣​ឆ្នាំ​៨ខែ​២០​ថ្ងៃ។ ​២០ឆ្នាំមុន ​នៅខែ​មេសា​ឆ្នាំ​១៩៩៨ ​ប៉ុល ពត​ស្លាប់​ដោយ​គ្មាន​ការ​កាត់ទោស។ ​ខ្ញុំ​ភ្ញាក់​ផ្អើល ​ពេល​ខ្ញុំ​អាន​កាសែត​កាលពី​សប្តាហ៍​មុន​ដែល​សរសេរ​ថា ​នៅមាន​អ្នក​ចាត់​ទុកប៉ុល ពត​ជាវីរៈ​បុរស។ ​អ្នក​នៅ​អន្លង់​វែង​ហាក់​ដូច​ជា​ចាត់​ទុក​ថា ​ប៉ុល ពត​ជាវីរៈ​បុរស​ជាតិ។ ​ចំណុចនេះ​បង្ហាញ​ពីភាព​ចាំបាច់​នៃ​ដំណើរ​ការ​កាត់ទោស​ ​ដើម្បី​បង្ហាញ​ថា ​អ្នកណា​ធ្វើ​អ្វី​ ហើយ​មាន​អ្វី​កើត​ឡើង?​ អ្នកណា​ជា​ជន​រងគ្រោះ អ្នកណា​ជា​ជន​ល្មើស។​

VOA៖​ លោក​ជា​ចៅក្រម​នៅ​សាលាក្តី​ខ្មែរក្រហម​នេះ​ពី​ដំបូង។ ​តើ​តុលាការ​នេះ​ធ្វើ​ត្រឹមត្រូវ​ដើម្បី​អ្វី​ដែល​លោក​ទើប​លើក​ឡើង​នេះ​ទេ?​

លោក​ Lemonde៖ ​បាទ ​ពិបាក​អារ​កាត់​ណាស់​ ព្រោះ​មាន​រឿង​មិន​ពេញ​ចិត្ត​ខ្លះក្នុង​ការងារ​តុលាការ។​ ប៉ុន្តែ​យ៉ាងណា​ក្តី ​ការបង្កើត​តុលាការ​នេះ​គឺជា​ជោគ​ជ័យ​ធំមួយ។ ​ខ្ញុំសូម​រំឭក​ថា​នៅ​ឆ្នាំ​២០០២​ ​ការ​ចរចា​រវាងអ.ស.ប.​និង​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រំខាន​ ព្រោះ​មាន​ការ​មិន​ព្រមព្រៀង​គ្នាអំពី​ទម្រង់​របស់​សាលាក្តី​នេះ ​ហើយ​គ្មាន​អ្នក​ណា​គិត​ថា ​តុលាការ​នេះ​អាច​កើត​មាន​ទេ។ ​ការរៀប​ចំ​តុលាការ​នេះគឺ​ជា​ជោគ​ជ័យ​មួយ។​ ការ​ជំនុំ​ជម្រះ​គួរ​តែធ្វើ​បាន​ច្រើន​ជាង​នេះ។​ តែខ្ញុំ​គិត​ថា ​ការ​កាត់ទោស​នេះ​បង្ហាញ​ទិដ្ឋភាព​សំខាន់ៗ។​ទី១ ​ការ​បំភ្លឺ​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ចុង​ចោទ ​ហើយ​អត្តសញ្ញាណ​ចុងចោទ​និង​ដើម​ចោទត្រូវ​បាន​បង្ហាញ។​ លទ្ធផល​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ​គឺ​មាន​ប្រយោជន៍​សំខាន់ៗ​អម​នឹង​លទ្ធផល​នេះ​ដែរ​ ឧទាហរណ៍​ការ​ពិភាក្សា​ក្នុង​សង្គម​កម្ពុជា​អំពី​សម័យ​ខ្មែរក្រហម។​ការ​កាត់ទោស​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​នេះ។ ​មុនការ​កាត់ទោស​រឿង​នេះមិនមាន​និយាយ​ទេ ​ក្នុង​គ្រួសារ​ ព្រោះ​ជា​រឿង​ឈឺ​ចាប់​ពេក​សម្រាប់​មនុស្ស​ចាស់ ​តែក្មេងៗ​មិន​ចាប់​អារម្មណ៍។​ ឥឡូវ​វាផ្លាស់​ប្តូរ​ហើយ។កម្មវិធី​សិក្សា​នៅ​សាលា​ក៏ផ្លាស់ប្តូរ​ដែរ​ ហើយ​គេអាច​រៀន​អំពី​សម័យ​ខ្មែរក្រហម។​មុន​ឆ្នាំ​២០០៨ ​គេអត់​មាន​និយាយ​អំពី​បញ្ហា​នេះ​សោះ។

VOA៖​ ចុះ​រឿង​អន្តរាគមន៍​ញឹកញាប់​ពី​រដ្ឋាភិបាល​ ជាពិសេស​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ជំទាស់រឿង​នេះ​ រឿង​នោះ។ ​បញ្ញវ័ន្ត ​និង​អ្នកស្រាវជ្រាវ​ខ្លះ​មិន​សប្បាយ​ចិត្ត ​ដែល​សាលាក្តី​នេះ​អូស​បន្លាយ​យូរ។ ​មាន​ជន​សង្ស័យ​តិច​តួច​ត្រូវ​កាត់​ទោស​ហើយ​ពួកគេ​កាន់​តែចាស់។​ ​

លោក ​Lemonde៖​ បាទ ​និយាយ​រិះគន់​មិន​ពិបាក​ទេ។ ​សូម​កុំ​រំពឹង​ថា ​ការ​កាត់ទោស​នេះល្អ​ឥត​ខ្ចោះ​នោះ! ​ ខ្ញុំ​សូម​បញ្ជាក់​ថា​ សាលាក្តី​នេះ​មាន​ប្រយោជន៍ ​ព្រោះធ្វើ​នៅ​កម្ពុជា។ ​ការ​កាត់​ទោស​នៅក្រុង​ឡាអេ ​ឬនៅ​តុលាការ​អន្តរជាតិ​ ដោយ​ចៅក្រម​អន្តរជាតិ​សុទ្ធ ​វា​ងាយ។​ ប៉ុន្តែ​ការ​កាត់ទោស​នៅ​បរទេស ​ប្រើ​ច្បាប់​បរទេស​ វា​អត់ន័យ​សម្រាប់​ខ្មែរ។ ការកាត់ទោស​នៅ​កម្ពុជា​ ចូលរួម​ដោយ​ប្រជាជន​កម្ពុជា​ វា​មាន​ប្រយោជន៍។ ប្រាកដ​ហើយ​ថា ​ វាពិបាក​ ពីព្រោះ​កម្ពុជា​មិនមាន​ប្រជា​ធិបតេយ្យ​ជឿន​លឿន​ទេ។ ​ការរៀបចំ​សាលាក្តី​ឯករាជ្យ​ មិន​លម្អៀង​នៅ​កម្ពុជាពិបាក​ជាង​នៅ​ស្វីស ឬ​ហូឡង់។ ​តែ​បើគិត​ពី​លទ្ធផលចំពោះ​ពល​រដ្ឋ ​គឺ​ត្រូវ​ធ្វើនៅ​កម្ពុជា។​ មាន​មនុស្ស​១០​ម៉ឺន​នាក់​ចូលរួម​សវនាការ។ ​នៅ​តុលាការ​អន្តរជាតិ​មិនមាន​ច្រើន​អីចឹង​ទេ។​ អ្នកភូមិ​ខ្លះ​នៅ​រតនៈគិរី ​មណ្ឌលគិរី​ជួបជុំគ្នា​មើល​ការ​កាត់ទោស​តាម​ទូរទស្សន៍ ​ប្រើ​ភ្លើង​អាគុយ។ នៅ​កន្លែង​ផ្សេង​មិន​អី​ចឹង​ទេ។​ ដូច្នេះ​នេះ​ជា​លទ្ធផល​សំខាន់។ ​ពិត​ហើយ ​យើង​ដឹង​ថា​ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ពិបាក។​ ប៉ុន្តែ​តើសុខ​ចិត្ត​អត់​មាន​ការ​កាត់​ទោស​ឬ? ​គួរ​កាត់​ទោស​នៅក្រៅ​ប្រទេស​ឬ? ​គ្មានអ្នក​ណា​គិត​អីចឹង​ទេ។​ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ខាតបង់។​

VOA៖ ​តើ​ការ​កាត់ទោស​នឹង​ពង្រីក​លើស​ពី​សំណុំ​រឿង​០០២ ​ហើយ​កាត់ទោស​ខ្មែរ​ក្រហម​ថែម​ទៀត​ឬ​ទេ?​

លោក ​Lemonde៖ ​ខ្ញុំគិត​ថា ​មាន​បញ្ហា​ពីរ។​ ទី១ ​ខ្ញុំ​គិត​ថា ​ការ​ពិភាក្សា​អំពី​សំណុំ​រឿង​០០៣​និង​០០៤​មាន​ការ​ពិបាក ព្រោះ​ត្រូវ​គិត​ពី​លទ្ធភាព​នៃ​ការ​កាត់ទោស។​ ខ្ញុំគិត​ថា ​ភាគី​កម្ពុជា​មិនចង់​កាត់ទោស​ថែម​ទៀត​ទេ។ ​នៅពេល​ភាគី​ម្ខាង​មិន​ចង់ធ្វើ​ ​នោះភាគី​ម្ខាង​ទៀត​មាន​ការ​លំបាក។ ​ខ្ញុំ​សង្ស័យ​តាំង​ពី​ដំបូង។ ​ទី២​ នៅពេល​រៀបចំ​ពង្រីក​ការ​កាត់ទោស​ យើង​ត្រូវ​សិក្សា​ពី​ហេតុផល​ថា តើ​យើង​មាន​លទ្ធភាព​កាត់ទោស​ជន​នោះ​ឬ​ទេ? ​វា​មិន​ពិបាក​ទេ ​ធ្វើ​ការ​បកស្រាយ​ថា ​ហេតុអ្វី​អតីត​មេដឹកនាំ​របប​នេះ​និង​ឌុច ​មេគុក​ទួលស្លែង​ត្រូវ​កាត់​ទោស ​ព្រោះពួក​គេ​មាន​ប្រវត្តិ​ជាក់លាក់។ ​ងាយ​ពន្យល់​ទេថា ​ហេតុ​អ្វី​កាត់ទោស​អ្នក​ទាំង​នេះ ​តែ​យើង​ពិបាក​ពន្យល់​ថា ​ហេតុអ្វី​កាត់ទោស​មនុស្ស​តែ​៥ ​ឬ​១០នាក់​ ​ ​ហើយ​២០​ឬ​៥០​ទៀត​រួច​ខ្លួន? ​ដូច្នេះ​ព្រះរាជ​អាជ្ញា​ពិបាក​ពន្យល់​អំពី​ទំហំនៃការ​កាត់​ទោស។ ​សាលាក្តី​ត្រូវ​ប្រយ័ត្ន​ ត្រូវ​ច្បាស់លាស់​ធ្វើ​នីតិវិធី​ថ្មី។​

VOA៖ តើ​លោក​អាច​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​លោក​ធ្វើការ​ជាមួយ​សហការី​កម្ពុជា​បាន​ទេ​ ពេល​លោក​ធ្វើ​ជា​ចៅ​ក្រម?

លោក​ Lemonde៖ ​ នេះ​ជា​បទ​ពិសោធន៍​ល្អ។ តែ​មាន​ទិដ្ឋភាព​ច្បាប់​និង​ទិដ្ឋភាព​បុគ្គល។​ ទិដ្ឋភាព​ច្បាប់​មាន​ការ​លំបាក។ ​ ដូច​យើង​ដឹង​ហើយ​មាន​ការមិន​ព្រមព្រៀង​គ្នា។ ​ពេល​ខ្លះ​មានការលំបាក។ ​ប៉ុន្តែ​បញ្ហា​ផ្ទាល់ខ្លួន​មិន​ដែល​មាន​ទេ។ ​យើង​ជាមិត្ត​ភក្តិ​នឹង​គ្នា។ ​ពេល​ខ្ញុំទៅ​កម្ពុជា​ ខ្ញុំ​ជួប​ពួកគេ។ ​យើង​រីករាយ​ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា។​វា​ជា​កត្តា​សំខាន់​សម្រាប់​ជោគជ័យ​ ដែល​ការ​លំបាក​ខាង​នយោបាយ​នេះ​មិន​ក្លាយ​ជា​រឿង​បុគ្គល។​

VOA៖ ​បន្ទាប់​ពី​សាលាក្តី​នេះ​ទៅ​តើត្រូវ​ធ្វើអ្វី​ដើម្បី​ជួសជុល​របួសផ្លូវ​ចិត្ត​របស់​សហគមន៍?​

លោក ​Lemonde៖ ​ បញ្ហា​សំខាន់​ទីមួយ​គឺ​សាធារណជន​អាច​ទទួល​បាន​ព័ត៌មាន​អំពី​សំណុំ​រឿង។​ អ្នក​ដែល​ចាប់​អារម្មណ៍​បញ្ហា​សម័យ​ខ្មែរក្រហម​អាច​ចូល​មើល​ព័ត៌មាន​ក្នុង​បណ្ណសារ។ ​ទី២ សាលាក្តី​ត្រូវ​ទទួល​ស្គាល់​សំណង​ខ្លះ​សម្រាប់​ដើម​បណ្តឹង​គឺ​សំណង​ដែល​ចាប់​អារម្មណ៍​សង្គម​ខ្មែរ​ទាំងមូល ​ដូចជា​មជ្ឈមណ្ឌល​សន្តិភាព ​ការ​តាំង​ពិព័រណ៍​ ការរៀបចំ​កិច្ច​ពិភាក្សា​អំពី​ខ្មែរក្រហម។​ សំណង​នេះអាច​ប្រើ​សម្រាប់​ការ​សិក្សា ​ការ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​អំពី​សម័យ​នោះ។

VOA៖ ​ពិធី​សម្ពោធ​ថ្ងៃ​នេះ​ផ្តួចផ្តើម​ដោយ​សហគមន៍​គឺមិនមាន​អន្តរាគមន៍​របស់​សាលាក្តី​ទេ។ ​តើអាច​រាប់​ជា​សំណង​សម្រាប់​ជន​រងគ្រោះ​ទេ?​

លោក​ Lemonde៖ ​ ខ្ញុំមិន​ច្បាស់​ទេថា ​តើមាន​ទាក់ទង​នឹង​តុលាការ​ឬ​អត់។ ​អ្នករៀបចំ​ពិធី​ជា​ដើម​បណ្តឹង​ ហើយគេ​ចាប់​អារម្មណ៍​នឹង​ដំណើរការ​តុលាការ។​ ដូច្នេះខ្ញុំ​គិត​ថា ​វាជា​ផ្នែក​មួយ​គឺជា​ការ​ស្វែងរក​យុត្តិធម៌​តាម​វិធី​ផ្សេង។​

VOA៖ និយាយ​អំពី​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​វិញ​ តើសាលាក្តី​នេះជួយ​វិស័យ​ច្បាប់​អន្តរជាតិ​យ៉ាង​ណា​ខ្លះ?​

លោក​ Lemonde៖​ លក្ខណៈ​សំខាន់​របស់​សាលាក្តី​នេះគឺ​ការ​ប្រើប្រាស់​ព័ន្ធច្បាប់​ផ្សេងៗ​គ្នា ​ដូចជា​ច្បាប់​កម្ពុជា​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ច្បាប់​បារាំង។ ​ចំណុច​នេះ​ខុស​ពី​តុលាការ​អន្តរ​ជាតិ​ផ្សេង​ទៀត។ ​មន្ត្រីភាគ​ច្រើន​ជ្រើសរើស​ដោយ​អ.ស.ប.​មកពី​ប្រទេស​មាន​ប្រព័ន្ធ​ច្បាប់​បែប​អង់គ្លេស​ឬ​មក​ពី​តុលាការ​អន្តរជាតិ​ផ្សេង​ទៀត ​ហើយ​គេមិន​ចង់​កែ​ប្រព័ន្ធ​របស់​គេ​ទេ។​ ប្រព័ន្ធ​នេះមិន​អាច​អនុវត្ត​ទាំង​ស្រុង​ទេ។ ​វាជា​បញ្ហា ​ព្រោះ​លទ្ធផល​ខ្លះ​នាំឲ្យ​មាន​ចំណាប់​អារម្មណ៍​ថា ​សាលាក្តី​នេះ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​ប្រព័ន្ធ​ច្បាប់​បែបបារាំង​និង​ប្រព័ន្ធ​ច្បាប់​បែប​អង់គ្លេស។​ ឆ្លងកាត់​បទ​ពិសោធន៍​នេះ​ ​ខ្ញុំគិត​ថា ​បើមាន​សាលាក្តី​មួយ​ទៀត​ ​ខ្ញុំ​ចង់​ប្រើ​ភាពប្រាកដ​និយម​នៃ​ប្រព័ន្ធ​ច្បាប់​បែបបារាំង​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​ប្រព័ន្ធ​ច្បាប់​បែប​អង់គ្លេស។​

VOA៖ ​មុន​នេះ​បន្តិច​យើង​និយាយ​អំពី​ចំនួន​មនុស្ស​ដែល​អាច​ត្រូវ​កាត់ទោស។ ​មនុស្ស​ជាច្រើន​យល់​ថា ​សាលាក្តី​នេះ​មិនអាច​ពង្រីក​ហួស​ពី​សំណុំ​រឿង​០០២​ទេ។ ​តើ​តុលាការ​ក្នុង​ស្រុក​អាច​នឹង​កាត់​ទោស​អ្នក​ផ្សេង​ទៀត​ទេ?​

លោក​ Lemonde៖ ​ ខ្ញុំមិន​ដឹង​ទេ។ ​ខ្ញុំមាន​សុទិដ្ឋិនិយម​តិចតួច​អំពី​ដំណោះ​ស្រាយ​ប្រព័ន្ធ​ច្បាប់​ ព្រោះ​ឥឡូវ​មិន​មាន​ដំណោះ​ស្រាយ​ដែល​ពេញ​ចិត្ត​ទេ។​ ខ្ញុំមិន​ដឹង​ថា ​គេ​នឹង​សម្រេច​យ៉ាង​ណា​ទេ ​តែ​ប្រហែល​មាន​ដំណោះ​ស្រាយ​បែប​ឱកាស​និយម​ជាជាង​ភាព​ប្រាកដ​និយម​ខាង​ច្បាប់។​ ខ្ញុំ​យល់​ថា ​ពិបាក​រក​ច្រក​ចេញ។​

VOA ៖ តើចៅក្រម​ជាតិ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​កាត់ទោស​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ទេ?​

លោក ​Lemonde៖ ​ខ្ញុំគិត​ថា ​ពិបាក​ណាស់​ បើគ្មាន​អន្តរជាតិ​គាំទ្រ ​ជាពិសេស​មាន​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ។ ធ្វើ​កិច្ចការ​ច្បាប់​នៅ​កម្ពុជា​ពិបាកណាស់​ក្នុង​ស្ថាន​ការណ៍​បែប​នេះ។​ បញ្ហា​មិនមែនមក​ពី​សញ្ជាតិ​ទេ​គឺមក​ពី​ស្ថាន​ការណ៍ ​ដូច្នេះ​ចៅក្រម​បារាំង​អាច​សម្រេច​បាន​ល្អ​ជាង។ ​ខ្ញុំ​គិត​ថា ​គេត្រូវ​ព្យាយាម​រៀបចំ​បំភ្លឺ​រឿង​នេះ​នៅថ្នាក់​ជាន់ខ្ពស់​នៃ​សាលាក្តី​នេះ។​តែ​ខ្ញុំ​ថា ​មិនអាច​ធ្វើ​បាន​ទេ ​ឥឡូវ​នេះ។​

VOA៖ អ​រគុណ​លោក​ Lemonde!​

លោក ​Lemonde៖ ខ្ញុំ​រីករាយ​ណាស់!

អត្ថបទ​ទាក់ទង

XS
SM
MD
LG