ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជាង​៤០ឆ្នាំ​នៃ​របប​វាល​ពិឃាត​ ខ្មែរ​នៅ​បារាំង​ទទួល​បាន​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​មួយ


លោកស្រី ​Anne Hidalgo ​ចៅហ្វាយក្រុង​ប៉ារីស​សម្ពោធ​ស្តូបសាធារណៈដំបូង​បំផុត​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​របបខ្មែរ​ក្រហម។ (ម៉ែន គឹមសេង/VOA)
លោកស្រី ​Anne Hidalgo ​ចៅហ្វាយក្រុង​ប៉ារីស​សម្ពោធ​ស្តូបសាធារណៈដំបូង​បំផុត​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​របបខ្មែរ​ក្រហម។ (ម៉ែន គឹមសេង/VOA)

នេះជា​ស្តូបរំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ដែល​ដាក់​នៅ​ទី​​​សាធារណៈ​ដំបូង​បំផុត​សម្រាប់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ហើយ​ស្ថិត​នៅ​សង្កាត់​លេខ​១៣ ​ជា​ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ បាន​ទទួល​កិត្តិយស​មួយ​នៅចំ​ថ្ងៃខួប​លើក​ទី​៤៣ឆ្នាំ​ នៃ​ការឡើង​កាន់​អំណាច​របស់​ក្រុមខ្មែរ​ក្រហម​ តាម​រយៈ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ក្រុង​ប៉ារីស។

ក្រុម​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​ កាលពី​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​១៩៧៥ ​ហើយ​បាន​ចាប់​ផ្តើម​យុគសម័យ​ប្រល័យ​ពូជសាសន៍ ​និង​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​អស់​ជិត​ពីរលាន​នាក់ ​ដោយ​សារ​ការ​កាប់​សម្លាប់​ ធ្វើការ​ហួស​កម្លាំង ​និង​ជំងឺ​ដម្កាត់​ជាដើម។​

លោកស្រី Anne Hidalgo ​ចៅហ្វាយ​ក្រុង​ប៉ារីស​ដែល​បាន​ផ្តល់​កិត្តិយស​សម្ពោធ​បើក​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​នេះ ​បាន​ប្រៀបធៀប​ចំនួន​នេះ​ទៅនឹង​ចំនួន​ពលរដ្ឋ​ក្រុងប៉ារីស​ទាំងមូល ​ដែល​មនុស្ស​ជាតិ​ត្រូវ​ធ្វើសកម្មភាព​ការពារ។

«នៅពេល​នេះ​អ្វីៗ​ច្បាស់​លាស់​ហើយ​ថា ​ជាការពិត ​យើង​ត្រូវ​នាំ​គ្នា​ធ្វើ​សកម្មភាព​ និង​ប្រតិកម្មនៅ​ពេល​ដែល​មាន​ការសម្លាប់​រង្គាល​កើត​ឡើង​ ដូច​អ្វី​ដែល​កើតមាន​លើ​ពលរដ្ឋ​កម្ពុជា​តាំង​ពីឆ្នាំ​១៩៧៥...​ពេល​វេលា​ជាង​៤០ឆ្នាំ ​គឺ​យូរ​មែន​ ដែល​យើង​ទើបបាន​មក​ជួបជុំ​គ្នា​នៅទីនេះ ​ប៉ុន្តែ​ពេល​វេលា​នេះ​មិន​ចំណាយ​ដោយ​មិន​បាន​ការ​ទេ​ ដែល​ពួកគេ​បាន​ឆ្លងកាត់​ការឈឺចាប់​ និង​លំបាក ​ហើយ​ដែល​យើង​បាន​មក​ជួបជុំ​គ្នា​នៅទីនេះ​ ដើម្បី​យល់​ដឹង​ពី​ការ​លំបាក​ទាំងនោះ​ បើទោះ​បី​ជា​យើង​ពិបាកដាក់​ខ្លួន​យើង​ ក្នុង​ស្ថានភាព​របស់​ជនរងគ្រោះ​ទាំងនោះ‍​ក៏ដោយ»។​

នេះជា​ស្តូបរំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ដែល​ដាក់​នៅ​ទី​សាធារណៈ​ដំបូង​បំផុត​សម្រាប់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ហើយ​ស្ថិត​នៅ​សង្កាត់​លេខ​១៣ ​ជា​ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

លោក​ ប៊ុន តាន់ ​អ្នក​តំណាងរាស្រ្ត​ប្រចាំ​ទីក្រុង​ប៉ារីស​ ដែល​មាន​ដើមកំណើត​ខ្មែរ​ បាន​យល់​ថា ​ស្តូប​នេះ​នឹង​ជា​កន្លែង​ដែល​ក្រុមគ្រួសារ​ជន​រងគ្រោះ​អាចមក​ជួបជុំ​គ្នា​ ប្រារព្ធ​ពិធី​រំលឹក​ដល់​អ្នក​បាន​ស្លាប់​ទៅ និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។

«ជា​ការសំខាន់​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ​ដែល​ធំ​ដឹងក្តី​ឡើង​នៅ​ទីក្រុង​ប៉ារីស ​និង​អ្នក​ដែល​បាន​កើត​នៅ​ទីក្រុង​ប៉ារីស។ ពួកគេ​មិន​បាន​ដឹ​ង​ថា ​មាន​រឿងអ្វី​កើត​ឡើង​ចំពោះ​ឪពុក​ម្តាយ​គេ​ទេ និង​អ្វី​ដែល​ឪពុកម្តាយ​គេ​ឆ្លងកាត់​ឡើយ។ ខ្ញុំ​គិត​ថា​ វា​ជា​ការសំខាន់​ដែល​ពួកគេ​ត្រូវ​ដឹង​ថា​ ពួកគេ​មាន​ប្រភព​ចេញ​ពី​ណា​មក។ តើ​ក្រុមគ្រួសារ​មាន​ប្រវត្តិ​យ៉ាងណា​ ព្រោះ​វា​នឹង​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​ធំធាត់​ហើយ​សំខាន់​បំផុត ​គឺ​រក្សា​ក្នុង​ផ្នត់គំនិត​មិន​ឱ្យ​សោកនាដកម្ម​ដូច​នេះ​កើត​ឡើង​ជាថ្មី​ទៀតទេ​នៅ​ក្នុង​ពេល​អនាគត‍»។​

មាន​ពលរដ្ឋ​ខ្មែរ​ជាង​៨ម៉ឺន​នាក់​ កំពុង​រស់នៅ​ប្រទេស​បារាំង​ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​ប៉ារីស​ តំបន់​ជុំវិញ​ទីក្រុង​ប៉ារីស​ និង​ទីក្រុង​លីយ៉ុង​ជាដើម។ ពួកគេ​ភាគច្រើន​បាន​មកស្នាក់​នៅ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​នៅ ថ្ងៃទី​៧​ ខែមករា ​ឆ្នាំ​១៩៧៩​ ក្រោយ​ពី​កាន់អំណាច​ជិត​បួនឆ្នាំ។

លោក ខៀវ វ៉ាតាក់ ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ព្រឺ​ក្នុង​ខ្លួន​ណាស់​ ដែល​បាន​អីចឹង​ ព្រោះ​ធ្វើ​ពី​យូរណាស់​មក​ហើយ​សុំ​គេ​ជិត​១០ឆ្នាំ​ហើយ​ ទើប​បាន​សម្រេច​នៅ​ពេល​ហ្នឹង​ ហើយ​កន្លែង​ក៏​ល្អ។ សំខាន់​គឺ​នៅពីមុខ​ដើមឈើ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ La Liberté (សេរីភាព) ហើយ​ដើមឈើ​មាន​ប្រវត្តិសាស្រ្ត​តាំងពីឆ្នាំ​១៩៣៩។ ក្នុង​កន្លែង​ដែល​ស្អាត​ដែល​សប្បាយ‍»។

ស្តូប​នេះ​ធ្វើ​ពី​កញ្ចក់​ក្រាស់​មាន​កម្ពស់​១,៨ម៉ែត្រ​ និង​ទទឹង​៨០​សង់ទីម៉ែត្រ​ មាន​បង្កប់​អក្សរ​បារាំង ​និង​ខ្មែរ​ដែល​មាន​ខ្លឹមសារ​ថា​ «ឧទ្ធិសដល់​វិញ្ញាណក្ខ័ន្ធ​ជនរងគ្រោះ​ទាំងអស់​ដោយឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅកម្ពុជា​ក្នុង​របបខ្មែរ​ក្រហម​ ពីឆ្នាំ​១៩៧៥ ដល់ ​១៩៧៩‍»។

ពិធី​សម្ពោធ​បើក​នៅ​ទីសាធារណៈ​ ដែល​រៀបចំ​ដោយ​ឧត្តមក្រុមប្រឹក្សា​អាស៊ី​នៅ​ប្រទេស​បារាំង ​បាន​បន្ត​ដោយ​កិច្ចពិភាក្សា​គ្នា​នៅ​សាលាសង្កាត់​ដោយ​ផ្តោត​លើ​ «ដើមកំណើតនៃ​របបខ្មែរ​ក្រហម ​និង​ការវិវត្តន៍​ឈាន​មកដល់​សាលាកាត់ក្តី‍» ​ដែល​មាន​ការ​ចូលរួមពី​ផលិតករ​ភាពយន្ត​ឯកសារ​ពី​របប​ខ្មែរ​ក្រហម ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​មេធាវី។

ប៉ុល ពត ​ដែល​ជា​ស្ថាបនិក​របប​ប្រល័យ​ពូជសាសន៍​នេះ ​បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ឆ្នាំ​១៩៩៨​ដោយ​គេផុត​ពី​ការ​កាត់ទោស។ បច្ចុប្បន្ន​នេះ ​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​វ័យ​ចំណាស់​ចំនួន​ពីររូប ​គឺ នួន ជា ​អតីត​មេមនោគមវិជ្ជា​ និង​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​កំពុងតែ​ទទួល​ការ​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ អតីត​ប្រធាន​គុកទួលស្លែង​ឈ្មោះ​ កាំង ហ្កេកអ៊ាវ ​ហៅ ឌុច ​ត្រូវបាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ តុលាការ​នេះ​រង​ការ​រិះគន់​ថា ​ធ្វើការ​មាន​ភាព​យឺតយ៉ាវ ​និង​រង​ឥទ្ធិពល​នយោបាយ។

លោក​ ម៉ាសែល ឡឺម៉ុង​ អតីត​ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម ​ដែល​បាន​ចូលរួម​ជា​វាគ្មិន​មួយ​រូបក្នុង​ការពិភាក្សា​នោះ​ បាន​ប្រាប់​វីអូអេ​ថា​ វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​រិះគន់​ ក៏ប៉ុន្តែ​សាលាក្តី​ក៏​បាន​ចូលរួម​ចំណែក​ជាច្រើន​ដល់​ការ​ផ្សះផ្សារ​សហគមន៍ ​ដែល​បាន​បែកបាក់​ក្នុង​ពេល​កន្លងមក​នេះ៖

«មាន​ចំណុច​ជាច្រើន​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​សាលាក្តី​នេះ។ ជាដំបូង​គឺ​មាន​ការ​កំណត់​ច្បាស់​រវាង​ជនល្មើស​ និង​ជនរងគ្រោះ។ ហើយ​នៅ​មាន​សារៈសំខាន់​ជាច្រើន​ទៀត​ ដែល​មាន​ដូច​ជា​ការ​ពិភាក្សា​ក្នុង​សហគមន៍​ពី​របប​ខ្មែរ​ក្រហម​ដែល​រៀបចំឡើង​ដោយ​សាលាក្តី។ មុន​ពេល​មាន​សាលាក្តី​គឺ​បញ្ហា​នេះ​ គ្មាន​អ្នក​ហ៊ាន​និយាយ​ទេ​ក្នុង​គ្រួសារ​ ដោយសារ​មនុស្ស​ចាស់​នៅ​ឈឺចាប់​ ហើយ​ក្មេង​ជំនាន់​ក្រោយ​មិន​ចាប់​អារម្មណ៍។ ឥឡូវនេះ​ផ្លាស់​ប្តូរ​ហើយ។ សាលារៀន​មាន​កម្មវិធី​បង្រៀន​ពី​របបខ្មែរ​ក្រហម​ដែល​មុន​ឆ្នាំ​២០០៨​ គឺ​គ្មាន​សោះ‍»។​

សាលាក្តី​ខ្មែរ​ក្រហម​មិនមាន​ផ្តល់​សំណង​ជា​ថវិកា​ទេ​ ប៉ុន្តែ​ផ្តល់​សំណង​ផ្លូវចិត្ត ​និង​សំណង​សមូហភាព​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី។ បច្ចុប្បន្ន​សាលាក្តី​បាន​ទទួល​ស្គាល់​សំណង​រដ្ឋប្បវេណីចំនួន​១១​គម្រោង​ ដែល​ក្នុង​នោះ​មាន​ទិវា​ចងចាំ​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​ ថ្ងៃទី​២០ ខែ​ឧសភា។

លោកស្រី​ អាន់តូនីញ៉ា ជូឡុង​ ជាដើម​បណ្តឹង​ម្នាក់​និង​ជា​អ្នកចូលរួម​ផ្តួចផ្តើម​សាងសង់​ស្តូប​រំលឹក​វិញ្ញាណ​ក្ខន្ធ​នេះ​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​បាន​តស៊ូ​ទាមទារ​ចង់​ឱ្យ​មាន​ស្តូប​មួយនៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​បាន​សម្រេច​ទើបឈាន​ដល់​ការ​ទាមទារ​ខិតខំ​ប្រឹងប្រែងឱ្យ​មាន​ស្តូប​នៅ​ប្រទេស​បារាំង។

លោកស្រី​ អាន់តូនីញ៉ា​ បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​ ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​នេះ​សម្រាប់​គ្រប់គ្នា។ វា​ស្ថិតនៅ​សួន​សាធារណៈ ​ហើយ​វា​អាស្រ័យ​លើ​សមាជិក​ម្នាក់ៗ ​ក្នុងការ​ធ្វើ​ពិធី​ផ្ទាល់ខ្លួន​តាម​តែ​គេ​ចង់ ​ដើម្បី​រំលឹក​ដល់​មាតាបីតា។ អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ទៀត​ គឺ​ខ្ញុំ​គិត​ថា​ វា​ជា​សញ្ញា​ល្អ​នៃ​សាមគ្គីភាព​របស់​សហគមន៍​ខ្មែរ​ថា​ នៅពេល​ណា​ដែល​យើង​ធ្វើ​ការ​រួមគ្នា​យើង​អាច​ទទួល​បាន​ផលប្រយោជន៍​រួម‍»៕

XS
SM
MD
LG