ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​​ប្តូរ​ជំនឿ​ទៅ​​​សាសនាគ្រិស្ត​ ដោយ​មាន​ការ​ណែនាំ​ពី​គ្រូ​គង្វាល​​ដែល​ខ្លួន​​​ធ្លាប់​បង្ខំ​ឲ្យ​លើក​ទំនប់


អ្នកស្រី​ អ៊ឹម ចែម អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​ក្នុង​ពិធី​ប្រសិទ្ធិ​ចូល​សាសនា​គ្រិស្ត​​ដឹកនាំ​ដោយ​គ្រូគង្វាល​ខ្មែរ លោក
Christopher LaPel នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨។ រូប​ផ្តល់​ឲ្យ​ដោយ​គ្រូគង្វាល Touch Chanthou។ (Courtesy photo)
អ្នកស្រី​ អ៊ឹម ចែម អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​ក្នុង​ពិធី​ប្រសិទ្ធិ​ចូល​សាសនា​គ្រិស្ត​​ដឹកនាំ​ដោយ​គ្រូគង្វាល​ខ្មែរ លោក Christopher LaPel នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨។ រូប​ផ្តល់​ឲ្យ​ដោយ​គ្រូគង្វាល Touch Chanthou។ (Courtesy photo)

កាលពី​ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ​មុន អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​សម្រេច​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី អ៊ឹម ចែម។

អ្នកស្រី​ អ៊ឹម ចែម ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ រួម​ទាំង​ការ​សម្លាប់​រង្គាល និង​ការ​ធ្វើ​ឲ្យ​ជា​ទាសករ​ ដោយ​តុលាការ​ខ្មែរ​ក្រហម​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ ​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ជឿ​លើ​សាសនា​គ្រិស្ត​ក្រោម​ការ​ណែនាំ​ពី​បុរស​ម្នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ ពី​ជំរំ​ការងារ​ដោយ​បង្ខំ ដែល​អ្នក​ស្រី​គ្រប់គ្រង​កាលពី​មុន។

អ្នកស្រី​បាន​ប្រាប់ VOA ថា «ខ្ញុំ​បានរួចពី​បាប​អស់ហើយ»​ កាលពី​ថ្ងៃ​សុក្រ ​តាម​ទូរស័ព្ទ​ពី​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ស្រុក​មួយ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ឈរ​ជើង​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម។

អ្នកស្រី​ដែល​មាន​វ័យ​៧៥ឆ្នាំ និង​ជា​ពុទ្ធសាសនិក​ពី​កំណើត​ បាន​និយាយ​ថា «គេ​ចោទ​ប្រកាន់​ខ្ញុំ​ថា​បាន​សម្លាប់​មនុស្ស។ វា​មិន​ត្រូវ​នោះ​ទេ។ ខ្ញុំ​មិន​ដែល​បាន​ប្រើ​អំពើ​ហិង្សា ឬ​គំរាមកំហែង​អ្នក​ណា​ម្នកា់​នោះ​ទេ។ ខ្ញុំ​មិន​ទទួល​យក​ការ​ចោទប្រកាន់​នេះ​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​ធ្វើ​រឿង​ត្រឹមត្រូវ»។

កាល​ពី​ថ្ងៃ​អាទិត្យ​នេះ អ្នកស្រី អ៊ឹម ចែម​ នឹង​ធ្វើ​ការ​អធិដ្ឋាន​មួយ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ ក្នុង​ភូមិ​អូរអង្រែ ជា​លើក​ទី៣ ចាប់​តាំង​ពី​ពេល​អ្នកស្រី​បាន​ធ្វើបុណ្យ​ជ្រមុជ​ទឹក​ដើម្បី​លុបលាង​បាប​រួច​ កាលពី​ថ្ងៃទី២២ ខែមករា។​ អ្នកស្រី​មាន​គម្រោង​ធ្វើ​ការ​អធិដ្ឋាន​ជាមួយ​នឹង​សមាជិក​ព្រះ​វិហារ​៧នាក់​ផ្សេង​ទៀត​ ដែល​ជា​មនុស្ស​មួយ​ក្រុម​ ដែល​រួម​មាន​ទាំង​សមាជិក​របស់​អ្នក​ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ជំនឿ​ជាមួយ​អ្នកស្រី និង​មិត្តភក្តិ។

នឹង​មាន​ការ​សិក្សា​ពី​ព្រះ​គម្ពីរ ​ប្រហែល​យក​ចេញ​ពី​គម្ពីរ​សញ្ញា​ថ្មី​របស់​លោក​សាវ័ក យូហាន​ (John)​ហៅថា New Testament's Book of John ​ដែល​អ្នកស្រី អ៊ឹម ចែម ​បាន​ប្រាប់​ VOA ថា​ អ្នកស្រី​សរសើរ​ពី​ «ភាពសម​ហេតុផល» ក្នុង​គម្ពីរ​យូហាន​ជំពូក​៣ ខ ១៦ (3:16) ​នៅ​ក្នុង​ព្រះ​គម្ពីរនិយាយ​ថា «ត្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ​ មិន​ត្រូវ​វិនាស​ឡើយ​ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ‍»។​

អ្នកស្រីអ៊ឹម ចែម និយាយ​ទៅកាន់ VOA នៅ​ផ្ទះ​ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)
អ្នកស្រីអ៊ឹម ចែម និយាយ​ទៅកាន់ VOA នៅ​ផ្ទះ​ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់

កាលពី​ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ​មុន អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ជា​តុលាការ​មាន​តួនាទី​កាត់​ទោស​លើ​ជន​ជាប់ចោទ​លើ​បទ​ឧក្រិដ្ឋ​ធ្ងន់ៗ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ចាប់​ពី ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩​ បាន​សម្រេច​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី អ៊ឹម ចែម

ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នៅ​ក្នុង​ខែ​ធ្នូ ​លោក​ Nicholas Koumjian​ ដែល​ជាសហ​ព្រះ​រាជអាជ្ញា​តែង​តាំង​ពី​អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា អ៊ឹម ចែម​ «បាន​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ប្រព្រឹត្ត​បទល្មើស​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ជាច្រើន»។ ក្រុម​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា អ៊ឹម ចែម​ ត្រូវ​បាន​ខ្មែរ​ក្រហម​ជ្រើស​តាំង​ដើម្បី​ឲ្យ​ដឹកនាំ​យុទ្ធនាការ​ «បោស​សម្អាត» មួយ​នៅ​ក្នុង​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា។

អ្នកស្រី ​អ៊ឹម ចែម​បាន​បដិសេធ​ក្នុង​ការ​សហការ​ជាមួយ​នឹង​តុលាការ​ខ្មែរ​ក្រហម។

ការ​ចោទប្រកាន់​ដែល​អ្នកស្រី​បាន​បដិសេធ​កាលពី​អតីតកាល​ គឺ​យោង​ទៅ​លើ​មុខ​តំណែង​របស់​អ្នក​ស្រី​ក្នុង​នាម​ជា​គណៈ​ស្រុក​កោះអណ្តែត​ នៅ​ក្នុង​ខេត្ត​តាកែវ​ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី និង​តួនាទី​របស់​អ្នកស្រី​នាម​ជា​ចៅហ្វាយ​ស្រុក​ព្រះនេត្រព្រះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

អ្នកស្រី​ អ៊ឹម ចែម ចែក​អំណោយ​ដល់​សិស្សក្នុង​ពិធី​រៀបចំ​ដោយ​អង្គការ​បេសកកម្ម​គ្រិស្ត​អាមេរិកាំង​មួយ​ដឹកនាំ​ដោយ​គ្រូគង្វាលខ្មែរ​លោក Christopher LaPel កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ជិតគេហដ្ឋាន​អ្នកស្រី​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ រូបថត​ផ្តល់​ឲ្យ​ដោយ​គ្រូគង្វាល Touch Chanthou។ (Courtesy photo)
អ្នកស្រី​ អ៊ឹម ចែម ចែក​អំណោយ​ដល់​សិស្សក្នុង​ពិធី​រៀបចំ​ដោយ​អង្គការ​បេសកកម្ម​គ្រិស្ត​អាមេរិកាំង​មួយ​ដឹកនាំ​ដោយ​គ្រូគង្វាលខ្មែរ​លោក Christopher LaPel កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ជិតគេហដ្ឋាន​អ្នកស្រី​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ រូបថត​ផ្តល់​ឲ្យ​ដោយ​គ្រូគង្វាល Touch Chanthou។ (Courtesy photo)

​ខណៈ​ដែល​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ អ៊ឹម ចែម​ ត្រូវ​បាន​ទម្លាក់​ចោល​ លោក ​នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​និយាយ​ថា មិន​មាន​សម្ពាធ​ណា​មួយ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ទម្លាក់​បទ​ចោទ​នេះ​នោះ​ទេ។

ដូច​មនុស្ស​ជាច្រើន​ទៀត​នៅ​ក្នុង​ជួររដ្ឋាភិបាល​កម្ពុជា និង​យោធា លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប។ លោក​បាន​រំឭក​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា ការ​កាត់​ទោស​ទាំង​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល ​ហើយ​សហគមន៍​អន្តរជាតិ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​មិន​សហការ​ជាមួយ​នឹង​សាលាក្តី​ខ្មែរ​ក្រហម។

ចាប់​តាំង​ពី​ពេល​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០០៦ ​សាលាក្តី​ខ្មែរ​ក្រហម​បាន​កាត់​ទោស​មនុស្ស​ចំនួន​៣រូប​តែ​ប៉ុណ្ណោះ​ ដែល​២នាក់​ជា​មេដឹកនាំ​កំពូល​ រួម​ជាមួយ​នឹង​ កាំង ​ហ្គេក​ អ៊ាវ​ ហៅ​ ឌុច ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​មន្ទីរ​សន្តិសុខ​ ទួលស្លែង​ ដែល​ជា​គុក​ដ៏​សាហាវ​ឃោរឃៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ លោក​បាន​ផ្លាស់ប្តូរ​មក​ជឿ​លើ​សាសនា​គ្រិស្តនៅ​ក្នុង​ឆ្នាំ១៩៩៦​ ហើយ​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ២០១០។​

ការ​ផ្លាស់ប្តូរ​ជំនឿ​របស់ខ្មែរ​ក្រហម

លោក Christopher LaPel ដែល​ជា​គ្រូ​គង្វាល​ខ្មែរ​នៅ​ព្រះវិហារ ​Golden West ​Christian Church​ ក្នុង​ក្រុង​ Los Angeles ​និង​ជា​ស្ថាបនិក​នៃ​ព្រះវិហារ ​Cambodian Christian Church​ នៅ​ភាគ​ពាយព្យ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ផ្លាស់ប្តូរ​មក​កាន់​សាសនា​គ្រិស្តនៅ​ក្នុង​ឆ្នាំ១៩៧៩ ​ខណៈ​ដែល​លោក​ស្ថិត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ថៃ ទី​ដែល​លោក​បាន​រត់​គេច​ខ្លួន​ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​ចាញ់​សង្គ្រាម​ឈ្លាន ពាន​របស់​កងទ័ព​វៀតណាម​លើ​ទឹកដី​កម្ពុជា។

លោក LaPel ក៏​ផ្លាស់ប្តូរ​ជំនឿ​របស់​ឌុច ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​២%ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

លោក​ LaPel ក៏​បាន​ផ្លាស់​ប្តូរ​ជំនឿ​របស់​អ្នកស្រី ​អ៊ឹម ចែម ​ដែល​បាន​គ្រប់គ្រង​ការ​សាងសង់​ទំនប់​នៅ​ក្នុង​ស្រុក​ត្រពាំងថ្ម ​ទី​ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កំណត់​ រួម​ទាំង​លោក LaPel ​ក្នុង​ការ​សាងសង់​ទំនប់​ទឹក​ដោយ​ដៃ។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ លោក ​LaPel បាន​ប្រាប់ ​VOA ថា ​«ខណៈ​ដែល​មនុស្ស​ជាច្រើន​ស្អប់​អ្នកស្រី (អ៊ឹម ចែម) ខ្ញុំ​ស្រឡាញ់​អ្នកស្រី»។ លោក​បាន​ប្រាប់ VOA​ ថា លោក​បាន​តាំង​ចិត្ត​ជួយ​អ្នកស្រី​ក្នុង​ការ​ស្វែងរក​សន្តិភាព​ បន្ទាប់​ពី​បាន​រស់នៅ​ក្នុង​ភាព​ច្របូលច្របល់​ផ្លូវ​ចិត្ត​ក្នុង​សម័យ​ខ្មែរ​ក្រហម។

អ្នកស្រី​ អ៊ឹម ចែម ចែល​អំណោយ​ដល់​សិស្សក្នុង​ពិធី​រៀបចំ​ដោយ​អង្គការ​បេសកកម្ម​គ្រិស្តអាមេរិកាំង​មួយ​ដឹកនាំ​ដោយ​គ្រូគង្វាលខ្មែរ​លោក Christopher LaPel កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ជិតគេហដ្ឋាន​អ្នកស្រី​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ រូបថត​ផ្តល់​ឲ្យ​ដោយ​គ្រូគង្វាល Touch Chanthou។ (Courtesy photo)
អ្នកស្រី​ អ៊ឹម ចែម ចែល​អំណោយ​ដល់​សិស្សក្នុង​ពិធី​រៀបចំ​ដោយ​អង្គការ​បេសកកម្ម​គ្រិស្តអាមេរិកាំង​មួយ​ដឹកនាំ​ដោយ​គ្រូគង្វាលខ្មែរ​លោក Christopher LaPel កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ជិតគេហដ្ឋាន​អ្នកស្រី​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ រូបថត​ផ្តល់​ឲ្យ​ដោយ​គ្រូគង្វាល Touch Chanthou។ (Courtesy photo)

កាលពី​ខែ​វិច្ឆិកា​ ខណៈ​ដែល​ទៅ​លេង​ប្រទេស​កម្ពុជា ​លោក​ LaPel បាន​ស្តាប់​វិទ្យុសំឡេង​សហរដ្ឋ អាមេរិក​ VOA ​និង​បាន​ឮ​អំពី​ការ​វិវត្ត​នៃ​សំណុំ​រឿង​ក្តី​របស់​អ្នកស្រី​ អ៊ឹម ចែម ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។ ​លោក​បាន​សម្រេច​ចិត្ត​ស្វែង​រក​អ្នកស្រី​ និង​បាន​ជម្នះ​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​លោក​ដើម្បី​នាំ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ គ្រិស្ត​ទៅ​ប្រាប់​គាត់។​ ហើយ​លោក​បាន​ទៅ​ដល់​ខេត្ត​ឧត្តរ​មានជ័យ ​និង​បន្ទាប់​មក​ទៅ​កាន់​ភូមិ​របស់​អ្នកស្រី។​

លោក​បាន​ប្រាប់ ​VOA ថា​ «វា​ជា​ការ​ពិត​ដែល​ថា អ្នកស្រី អ៊ឹម ចែម​ ទទួល​យក​ព្រះ​យេស៊ូ​ជា​ព្រះ​សង្គ្រោះ​អ្នកស្រី​ កាលពី​ថ្ងៃទី៦ ​ខែវិច្ឆិកា​ ឆ្នាំ២០១៧»។​ លោក​បាន​បន្ថែម​ថា ​ និង​កូនៗ​របស់​អ្នកស្រី​ក៏​បាន​ផ្លាស់​ប្តូរ​ជំនឿ​ផង​ដែរ។

លោក LaPel បាន​និយាយ​ថា «អ្នកស្រី​ទទួល​យក​ព្រះ​យេស៊ូ ដោយសារ​អ្នកស្រី​ឭ​ពី​ទី​បន្ទាល់ពី​កម្មាភិបាល​ខ្មែរ​ក្រហម​របស់​អ្នកស្រី។​ ពួកគេ​ប្រាប់​អ្នកស្រី​អំពី​ជីវិត​របស់​ពួកគេ​ និង​បាន​ប្រាប់​ថា ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់ប្តូរ​ពួកគេដែលពួកគេ​មិន​ដែល​ដឹង​ថា អ្វី​ជា​សន្តិភាព​ និង​អ្វី ជា​ក្តីស្រឡាញ់​នោះ​ទេ​ពី​មុន​មក»។

លោក LaPel បាន​និយាយ​ថា ​«ហើយ​អ្នកស្រី​បាន​ឆ្លង​កាត់​បញ្ហា​ទាំង​អស់​នេះ​ ដែល​ជីវិត​របស់​អ្នកស្រី​មិន​មាន​គោលដៅ ​និង​ទទេ​ស្អាត។​ នៅ​ពេល​អ្នកស្រី​សម្រេច​ចិត្ត ​អ្នកស្រី​ដឹង​ថា​ មាន​តែ​ព្រះ​យេស៊ូ​ទេ​ដែល​អាច​ផ្តល់​ឲ្យ​អ្នកស្រី​នូវ​ក្តីសុខ​សន្តិភាព​ ក្តីស្រឡាញ់​ និង​ក្តី​សង្ឃឹម​នៅ​ក្នុង​ជីវិត​របស់​អ្នកស្រី​ និង​គ្រួសារ​អ្នកស្រី ​ហើយ​ព្រះ​ជា​ម្ចាស់​អាច​អត់ទោស​បាបកម្ម​របស់​អ្នកស្រី​បាន»។

នៅ​ពេល​សួរ​ថា​តើ​អំពើ​បាប​ទាំង​នោះ​ជា​បទ​ចោទ​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ទម្លាក់​ឬ​យ៉ាង​ណា លោក​ LaPel បាន​និយាយ​ថា​ «អំពើ​បាប​ ឬ​បញ្ហា​ទាក់ទង​នឹង​សម័យ​ខ្មែរ​ក្រហម ​យើង​មិន​ដឹង​ថា អ្នកស្រី​បាន​ពាក់ព័ន្ធ​ឬ​អត់​នោះ​ទេ។ ​តែ​មិន​មែន​រឿង​នោះ​ទេ​ វា​ជា​ទំនាក់ទំនង​បុគ្គល​រវាង​អ្នកស្រី ​និង​ព្រះជាម្ចាស់»។

អ្នកស្រី ​អ៊ឹម ចែម ​បាន​ប្រាប់ VOA ​ថា​ អ្នកស្រី​មាន​ភាព​ធូរស្បើយ​ ចាប់​តាំង​ពី​ពេល​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ជំនឿ​មក​ មួយ​ផ្នែក​ដោយសារ​ជំងឺ​ដែល​យាយី​លើ​កូន​របស់​អ្នកស្រី​ដែល​មាន​ឈ្មោះ Loeung និង​បាន​ផ្លាស់​ប្តូរ​ជំនឿ​ដែរ​នោះ​ មាន​ភាព​ធូរស្រាល។

អ្នក​ស្រី​អះអាង​ថា ជំនឿ​ក្នុង​សាសនា​គ្រិស្តរបស់​អ្នកស្រី​គឺ​រឹងមាំ។​ អ្នកស្រី​បាន​និយាយ​ថា ​«ខ្ញុំ​នឹង​មិន​ផ្លាស់ប្តូរ​នោះ​ទេ។ ​ព្រះ​បាន​ចូល​មក​គង់​ក្នុង​ចិត្ត​របស់​ខ្ញុំ និង​បាន​ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើនខាង​ព្រលឹង​វិញ្ញាណ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

អត្ថបទ​ទាក់ទង

XS
SM
MD
LG