ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​អាច​ឃើញ​ថា សំណុំ​រឿង​របស់​ខ្លួន អាច​ត្រូវ​បាន​ទម្លាក់​បទចោទ​ពី​សាលាក្តី​ខ្មែរក្រហម


រូបឯកសារ៖ យឹម ទិត ឬ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ តា​ទិត និង​ភរិយា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។ (វ៉ាន់ថាន់​ ពៅតារា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូបឯកសារ៖ យឹម ទិត ឬ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ តា​ទិត និង​ភរិយា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។ (វ៉ាន់ថាន់​ ពៅតារា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ជន​រងគ្រោះ​ថា ឥឡូវ​នេះ​គេ​មាន​ការព្រួយ​បារម្ភ​ថា សាលាក្តី​ខ្មែរក្រហម​នឹង​មិន​ស៊ើបអង្កេត​តាទិត​ទេ។ នេះ ជា​ការ​បដិសេធ​ដោយ​គ្មាន​ការគោរព​ចំពោះ​ជន​រង គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ដែល​មិន​នឹក​សា្មន​ដល់​ម្តង​ទៀត។

នៅ​ពេល​ដែល​ការប្រទាញ​ប្រទង់គ្នា​កើតឡើង​រវាងភាគី​ជាតិ​និង​អន្តរជាតិ​ពាក់​ព័ន្ធនឹង​សំណុំ​រឿង​បន្ថែម​ហើយ​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​ខ្លះ ​ត្រូវ​បាន​ទម្លាក់​បទចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា​សម័យ​ខ្មែរក្រហម ​ជនសង្ស័យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត​ អាច​ឃើញ​ថា សំណុំ​រឿង​របស់​ខ្លួន​អាច​ត្រូវ​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​ពី​សាលាក្តី​ខ្មែរក្រហម។​ ក្រុម​អ្នកសង្កេត​ការណ៍​សាលាក្តី​និង​ជនរងគ្រោះ​ បាន​បង្ហាញ​ពី​ការខកចិត្ត ហើយ​ថា​អ.ស.ប ​និង​កម្ពុជា​ត្រូវ​រក​ដំណោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ក្នុង​សំណុំ​រឿង​បន្ថែម​នេះ ប្រកប​ដោយ​ឆន្ទៈ​នយោបាយ​ឡើងវិញ។

លោក យឹម ទិត ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​ចំពោះ​តួនាទី​របស់​គាត់​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ទសវត្សរ៍​១៩៧០ អាច​ទំនង​ជា​ត្រូវ​បាន​គេ​ទម្លាក់​បទចោទ​ប្រកាន់ ឬ យ៉ាងណា នៅពេល​ដែល​មេធាវី​ជំទាស់​ថា តើ​គាត់​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ ឬ យ៉ាងណា​នោះ។

លោកទិត ដែល​ជា​ប្រធាន​ស្តីទី​នៃ​ភូមិភាគ​ពាយ័ព្យ​នៃ​របប​ខ្មែរក្រហម​ត្រូវ​បាន ចោទ​ប្រកាន់​កាលពី​ឆ្នាំ២០០៨។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនផ្ទាល់​ក៏​ជា​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​ ធ្លាប់​បាន​ប្រកាស​រំលាយ​តុលាការ ​បើ​តុលាការ​នេះ​បន្ត នាំ​ខ្លួន​ជនសង្ស័យ​បន្ថែម ​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែល​មាន​ជនសង្ស័យ​ដំបូង​៥នាក់ ​មក​កាត់​ទោស​បន្ត។

ការខ្វែង​គំនិតគ្នា​រវាង​ចៅក្រម​កម្ពុជា​ និង​ចៅក្រម​អន្តរជាតិ​បាន​កើតឡើង​តាម​ច្បាប់​ថា​ តាទិត​មិន​មែន​ជា​ជន​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត​សម្រាប់​ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរ​ក្រហម​ តែ​ចៅក្រម​អន្តរជាតិ​ដែល​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ចោទប្រកាន់​តាទិត​នោះ បាន​នាំ​ឱ្យ​មាន​ភាពជាប់​គាំង​ដំណើរការ​ចោទ ប្រកាន់។

តាទិត​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​លើ​ខ្មែរក្រោម ឃាតកម្ម ការសម្លាប់​រង្គាល​ ការធ្វើ​ទាសភាព ​ការនិរទេស​ដោយ​បង្ខំ ​ការចាប់​ឃុំឃាំង​ ការធ្វើ​ទារុណកម្ម​ ការធ្វើ​ទុក្ខបុកម្នេញ​ អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ​និង​អំពើអមនុស្សធម៌ ​ដទៃ​ទៀត។

ចៅក្រម​កម្ពុជា​អាច​ពន្យឺត​ដំណើរការ​នេះ​បាន ព្រោះ​ភាគី​កម្ពុជា​កាន់កាប់​ចំនួន ភាគច្រើន​នៅគ្រប់​លំដាប់​ថ្នាក់​នៃ​តុលាការ។

ក្រុមអ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា ពួកគេ​មិន​ជឿ​ថា​សំណុំ​រឿង​០០៣ និង​ ០០៤ នឹង​ត្រូវ​ជំនុំជម្រះ​ដោយសារ​តែ​មាន​ការជំទាស់​យ៉ាងខ្លាំង​ពី​លោក​ហ៊ុន សែន។

លោក​ Peter Maguire ​អ្នកនិពន្ធ​សៀវភៅ​ខ្មែរក្រហម ​«ប្រឈមមុខ​នឹងការ​ស្លាប់​នៅ​កម្ពុជា» បាន​និយាយ​ថា​លោក​ ហ៊ុន សែន​ទំនងជា​នឹង​មិន​អនុញ្ញាតិ​ឱ្យ​មាន​ដំណើរការ​រឿង​ក្ដី​តាទិត​នោះ​ទេ និង​ជន​សង្ស័យ​ផ្សេង​ទៀត​ទេ​ ដែល​លោក​សង្កត់​ធ្ងន់​ថា វា​នឹង​ទំនងជា​គ្មាន​នរណា​ម្នាក់​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​មេដឹកនាំ​ជាន់ខ្ពស់​និង​ជាជន​ទទួល​ខុស​ត្រូវខ្ពស់​បំផុត​នោះ​ដែរ។

«ជា​ថ្មីម្តង​ទៀត​អង្គការ​សហ​ប្រជាជាតិ​កំពុង​ព្យាយាម​ពង្រីក​អាណត្តិ​របស់​ខ្លួន​ឱ្យ លើស​ពី​វិសាល​ភាព​ដែល​មាន​ចែង​ក្នុង​កិច្ចព្រម​ព្រៀង​កាលពី​ដើម​ដំបូង​ក្នុង​ការ បង្កើត​សាលាក្តី​ខ្មែរក្រហម។ មន្ត្រី​របស់​សាលាក្តី​ បន្ត​បំពេញ​កិច្ចការ​ទៅមុខ​ដូច ជា​ធ្វើតាម​ដែល​ដំណើរការ​នីតិវិធី ​ច្រើន​ជាង​ការអនុវត្តន៍​ច្បាប់​បន្តិច ​ដើម្បី​ឲ្យ មើល​ឃើញ​ដូចជា​ការ​ពិត​ថា​នយោបាយ​គ្មាន​តួនាទី​អ្វីសោះ​ក្នុង​ដំណើរការ​នេះ‍»។

លោក​បាន​រិះគន់​អ.ស.ប​ចំពោះការ​ធ្វើតាម​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ដោយ គ្មាន​ការកាត់ទោស​សំណុំ​រឿង​បន្ថែម​ដែល​មាន​ជនជាប់​ចោទ​៤នាក់​ទៀត ហើយ បណ្តោយ​ឲ្យ​មាន​ការទម្លាក់​បទចោទ​ប្រកាន់​លើ​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​ទាំងនោះ​ដោយ​ឈរ​លើ​មូលដ្ឋាន​ថា មិនមែន​ស្ថិតក្នុង​យុត្តាធិការ​របស់​សាលាក្តី។

កញ្ញា ​សេង ធារី ​ធ្លាប់​ជា​សកម្មជន​សិទិ្ធ​មនុស្ស​អាមេរិកាំង​និង​ជា​មេធាវី​ដែល​បាន​បាត់​បង់​ឪពុកម្តាយ​ទាំងពីរ​ក្នុង​របប​ខ្មែរក្រហម​បាន​និយាយ​ថា​បើ​មាន​ការ​សម្រេច​ចិត្ត​មិន​ចោទ​ប្រកាន់​ជនសង្ស័យ​បន្ថែម​បែប​នេះ​ វា​នឹង​ជាការ​ខកចិត្ត​មួយ។

«ហើយ​ឥឡូវនេះ​យើង​មាន​ការព្រួយ​បារម្ភ​ថា​សាលាក្តី​ខ្មែរក្រហម​នឹង​មិន​ស៊ើប អង្កេត​តាទិតទេ។ ​នេះ​ជា​ការ​បដិសេធ​ដោយ​គ្មាន​ការ​គោរព​ចំពោះ​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល​មិន​នឹកសា្មន​ដល់​ម្តង​ទៀត​ ប៉ុន្តែ​យើង​មិនមាន​ការភ្ញាក់​ផ្អើល​ចំពោះ​សាលាក្តី​ខ្មែរក្រហម​និង​ទង្វើគួរ ​ឱ្យ​អាម៉ាស់​របស់​ខ្លួន​និង​អសមត្ថភាព​ក្នុង​ការ​ផ្តល់​យុតិ្តធម៌​ដល់​ជន​រងគ្រោះ​នោះ​ទេ»។

លោក​នេត ភក្រ្តា​អ្នកនាំពាក្យ​សាលាក្តី​បានថ្លែង​ប្រាប់​ VOA ​ថា សហ​ចៅក្រម​នឹង​ធ្វើការ​វិនិច្ឆ័យ​នៅពេល​បាន​ទទួល​សេចក្តី​សន្និដ្ឋានរួម​ពី​សហ​ព្រះរាជ​អាជ្ញា។

«អញ្ចឹង​ហើយ​បាន​ជា​មាន​ការ​ស្នើរសុំ​ទៅ​សហ​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​រួម​ចុងក្រោយ​មួយ​ថា តើ​បន្ទាប់​ពី​បាន​ពិនិត្យ​លើ​ឯកសារ​ភស្តុតាង​ផ្សេងៗ​ហ្នឹង​តើ​ខ្លួន​សន្និដ្ឋាន​យ៉ាងម៉េច​ទៅ​លើ​សំនុំរឿង​០០៤​ដែល​សំណុំ​រឿង​០០៤​ហ្នឹង​យោង​តាម​ដីកា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត គឺ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ជន​ត្រូវ​ចោទ​មួយ​រូប គឺលោក​យឹម ទិត»។

ក្រុម​មេធាវី​ការពារក្តី​តាទិត​នឹងមាន​ពេល​បីខែ​ដើម្បី​ឆ្លើយតប​នៅក្នុង​ការ​ដាក់​ជូន​សេចក្តី​សន្និដ្ឋានរបស់ខ្លួន​មុនពេល​ដែល​ចៅក្រម​សម្រេច​ថាតើ​ត្រូវផ្លាស់​ប្តូរ​ពាក្យ​បណ្តឹង ​ឬ ប្រឆាំង​នឹងការ​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដែលចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ ​ឬ​គាំទ្រ​សហ​ព្រះរាជអាជ្ញា​ជាតិ​បើសិន​ជា​សហ​ព្រះរាជ​អាជ្ញាជាតិ​សន្និដ្ឋាន​ថា ជន​សង្ស័យ​តា ទិត​មិន​ស្ថិត​នៅក្នុង​យុត្តាធិការ​របស់​សាលាក្តី ហើយ​គួរ​ទម្លាក់​បទចោទ​ប្រកាន់​នោះ។

លោក​ឡុង បញ្ញាវុធ​នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​បាន​ថ្លែង​ថា ដំណើរការ​នីតិវិធីថ្មីៗ​នៃ​តុលាការ​នេះ​គឺជា​ការ​រីកចម្រើន​មួយ ​តែ​មិន​ប្រាកដ​ជាទទួល​បាន​ការ​ជឿជាក់​ពី​ជន​រងគ្រោះ​ ម្ចាស់​ជំនួយ​និង​សាធារណជន​ទេ​ព្រោះ​លោក​ប្រមើល​មើល​ទៅ​ទំនង​ជា​ចៅក្រម​អន្តរជាតិ​សម្រេច​ចោទ​ ហើយ​សហ​ចៅក្រម​ជាតិ​មិន​ចោទ។

«អញ្ចឹងនៅ​កន្លែង​នេះ​បើសិន​ជាមាន​ដីកាពីរ ​ដីកា​មួយថា​ចោទ ​និង ​ដីកា​មួយ​មិន ចោទ ​អញ្ចឹង​វាប៉ះពាល់​សិទ្ធិជន​ជាប់ចោទ​ និង​សិទ្ធិ​របស់​ជនរង​គ្រោះ។​ កន្លែង នេះ​យើងគិត​ថា​សាលាក្តី​ខ្មែរក្រហម​ទាំងមូល​ជាពិសេស​ចៅក្រម​សាលាក្តី​ខ្មែរ ក្រហម​គួរតែ​គិតពិចារណា​និងមូល​មាត់​គ្នា​ថាធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​សាលាក្តី​នេះ គឺជា​សាលាក្តី​ មិនមែន​ជាស្ថាប័ន​មួយដូច​បាយឡុក​បាយឡ​ទេ ​គឺ​ត្រូវតែ​ដោះ ស្រាយ​បញ្ហានេះ​ដើម្បី​ធ្វើយ៉ាង​ណា​បញ្ជាក់​ថា​សាលាក្តី​ខ្មែរក្រហម​នេះគឺ​បំពេញ មុខងារ​ទៅ​តាមអ្វី​ដែល​បាន​គិត​ទុក​នៅក្នុង​ការផ្តល់​យុត្តិធម៌ តុលាការ​គំរូ ​និង​នៅ ក្នុងការ​ផ្តល់​ប្រវត្តិសាស្ត្រ​មួយ​ដ៏ពេញ​លេញ​សម្រាប់​កម្ពុជា​ស្តីអំពី​កម្ពុជា​ប្រជាធិប តេយ្យ‍»។

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​សាលាក្តី​នេះ​កំពុង​ញាំញី​ដោយ​បញ្ហា​ជាច្រើន រាប់​ទាំង​បញ្ហា​ខ្វះ​ថវិកា​ បញ្ហា​គ្មាន​ការដឹកនាំ​រួម​មួយ ​សហ​ចៅក្រម​ស៊ើបអង្កេត​មិន ចង់​ដាក់​បញ្ហា​ខ្វែង​គំនិត​គ្នា​ទៅ​អង្គបុរេ​ដើម្បី​សម្រេច​ជាចុង​ក្រោយ ​លើ​ការ​ខ្វែង គំនិត​គ្នា​ទាក់ទិន​នឹង​ការចោទ​ប្រកាន់​បន្ថែម​ជាដើម។

លោក​ថា អ.ស.ប និង​កម្ពុជា​ត្រូវ​ចរចា​គ្នា​ឡើង​វិញ​ថា​តើ​ភាគី​ទាំងពីរ​មាន​ឆន្ទៈ​នយោបាយ​ទេ ​ដើម្បី​កុំ​ឲ្យ​ជន​រងគ្រោះ​ទន្ទឹង​មើល​ផ្លូវ​ម្តង​ហើយ​ម្តង​ទៀត​អំពី​យុត្តិធម៌​ និង​រក​ផ្លូវ​ឈ្នះ​ ដែល​ទទួល​បានទាំង​សង​ខាង ​បើ​មិន​ដូច្នេះ​ទេ​លោក​ថា​សាលាក្តី​នេះ​នឹង​ប្រឈមមុខ​នឹង​ការ​រិះគន់​ជាច្រើន៕

XS
SM
MD
LG