វ៉ាស៊ីនតោន — កំណត់និពន្ធ៖ លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទីមួយរបស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។ ប្រវត្តិវិទូជនជាតិអាមេរិកាំងវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក ដែលរួមមានប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជាផងដែរ។ សមាគមសម្រាប់ការសិក្សាតំបន់អាស៊ី ឬ Association of Asian Studies បានប្រគល់ពានរង្វាន់នេះដល់ លោកសាស្ត្រាចារ្យបណ្ឌិត David Chandler នៅឯសន្និសីទប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត David Chandler នៅខាងក្រៅសន្និសីទនេះ ដោយផ្ដោតលើ ទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយប្រទេសចិន អនាគតប្រទេសកម្ពុជា របបផ្ដាច់ការនៅអាស៊ីអាគ្នេយ៍ និងអាជីពរបស់លោកជាប្រវត្តិវិទូ។
តើលោកគិតយ៉ាងណាចំពោះកំណើនឥទ្ធិពលប្រទេសចិនលើប្រទេសកម្ពុជា?
ខ្ញុំគិតថាបច្ចុប្បន្ននេះប្រទេសចិនមានឥទ្ធិពលលើប្រទេសកម្ពុជាខ្លាំង ហើយរាជរដ្ឋាភិបាលកម្ពុជារីករាយជាមួយការរៀបចំនេះ។ កម្ពុជាមិនមែនជាអាយ៉ងចិន និងមិនបម្រើផលប្រយោជន៍ចិនប៉ុន្មានទេ តែបើមានបញ្ហាជាប់ផលប្រយោជន៍ចិន កម្ពុជានឹងធ្វើដូចករណីសមុទ្រចិនខាងត្បូងកាលពីប៉ុន្មានឆ្នាំមុន។ កម្ពុជានឹងនៅតែជាមិត្តរបស់ចិន។ ចិនជាម្ចាស់ជំនួយងាយស្រួលបំផុតរបស់កម្ពុជា។ ជាច្រើនឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយដល់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអាមេរិកឡាទីន ដើម្បីទាញយកមិត្តភាពពីរដ្ឋាភិបាលទាំងនោះ។ ចិនជោគជ័យណាស់។ ខ្ញុំមិនដឹងថាជំនួយនេះវិជ្ជមានឬអត់ ប៉ុន្តែខ្ញុំគិតថា ចិននឹងមិនដកជំនួយមិត្តភាពមកកាន់កម្ពុជាទេ។
មើលប្រវត្តិសាស្ត្រ តើខ្មែរក្រហមបង្រៀនយើងអ្វីខ្លះអំពីការពឹងផ្អែកខ្លាំងពេកលើប្រទេសចិន?
គេនឹងនិយាយថាប្រទេសចិនមិនដូចមុនទេ ហើយរាជរដ្ឋាភិបាលលោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាលខ្មែរក្រហមទេ។ ពឹងផ្អែកមិនដូចថតចម្លងទេ។ ខ្មែរក្រហមចម្លងមនោគមវិជ្ជាចិន។ កម្ពុជាឥឡូវនេះមិនមែនជាប្រទេសកុម្មុយនិស្តទេ។ ចិននៅតែជាប្រទេសកុម្មុយនិស្ត។ ប៉ុន្តែឥឡូវនេះ វាជាមិត្តភាពដែលខ្ញុំគិតថា ជារឿងល្អសម្រាប់ប្រទេសទាំងពីរ។
ទាក់ទងការវិនិយោគសេដ្ឋកិច្ច ក្រុមហ៊ុនចិនច្រើនចូលមកទិញដីធ្វើសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ។ តើមានការព្រួយបារម្ភចំពោះប្រជាជនកម្ពុជាឬទេ?
អូ! ខ្ញុំគិតថាវាគួរតែមាន តែមិនអាចដោះស្រាយបានទេ។ គ្មានអ្នកណានឹងមកការពារប្រជាជនកម្ពុជាប្រឆាំងនឹងផលប្រយោជន៍ពាណិជ្ជកម្មចិន ឬមូលធននិយមទេ។ ខ្ញុំមិនគិតថាវាជាការអភិវឌ្ឍន៍មានចីរភាពទេ ពេលលក់ដីច្រើនដូចនេះ តែខ្ញុំមិនឃើញអ្នកណានឹងមកជួយកម្ពុជាទេ។ ប្រហែលក្នុងរយៈពេលវែង វានឹងមានភាពវិជ្ជមាន ដូចជាឧស្សាហូបនីយកម្មអឺរ៉ុបខាងលិច ដែលមានអ្នករងគ្រោះច្រើន តែក្រោយមកសេដ្ឋកិច្ចរីកចំរើនខ្លាំងនៅចុងសតវត្សរ៍ទី១៩។ នេះប្រហែលអាចកើតឡើងនៅកម្ពុជា។
ខ្ញុំមិនគិតថាវាជាការអភិវឌ្ឍន៍មានចីរភាពទេ ពេលលក់ដីច្រើនដូចនេះ តែខ្ញុំមិនឃើញអ្នកណានឹងមកជួយកម្ពុជាទេ។ ប្រហែលក្នុងរយៈពេលវែង វានឹងមានភាពវិជ្ជមាន ដូចជាឧស្សាហូបនីយកម្មអឺរ៉ុបខាងលិច ដែលមានអ្នករងគ្រោះច្រើន តែក្រោយមកសេដ្ឋកិច្ចរីកចំរើនខ្លាំងនៅចុងសតវត្សរ៍ទី១៩។ នេះប្រហែលអាចកើតឡើងនៅកម្ពុជា។
តើលោកមានយោបល់អ្វីខ្លះចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងទំនាក់ទំនងជាមួយប្រទេសចិន?
ខ្ញុំមិនអាចផ្ដល់យោបល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នរីករាយណាស់ចំពោះការរៀបចំជាមួយចិននេះ។ យោបល់ខ្ញុំគឺប្រុងប្រយ័ត្នបន្ថែម ប្រហែលសម្រាប់រាជរដ្ឋាភិបាលថ្មីមួយផ្សេងទៀត តែមិនមានរាជរដ្ឋាភិបាលថ្មីផង។ ខ្ញុំមិនមានសិទ្ធិផ្ដល់យោបល់ដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ហើយខ្ញុំគិតថាពួកគេមិនយកចិត្តទុកដាក់ចំពោះអ្នកណាម្នាក់ ដែលនិយាយឲ្យពួកគេដកថយពីការរៀបចំមានផលចំណេញដ៏ច្រើន ដែលពួកគេបានចាប់យកហើយនោះទេ។
ក្នុងបរិបទតំបន់និងអន្តរជាតិ តើមានអ្វីកើតឡើងសម្រាប់កម្ពុជា នៅពេលកម្ពុជាកាន់តែស្និទ្ធជាមួយចិន ហើយកាន់តែឃ្លាតឆ្ងាយពីលោកខាងលិច?
កម្ពុជាមិនដែលជិតស្និទ្ធនឹងលោកខាងលិចទេ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែចូលចិត្តសម្ព័ន្ធមិត្តអាស៊ី ហើយបណ្ដាប្រទេសតំបន់អាស៊ីចូលចិត្តសម្ព័ន្ធមិត្តក្នុងទ្វីបអាស៊ី។ តើមានបញ្ហាអ្វីក្នុងសមាគមអាស៊ានខ្ញុំមិនប្រាកដទេ។ វាអាចប៉ះពាល់ខ្លះលើភាពជាសមាជិករបស់កម្ពុជានៅក្នុងសមាគមអាស៊ាន។ សមាជិកខ្លះដូចជា ឥណ្ឌូណេស៊ី ប្រហែលភ័យខ្លាចតិចតួចអំពីទំហំនៃការវិនិយោគ និងឥទ្ធិពលចិនក្នុងប្រទេសកម្ពុជា។ នេះប្រហែលជាផលប៉ះពាល់ខ្លះ តែវាមិនមានអ្វីពិសេសសម្រាប់អនាគតកម្ពុជាទេ។
ឥឡូវមើលអនាគតប្រទេសកម្ពុជាក្នុងរយៈពេលវែង។ តាមប្រវត្តិសាស្ត្រ កម្ពុជាមានស្ដេចមានអំណាចផ្ដាច់ការនានា របបកុម្មុយនិស្តនិងសព្វថ្ងៃជិតស្និទ្ធនឹងមហាអំណាចកុម្មុយនិស្តចិន។ តើកម្ពុជានឹងអាចអនុវត្តលទ្ធិប្រជាធិបតេយ្យបានឬទេ?
មិនអាចទៅរួចក្នុងអនាគតខ្លីនេះទេ។ គ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍តែងតែជា ឬក្លាយជារបបផ្ដាច់ការនៅប៉ុន្មានឆ្នាំនេះ។ វាជានិន្នាការទូទាំងពិភពលោក។ តើការណ៍នេះនឹងបន្តដល់ពេលណា? ខ្ញុំមិនដឹងទេ។ មានសញ្ញាល្អខ្លះនៅទ្វីបអឺរ៉ុប។ ប៉ុន្តែបច្ចុប្បន្ននេះ មាននិន្នាការឆ្ពោះទៅរកអំណាចផ្ដាច់ការក្នុងពិភពលោក។ ហ្វីលីពីននិងប្រទេសផ្សេងៗទៀតបានក្លាយជាអំណាចផ្ដាច់ការ។ រាជរដ្ឋាភិបាលកម្ពុជាលើកលែងតែក្រោមរបបអាណានិគមបារាំង តែងតែជាអំណាចផ្ដាច់ការ។ កម្ពុជាមិនដែលមានប្រជាធិបតេយ្យ សង្គមនយោបាយដែលបើកទូលាយនិងមានការប្រកួតប្រជែងនោះទេ។ សោកស្តាយណាស់ ខ្ញុំយល់ថាកម្ពុជាមិនអាចកាន់លទ្ធិប្រជាធិបតេយ្យបានទេ។
តើមានវិធីសាស្ត្រធ្វើឲ្យមានប្រជាធិបតេយ្យទេ?
មិនមានទេ។ ទាល់តែប្រឆាំងប្រដាប់អាវុធ។ តែខ្ញុំមិនរំពឹងថាមានអ្នកណាចង់ប្រឆាំងប្រដាប់អាវុធនឹងរាជរដ្ឋាភិបាលកម្ពុជាទេ។ អ្នកណាប្រឆាំងប្រដាប់អាវុធនឹងរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានកម្ចាត់ចោល ដូច្នេះលទ្ធិប្រជាធិបតេយ្យនឹងមិនកើតឡើងដោយហិង្សាទេ។ ហើយវាក៏មិនកើតឡើង ដោយសន្តិភាពដែរ ពីព្រោះដំណើរការបោះឆ្នោតត្រូវបានគ្រប់គ្រងដោយរាជរដ្ឋាភិបាល។ វាមិនមែនជាការបោះឆ្នោតមួយ ដែលអ្នកផ្សេងទៀតមានឱកាសឈ្នះនោះទេ ហើយនឹងមិនមានការផ្លាស់ប្តូររបបដែរ។ ការផ្លាស់ប្តូររបបជាអ្វីដែលលោក ហ៊ុន សែន ជំទាស់ដាច់ខាត។
យុវជននិងប្រជាជនកម្ពុជាសកម្មក្នុងការចូលរួមនយោបាយ។ តើពួកគេអាចជួយអ្វីបានខ្លះ?
ពួកគេនឹងបន្តសកម្មភាព ហើយខ្ញុំពិតជាមិនមានសិទ្ធិផ្ដល់យោបល់ទេ។ ខ្ញុំរំភើបនឹងសកម្មភាព និងការចាប់អារម្មណ៍របស់ពួកគេ។ តែខ្ញុំមើលមិនឃើញថាសកម្មភាពនិងការចាប់អារម្មណ៍នេះ អាចផ្លាស់ប្ដូររបបនយោបាយជាវិជ្ជមានបានទេ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាមានអាកប្បកិរិយាបែបនេះ។ នេះមិនមែនជាពេលវេលាល្អទេសម្រាប់សកម្មភាពបែបនេះ និងសកម្មភាពបែបណាក៏ដោយ។
សំនួរនេះផ្ដោតលើបរិបទអន្តរជាតិ។ តើកម្ពុជាអាចមានឯករាជ្យភាពដោយមិនរងឥទ្ធិពលបរទេសឬទេ?
ទេមិនអាចទេ។ កម្ពុជាមិនដែលអាចធ្វើបានទេ លើកលែងសម័យអង្គរពេលដែលខ្មែរជាមហាអំណាចមួយ។ ពេលនោះ គ្មានប្រទេសណាមករញ៉េរញ៉ៃជាមួយខ្មែរបានឡើយ។ តែពេលខ្មែរចុះខ្សោយនៅចុងសតវត្សទី១៦ និង១៧ ខ្មែរតែងតែស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលបរទេសមួយនេះឬមួយនោះ បារាំង ចិន តែមិនដែលក្រោមអាមេរិកទេ។ របបគ្រប់គ្រងកម្ពុជានានា បានស្វែងរកប្រទេសមានអំណាច ឲ្យការពារពួកគេប្រឆាំងនឹងសត្រូវដែលគំរាមកំហែងនិងរំខានពួកគេ។ ហើយនេះជាគំរូមួយដែលលោក ហ៊ុន សែន កំពុងធ្វើតាមក្នុងការរៀបចំជាមួយចិន។ ប្រាកដណាស់ កម្ពុជានឹងមិនអាចធ្វើអ្វីដោយឯករាជ្យទេ។
តែពេលខ្មែរចុះខ្សោយនៅចុងសតវត្សទី១៦ និង១៧ ខ្មែរតែងតែស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលបរទេសមួយនេះឬមួយនោះ បារាំង ចិន តែមិនដែលក្រោមអាមេរិកទេ។ របបគ្រប់គ្រងកម្ពុជានានា បានស្វែងរកប្រទេសមានអំណាច ឲ្យការពារពួកគេប្រឆាំងនឹងសត្រូវដែលគំរាមកំហែងនិងរំខានពួកគេ។
លោកហាក់មានទុទ្ទិដ្ឋិនិយមណាស់!
មែនហើយ។ ខ្ញុំមិនមែនជាអ្នកទុទិដ្ឋិនិយមពីធម្មជាតិទេ តែខ្ញុំស្ដាយដែលត្រូវធ្វើឲ្យការចាក់ផ្សាយនេះ ក្លាយជាការបញ្ចេញទុទ្ទិដ្ឋិនិយមយ៉ាងជ្រាលជ្រៅ។ ប៉ុន្តែខ្ញុំពិតជាមិនឃើញថាការផ្លាស់ប្ដូរនឹងកើតឡើង ក្នុងអនាគតដ៏ខ្លីនេះ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើង២០ឆ្នាំទៀតទេ។ ពិភពលោកប្រែប្រួលខ្លាំងណាស់ ២០ឆ្នាំទៀត។ នឹងមានមនុស្សពីរពាន់លាននាក់ទៀត។ ពិភពលោកនឹងខុសប្លែកណាស់។
កម្ពុជាមានសង្គ្រាមនិងជម្លោះជាច្រើនទសវត្សរ៍ តើកម្ពុជាធ្វើម្ដេចទើបអាចកែប្រែអនាគតឱ្យប្រសើរ ដោយមិនបង្ហូរឈាមទៀត?
ខ្ញុំមិនអាចទស្សន៍ទាយបានទេ។ ខ្ញុំមិនដឹងថាអ្វីនឹងកើតឡើង តែថ្ងៃណាមួយអ្នកដឹកនាំនឹងស្លាប់ដោយជរាពាធ។ តើមានអ្វីកើតឡើងបន្ទាប់ទៀត? ខ្ញុំមិនច្បាស់ទេ។ នេះហើយជាពេលដែលអ្នកអាចឃើញកម្ពុជាធ្វើអ្វីខុសប្លែកពីថ្នាក់ដឹកនាំចាស់។ ខ្ញុំគិតថាអ្នកថ្មីប្រហែលមិនសូវក្ដាប់យកអំណាចតែម្នាក់ឯងដូចអ្នកមុន តែខ្ញុំគិតថា ប្រាកដជាមនុស្សក្នុងបក្សដដែលនឹងកាន់អំណាច។ មានអ្នកក្នុងបក្សត្រៀមខ្លួនចាំបន្តកាន់អំណាចខ្លាំងណាស់។ ប៉ុន្តែរបៀបរបបដឹកនាំប្រហែលផ្លាស់ប្តូរតិចតួច ប្រហែលមិនសូវក្ដាប់យកអំណាចតែម្នាក់ឯងដូចអ្នកមុនទេ។ តែខ្ញុំមិនច្បាស់ទាំងស្រុងទេ។
បើលោកត្រូវសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាមួយទៀត តើលោកនឹងសរសេរពីអ្វីខ្លះ?
អំពីអតីតកាលរបស់កម្ពុជា។ ខ្ញុំមិនចង់ទស្សន៍ទាយអំពីអនាគតកម្ពុជាទេ។ ខ្ញុំមិនសក្តិសមនឹងសូម្បីតែព្យាយាមព្យាករណ៍អំពីអ្វីក៏ដោយអំពីកម្ពុជា។ ខ្ញុំមិនអាចមានឥទ្ធិពលលើការសម្រេចចិត្តផ្សេងៗទេ។ ខ្ញុំនឹងមិនផ្តល់យោបល់ដល់ប្រជាជនកម្ពុជាអំពីអ្វីដែលពួកគេគួរធ្វើឡើយ។ ប៉ុន្តែបើសៀវភៅប្រវត្តិសាស្ត្ររបស់ខ្ញុំអាចចេញបោះពុម្ពលើកទី៥ ខ្ញុំគិតថា ជំពូកចុងក្រោយនឹងមានទុទ្ទិដ្ឋិនិយមច្រើនជាងជំពូកចុងក្រោយនៃការបោះពុម្ពលើកទី៤។
ប៉ុន្តែបើសៀវភៅប្រវត្តិសាស្ត្ររបស់ខ្ញុំអាចចេញបោះពុម្ពលើកទី៥ ខ្ញុំគិតថា ជំពូកចុងក្រោយនឹងមានទុទ្ទិដ្ឋិនិយមច្រើនជាងជំពូកចុងក្រោយនៃការបោះពុម្ពលើកទី៤។
លោកទើបតែទទួលបានពានរង្វាន់សម្រាប់ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី»។ ប្រធានសមាគមសម្រាប់ការសិក្សាតំបន់អាស៊ីមានប្រសាសន៍ថា៖ «កិច្ចការរបស់ លោក David Chandler បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាជំនាញសិក្សាមួយ»។ តើលោកមានយោបល់ដូចម្ដេច?
ខ្ញុំមិនបានបង្កើតជំនាញសិក្សាមួយទេ តែមនុស្សជាច្រើនសិក្សាជំនាញនេះតាមខ្ញុំ។ ពេលខ្ញុំចាប់ផ្ដើមសិក្សាប្រវត្តិសាស្ត្រកម្ពុជា មិនទាន់មានអ្នកសិក្សាដូចខ្ញុំទេ។ សង្គ្រាមស៊ីវិល ខ្មែរក្រហម បញ្ហាជនភៀសខ្លួន UNTAC បានធ្វើឲ្យមនុស្សពីទូទាំងពិភពលោកជាច្រើនបានជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ក្រៅពីការសិក្សាស្រាវជ្រាវ។ បន្ទាប់មក ពួកគេភាគច្រើនប្ដូរទៅសិក្សាពីកម្ពុជាវិញ។ ខ្ញុំក៏ចាប់អារម្មណ៍លើកម្ពុជាដោយសារ UNTAC ឬ បញ្ហាជនភៀសខ្លួនដែរ។ ហើយការសិក្សាពីកម្ពុជានេះ ក្លាយជាជំនាញធំជាងមុន មនុស្សកាន់តែជាច្រើនសិក្សាពីកម្ពុជា។ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានសិក្សាពីកម្ពុជា ប្រហែលជាយូរជាងគេ តែខ្ញុំមិនបានបង្កើតជំនាញសិក្សាពីកម្ពុជាទេ។ មនុស្សជាច្រើនសិក្សាពីកម្ពុជាតាមខ្ញុំ។ ខ្ញុំបានជួយពួកគេខ្លះ អ្នកខ្លះជាកូនសិស្សរបស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងជួយពួកគេ។