យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃមូលនិធិ Ibrahim Index ស្តីអំពីអភិបាលកិច្ចនៅអាហ្រ្វិកបង្ហាញថា ក្នុងចំណោមប្រជាជនអាហ្រ្វិកបីនាក់ មានប្រហែលពីរនាក់កំពុងរស់នៅក្នុងប្រទេសដែលមានភាពអន់ខ្សោយផ្នែកនីតិរដ្ឋ និងសុវត្ថិភាព នៅក្នុងអំឡុង១០ឆ្នាំកន្លងទៅ។
របាយការណ៍នេះបានកំណត់លេខរៀងប្រទេសនៅទ្វីបអាហ្រ្វិកចំនួន៥៤ តាមលំដាប់លក្ខណៈវិនិច្ឆ័យមួយចំនួន មានដូចជាការអប់រំ អំពើពុករលួយ និងប្រជាធិបតេយ្យ។
ក្នុងពេលធ្វើបទបង្ហាញអំពីការរកឃើញនេះនៅទីក្រុងឡុងដ៍កាលពីថ្ងៃទី៣ ខែតុលាកន្លងទៅ លោក Mo Ibrahim ស្ថាបនិកមូលនិធិនេះដែលជាមហាសេដ្ឋីដើមកំណើតស៊ូដង់ និងជាជនដែលមានចិត្តសប្បុរសម្នាក់ដែរនោះ បានឲ្យដឹងថា ស្ថិតិទាំងនេះជាសារបញ្ជាក់យ៉ាងច្បាស់មួយ។
«នេះជាទំនាក់ទំនងសមីកាដ៏ច្បាស់មួយ រវាងសុវត្ថិភាព នីតិរដ្ឋ ហើយនិងការអភិវឌ្ឍ។ ដូច្នេះ យើងមិនអាចចេះតែស្រែកក្ដែងៗថា យើងត្រូវការសន្តិភាពនៅតំបន់អាហ្រ្វិកនោះទេ»។
លោកស្រី Jendayi E. Frazer អតីតឧបការីសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកកិច្ចការអាហ្រ្វិក ហើយបច្ចុប្បន្នជាសមាជិកនៃមូលនិធិ Mo Ibrahim នេះបានថ្លែងប្រាប់ VOA ថា ការចុះខ្សោយផ្នែកសន្តិសុខនេះ គឺជាបញ្ហាដែលគួរឲ្យបារម្ភយ៉ាងខ្លាំង។
«នេះក៏ដោយសារតែការចុះខ្សោយនេះកំពុងអូសទាញអភិបាលកិច្ចទាំងស្រុងឲ្យធ្លាក់ចុះ ហើយវាក៏ប៉ះពាល់ដល់ជីវិតមនុស្សផងដែរ។ ដូចអ្នកដឹងស្រាប់ហើយថា នៅពេលអ្នកនិយាយអំពីសុវត្ថិភាពបុគ្គល និងសន្តិសុខជាតិ គឺអ្នកកំពុងនិយាយអំពីការស្លាប់រស់»។
ប្រទេសលីប៊ី ត្រូវបានរកឃើញថាមានការធ្លាក់ចុះផ្នែកសន្តិសុខជាតិ និងសុវត្ថិភាពបុគ្គលខ្លាំងជាងគេ។ ប្រទេសអង់គ្លេស និងបារាំង បានដឹកនាំការវាយប្រហារតាមអាកាសរបស់អង្គការអូតង់ (NATO) ដែលបានជួយបណ្តេញលោក Moammar Gadhafi មេដឹកនាំផ្ដាច់ការលីប៊ីកាលពីឆ្នាំ២០១១។
លោកស្រី Frazer និយាយថា ការអន្តរាគមន៍នោះ គឺជាកំខុសមួយច្បាស់ណាស់។
«យើងមានមេរៀនដែលត្រូវរៀនសូត្រ។ ខ្ញុំយល់ថា មេរៀនធំមួយនោះគឺថា ប្រសិនបើតំបន់នេះប្រឆាំងទាំងស្រុងទៅនឹងការធ្វើអន្តរាគមន៍ នោះអ្នកគួរតែមានការរារែក អ្នកគួរតែគិតពិចារណាឡើងវិញ។ មេរៀនមួយទៀតគឺថា ប្រសិនបើអ្នកមិនបានត្រៀមខ្លួនជួសជុលកែតម្រូវវាទេ នោះអ្នកមិនគួរបំបែកវាទេ»។
ប្រទេសម៉ូរីស (Mauritius) ឈរនៅលំដាប់កំពូលនៃសន្ទស្សន៍នេះ ខណៈដែលប្រទេសសូម៉ាលី បន្តឈរនៅលេខរៀងបាតតារាង។ ប្រទេសរវ៉ាន់ដា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍឆាប់រហ័ស ដោយបានស្ថិតក្នុងលំដាប់កំពូលទាំង១០ ជាលើកដំបូង៕
ប្រែសម្រួលដោយ សើ សាយ្យាណា