ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃអាទិត្យ​ទី៣១ ខែកក្កដា ត្រូវបាន​កំណត់ថាជា​ថ្ងៃនៃស្ត្រីជនជាតិ​អាហ្វ្រិច


ស្ត្រីម្នាក់កំពុងវាយបំបែកថ្មដោយប្រើញញួរក្នុងតំបន់ Maroua ប្រទេសកាមេរូន។
ស្ត្រីម្នាក់កំពុងវាយបំបែកថ្មដោយប្រើញញួរក្នុងតំបន់ Maroua ប្រទេសកាមេរូន។

ការ​ប្រារព្ធ​ពិធី​លើក​ទី​៥៤​ នៃ​ទិវា​គោរព​ទទួល​ស្គាល់​ស្រ្តី​អាហ្រ្វិក​ ដែល​ជម្នះ​ឧបសគ្គ​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ​របស់​នាង​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នា​ពេល​ថ្មីៗ​នេះនៅ​ថ្ងៃ​អាទិត្យ​ ទី​៣១​ ខែ​កក្កដា។ នៅ​មុន​ថ្ងៃ​នេះ​មក​ដល់​ អ្នក​សារព័ត៌មាន​ នាង Moki Edwin​ បាន​ជួប​ជាមួយ​នឹង​ស្រ្តី​ដែល​មិន​ធ្លាប់​ចូល​រៀន​ចំនួន​ប្រាំបី​នាក់​ នៅ​​តំបន់​ទីប្រជុំ​ជន​ខាង​ជើង​ទីក្រុង​ Maroua របស់​ប្រទេស​កាមេរូន។ ស្រ្តី​ទាំង​នេះ​ មាន​ជំនាញ​បំបែក​ថ្ម​នៅ​កន្លែង​យក​ថ្ម​ ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​កូន​ និង​បញ្ជូន​កូន​ទៅ​រៀន។

ស្ថិត​ក្នុង​វ័យ​៣៤​ឆ្នាំ​ Jenabou Abbo ស្តាប់​យល់​ និង​ចេះ​និយាយ​តែ​ភាសា​ Fulfulde​ ដែល​ជា​ភាសា​ទូទៅ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាមេរូន​ប៉ុណ្ណោះ។ គាត់​និយាយ​ថា​ គាត់​ជា​ស្រ្តី​ដំបូង​ដែល​ធ្វើ​ការ​នៅ​កន្លែង​យក​ថ្ម​ស្ថិត​នៅ​ជាយ​ក្រុង Maroua​ កាល​ពី​ប្រាំបី​ឆ្នាំ​មុន។ កាល​នោះ​ ពួក​បុរស​បាន​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​ការ​ចូល​រួម​របស់​គាត់​ ក្នុង​ការងារ​នេះ​ ដែល​ធ្លាប់​តែ​ជា​ការងារ​សម្រាប់​បុរស។ Jenabou​ រៀប​រាប់​ថា​ កាល​គាត់​ទើប​តែ​ចាប់​ផ្តើម​ធ្វើការ​ គាត់​ជា​អ្នក​ជញ្ជូន​គ្រួស​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​ គាត់​ជា​អ្នក​ជីក​គាស់​ និង​បំបែក​ថ្ម។

Habbibba Hajara​ ជា​ស្រ្តី​ម្នាក់​ទៀត​ក្នុង​ចំណោម​ស្រ្តី​ទាំង​ប្រាំបី​នាក់​ដែល​ប្រឡូក​ក្នុង​អាជីព​បំបែក​ថ្ម​នេះ។ នាង​និយាយ​ថា​ ក្រោយ​ពី​រៀបការ​បាន​ប្រាំ​ឆ្នាំ​ ស្វាមី​របស់​នាង​កើត​ជំងឺ​ស្ពឹក​ ហើយ​កម្រើក​លែង​បាន។

នាង​និយាយ​ថា​ នាង​ចាប់ផ្តើម​បំបែក​ថ្ម​តាំងពី​ឆ្នាំ​មុន​ ព្រោះ​ស្វាមី​របស់​នាង​បាត់បង់​ការងារ​ ហើយ​មិន​អាច​បញ្ជូន​កូនៗ​ទៅ​រៀន​នៅ​សាលា​ មិន​អាច​ចិញ្ចឹម​កូន​ មិន​អាច​ទិញ​សម្លៀក​បំពាក់​ឲ្យ​កូនៗ​ និង​ផ្គត់ផ្គង់​គ្រួសារ​បាន។ នាង​និយាយ​ថា​ នាង​អាច​រក​បាន​មួយ​ដុល្លា​រក្នុង​មួយ​ថ្ងៃ​ពី​ការ​ប្រមូល​គ្រួស​លក់។

ស្រ្តី​ដែល​ជា​អ្នក​បំបែក​ថ្ម​អាយុ​ច្រើន​ជាង​គេ​នៅ​ទី​នេះ​ គឺ​ Doudou Abba​ ដែល​មាន​អាយុ​៤៣​ឆ្នាំ។ គាត់​និយាយ​ថា​ ការងារ​បបែក​ថ្ម​នេះ​ ជា​ការងារ​តែ​មួយ​គត់​ដែល​គេ​ណែនាំ​ឲ្យ​គាត់​ បន្ទាប់​ពី​គាត់​បាត់​បង់​ប្តី​ទីមួយ​ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ ត្រូវ​បានគួ្រសារប្តី​គាត់​រឹប​អូស​យក។

គាត់​និយាយ​ថា​ គាត់​ក្រ​លំបាក​ ហើយ​បាន​ចាប់​អារម្មណ៍​ថា​គាត់​ក៏​អាច​រក​ប្រាក់​ចំណូល​ពី​ការ​កាប់​គាស់​ថ្ម​ ដូច​ស្ត្រី​ផ្សេងៗ​បាន​ធ្វើ​មុន​គាត់​ដែរ។ គាត់​និយាយ​ថា​ ក្តីបារម្ភ​ចំបង​របស់​គាត់​គឺ​ការ​ចិញ្ចឹម​ កូន​ និង​បញ្ជូន​ពួក​គេឲ្យទៅ​រៀន។

ប្តី​ទី​ពីរ​របស់ ​Doudou Abba​ លោក​ Abdoul Bello​ និយាយ​ថា​ ដោយសារតែ​ប្រពន្ធ​របស់​គាត់​ ទើប​ពួក​គេ​អាច​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គេបាន។ លោក​បាន​បន្ត​ថា​ អ្វី​ដែល​លោក​ភ័យ​ខ្លាច​ គឺ​ការងារ​របស់​ប្រពន្ធ​លោក​ជា​ការងារ​ផ្សង​នឹង​គ្រោះថ្នាក់​ច្រើន។

លោក​និយាយ​ថា​ ចាប់​តាំង​ពី​ប្រាំ​ឆ្នាំ​មុន​ ដែល​ប្រពន្ធ​លោក​ចាប់​ផ្តើម​ធ្វើការ​ កូនៗ​របស់​ពួក​គាត់​អាច​ហូប​ចុក​បាន​គ្រប់​គ្រាន់​ ទៅ​សាលា​រៀន​ និង​អាច​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពេល​ឈឺ​ថ្កាត់​ម្តងៗ។ លោក​និយាយថា​ លោក​មាន​អារម្មណ៍​ភ័យខ្លាច​ ដោយសារ​ពេល​ខ្លះ​ប្រពន្ធ​គាត់​ត្រលប់​មក​ពី​ធ្វើការ​ដោយ​មាន​របួស។ លោក​នៅ​អាច​ចាំ​បាន​ថ្ងៃ​ដែល​ដុំ​ថ្ម​ធ្លាក់​មក​សង្កត់​លើ​កម្មករ​ម្នាក់​នៅ​កន្លែង​យក​ថ្ម​ ហើយ​ជើង​របស់​ជន​រងគ្រោះ​នោះ​ត្រូវ​បាន​កាត់​ចេញ។

រដ្ឋ​មន្រ្តី​ក្រសួង​លើក​តម្កើង​តម្លៃ​ស្រ្តី​នៃ​ប្រទេស​កាមេរូន​ លោកស្រី​ Marie Theres Abena Ondou​បាន​សម្តែង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដែល​លោក​ស្រី​យល់​ថា​បាន​ធ្វើ​ឲ្យ​ស្រ្តី​មាន​ឯករាជ្យភាព​ជា​ជាង​ពឹង​ផ្អែក​លើ​ប្តី​របស់​ពួក​គេ។

«ពួក​គេ​មិន​គួរ​រា​ថយ​ទេ​ ហើយ​យើង​នឹង​បន្ត​ធ្វើការ​ដើម្បី​ឲ្យ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ហើយ​ពួក​គេ​ត្រូវតែ​ខិត​ខំ​ប្រឹងប្រែង​ស្តាប់​ រៀន​សូត្រ និង​យល់​ដឹង​ពី​សិទ្ធិ​របស់​ពួក​គេ ថែមទាំង​ប្រមូល​អារម្មណ៍​ រក្សា​ស្ថេរភាព​គួ្រសារ​ និង​ចិញ្ចឹម​ថែ​រក្សា​កូនៗ​ឲ្យ​បាន​ល្អ។ ពួក​គេ​គួរតែ​បញ្ជូន​កូន​ទៅ​សាលា​រៀន។ ពួក​គេ​ត្រូវ​អប់រំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​កាមេរូន​ដ៏ល្អ»។

រដ្ឋាភិបាល​កាមេរូន​កំពុង​យក​ឱកាស​ថ្ងៃ​នៃ​ស្រ្តី​អាហ្រ្វិក​នេះ​ ដើម្បី​អប់រំ​ស្រ្តី​ពី​សិទ្ធិរបស់​ពួកគេ​ និង​ជួយ​ពួក​គេ​ជម្នះ​ឧបសគ្គ​ ដូចជា​អំពើ​ហឹង្សា​លើ​ស្រ្តី​ និង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។ ស្រ្តី​ Maroua​ដែល​ជា​អ្នក​បំបែក​ថ្ម​ ត្រូវ​បាន​លើក​ឡើង​ជា​ឧទាហរណ៍​មួយ​អំពី​ស្រ្តី​ដែល​ជួប​នឹង​ឧបសគ្គ​ ហើយ​បាន​ជួយ​ជា​កម្លាំង​ដល់​ការ​អភិវឌ្ឍ​ផង​ដែរ៕


ប្រែសម្រួល​ដោយ​ វិញ សុជាតា

XS
SM
MD
LG