ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​អាហ្វ្រិក​ខាង​ត្បូង​ចោទ​សហរដ្ឋ​អាមេរិក​ថា​​បានជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប


រូបឯកសារ៖ រូបចម្លាក់​​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Nelson Mandela ដែល​ធ្វើ​ពី​ស្ពាន់ត្រូវ​បាន​សម្ពោធ​នៅ​អាគារ​ Union Buildings ក្នុង​ទីក្រុង​ Pretoria កាល​ពី​ឆ្នាំ២០១៣។
រូបឯកសារ៖ រូបចម្លាក់​​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Nelson Mandela ដែល​ធ្វើ​ពី​ស្ពាន់ត្រូវ​បាន​សម្ពោធ​នៅ​អាគារ​ Union Buildings ក្នុង​ទីក្រុង​ Pretoria កាល​ពី​ឆ្នាំ២០១៣។

អ្នក​នាំ​ពាក្យ​​គណបក្ស​កាន់​អំណាច​អាហ្វ្រិក​ខាង​ត្បូង​​ចោទ​ប្រកាន់​រដ្ឋាភិបាល​អាមេរិក​ថា​ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង។ ប៉ុន្តែ​ស្ថានទូត​អាមេរិក​បាន​​បដិសេធ​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់​នេះ។

ពេល​ចុង​ក្រោយ​ដែល​អ្នក​នយោបាយ​ជាន់ខ្ពស់​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ពី​ការ​ព្យាយាម​បង្ក​ចលាចល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​គឺ​នៅ​ក្នុង​ខែ​កុម្ភៈ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​អាមេរិក​ច្រាន​ចោល​ដោយ​ចំអក។

លោក​អគ្គរដ្ឋទូត​ Patrick ​ Gaspard ​បាន​និយាយ​បែប​កំប្លែង​ថា៖ «បើ​សិន​ជា​ខ្ញុំ​រៀប​ចំ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​មែន​នោះ​ បដិវត្តន៍​នោះ​នឹង​មាន​ទម្រង់​ជា​ពិធី ​Mardi ​ Gras ​ដែល​រួម​មាន​ម្ហូបអាហារ​ តន្ត្រី​ និង​ការ​រាំច្រៀង»។

ក៏ប៉ុន្តែ​ ក្រុម​អ្នក​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​មិន​មាន​អ្នក​ណា​សើច​ចំអក​ចំពោះ​ការ​ចោទ​ប្រកាន់​ថ្មី​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សមាជ​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ឡើយ។

លើក​នេះ​អ្នក​នាំ​ពាក្យ​គណបក្ស​ គឺ​លោក​ Zizi Kodwa​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ រដ្ឋាភិបាល​អាមេរិក​កំពុង​«ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ»។

ក្រុមអ្នក​តំណាង​មក​ពី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ បាន​បដិសេធ​ភ្លាមៗ​ទៅ​លើ​ការ​អះអាង​នោះ​ រួម​ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាហ្វ្រិក​ខាង​ត្បូង​ លោក Clayson Monyela ផង​ដែរ។

លោក​ Clayson Monyela បាន​និយា​ថា៖​ «ទាំង​នោះ​មិន​មែន​ជា​ការ​យល់​ឃើញ​របស់​យើង​ក្នុង​នាម​ជា​រដ្ឋាភិបាល​ទេ។ ទស្សនៈ​យល់​ឃើញ​របស់​រដ្ឋាភិបាល​គឺ​ថា​ ទំនាក់​ទំនង​របស់​យើង​ជាមួយ​សហរដ្ឋ​អាមេរិក​គឺ​រឹងមាំ ​កក់ក្តៅ​ និង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ទៀត​ផង»។

ការ​អធិប្បាយ​របស់​លោក​ Kodwa ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​កាសែត​អង់គ្លេស​មួយ​បាន​សរសេរ​ថា​ ភ្នាក់ងារ​ស៊ើបអង្កេត​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ​ដែល​គេ​ហៅ​កាត់​ថា CIA​ បាន​ជួយ​ដល់​រដ្ឋាភិបាល​អាផាថេត​របស់​អាហ្វ្រិក​ខាង​ត្បូង​ ក្នុង​ការ​ចាប់​លោក​ Nelson Mandela កាល​ពី​ឆ្នាំ​១៩៦២។

របាយការណ៍​នោះ​បាន​ស្រង់​សម្តី​ភ្នាក់ងារ​ចូល​និវត្តន៍​ម្នាក់​នៃ​ក្រុមCIA ​ ដែល​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​បាន​ប្រមើល​មើល​ឃើញ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​នៅ​ពេល​អនាគត​ ថា​ជា​មនុស្ស​មាន​សណ្ដាន​ចិត្ត​បែប​កុម្មុយនិស្ត។

លោក ​Kodwa ​ បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​របស់​ CIA គឺ ​ជា​ការ​ញុះ​ញង់​ដ៏​ធ្ងន់ធ្ងរ​ ហើយ​លោក​បាន​ថ្លែង​ថា​ ទីភ្នាក់ងារ​ស៊ើបអង្កេតកំពុង​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ហៅ​ទូរស័ព្ទ​របស់​ VOA ​ដែល​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះជា​ច្រើន​ដង​ទេ។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ លោក​ស្រី​ Cindy Harvey​ បាន​ច្រាន​ចោល​ការ​អះអាង​នេះ​យ៉ាង​ដាច់​អហង្ការ។

លោក​ស្រី​បាន​ថ្លែង​ថា៖ «ជា​ការពិត​ណាស់​ អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ និង​ជា​មិត្តភក្តិរ​របស់​សហរដ្ឋអាមេរិក។ សហរដ្ឋ​អាមេរិក​មិន​ចាត់​ទុក​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោតរបស់​អាហ្វ្រិក​ខាង​ត្បូង​ និង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​របស់​ខ្លួន​ដ៏​រឹងមាំ​នេះ ថា​ជា​របប​ទេ។ ហើយ​ការ​អះអាង​របស់ពួក​គេ​ដែល​ថា​យើង​ព្យាយាម​កកូរ​កកាយ​លទ្ធិប្រជាធិបតេយ្យ​របស់​អាហ្វ្រិក​ខាង​ត្បូង​ គឺ​ផ្ទុយ​ពី​ទឹក​ចិត្ត​មោទនភាព​និងទំនាក់ទំនង​ដ៏យូរ​អង្វែង​ដែល​យើង​មាន​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង»។

លោក​ស្រី​ Harvey ​និយាយ​ថា​ ស្ថានទូត​អាមេរិក​មិន​មាន​ព័ត៌មាន​អំពី​ប្រតិបត្តិការ​របស់​CIA​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ដែល​គេ​បាន​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ស្រី​ Harveyនិ​ងលោកMonyela ​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​ពួក​គេ​ប្តេជ្ញា​ចិត្ត​រក្សា​ទំនាក់​ទំនង​ដ៏​រឹងមាំ​នេះ។ ប៉ុន្តែ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ បាន​ងាក​ចេញ​ពី​បស្ចឹម​ប្រទេស​យ៉ាង​ច្បាស់ ដោយ​នៅ​ពេល​ចុង​ក្រោយ​បង្អស់​បាន​ចូល​រួមក្នុង​ប្លុក​សេដ្ឋកិច្ច​មួយ​ដែល​គេ​ស្គាល់​ថា​ជា BRICS ដែល​រួមមានប្រទេស​ប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ និង ​ចិន៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG